សៀមរាបៈ លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី នៅ​រសៀល​ថ្ងៃទី​២៧ ខែ​សីហា​នេះ បាន​ប្រកាស​ប្រាប់​ពលរដ្ឋ​ដែល​នៅ​តាមបណ្តោយ​ដងស្ទឹង និង​នៅ​តាម​ជ្រលង​ជើងភ្នំ​គូលែន​ដែល​មាន​មុខ​ទឹកហូរ​ឆ្លង​កាត់ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ហានិភ័យ​នៃ​ជំនន់​ទឹក​ភ្លៀងគំហុក ចៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ។

លោក ឃឹម ហ្វីណង់ បាន​សរសេរ​លើ​ហ្វេសប៊ុក ​នៅ​ថ្ងៃនេះ​ថា៖ «សូម​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ជាពិសេស អ្នក​រស់នៅតាម​បណ្តោយ​ដងស្ទឹង និង​នៅ​តាម​ជ្រលង​ជើងភ្នំ​គូលែន​ដែល​មាន​មុខ​ទឹក​ហូរ​ឆ្លងកាត់ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ហានិភ័យ​នៃ​ជំនន់ទឹកភ្លៀង​គំហុក (Flash Flood) ចៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ»។

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា កម្ពស់ទឹក​ស្ទឹង​បន្ទាយស្រី​បាន​ហក់​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដោយសារ​តែ​ស្រុកបន្ទាយស្រី​កំពុង​ទទួល​រងឥទ្ធិពល​នៃ​ភ្លៀងធ្លាក់​ជោកជាំ​ជាប់ៗ​គ្នា បណ្តាល​ឱ្យ​លិច​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន ប៉ុន្តែ​មិនទាន់​មាន​អ្វី​ដែលគួរ​ឱ្យ​ព្រួយបារម្ភ​នៅឡើយ​ទេ ហើយ​ក៏​មិន​ទាន់​ដល់​កម្រិត​ត្រូវ​ប្រកាស​អាសន្ន​នោះដែរ។

លោក​បាន​គូស​បញ្ជាក់​ថា បាតុភូតនេះ​គឺជា​រឿង​ធម្មតា​នៅ​រៀងរាល់​រដូវ​សម្បូរ​ព្យុះ​ភ្លៀង​សម្រាប់​ស្រុក​បន្ទាយស្រី ដែល​តែងរង​ឥទ្ធិពល​ពី​ខ្យល់មូសុង​វស្សា ដោយសារ​តែ​មាន​ស្ថានភាព​ភូមិសាស្ត្រ​ជា​តំបន់​ខ្ពង់រាប និង​មាន​ផ្ទៃរង​ទឹកភ្លៀង​នៃ​ទីជម្រាល​ភ្នំគូលែន​លាត​សន្ធឹង​ធំ​ហើយ​វែង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​តំបន់​មួយ​ចំនួន​ងាយ​នឹង​ទទួល​រង​ហានិភ័យ​នៃ​ជំនន់​ទឹកភ្លៀង​គំហុក​ ជាពិសេស ប្រសិន​បើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បន្តបន្ទាប់​គ្នា ប៉ុន្តែ​ក៏​តែងតែ​ហូរ​ស្រក​ចុះ​ទៅ​វិញ​យ៉ាង​ឆាប់​ក្នុង​រយៈពេលខ្លី​ដោយខ្លួន​ឯង​ផងដែរ នៅ​ពេល​ដែល​ភ្លៀង​ឈប់​ធ្លាក់ ហើយ​ទឹក​ជំនន់​ទាំង​នោះ​ត្រូវបាន​ហូរ​បន្ត​ទៅ​កាន់​ស្ទឹង​សៀមរាប។

លោក​បាន​គូស​បញ្ជាក់​ទៀត​ថា ភ្លៀងធ្លាក់​ជា​ធម្មតា​នៅ​ស្រុក​បន្ទាយស្រី​នេះ មិន​មាន​ពាក់ព័ន្ធ​នឹង​អានុភាព​នៃ​កម្លាំង​បឺត​ទាញ​របស់ Black Hole នោះទេ៕