ភ្នំពេញៈ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ហៅ​ម្ចាស់​ផលិតកម្ម​មហាហង្ស មក​ធ្វើការ​អប់រំ និង​ណែនាំ​ឱ្យ​កែតម្រូវ ខណៈ​អាជ្ញាធរ​ខេត្ត​សាមី​បាន​ប្រតិកម្ម និង​បដិសេធ​ចំពោះ​ការ​ស្លៀកពាក់​របស់​បេក្ខជន​បវរកញ្ញា​ដែល​ស្ទើរតែ​បង្ហាញ​ចេញ​ទាំងស្រុង​នូវ​កេរ​ភេទ និង​ការយក​សន្លឹក​បៀ និង​គ្រាប់​អាប៉ោង​ទៅ​ឱ្យ​បេក្ខជន​បវរកញ្ញា​កាន់​បង្ហាញ នៅក្នុង​ការប្រកួត​នៃ​កម្មវិធី Miss Grand Cambodia ដែល​មិនបាន​ឆ្លុះបញ្ចាំង​ពី​សម្លៀកបំពាក់​ និង​ប្រពៃណី​ខ្មែរ​នៅក្នុង​មូលដ្ឋាន​ខេត្ត​ទាំងនោះ​។

ការចាត់​ការ និង​ការហៅ​ណែនាំ​នេះ​បាន​ធ្វើ​ឡើង ក្រោយពី​មាន​ប្រតិកម្ម​រិះគន់​ខ្លាំងៗ​ជា​បន្តបន្ទាប់​ពី​សំណាក់​មហាជន​ចំពោះ​ការប្រើប្រាស់​ឈុត​សម្តែង​តំណាង​ឱ្យ​ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត ដែល​បង្ហាញ​ពី​រូបភាព​ល្បែងស៊ីសង​សន្លឹក​បៀ និង​អាប៉ោង​តំណាង​ឱ្យ​ក្រុង​ទាំង ​២​ នោះ​។

បន្ទាប់ពី​ផ្ទុះ​រឿងនេះ​លើ​ហ្វេសប៊ុក មិនបាន​ប៉ុន្មាន​ផង ក៏មាន​ការចែកចាយ​យ៉ាង​ទូលំទូលាយ​នូវ​កម្មវិធី​ប្រកួត​ឈុត​តំណាង​ខេត្ត ដែល​ផ្សាយ​ចេញពី​ផេក​ផ្លូវការ​របស់​កម្មវិធី Miss Grand Cambodia របស់​ផលិតកម្ម​មហាហង្ស​ដែល​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ២៤ សីហា ពី​ឈុត​តំណាង​ឱ្យ​ខេត្ត​ស្ទឹងត្រែង ដែលមាន​ការស្លៀកពាក់​ស្ទើរតែ​គ្មាន​ការបិទបាំង​នូវ​កេរ​ភេទ​។

លោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៨ សីហា​ថា ក្រោយពី​មាន​ការផ្ទុះ​ប្រតិកម្ម​បែបនេះ ក្នុង​នាម​ក្រសួង​វប្បធម៌​បាន​កោះហៅ​ម្ចាស់​ផលិតកម្ម​មហាហង្ស​មក​អប់រំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​សកម្មភាព​ដែល​ផ្ទុយ​ពី​ប្រពៃណី និង​សីលធម៌​របស់​ខ្មែរ​។

ក្រសួង​ក៏បាន​ណែនាំ​ឱ្យ​ម្ចាស់​ផលិតកម្ម​នេះ​យកចិត្ត​ទុកដាក់ និង​ត្រូវ​ឆ្លង​ការត្រួតពិនិត្យ​ពី​ក្រសួង​រាល់​ឈុត​តំណាង​នានា មុន​នឹង​ធ្វើការ​សម្តែង​នៅលើ​ឆាក ឬ​មុន​នឹង​ធ្វើការ​ផ្សព្វផ្សាយ​អ្វីមួយ​ដែល​ពាក់ព័ន្ធ​នឹង​ប្រពៃណី និង​វប្បធម៌​ខ្មែរ ជាពិសេស គឺ​លក្ខណៈ​នៃ​ការបង្ហាញ​អត្តសញ្ញាណ​នៅតាម​តំបន់​នានា​។ លោក​បញ្ជាក់ថា​៖ «​យើង​បានបញ្ជាក់​ច្បាស់​ណាស់​ថា ឱ្យ​គាត់​ធ្វើ​អ្វីមួយ​ដែល​ពាក់ព័ន្ធ​នឹង​ផ្នែក​វប្បធម៌ ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​វប្បធម៌ គឺ​ឱ្យ​គាត់​សុំ​ការអនុញ្ញាត និង​ឆ្លង​មុន​។ ប៉ុន្តែ​គាត់ រៀបចំ​ហើយ​កន្លែង​ខ្លះ គាត់​មិន​បាន​ឆ្លង​យើង​មុន​ទេ ក៏​កើត​មាន​រឿង​ឆ្គាំឆ្គង​ហើយ​អ្វី​ដែលជា​វិធានការ​របស់​យើង គឺ​វិធានការ​រដ្ឋបាល​ហ្នឹងហើយ ហៅ​គាត់​មក​ណែនាំ និង​ឱ្យ​ដក​ឈុត​ទាំងនោះ​ចេញ​ជាដើម​»​។ យ៉ាងណា លោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ បញ្ជាក់​ថា ក្រសួង​នៅតែ​បន្ត​គាំទ្រ​ទៅដល់​វិស័យ​ឯកជន ដែល​មាន​បំណង​ប្រកប​អាជីវកម្ម ដើម្បី​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​ពី​វប្បធម៌​ដ៏ល្អ​ផូរផង់​របស់​ខ្មែរ ហើយ​ក្រសួង​ក៏​គាំទ្រ​ដល់​ផលិតកម្ម​នេះដែរ ក្នុង​ការ​ចូលរួម​ចំណែក​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ ប៉ុន្តែ​ក្រសួង​មិន​គាំទ្រ​ដល់​សកម្មភាព​ណា ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ​នោះទេ​។

កាលពី​ថ្ងៃទី ២៦ សីហា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បាន​ចេញ​លិខិត​បដិសេធ ចំពោះ​ការយក​ឈុតតំណាង​ខេត្ត​ស្ទឹងត្រែង មក​ដាក់​ក្នុង​កម្មវិធី​នេះ​ដោយ​មិនបាន​សុំ​ការអនុញ្ញាត​ពី​រដ្ឋបាលខេត្ត ខណៈ​ឈុត​ដែល​បាន​បង្ហាញ​នេះ គឺ​មិន​ធ្លុះ​បញ្ចាំង​ពី​សម្លៀកបំពាក់​ប្រពៃណី​នៅក្នុង​មូលដ្ឋាន​នៃ​ខេត្ត​ស្ទឹងត្រែង​នោះទេ​។ រដ្ឋបាលខេត្ត​នេះ​បាន​បន្តថា អ្វីដែល​គួរឱ្យ​កត់សម្គាល់​នោះ មហាជន​គ្រប់​មជ្ឈដ្ឋាន​យ៉ាងច្រើន​លើសលប់​ ជាពិសេស​ពលរដ្ឋ​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​បាន​សម្តែង​ប្រតិកម្ម​មិន​ពេញចិត្ត និង​បាន​រិះគន់​យ៉ាង​ក្តៅគគុក​លើ​ឈុត​តំណាង​ខេត្តស្ទឹងត្រែង ដែល​បង្ហាញ​លក្ខណៈ​ស្រើបស្រាល​លេច​លើ​លេច​ក្រោម ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វប្បធម៌​ប្រពៃណី​ល្អ​របស់​ខ្មែរ ពិសេស​កិត្តិយស​របស់​ស្ត្រី​ខ្មែរ​។ ​«​ដើម្បី​ស្តារ​កិត្តិយស​របស់​ខេត្តស្ទឹងត្រែង​ឡើងវិញ ផលិតកម្ម​មហាហង្ស​ត្រូវ​ធ្វើការ​សុំទោស​ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ស្ទឹងត្រែង រួច​ធ្វើការ​កែសម្រួល​ឡើងវិញ​ជាបន្ទាន់​»​។

លោក អិន សុភិន អគ្គនាយក​ផលិតកម្ម​មហាហង្ស​កាលពី​ថ្ងៃទី ​២៨ សីហា មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ​ដោយ​ទូរស័ព្ទ​របស់​លោក​មិនមាន​អ្នកទទួល​។ យ៉ាងណាក្តី កាលពី​ថ្ងៃទី ​២៦ សីហា ផលិតកម្ម​មហាហង្ស​បាន​ធ្វើការ​សុំទោស និង​ប្រកាស​ដក​ឈុត​ទាំងនោះ​ចេញពី​ការប្រកួត​។ «​ដើម្បី​កុំឱ្យ​មាន​បញ្ហា​នេះ​បន្ត​កើតមានឡើង​ជាថ្មី​ម្ដងទៀត យើងខ្ញុំ​សម្រេច​ដក ឈុត​ទាំង​ ២ ​ចេញពី​ការប្រកួត​ និង​សូម​សន្យាថា នឹង​គោរព​តាម​ក្រមសីលធម៌ គោលការណ៍​ណែនាំ និង​ការចង្អុល​បង្ហាញ​របស់​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច​សំដៅ​ចូលរួម​ថែរក្សា​ និង​លើកស្ទួយ​ប្រពៃណី ទំនៀមទម្លាប់ និង​វប្បធម៌​ដ៏ល្អ​ផូរផង់​របស់​សង្គមជាតិ​»​។

បើទោះបីជា​ទទួល​រង​ការរិះគន់​យ៉ាងខ្លាំង​ និង​មានប្រតិកម្ម​ជា​បន្តបន្ទាប់​ក៏​កម្មវិធី Miss Grand Cambodia នៅតែ​ត្រូវ​បាន​ធ្វើការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត​ចប់​កាលពី​ថ្ងៃទី​ ២៧ សីហា ដោយ​មាន​ការចូលរួម​អង្កេត​ពី​មន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​៕

វីដេអូ៖