សៀមរាបៈ គិត​ចាប់ពី​ថ្ងៃទី​ ១៨ ​ដល់​ថ្ងៃទី​ ២៧ ​ខែសីហា​ ការចុះវាស់វែង​កំណត់​និយាម​កា​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ សម្រេច​លទ្ធផល​នៃ​ការវាស់វែង​ក្បាលដី​បាន​ចំនួន ៤១ ៥១៧​ ក្បាលដី​ ខណៈ​ការឈូសឆាយ​នៅ​តំបន់​អភិវឌ្ឍន៍​រុន​តាឯក​ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ទៅ​តាំង​ទីលំនៅ​ថ្មី បាន​ទំហំ​ ៦១ ហិកតា​។ នេះ​បើ​តាម​រដ្ឋមន្ត្រី​រៀបចំ​ដែនដី។​

ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់ ​លោក ជា សុផារ៉ា ​បាន​សរសេរ​លើ​ហ្វេស​ប៊ុក​នៅ​ព្រឹក​ថ្ងៃទី ​២៨​ សីហា​ ថា ​ការងារ​ចុះ​វាស់វែង​កំណត់​និយាមកា​ក្បាលដី ​និង​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី​ និង​សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ​និង​តំបន់​ដទៃទៀត​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ​និង​ការងារ​រៀបចំ​ទីតាំង​ភូមិ​ធម្មជាតិ​រុន​តាឯក ​គិត​ត្រឹម​ថ្ងៃទី​ ២៧​ ខែសីហា​ ទទួលបាន​លទ្ធផល ​៣ ចំណុច​សំខាន់ៗ។ ចំណុច​ទី ១ ​គឺ​ក្រុមការងារ​តម្រង់ទិស​បាន​ធ្វើការ​វាស់វែង​ក្បាលដី​បាន​ចំនួន​ ៤១ ៥១៧​ ក្បាលដី ​ទំហំ ​៦ ៥៦៦​ ហិកតា ​ក្នុងនោះ​ក្បាលដី​មាន​សំណង់​ចំនួន​ ២១ ៩៨២ ក្បាលដី ​ ក្បាលដី​គ្មាន​សំណង់ ​ចំនួន ១៧ ០៣៧ ក្បាលដី ​និង​ក្បាលដី​ ជា​ដីស្រែ​ចម្ការ​ចំនួន ២ ៤៩៨ ក្បាលដី​។​

ចំណែក​លទ្ធផល​ ១ ​ទៀត ​គឺការឈូសឆាយ​ដី​នៅ​តំបន់​អភិវឌ្ឍន៍​រុន​តាឯក ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ខុសច្បាប់ ​មក​តាំង​ទីលំនៅ​ថ្មី ​អនុវត្ត​ដោយ​ក្រុមការងារ​ក្រសួង​បរិស្ថាន ​និង​អាជ្ញាធរ​ជាតិ​អប្សរា ​បាន​ទំហំ​ ៦១​ហិកតា​។ ក្រៅពី​នេះ ​គឺជាការស្ថាបនា​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ​ សាលារៀន ​ផ្សារ ​សួនច្បារ​ជាដើម​។

លោក​ ជា សុផារ៉ា ​បញ្ជាក់ថា​៖ «ការស្ថាបនា​ផ្លូវ​ក្រួស​ក្រហម ​ដោយ​កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន ​សៀមរាប ​ក្នុងភូមិ​ធម្មជាតិ​រុន​តាឯក​សម្រេចបាន​ប្រវែង ១ ៧៣០​ ម៉ែត្រ»។​

​លោក​ ហាយ យុង ​តំណាង​ក្រុមការងារ​តម្រង់ទិស ​ថ្លែង​នៅ​ថ្ងៃទី​ ២៨ ​ខែសីហា​ថា ​ក្រុមការងារ​តម្រង់ទិស ​បានធ្វើការ​ចាប់ឆ្នោត​ជូន​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​រុះរើ​ចេញពី​តំបន់​អង្គរ​ជំហាន​ដំបូង ​មាន​រយៈពេល ​៣​ថ្ងៃ​ គឺ​ថ្ងៃទី ២៥ ​ដល់​ថ្ងៃទី ២៧​ ខែសីហា​។ សរុប​ប្រជាពលរដ្ឋ​បាន​ចាប់ឆ្នោត​មាន​ចំនួន​ ៩៣៦ គ្រួសារ ​ក្នុងនោះ​នៅ​សង្កាត់​គោកចក ​មាន​មាន​ ២ ​ភូមិ ​គឺ​ភូមិ​ត្រពាំង​សេះ​ និង​ភូមិ​ទក្សិណ​ត្បូង ​ចំនួន ​៩៣៤​ គ្រួសារ ​និង​ពលរដ្ឋ​នៅមុខ​ប្រាសាទ​បន្ទាយក្តី ​ជាប់​នឹង​ស្រះស្រង់ ​ចំនួន ២ ​គ្រួសារ។

លោក​ឱ្យដឹងថា ​ប្រជាពលរដ្ឋ ​ដែល​ស្ម័គ្រចិត្ត​រុះរើ​ចេញ ​និង​បានមក​ចូលរួម​ចាប់ឆ្នោត ​បាន​សម្តែង​ការសប្បាយ​រីករាយ ​និង​ខ្លះ​បាន​សំណូមពរ​ឱ្យមាន​ការរៀបចំ​ហេដ្ឋា​រចនាសម្ព័ន្ធ ​សាលារៀន ​និង​ផ្សារ​ជាដើម​។

លោក​ថ្លែងថា​៖ «តាម​ដែល​ខ្ញុំ​សង្កេតឃើញ​ថា ​ទោះបីជា ​យើង​មិនដឹង​ជ្រាលជ្រៅ​ក្នុង​ចិត្ត​ពួកគាត់ ​ប៉ុន្តែ​កាយវិការ​នៃ​ការចាប់​ឆ្នោត​ហ្នឹង​ ឃើញថា​ ពួកគាត់​សប្បាយចិត្ត ​មិនមាន​បញ្ហា ​ឬ​បាតុភាព​ណាមួយ​កើតឡើង​ទេ ​គ្រាន់តែ​ថា​មាន​សំណូមពរ​មួយចំនួន​ហ្នឹង»។

លោក​បាន​បញ្ជាក់ថា ​ទោះយ៉ាង​ណា ​ចំណុច​ដែល​ពលរដ្ឋ​សំណូមពរ​នេះ​ក្រុមការងារ ​បាននិង​កំពុង​រៀបចំ​ជូន​ប្រជាពលរដ្ឋ ​មិនឱ្យ​មាន​ការខ្វះខាត​នោះ​ទេ ​ជាក់ស្តែង​សាលារៀន​បានរៀបចំ​ធ្វើ​រួចហើយ ​ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​កំពុង​ចាប់ផ្តើម​ដំណើរការ​ធ្វើ​ផងដែរ។ ជាមួយ​គ្នានេះ​ មន្ត្រី​ក្រសួង​បរិស្ថាន ​ក៏បាន​ចូលរួម​រៀបចំ​ធ្វើ​សួន​ដាំ​ដើមឈើ​ហូប​ផ្លែ ​និង​ដាំ​ដើមឈើ​ឡើងវិញ ​នៅ​ទីតាំង​ដែល​ពលរដ្ឋ ​បាន​រុះ​រើចេញ​ផង​ដែរ។

ក្នុងឱកាស​អញ្ជើញ​ចុះសួរ​សុខទុក្ខ ​និង​ពិនិត្យ​មើល​ការងារ​ទូទៅ​របស់​មន្ត្រី​មន្ទីរ​បរិស្ថាន ​និង​មន្ត្រី​ឧទ្យានុរក្ស ​និង​បងប្អូន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ​នៅ​តំបន់​ភូមិ​ធម្មជាតិ​រុន​តាឯក ​នៅ​រសៀល​ថ្ងៃទី ២៦ ​ខែសីហា ​លោក​ សាយ សំអាល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ថ្លែងថា ​ក្រសួង​បរិស្ថាន​បានទទួល​ភារកិច្ច​ចូលរួម​គាំទ្រ​ដល់​ក្រសួង​រៀបចំ​ដែនដី​ អាជ្ញាធរ​ជាតិ​អប្សរា ​រដ្ឋបាល​ខេត្តសៀមរាប​ក្នុង​បេសកកម្ម​រៀបចំ​ភូមិ​ធម្មជាតិ​រុន​តាឯក​ ដោយ​សម្អាត​ផ្ទៃដី ​និង​ការរៀបចំ​សួន​ដំណាំ​ឈើ​ហូប​ផ្លែ​នានា​សម្រាប់​ជូន​ប្រជាពលរដ្ឋ។

លោក​ថ្លែងថា​៖ «បេសកកម្ម​របស់​បង​ប្អូន ​មន្ត្រី​ក្រសួង​បរិស្ថាន ​គឺជា​ការចូលរួម​គាំទ្រ​ដល់​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់​ អាជ្ញាធរ​ជាតិ​អប្សរា ​រដ្ឋបាល​ខេត្ត ​រៀបចំ​ភូមិ​តាម​គោលការណ៍​នគរូបនីយកម្ម ​និង​រៀបចំ​សួន​ដំណាំ​មាន​ដើមឈើ​ហូប​ផ្លែ​សម្រាប់​ពលរដ្ឋ​ផ្លាស់ប្តូរ​ទីតាំង​លំនៅ​ថ្មី​ពី​តំបន់​រមណីយដ្ឋាន​អង្គរ»។

លោក​ ជឿម ជឿប​ ប្រជាពលរដ្ឋ​នៅ​ភូមិវាល ​សង្កាត់​គោកចក ​ក្រុង​សៀមរាប ​ឱ្យដឹង​នៅ​ថ្ងៃទី ២៨ ​សីហា ​ថា ​ក្បាល​ដី​នៅ​ភូមិ​ដែល​លោក​រស់នៅ​នេះ​បានវាស់វែង​រួចហើយ ​ប៉ុន្តែ​មិនតម្រូវឱ្យ​មាន​ការរុះរើ​ទៅនៅ​តំបន់​រុន​តាឯក​ទេ​ ដោយសារ​ភូមិ​ដែល​លោក​កំពុង​រស់នៅ​នេះ​មិន​នៅ​កៀក​អង្គរ។ លោក​ប្រាប់ថា ​ថ្វីបើ​អាច​រស់នៅ​លើ​ដី​នេះ​បាន​ពិត​មែន​ ប៉ុន្តែ​មិន​មាន​សិទ្ធិ​លក់ដូរ​ឡើយ ​ហើយ​រាល់​ការសាងសង់​សំណង់​អ្វី​មួយ​ត្រូវ​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​អប្សរា។

លោក​និយាយថា​៖ «នៅ​លើដី​នេះ​អត់​មាន​ប្លង់​ទេ ​តែ​យើង​អាច​នៅ​បាន ​តែ​ផ្ទះ​បើ​យើង​ចង់​ជួសជុល​អី​ត្រូវ​មាន​ការសុំ​អនុញ្ញាត​ច្បាប់​ពី​អាជ្ញាធរ​ជាតិ​អប្សរា ​បាន​អាច​ធ្វើ​បាន»។

សូម​ជម្រាបថា ​អនុវត្តតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​លេខ​ ២៦ ​សសរ ​ចុះ​ថ្ងៃទី ១៨​ ខែមេសា ​ឆ្នាំ ​២០២២ ​ស្តីពី​ការបង្កើត​ក្រុមការងារ​តម្រង់​ទិស ​គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់​ខុសច្បាប់​ និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ​និង​តំបន់​ដទៃទៀត​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​និង​សំណង់ ​បាន​ចាត់​បញ្ជូន​ក្រុមការងារ​បច្ចេកទេស​ចំនួន ​៦៨ ​ក្រុម ​មាន​មន្ត្រី​ជំនាញ​សរុប​ចំនួន ​៧៨១ រូប​ ចុះ​សហការ​ជាមួយ​មន្ត្រី​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ចំនួន ​៣៥២ ​រូប ​ដោយមាន​ការសហការ ​ជាមួយ​មន្ត្រី​មូលដ្ឋាន​ថ្នាក់ភូមិ ​រដ្ឋបាល​ឃុំ​ សង្កាត់ ​ក្រុង​ ស្រុក ​ចំណុះ​រដ្ឋបាល​ខេត្ត​សៀមរាប ​ដើម្បី​ចុះ​វាស់វែង ​កំណត់​និយាមកា​ក្បាលដី ​និង​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី ​និង​សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ​និង​តំបន់​ដទៃទៀត ​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ​ដោយ​ចាប់ផ្តើម​ការងារ​ពីថ្ងៃ​ទី ១៨​ ខែសីហា៕