ពោធិ៍​សាត់ៈនគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត​ពោធិ៍​សាត់​បាន​បញ្ជូន​បុរស​ជា​ជន​សង្ស័យ ​២ ​នាក់​ទៅ​សាលា​ដំបូង​ខេត្ត​នេះ ​នៅ​ថ្ងៃទី ​២៨ ​សីហា ​បន្ទាប់​ពី​ចាប់​ខ្លួន​បាន​ ១ ថ្ងៃ ​ពាក់​ព័ន្ធនឹងការប្រើ​អន្ទាក់​ខ្សែ​លួស​ឆក់​សត្វ​ព្រៃ​និង​កាំ​ភ្លើង​ម៉ាក​សេ​កា​សេ​១​ដើម​ សម្រាប់​បាញ់​សត្វ​ព្រៃ​ប្រ​ព្រឹត្ត​នៅ​ភូមិ​ព្រងិល ឃុំ​ព្រងិល ​ស្រុក​ភ្នំក្រ​វាញ ខេត្ត​ពោធិ៍​សាត់​។

លោក​ឧត្តម​សេនីយ៍​ត្រី​​ ម៉ូ លីដា ស្នង​ការ​រង​នគរ​បាល​ខេត្ត​ពោធិ៍​សាត់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៨ ​សីហា ថា ​បុរស​ជន​សង្ស័យ​ដែល​សមត្ថ​កិច្ច​របស់​លោក​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សា​លា​ដំបូង​ខេត្ត​ទាំង​នោះ ​ឈ្មោះ ​ស្រស់ ​ហឿន អាយុ​ ៤៣ ​ឆ្នាំ និង​ឈ្មោះ ​អឿន សុ​ភ័ណ្ឌ​ អាយុ​ ៣៩ ​ឆ្នាំ ។ពួក​គេ​រស់​នៅ​ភូមិ​ទួល​ក្រួស ​សង្កាត់​ចំរើន​ផល​ ក្រុង​-ខេត្ត​ពោធិ៍​សាត់​។

លោក​ថ្លែង​ថា៖​ «សមត្ថ​កិច្ច​យើង​បញ្ជូន​ពួកគេ​ទៅ​តុលា​ការ​នៅ​ថ្ងៃនេះ ​(​ថ្ងៃទី​ ២៨​ សីហា) ហើយ​ជន​ទាំង ​២ ​នាក់​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ ព្រោះ​វត្ថុតាង​មាន​អាវុធ១​ដើម។ យើង​ចាប់​ពួកគេ​នៅ​ថ្ងៃ​ម្សិល​មិញ (ថ្ងៃទី ​២៧ ​សីហា)»។

លោក​បាន​រំឭក​ប្រាប់​ថា ជន​សង្ស័យ​ទាំង​ ២​ នាក់​ ត្រូវ​បាន​សមត្ថ​កិច្ច​នគរ​បាល​ស្រុក​ភ្នំក្រវាញ​ឃាត់​ខ្លួន​កាល​ពី​ម៉ោង ​៩​ កន្លះ​យប់​នៅ​ថ្ងៃទី​ ២៧ ​សីហា ​២០២២ ​ខណៈ​ពួកគេ​កំពុង​ជិះ​ម៉ូតូ​ម្នាក់​ ១ គ្រឿងម៉ា​កវេ​វ​អាល់​ហ្វា​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​សម្គាល់ ​និង​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​ ២០១៧ ​ចេញ​ពីផ្ទះ​បម្រុង​ចូល​ទៅ​ក្នុង​ព្រៃ​ដើម្បី​បាញ់​សត្វ ​និង​ដាក់​អន្ទាក់​យក​សត្វ​ព្រៃ។​ ជន​ទាំង​ ២ នាក់​ ត្រូវបាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​នៅ​ចំណុច​ច្រក​ផ្លូវ​ដំរី​ ស្ថិត​ក្នុង​ភូមិ​ព្រងិល​ ឃុំ​ព្រងិល​ ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍​សាត់​។

បើតាម​លោក ​ម៉ូ លីដា ចំពោះ​វត្ថុ​តាង​រួម​មាន ​កាំ​ភ្លើង​ម៉ាក​សេ​កា​សេ ​​១​ ដើម​ និង​គ្រាប់​ចំនួន​ ៨​ គ្រាប់​ អា​គុយ​កម្លាំង​ ៤០ ​អំពែរ​ចំនួន ​៣ ​គ្រាប់​ ខ្សែលួស​អន្ទាក់​សម្រាប់​ឆក់​សត្វ​ព្រៃ​ចំនួន ​១ ដុំ​ធំ ព្រម​ទាំង​ម៉ូ​ទ័​រ​ដុំ​ឆក់​ចំនួន ​១ ​ដុំ​ផង ។

ក្រោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ ​ស្រស់ ​ហឿន​ បាន​ឆ្លើយ​សា​រភាព​ថា ​កាំ​ភ្លើង​ម៉ាក​សេ​កា​សេ ១ ដើម​នោះគឺ​គាត់​បាន​ទិញ​ពី​បុរស​ម្នាក់​មិន​ស្គាល់​ឈ្មោះ​ក្នុង​តម្លៃ​ ៥០០​ ០០០ ​រៀល (ហា​សិប​ម៉ឺន​រៀល) នៅ​អំឡុង​ឆ្នាំ ​២០១៩​ ​ទុកស​ម្រា​ប់​បាញ់​សត្វ​ព្រៃ ប៉ុន្តែគេ​មិន​បាន​ប្រាប់​សមត្ថ​កិច្ច​ថា តាំង​ពី​ទិញ​មក​បាន​បាញ់​សម្លាប់​សត្វ​ព្រៃ​អស់​ប៉ុន្មាន​ក្បាល​នោះ​ទេ​។

ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​តំណាង​អយ្យ​ការ​យ៉ាង​ណា​នោះ​ នៅ​ថ្ងៃទី​ ២៨​ សីហា​ ភ្នំពេញ​ប៉ុស្តិ៍​បាន​ទាក់​ទង​ទៅ​លោក​ ផាន់ សុគន្ធ​ថង​ អ្នក​នាំ​ពាក្យ​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍​សាត់​ តែ​ទូរ​ស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល​។

ជុំវិញ​ការ​ប្រើ​អន្ទាក់​ចាប់​សត្វ​ព្រៃ​នេះ​​ ក្រសួង​បរិស្ថាន​បានចាប់​ផ្តើម​ធ្វើ​យុទ្ធនា​ការ​អន្ទាក់​សូន្យ​ចាប់ពី​ខែមីនា​ដល់​ខែតុលា​ឆ្នាំ​ ២០២២​។ លោក​ នេត្រ ​ភក្ត្រា រដ្ឋលេ​ខាធិ​ការ​ និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​យុទ្ធនា​ការ​អន្ទាក់​សូន្យ​បាន​ធ្វើ​នៅ​តាម​បណ្តា​ខេត្ត​ចំនួន ​៥ ដែល​មក​ទល់​ពេល​នេះ​អនុវត្ត​បាន​ជាង​ ៥ ខែមក​ហើយ​ដោយ​ទទួល​បានលទ្ធផល​ជា​វិជ្ជមាន។ ​ក្នុង​នោះ​ពលរដ្ឋ​ទទួល​បាន​ការ​អប់រំ ​កាត់​បន្ថយ​ការ​គំរាម​កំហែង​ដោយ​សារ​អន្ទាក់​ក្នុង​តំបន់​ការពារ​ធម្ម​ជាតិ​ និង​ធ្វើ​ឱ្យ​សត្វ​ព្រៃ​មាន​ជម្រក​ប្រកប​ដោយ​សុវត្ថិ​ភាព។

លោក​បន្ត​ទៀត​ថា ​ចំពោះ​ករណី​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ ​គិត​ទាំង​បទ​ល្មើស​បរបាញ់​ និង​ដាក់​អន្ទាក់​ចាប់​សត្វ​ព្រៃ ​ដែល​បាន​បង្ក្រាប​នៅក្នុង​តំបន់​ការពារ​ធម្ម​ជាតិ​ទាំង ​៦ ក្នុង​ឆ្នាំ ​២០២១​ មាន​ចំនួន​សរុប ​១​ ១៤១ ក​រណី​ ក្នុង​នោះ​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលា​ការ​ចំនួន​ ៧៩​ ករណី ជា​មួយ​ជន​ល្មើស​ ៩០​ នាក់។ ប៉ុន្តែ​នៅក្នុ​ងឆ​មាស​ទី ១ ដើម​ឆ្នាំ ​២០២២​ ការ​បរបាញ់ ​និង​ការ​ដាក់​អន្ទាក់​ចាប់​សត្វ​ព្រៃ​បាន​ថយ​ចុះ​ប្រ​ហែល​ជា ​៧៥ ​ភាគ​រយ ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០២១​៕