
លោក ហ៊ុន ម៉ានិត (បង់កក្រមា) និងមន្ត្រីអាជ្ញាធរខេត្តសៀមរាបពេលចុះទៅទីតាំងចម្ការ លោក ខឹម វាសនា កាលពីថ្ងៃទី ២៧ សីហា ។ រូបថត ហ្វេសប៊ុក
សៀមរាបៈ អភិបាលខេត្តសៀមរាប លោក ទៀសីហា និងលោក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិបានចុះពិនិត្យទីតាំងចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ និងស្នើឱ្យបញ្ឈប់សកម្មភាពបំផុសបំផុល ដែលនាំឱ្យមានភាពអនាធិបតេយ្យក្នុងសង្គម។
ការចុះពិនិត្យនេះ បន្ទាប់ពីសង្កេតឃើញថា មានចលនាពលរដ្ឋបានសម្រុកទៅចម្ការរបស់លោក ខឹម វាសនា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយជឿតាមការទស្សនទាយរបស់លោកថា ពិភពលោកនឹងមានបាតុភូត Black hole ដែលនឹងធ្វើឱ្យភពផែនដីជន់លិចដោយគ្រោះធម្មជាតិដ៏ធំ។ ជាមួយគ្នានោះលោកបានអំពាវនាវឱ្យអ្នកជឿទៅចម្ការរបស់លោកធ្វើសមាធិដើម្បីគេចផុតពីគ្រោះអាក្រក់នេះ។
ស្នងការនគរបាលខេត្តសៀមរាប លោក តេង ច័ន្ទណាត ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងនាមជាអាជ្ញាធរខេត្ត កាលពីថ្ងៃទី ២៧ ខែសីហា បានការចុះពិនិត្យមើលទីតាំងផ្ទាល់ និងបានស្នើទៅដល់លោក ខឹម វាសនា ឱ្យបញ្ឈប់សកម្មភាពនោះ។
លោកថា៖ «យើងសំណូមពរទៅខាងគាត់ (ខឹម វាសនា) គាត់មិនបានឆ្លើយថា ម៉េចទេ ប៉ុន្តែគាត់សុំឱ្យយើងយល់ពីគាត់វិញ សុំបន្តរហូតទៅដល់ថ្ងៃទី ៣០ គាត់នឹងរំសាយវិញ»។
លោកបន្តថា ក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំង ២ បានណែនាំឱ្យពលរដ្ឋថែទាំសុខភាព ខណៈចម្ការនោះ មិនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដែលងាយបង្កជំងឺឆ្លង និងប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។
លោកថា៖ «ដោយសារតែកន្លែងដែលទទួលប្រជាពលរដ្ឋអត់មានទីតាំងគ្រប់គ្រាន់ ហើយអ្នកចូលរួមមានប្រមាណ ១៥ ០០០ នាក់ អ៊ីចឹងទាក់ទងអនាម័យ ការហូបចុកពិបាកមិនសមស្រប អ៊ីចឹងវាប៉ះពាល់សំខាន់សុខុមាលភាព»។
លោកបានលើកជាឧទាហរណ៍ថាក្នុងកាលៈទេសៈនេះបើមានអ្នកកើតកូវីដ ១៩ អាចឆ្លង ព្រោះភាគច្រើនគាត់មិនរស់នៅបន្ទប់ដាច់ពីគ្នាទេគឺគាត់រស់នៅផ្តុំគ្នាជាគ្រួសារ ប្រសិនបើផ្ទុះកូវីដគឺប្រឈមហានិភ័យខ្លាំង ឬជំងឺអាសន្នរោគទៀត ក៏ជាបញ្ហាដែរ ព្រោះអត់មានប្រព័ន្ធទឹក លូ អ៊ីចឹងគាត់បន្ទោបង់តាមលក្ខណៈធម្មជាតិ ហើយទឹកស្អាតក៏មិនមានដែរ។
លោកថា៖ «យើងពិបាកនឹងបញ្ឈប់ដែរ ព្រោះជាជំនឿរបស់ពលរដ្ឋ នេះជាសិទ្ធិនៃការជឿទោះដឹងថាមិនសមហេតុផលម៉េចក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋមានសិទ្ធិជឿទៅលើអ្វីដែលគាត់មានជំនឿថាត្រឹមត្រូវរបស់គាត់»។
ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា អាជ្ញាធរបានដាក់កម្លាំងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ហើយនឹងមានវិធានការជាបន្ត ក្រោយថ្ងៃកំណត់ ៣០ ខែសីហា។
មន្ទីរធម្មការ និងសាសនាខេត្តសៀមរាបបានអះអាងថា ការឃោសនារបស់លោក ខឹម វាសនា ដែលកំពុងធ្វើសកម្មភាពបំផុសបំផុលដើម្បីទាញប្រយោជន៍ផ្ទាល់ខ្លួន។
មន្ទីរធម្មការខេត្តបានបញ្ជាក់ថា៖ «ករណីនេះជាការបំផុសបំផុល ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងធ្វើឱ្យមានចលាចលផ្សេងៗ កើតឡើង ព្រមទាំងធ្វើឱ្យប្រជាពលរដ្ឋខាតបង់ផលប្រយោធន៍ផងដែរ»។
មន្ទីរធម្មការខេត្តបន្តថា ផ្អែកតាមខ្លឹមសារសារាចរអន្តរក្រសួងលេខ ០០៣ ស.រ បានចែងថា ហាមធ្វើសកម្មភាពខុសឆ្គង តាំងខ្លួនជាអ្នកមានបុណ្យ ឬ ជាព្រះបាទធម្មិក ដោយយកព្រះនាម ព្រះពុទ្ធសាសនារបស់រដ្ឋ មកបាំងបិទមហិច្ឆតាផ្ទាល់ខ្លួន ដើម្បីផលប្រយោជន៍ណាមួយ ។
ម្យ៉ាងទៀត រាល់សកម្មភាពសាសនាដែលមានការចូលរួមមនុស្សលើសពី ១០០ នាក់ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ហើយអាចធ្វើបានតែក្នុងវត្តអារាម ឬទីតាំងសាសនាដែលស្របច្បាប់ប៉ុណ្ណោះ ។
ជាមួយគ្នានេះដែរ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ២៦ ខែសីហា អំពាវនាវដល់សាធារណជនដែលកំពុងរស់នៅធ្វើការនិងសិក្សានៅសាធារណរដ្ឋកុំជឿលើការញុះញង់តាមលក្ខណៈប្រជាភិថុតិរបស់ជនអគតិមួយចំនួនឱ្យបោះបង់ចោលការងារ ដែលជាប្រភពចំណូលដ៏ចម្បងសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ និងការកសាងអនាគតទៅថ្ងៃខាងមុខ។
ការអំពាវនាវនេះបន្ទាប់ពីមានពលករកូរ៉េមួយចំនួនបានសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញ ដោយជឿតាមការឃោសនានោះ។ ក្នុងលិខិតអំពាវនាវបន្តថា «ការវិលត្រឡប់ទៅកម្ពុជាយ៉ាងប្រញាប់នេះ ដោយមិនបានទទួលការអនុញ្ញាតពីនិយោជកគឺជាអំពើខុសច្បាប់ ហើយបងប្អូនប្រឈមនឹងការបាត់បង់ការងារនិងផលប្រយោជន៍កិត្តិយសកេរ្តិ៍ឈ្មោះ និងប៉ះពាល់ដល់ឱកាសការងារសម្រាប់បងប្អូនពលករខ្មែរដទៃទៀតទៅថ្ងៃអនាគតព្រមទាំងធ្វើឱ្យចង្វាក់ផលិតកម្មរបស់និយោជកកូរ៉េរងនូវផលប៉ះពាល់ផងដែរ»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ លោកថ្លែងថា ការបោះបង់ចោលការងារ ហើយវិលត្រឡប់មកកម្ពុជាវិញទាំងតក់ត្រហល់គឺប៉ះពាល់ដល់កេរ្តិ៍ឈ្មោះពលករខ្មែរយើង ដែលតែងតែទទួលបានការគោរពស្រឡាញ់ និងចូលចិត្តពីនិយោជកកូរ៉េ។
លោកថា៖ «ការបោះបង់ចោលការងារនៅកូរ៉េដែលមនុស្សជាច្រើនចង់ទៅគឺជាការបោះបង់ចោលប្រភពចំណូលដ៏ធំសម្រាប់ទ្រទ្រង់ឪពុកម្តាយ និងបងប្អូនរបស់ខ្លួនហើយការធ្វើបែបនេះគឺមិនអាចវិលត្រឡប់ទៅប្រទេសកូរ៉េវិញបានឡើយ នៅពេលដែលបងប្អូនភ្ញាក់ខ្លួនហើយចង់ទៅម្តងទៀត»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោកជិន ម៉ានលីន បានពន្យល់ទិដ្ឋភាពផ្លូវច្បាប់ថា ជាទូទៅដើម្បីកំណត់ថា តើមានការទទួលខុសត្រូវតាមផ្លូវច្បាប់ឬមានវិធានការច្បាប់យ៉ាងណានោះ ទាល់តែ យើងកំណត់ថា អំពើទាំងនេះជាបទល្មើស។ ចំពោះករណីនេះបើសមត្ថកិច្ចរកឃើញថាចេតនាអាក្រក់ បង្កឱ្យមានព្យសនកម្មខូចខាតធ្ងន់ធ្ងរកើតឡើង ហើយមានធាតុផ្សំនៃបទល្មើសគ្រប់គ្រាន់អាចនឹងមានវិធានការច្បាប់។
លោកថា៖«ប៉ុន្តែអាចមានជាវិធានការរដ្ឋបាល អប់រំ ណែនាំ និងផ្សព្វផ្សាយឱ្យបញ្ឈប់សកម្មភាពបែបនេះ ឱ្យពលរដ្ឋអាចយល់ដឹង អ៊ីចឹងនេះវាអាស្រ័យទៅលើការស្រាវជ្រាវរបស់សមត្ថកិច្ចថា សកម្មភាពនោះអាចមានធាតុផ្សំនៃបទល្មើសគ្រប់គ្រាន់ឬអត់ បើមាននាំឈានទៅរកការទទួលខុសត្រូវតាមផ្លូវច្បាប់»៕