ភ្នំពេញៈ​ក្រសួង​កិច្ចការ​នារី​បាន​អះអាង​ថា​ ការរៀប​ចំ​ឈុត​ឆាក​សម្តែង​ហិង្សា​នៅមុខ​ក្រសួង​ពី​សំណាក់​ក្រុម​យុវ​ជន​នា​ពេល​ថ្មីៗ​នេះ​ បាន​ប្រាស​ចាក​ពី​ការពិត​ មាន​ចេតនា​មួល​បង្កាច់ ​ញុះ​ញង់​បង្ក​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ដល់​សា​ធារណ​ជន​និង​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​កិត្តិ​យស​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​។​

​ការ​លើក​នេះ​ធ្វើ​ឡើង ​បន្ទាប់ពី​ក្រុម​យុវ​ជន​ខ្មែរ​ថាវរៈ​ចំនួន ៧ ​នាក់​បាន​ប្រមូលផ្តុំ​នៅ​មុខ​ក្រសួង​កិច្ចការ​នារី កាល​ពី​ថ្ងៃទី ​២៥​ ខែសីហា​ ដើម្បី​តាម​ដាន​ញត្តិ​ដែល​ពួកគេ​បាន​ដាក់​កាល​ពី​ខែមេសា ​ឆ្នាំ​ ២០២២ ​ដោយ​ស្នើ​សុំឱ្យ​ស្ថា​ប័ន​នេះ​ជួយ​អន្តរា​គមន៍​និង​ចាត់​វិធាន​ការ​លើ​អាជ្ញា​ធរ​ ដែល​បាន​ប្រើអំពី​ហិង្សា​លើ​ស្ត្រី​​កូដ​ករ​ក្រុមហ៊ុនណាហ្គា​វើ​លដ៍​។ ក្នុង​ហេតុ​ការណ៍​នោះយុវជន ​២ រូប​ក៏បាន​សម្តែង​ឈុត​ឆាក​បុរស​ម្នាក់​ប្រើ​ហិង្សា​លើ​ស្ត្រី​ផង​ដែរ​។​

​ទោះ​ជា​យ៉ាង​ណា​ សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​កិច្ចការ​នារី​ចុះ​ថ្ងៃទី​ ២៥​ ខែសីហា​បាន​លើក​ឡើង​ថា ការ​រៀប​ចំ​ឈុត​ឆាក​សម្ដែង​​ពី​សំណាក់​ក្រុម​យុវ​ជន​មួយ​ក្ដាប់​តូច ​ដើម្បីឃោ​សនា​បំផ្លើស​បំភ្លៃ​ទៅ​លើ​សកម្ម​ភាព​របស់​អា​ជ្ញា​ធរ​មាន​សមត្ថ​កិច្ច​និង​ក្រសួង​កិច្ច​ការ​នារី ​។​

​សេចក្តី​ប្រកាស​បន្ត​ថា​ «ក្រសួង​កិច្ច​ការ​នារីសូម​ធ្វើ​ការ​បដិសេធ​ទាំង​ស្រុងលើ​ការ​ចោទ​ប្រកាន់​ពី​សំណាក់​បុគ្គល​មួយ​ក្តាប់​តូច​នេះ​មក​លើ​អាជ្ញា​ធរមាន​សមត្ថ​កិច្ច និង​ក្រសួង​កិច្ច​ការ​នារី​ដោយ​គ្មាន​មូល​ដ្ឋាន ​និង​ភ័ស្តុតាង​ច្បាស់​លាស់​ជា​ពិសេស​ការ​សម្ដែង​ឈុត​ឆាក​នៅ​ខាង​មុខ​ក្រសួង​កិច្ច​ការ​នារី​កាល​ពី​ពេល​ថ្មីៗ​នេះ​គឺ​ប្រាស​ចាក​ពី​ការ​ពិត មាន​ចេតនា​មួល​បង្កាច់ ​ញុះ​ញង់​បង្ក​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ដល់​សា​ធារណ​ជន និ​ង​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​កិត្តិ​យស និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​និង​ក្រសួង​កិច្ចការ​នារី »​។​

​សេចក្តី​ប្រកាស​ដ​ដែល​បាន​បន្ត​ថា​កន្លង​មក​ក្រសួង​កិច្ច​ការនារី​ដែល​ជា​សេនាធិ​ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​បាន​ខិតខំ​អនុវត្ត​ការ​ងារ​ស្រប​តាម​អា​ណត្តិ​របស់​ខ្លួន​យ៉ាង​សកម្ម សម្រេច​បាន​សមិទ្ធ​ផល​ជាច្រើន​គួរ​ជាទី​មោទនៈ​ក្នុង​ការ​លើក​កម្ពស់​ស្ថាន​ភាព​ស្រ្ដី​និង​កិច្ច​ការពារ​សិទ្ធិ​ស្ត្រី​និង​ក្មេង​ស្រី​នៅ​កម្ពុជា ​។

​ប្រភព​ដដែល​បាន​បន្ថែម​ថា​ក្រសួង​កិច្ច​ការ​នារី​មិន​ដែល​ព្រងើយ​កន្តើយ​និង​តែងតែ​យក​ចិត្ត​ទុក​ដាក់​លើ​ក​កម្ពស់​កិច្ច​ការពារ​សិទ្ធិ​ស្ត្រី ​ផ្ដល់​កិច្ច​សហ​ការ​ជា​មួយ​ស្ថា​ប័ន​ពាក់​ព័ន្ធនិង​គាំទ្រ​សេវា​ដល់​ស្ត្រី ​និង​ក្មេង​ស្រី​ដែល​ទទួល​រង​អំពើ​ហិង្សា​ទាក់​ទង​នឹង​យេន​ឌ័រ​គ្រប់​ស្រទាប់​វ​ណ្ណៈ​ ដោយ​គ្មាន​រើស​អើង ​ជាតិ​សាសន៍ ​ពណ៌​សម្បុរ​ឬ​ស្ថាន​ភាព​នយោ​បាយ​អ្វី​ឡើយ ​។​

​ការ​ប្រមូល​ផ្តុំ​របស់​យុវជន​នោះ​ក៏មាន​ការ​លើ​កបដា​ថា​ហិង្សា​លើ​កូដ​ករ​ណា​ហ្គា​វើ​លដ៍​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​ក្រសួង​កិច្ច​ការ​នារី​ឡើយ។ ​សូម​បញ្ឈប់​ហិង្សា​លើកូដ​ករ​និង​ស្នើ​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី​លោក​ស្រី អ៊ឹង កន្ថា​ផាវី ជួយ​អន្ត​រាគមន៍​រឿង​នេះ​​។​

​យុវជន ​លោក ​ស្វាយ ​សំណាង​ ដែល​ចូល​រួម​នោះ​បាន​ថ្លែងថា​៖ «​ការ​ប្រមូល​ផ្តុំ​នេះ ដោយ​សារ​តែ​រង់ចាំ​នីតិ​វិធី​អស់​៤​ខែ​ជាង​ហើយ​ទោះ​បី​ក្រសួង​កិច្ច​ការនារី​បាន​រុញ​ទៅ​ស្ថាប័ន​ផ្សេងៗ​នៅ​តែ​មិន​ទាន់​មាន ដំណោះ​ស្រាយ​ដដែល​»​។​

​ពាក់​ព័ន្ធ​នឹង​បាតុ​កម្ម​នេះ ​នៅ​មាន​ភាព​ចម្រូង​ចម្រាស​ដោយ​សារ​អាជ្ញា​ធរ​អះអាង​ថា​ទប់​ស្កាត់​ក្បួន​របស់​កូដ​ករ​គឺដើម្បី​រក្សា​សណ្តាប់​ធ្នាប់​សា​ធារណៈ ​ខណៈ​កូដ​ករ​ណា​ហ្គា​វើ​លដ៍​ថា​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ពី​ក្រុម​ហ៊ុន។​ ប៉ុន្តែ​ក្នុង​ហេតុ​ការណ៍​នេះភាគី​ទាំង​សង​ខាង​សុទ្ធតែបាន​អះ​អាង​ថារង​របួស​ស្នាម​រៀងៗ​ខ្លួន​។​

​ជាថ្មី​ម្តង​ទៀត​ក្រសួង​កិច្ច​ការ​នារី​បាន​ប្រកាស​ច្រាន​ចោល​និង​បដិសេធ​ដាច់​អហង្កា​រលើ​ការ​ចោទ​ប្រកាន់​ពី​សំណាក់​ក្រុម​បុគ្គល​មួយ​ក្ដាប់​តូច​នេះ​ និង​អំពាវ​នាវ​ដល់សា​ធា​រណ​ជន​ទាំង​អស់មេត្តា​កុំ​ជឿ​លើ​ការ​ឃោស​នា​អកុ​សល ​មួល​បង្កាច់ ​ញុះ​ញង់​ទាំង​នេះ​។​

​ជា​មួយ​នេះ​ដែរ​ ក្រសួង​កិច្ច​ការ​នារី​បាន​បង្ហាញ​ការ​ជឿជាក់​ថា សា​ធារណ​ជនទាំង​ក្នុង​និង​ក្រៅ​ប្រទេសនឹង​នៅ​តែ​គាំទ្រ​និង​ផ្ដល់​ជំនឿ​ទុក​ចិត្ត​ជូន​ក្រសួង​កិច្ច​ការ​នារី​ ដើម្បី​បន្ត​បេសក​កម្ម​រប​ស់ខ្លួន​ឱ្យ​សម្រេច​នូវ​សមិទ្ធ​ផល​ថ្មីៗ​បន្ថែម​ទៀត​ជូន​ប្រទេស​ជាតិ​ ៕