ភ្នំពេញៈ អ្នកស្រី ត្រឹង ងា ​ឈ្មោះ​ដើម ​ឡាយ ហ៊ុនគី​ ជា​ម្ចាស់​ស្នាដៃ​សៀវភៅ​អរិយធម៌​ខ្មែរ ​និង​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​ បានទទួល​មរណភាព​នៅ​ម៉ោង​ ៧ ​ព្រឹក ថ្ងៃទី​ ២៨ សីហា​ ២០២២ ​ដោយ​រោគាពាធ​។ ពិធី​បុណ្យសព​ធ្វើ​នៅផ្ទះ​លេខ​ ១៦ ផ្លូវ​ ១៤៣ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ចំណែក​ពិធី​បូជាសព​នឹង​ប្រព្រឹត្តទៅ​នៅ​វត្ត​គល់​ទទឹង នា​ថ្ងៃទី​ ៣០ សីហា​។ នេះ​បើតាម​លោក ត្រឹង បញ្ចា​រុណ កូន​ទី​ ៣ របស់​អ្នកស្រី ឡាយ ​ហ៊ុនគី​។​

​កូន​ទី ​៣ របស់​អ្នកស្រី​ ឡាយ ហ៊ុន​គី គឺ​លោក​ ត្រឹង បញ្ចា​រុណ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​ថ្ងៃទី ២៨​ ខែសីហា​ថា​ ម្តាយ​ជាទី​ស្រឡាញ់​របស់​លោក​ គឺ​អ្នកស្រី ​ឡាយ ​ហុនគី ​ហៅ​អ្នកស្រី ​ត្រឹង ងា ​បានទទួល​មរណភាព ​នៅ​ម៉ោង ​៧ ​ព្រឹក​ថ្ងៃទី ២៨​ ខែសីហា ​ដោយ​រោគាពាធ​។ តាមរយៈ​ការ​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នេះ ​លោក​ចាត់ទុកជា​ការជូន​ដំណឹង​ និង​ជាការ​អញ្ជើញ​ដល់​ញាតិមិត្ត​ទាំងឡាយ​ដែលមាន​បំណង​មក​ចូលរួម​បុណ្យសព​។​

​លោក​សរសេរថា​៖ «ដោយ​កម្លាំង​កុសលកម្ម ​ដែល​អ្នក​ម្តាយ​បានធ្វើ សូមអ្នក​ម្តាយ​បាន​ទៅកាន់​សុគតិភព ​កុំបី​ខាន​ឡើយ​។ ពិធី​បុណ្យសព​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ២៨ ​ដល់​ ២៩ ​សីហា ​២០២២ ​នៅផ្ទះ​លេខ​ ១៦ ផ្លូវ ​១៤៣ សង្កាត់​វាលវង់ ​ខណ្ឌ​៧​មករា ។ ពិធី​បូជាសព​នឹង​ប្រព្រឹត្តទៅ​នៅ​វត្ត​គល់​ទទឹង ​នា​ថ្ងៃទី​ ៣០ សីហា ​២០២២»។​

​លោក ​កុក រស់ ប្រធាន​នាយកដ្ឋាន​សៀវភៅ និង​ការអាន​ នៃ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្ប​: ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៨ ​ខែសីហា​ថា​ នាយកដ្ឋាន​សៀវភៅ ​និង​ការអាន មិនបាន​កត់ត្រា​ល្អិតល្អន់​ពី​ប្រវត្តិ និង​ស្នាដៃ​របស់​អ្នកស្រី ត្រឹង ងា ឡើយ ​ប៉ុន្តែ​មាន​ស្នាដៃ​មួយ​បាន​កត់ត្រា​ច្បាស់​លាស់​ជា​ស្នាដៃ​របស់​អ្នកស្រី ​ត្រឹង ងា ​នោះ​ គឺ ​សៀវភៅ​អរិយធម៌​ខ្មែរ នៅ​អំឡុង​ឆ្នាំ ១៩៧៣ - ១៩៧៤​។

​លោក​ថ្លែងថា​៖ «ច្បាស់​រឿង​សៀវភៅ​អរិយធម៌​របស់​គាត់​ហ្នឹង ​ប៉ុន្តែ​ពេល​សរសេរ​គាត់​មិន​ដាក់ឈ្មោះ​គាត់​ទេ គឺ​ដាក់ថា អ្នកស្រី​ ត្រឹង ងា តែ​ឈ្មោះ​គាត់​ពិតប្រាកដ​ ឡាយ ហ៊ុន​គី​។ គាត​ដាក់ឈ្មោះ​ប្តី ព្រោះ​កាលសម័យ​នោះ ​គេ​យក​គោល​ប្តី​ទៅប្រើ ​អ៊ីចឹង​លោក​ ត្រឹង ​ងា ​ហ្នឹង​ប្រុស​ទេ​ ហើយ​គាត់​ដាក់​អ្នកស្រី​ ត្រឹង ងា មានន័យថា​ គាត់​ជា​ប្រពន្ធ​របស់លោក​ ត្រឹង ងា»។​

​លោក​បន្តថា ​ក្រៅពី​ជា​ម្ចាស់​សៀវភៅ​អរិយធម៌​ អ្នកស្រី ​ត្រឹង ងា ​គឺជា​គ្រូបង្រៀន​ម្នាក់​នៅ​ខេត្ត​បាត់ដំបង ​ហើយ​ឆ្នាំ​ ២០២០​ លោក សុខ ទូច​ ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា និង​ជា​អនុប្រធាន​ប្រចាំការ​ក្រុមប្រឹក្សា​បណ្ឌិតសភា​ចារ្យ ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ​បានប្រគល់​សញ្ញាបត្រ​កិត្តិ​បណ្ឌិត ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ដល់​អ្នកស្រី​ដែល​បាន​បំពេញ​កាតព្វកិច្ច​ជូន​ជាតិ​មាតុភូមិ​។

​តាម​ការផ្សាយ​របស់​រាជ​បណ្ឌិត្យសភា​កម្ពុជា​ អ្នកស្រី​ ត្រឹង ងា ​មានឈ្មោះ​ដើម​ថា ​ឡាយ ហ៊ុន​គី ​កើត​ថ្ងៃទី ​២៤​ ខែវិច្ឆិកា ឆ្នាំ​ ១៩៣៩ ​នៅ​ភូមិ​ស្រមោច ​ឃុំ​ព្រះនេត្រព្រះ ​ស្រុក​ព្រះនេត្រព្រះ ​ខេត្ត​បាត់ដំបង ​(បច្ចុប្បន្ន ​ខេត្ត​បន្ទាយមានជ័យ)​។ អ្នកស្រី​បាន​ចាប់​អាជីព​ជា​គ្រូបង្រៀន ​តាំងពី​ឆ្នាំ​ ១៩៥៧ ​នៅ​ខេត្ត​បាត់ដំបង​ ហើយ ​១ ឆ្នាំ​ក្រោយមក ​គឺ​នៅ​ឆ្នាំ​ ១៩៥៨ ​អ្នកស្រី​បាន​រៀប​អាពាហ៍​ពិពាហ៍​ ជាមួយ​លោក ​ត្រឹង ងា ​ដែលមាន​ស្រុកកំណើត​ជា​អ្នកស្រុក​យីង​ចូវ ​ខេត្ត​ពលលាវ ​កម្ពុជា​ក្រោម​។ អ្នកស្រី ​ឡាយ ​ហ៊ុនគី ​ក្រោយមក​ក៏បាន​ផ្លាស់​ឈ្មោះ​ជា​អ្នកស្រី​ ត្រឹង ងា​។ ការផ្លាស់​ឈ្មោះ​តាម​ស្វាមី​នេះ ​គឺជា​ការធ្វើតាម​ទម្លាប់​បារាំង​របស់​អ្នករដ្ឋការ​ខ្មែរ​សម័យ​នោះ​។

​នៅ​ឆ្នាំ​ ១៩៦២ អ្នកស្រី​បាន​បន្ត​ការសិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​គរុកោសល្យ​ផ្នែក​អប់រំ​សាស្ត្រាចារ្យ រហូតដល់​ឆ្នាំ​ ១៩៦៦ អ្នកស្រី​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ខ្មែរ និង​ក្លាយទៅជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។ អ្នកស្រី បាន​និពន្ធ និង​បោះពុម្ពផ្សាយ​ស្នាដៃ​សៀវភៅ​ដ៏​ល្បី​ ១ ​ក្បាល​ក្នុង​ឆ្នាំ​ ១៩៧៤ ឈ្មោះថា «​អរិយធម៌​ខ្មែរ​» ដោយបាន​ប្រើ​ឈ្មោះ ​«អ្នកស្រី ត្រឹង ងា» ​ជា​អ្នកនិពន្ធ​លើ​សៀវភៅ​។ មុន​ថ្ងៃទី​ ១៧ មេសា ឆ្នាំ​ ១៩៧៥ អ្នកស្រី​ជា​នាយិកា​វិទ្យាល័យ​នារី ភ្នំពេញ​។

​ក្រោយ​ថ្ងៃទី​ ១៧ មេសា ឆ្នាំ ​១៩៧៥ ក្រុមគ្រួសារ​របស់​អ្នកស្រី ក៏មាន​វាសនា​មិន​ខុសពី​ប្រជាជន​ខ្មែរ​ដទៃទៀត​ដែរ​។ អ្នកស្រី និង​ស្វាមី ព្រមទាំង​គ្រួសារ ត្រូវ​ខ្មែរក្រហម​ជម្លៀស​ទៅ​ភូមិ​ក្បាលដំរី​ក្រោម ស្រុក​កោះធំ ខេត្តកណ្ដាល​។ នៅក្នុង​របប​ខ្មែរក្រហម អ្នកស្រី ឡាយ ហ៊ុន​គី និង​ស្វាមី មិនបាន​កែ​ឈ្មោះ ឬ​លាក់​ប្រវត្តិ​ពិត ដែលជា​សាស្ត្រាចារ្យ​នៅក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​ឡើយ​។ ក្រោយមក នៅ​ខែវិច្ឆិកា ឆ្នាំ​ ១៩៧៥ ស្វាមី​របស់​អ្នកស្រី គឺ​លោក​ ត្រឹង ងា ត្រូវបាន​កម្មាភិបាល​ខ្មែរក្រហម​ម្នាក់​មកជួប​លោក​ ត្រឹង ងា ហើយ​បាន​ «​ស្នើ​»​ឱ្យ​លោក​ ត្រឹង ងា ទៅ​ជួយ​រៀបរៀង​ទស្សនាវដ្ដី​របស់​កម្ពុជា​ប្រជាធិបតេយ្យ​។ លោក ​ត្រឹង ងា ត្រូវបាន​ខ្មែរក្រហម​បញ្ជូនមក​ម​ន្ទី​រស ​២១ (​គុក​ទួលស្លែង​) នៅ​ថ្ងៃទី ​២០ ខែវិច្ឆិកា ឆ្នាំ ​១៩៧៥ និង​ក្រោយមក​ក៏​ត្រូវបាន​ខ្មែរក្រហម​សម្លាប់​លោក​នៅ​ទីនោះ​។ គ្រួសារ​អ្នកស្រី ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ចេញពី​ភូមិ​ជាច្រើនលើក​ច្រើនសា រហូត​ទៅដល់​ភូមិ​ចក​តូច ឃុំ​ចក​តូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​ក្រោយ​ថ្ងៃ​រំដោះ ថ្ងៃ​ ៧ មករា ឆ្នាំ​ ១៩៧៩ អ្នកស្រី​បាន​បន្ត​រស់នៅ​ក្នុងស្រុក​មោងឫស្សី ​និង​ស្រុក​មង្គលបុរី ​រកស៊ី​លក់ដូរ​គ្រាន់​ចិញ្ចឹម​កូនៗ​។ នៅ​ឆ្នាំ​ ១៩៨៣ ​អ្នកស្រី​បាន​បន្ត​អាជីព​ក្នុង​វិស័យ​អប់រំ ដោយបាន​ក្លាយជា​នាយិកា​វិទ្យាល័យ​មង្គលបុរី​ ខេត្ត​បាត់ដំបង ​(បច្ចុប្បន្ន ​ខេត្ត​បន្ទាយមានជ័យ​)​។ នៅ​ឆ្នាំ ​១៩៩៥ បាន​ចូលនិវត្តន៍​ពី​ជីវភាព​ក្នុង​វិស័យ​អប់រំ​។ នៅ​ឆ្នាំ​ ១៩៩៨​ ដល់ ​២០០៦​ អ្នកស្រី​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត ​ខេត្ត​បន្ទាយ​មានជ័យ​។ ក្រោយពី​ចូលនិវត្តន៍​ អ្នកស្រី​បាន​ចំណាយ​ពេលវេលា​ភាគច្រើន​របស់​អ្នកស្រី​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ​នៅ​ខេត្ត​បន្ទាយ​មានជ័យ ​និង​បាន​ប្តូរ​ទីលំនៅ​មក​រស់នៅ​ជាមួយ​កូនប្រុស​ទី ​៣ នៅ​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ​ ២០១៩ រហូតមក​។​

​សៀវភៅ​អរិយធម៌​ខ្មែរ ​ដែលជា​ស្នាដៃ​របស់​អ្នកស្រី គឺជា​ប្រភព​ឯកសារ​ដ៏​ចម្បង និង​បានរួម​ចំណែក​យ៉ាងសំខាន់​សម្រាប់​អ្នកសិក្សា​ថ្នាក់​បញ្ចប់​ ក៏ដូចជា​អ្នកស្រាវជ្រាវ ​និង​យុវជន​ជំនាន់​ក្រោយ​ ក្នុងការ​សិក្សា​រៀនសូត្រ ​ពង្រីក​ចំណេះដឹង ​និង​បន្ត​ការសិក្សា​ស្រាវជ្រាវ​បន្ថែម​អំពី​វប្បធម៌ ​និង​អរិយធម៌​ខ្មែរ​។ ដោយយោង​លើ​សមិទ្ធផល​ និង​ការចូលរួម​ចំណែក​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​របស់​អ្នកស្រី ក្នុង​ផ្នែក​អក្សរសាស្ត្រ​ និង​ប្រវត្តិសាស្ត្រ​ខ្មែរ ​លោក​សុខ ទូច​ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​បានចេញ​សេចក្ដីសម្រេច ​ប្រគល់​សញ្ញាបត្រ​កិត្តិ​បណ្ឌិត​ផ្នែក​អក្សរសាស្ត្រ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ​ជូន​អ្នកស្រី ​ត្រឹង ងា ​ដើម្បី​ជាការ​តបស្នង​ចំពោះ​គុណបំណាច់​ធំធេង​របស់​អ្នកស្រី​ក្នុង​បុព្វហេតុ​ជា​ឧត្ដមប្រយោជន៍​នៃ​សង្គមជាតិ​៕