ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានទទួល​របាយការណ៍​ចំនួន ​៦ ០០០ ករណី​អំពី​ការខូចខាត​ផ្លូវ ដូចជា ជង្ហុក​សម្បុកមាន់ ដែល​ប្រជាពលរដ្ឋ​បានផ្ដល់​តាមរយៈ​កម្មវិធី​ថែ​ទាំង​ផ្លូវ ឬ​ ROAD CARE Mobile App ដែលជា​កម្មវិធី​ស្មា​ត​ហ្វូ​ន​បានដាក់​ឱ្យប្រើ​ប្រាស់​ចាប់តាំងពី​ឆ្នាំ​ ២០១៨ ដើម្បី​ជា​ព័ត៌មាន​សម្រាប់​ជួសជុល​ថែទាំ​ផ្លូវ​នៅ​ទូទាំងប្រទេស​។​

​អ្នក​ប្រើ​កម្មវិធី​នេះ ដោយ​គ្រាន់តែ​ថតរូប​ភាព​នៃ​បញ្ហា​ផ្លូវថ្នល់ ភ្ជាប់​ជាមួយ​ទីតាំង​ច្បាស់លាស់​ដែល​កើតមាន​បញ្ហា​ផ្លូវ​ខូច រួច​បញ្ជូន​តាមរយៈ​ក​ម្ម​វិធី​ថែទាំ​ផ្លូវ​ជាការ​ស្រេច​។ កម្មវិធី​នេះ ត្រូវបាន​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃ ទី​ ១៣ ខែធ្នូ ឆ្នាំ​ ២០១៨​។​

លោក ហ៊ាង សុទ្ធា​យុទ្ធ អ្នកនាំពាក្យ និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៨ ខែសីហា​ថា ចាប់តាំងពី​ខែធ្នូ ឆ្នាំ ២០១៨ រហូតមកដល់ ខែកក្កដា ឆ្នាំ ២០២២ ក្រសួង​បានទទួល​ការរាយការណ៍​បង្ហាញ​ពី​ផ្លូវ តាមរយៈ កម្មវិធី​នេះ ចំនួន ៥ ៩២២ របាយការណ៍​។

លោក​បន្តថា ក្រសួង​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដោះស្រាយបាន​ទាន់ពេលវេលា ខណៈ​កា​រាយការណ៍​មួយចំនួនទៀត ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ផែនការ​នៃ​ការអភិវឌ្ឍ ដែល​ទាមទារ​ឱ្យមាន​ការដោះស្រាយ​នៅពេល​បន្ទាប់​។​

លោកបាន​បញ្ជាក់ថា​៖ «​យើង​និយាយ​ពី​ប្រសិទ្ធភាព​ការងារ បាន​ជំរុញ​ឱ្យ​ការងារ​ថែទាំ​ផ្លូវ​ហ្នឹង ល្អប្រសើរ​ច្រើន​។ ល្អប្រសើរ​ច្រើន​នេះ គឺ​សំដៅ​ទៅលើ​ការដោះស្រាយ​ជា​អាទិភាព​ជូន​ប្រជាពលរដ្ឋ មិនមែន​មានន័យថា ធ្វើឱ្យ​ដោះស្រាយបាន​បញ្ហា​ទាំងស្រុង​ទេ​។ ជាធម្មតា​នៅពេល​យើង​ទទួលបាន​មតិយោបល់​ពី​ប្រជាពលរដ្ឋ យើង​ត្រូវ​យកចិត្តទុកដាក់ ដូច្នេះ​ការដែល​ក្រសួង​ទទួល​បានការ​រាយ​ការណ៍​ពី​ប្រជាពលរដ្ឋ​តាមរយៈ Mobile App​ នេះ គឺ​បានធ្វើឱ្យ​យើង មើលឃើញ​ពី​បញ្ហា​របស់​ប្រជាពលរដ្ឋ​»​។​

លោក ហ៊ាង សុទ្ធា​យុទ្ធ ថ្លែងថា Mobile App មាន​គោលបំណង់​ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្លូវ​ជង្ហុក​សម្បុកមាន់​។ ដូច្នេះ​បញ្ហា​ដែល​ពលរដ្ឋ​រាយការណ៍​ជាទូទៅ គឺ​បាន​ចូលរួមចំណែក​ឱ្យ​ក្រសួង​រៀបចំ​ផែន​ការណ៍​សម្រាប់​អនុវត្ត​នៅពេល​បន្ទាប់​ចំពោះ​បញ្ហា​ផ្លូវ​មួយចំនួន ដែល​ពលរដ្ឋ​បាន​រាយការណ៍​មក​។ លោក ទទួលស្គាល់ថា បញ្ហា​ដែល​ទទួលបាន​ពី​ប្រជាពលរដ្ឋ ១ ​ចំនួន មានការ​ឆ្លើយ​តបមិនទាន់​ពេលវេលា ព្រោះ​ក្រសួង ត្រូវការ​ពេលវេលា ក្នុងការ​ដោះស្រាយ​ជូន​ពលរដ្ឋ​។​

លោកបាន​បញ្ជាក់ថា​៖ «​យើង​និយាយ​ជារួម កម្មវិធី​នេះ មាន​ចំណុច​ល្អប្រសើរ​ច្រើន​ហើយ​រវាង​ការ​គ្មាន​កម្មវិធី និង​មាន​កម្មវិធី​។ ប៉ុន្តែ​បញ្ហា​ប្រឈម​ក៏​យើង​នៅតែមាន​ដែរ អាស្រ័យទៅលើ​កត្តា ការរាយការណ៍​នេះ យើង​ដោះស្រាយបាន​លឿន​កម្រិតណា ព្រោះ​បើ​បញ្ហា​យើង​ដោះស្រាយ​មិនលឿន​ទេ ក៏​ជា​ចំណុច​ដែល​មិនល្អ​ប្រសើរ​ដែរ តែ​វា​ក៏​ជា​ចំណុច​មួយ ជា​មូលដ្ឋាន​សម្រាប់​យើង​ធ្វើឱ្យមាន​ភាពប្រសើរឡើង​ក្នុងពេល​ខាងមុខ​»​។​

​កាលពី​ថ្ងៃទី ២៨ ​សីហា ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន បានប្រកាស​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយបាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ពី​បញ្ហា​ផ្លូវ​ជង្ហុក​សម្បុក​មាន់បាន​ភ្លាមៗ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយ​ដែលមាន​ឈ្មោះថា កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) ។ ក្រសួង​បាន​អះអាងថា កម្មវិធី​នេះ​អាចជួយ​សម្រួល​ឱ្យមាន​ភាពងាយស្រួល​ក្នុងការ​រាយការណ៍ និង​ផ្ដល់ព័ត៌មាន​បាន​លឿន​រហ័ស​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ក្នុងការ​ជួសជុល​ផ្លូវ​ឱ្យបាន​ទាន់ពេលវេលា​។​

​លោក គឹម បញ្ហា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ដោយ​ចាត់ទុក​ការបង្កើត​កម្មវិធី​នេះ គឺជា​គំនិតល្អ ហើយ​ក្រសួង គួរតែ​ធ្វើការ​ពិនិត្យមើល​យន្តកា​រ​ក្នុងការ​ឆ្លើយតប​ចំពោះ​មតិ​ចូលរួម​របស់​ប្រជាពលរដ្ឋ ឱ្យបាន​កាន់តែមាន​សកម្មភាព និង​​ប្រសិទ្ធភាព​ជាង​នេះ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​មើលឃើញ​ពី​សារៈប្រយោជន៍​នៃ​កម្មវិធី​នេះ​។ លោក​ថា នៅពេលដែល​ពលរដ្ឋ បាន​មើលឃើញ​នូវ​ការចូលរួមចំណែក​រប​ស់​ខ្លួន​បាន​ចូលរួមចំណែក​ក្នុង​ការកែ​ប្រែជា​វិជ្ជមាន​នោះ នឹង​នាំឱ្យ​ប្រសិទ្ធ​នៃ​ការធ្វើការ និង​ការបង្កើត​កម្មវិធី​ទាំងនេះ មាន​ប្រសិទ្ធភាព និង​កាន់តែ​មានតម្លៃ​។​

លោក គឹម បញ្ញា ថ្លែងថា ក្រសួង​ក៏​គួរ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​លទ្ធផល​ដែល​បាន​ដោះស្រាយ​ជា​សាធារណៈ​នៅលើ​ទំព័​ហ្វេ​ស​ប៊ុក និង​ធ្វើការ​ឆ្លើយតប​ឱ្យមាន​ប្រសិទ្ធភាព ជាពិសេស​ធ្វើការ​ផ្សព្វផ្សាយ​ទៅកាន់​ក្រុមយុវជន​ដែលមាន​រចនាសម្ព័ន្ធ​ហើយ​ស្រាប់​នៅ​កម្ពុជា​។​

លោក បាន​បញ្ជាក់ថា​៖ «​ដើម្បី​ជំរុញឱ្យមាន​មតិ​ចូលរួម​ពី​ពលរដ្ឋ​ឱ្យបាន​សកម្ម ខ្ញុំ គិតថា ក្រសួង​សាធារណការ ដែល​ភាគច្រើន​ផ្លូវ​ដែល​ក្រសួង​គ្រប់គ្រង គឺ​ផ្លូវជាតិ ឬ​ផ្លូវធំៗ ហើយ​បើ​អាច​បាន ក្រសួង​គួរតែ​ផ្តោតទៅលើ​ក្រុមយុវជន តាមរយៈ​ការផ្សព្វផ្សាយ និង​ការបណ្តុះបណ្តាល​ដល់​យុវជន​របស់​យើង ដែលមាន​រចនាសម្ព័ន្ធ​ស្រាប់ ដូចជា​កាកបាទក្រហម យុវជន​កាយ​ឫទ្ធិ និង​យុវជន​សហភាព​សហព័ន្ធ​យុវជន​ឱ្យ​គាត់​យល់ ពី​របៀប​ប្រើ ដើម្បី​ចូលរួម​ជា​មតិយោបល់​»៕