ភ្នំពេញៈ គិតពី​ពេល​ចាប់ផ្ដើម​ (​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ២០០០) រហូត​មកដល់​ ៦ ​ខែ ឆ្នាំ​ ២០២២ ក្រសួង​រៀបចំ​ដែនដី​បាន​ចែក​ដី​ជូន​អតីត​កងកម្លាំង​ប្រដាប់​អាវុធ គ្រួសារ​យោធិន នគរបាល​នៅតាម​បណ្តោយ​ព្រំដែន និង​ប្រជាពលរដ្ឋ​ក្រីក្រ​ស៊ីវិល​បាន​ជាង​ ១,៣ ​លាន​ហិកតា ដល់​ពលរដ្ឋ​ជាង​ ៤៨ ​ម៉ឺន​គ្រួសារ និង​បាន​សាងសង់​ផ្ទះ​ជូន​ក្រុមគ្រួសារ​កងទ័ព និង​នគរបាល​ជាតិ​តាម​បណ្ដោយ​ព្រំដែន និង​គ្រួសារ​អតីត​កងកម្លាំង​ប្រដាប់​អាវុធ​ចំនួន​ ៧ ៨០៥​ ខ្នង​។ នេះ​បើតាម​មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី​។

លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ២៨ ខែសីហា​ថា បើ​គិតពី​ពេល​ចាប់ផ្ដើម​អំឡុង​ (​ទសវត្សរ៍​ឆ្នាំ​ ២០០០) ដល់ ៦ ​ខែ ក្នុង​ឆ្នាំ ​២០២២ ក្រសួង​រៀបចំ​ដែនដី បាន​ចែក​ដី​ជូន​អតីត​កងកម្លាំង​ប្រដាប់អាវុធ និង​គ្រួសារ គ្រួសារ​យោធិន និង​នគរបាល នៅ​តាម​បណ្តោយ​ព្រំដែន និង​ប្រជាពលរដ្ឋ​ក្រីក្រ​ស៊ីវិល​សរុប​ទំហំ​ ១ ៣៥៦ ៣៩៦,១៩ ​ហិកតា ជូន​ប្រជាពលរដ្ឋ​ចំនួន ​៤៨៧ ១៥៧ ​គ្រួសារ និង​បាន​សាងសង់​ផ្ទះ​ជូន​គ្រួសារ​កងទ័ព និង​នគរបាល​ជាតិ​នៅតាម​បណ្ដោយ​ព្រំដែន និង​គ្រួសារ​អតីត​កងកម្លាំង​ប្រដាប់​អាវុធ​បាន​ចំនួន ៧ ៨០៥ ​ខ្នង​។

លោក​ ច័ន្ទសង្វារ ​បាន​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​សម្បទានិក​បាន​ចូល​ស្នាក់នៅ​ចំនួន ៧ ១៣៥ ​ខ្នង ស្មើ ៩១,៤២%»​។

លោក​បានឱ្យ​ដឹងថា ការ​បែងចែក​ដី​ក្នុង​គោលដៅ​សម្បទាន​ដី​សង្គមកិច្ច និង​ប្រទានកម្ម ជា​កម្មវិធី​បែងចែក​ដី​ក្នុង​គោលដៅ​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ និង​ការជំរុញ​កំណើន​សេដ្ឋកិច្ច បាន​ចែក​ដី​ជូន​អតីត​កងកម្លាំង​ប្រដាប់អាវុធ និង​គ្រួសារ គ្រួសារ​យោធិន និង​នគរបាល​នៅតាម​បណ្តោយ​ព្រំដែន និង​ប្រជាពលរដ្ឋ​ក្រីក្រ​ស៊ីវិល​។

លោក​បន្តថា បើ​គិត​ត្រឹម​ឆ្នាំ​ ២០១៨ មកដល់​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២ ​នេះ​បាន​បែងចែក​ដល់​ពលដ្ឋ និង​អតីតមន្ដ្រី​យោធិន​សរុប​ចំនួន​ ៨ ៥៤៨ ​គ្រួសារ ស្មើនឹង​សរុប​ទំហំ ១៥ ៨៧០,៧២ ​ហិកតា និង​សាងសង់​ផ្ទះ​ជូន​គ្រួសារ​កងទ័ព និង​នគរបាល​ជាតិ​នៅតាម​បណ្ដោយ​ព្រំដែន និង​គ្រួសារ អតីត​កងកម្លាំង​ប្រដាប់​អាវុធ​សរុប ​១ ៦៤៣ ​ខ្នង​។

លោក​បញ្ជាក់ថា នៅ​ឆ្នាំ​ ២០១៨ ក្រសួង​បាន​បែងចែក​ដី​ទំហំ ២៤០ ១៥ ​ហិកតា ជូន​ប្រជាពលរដ្ឋ ១៨៦ ​គ្រួសារ និង​សង់ផ្ទះ​បាន​ ៥៣៧ ​ខ្នង​។ ឆ្នាំ​ ២០១៩ បែងចែក​ដី​ទំហំ ៤១២៣,៨៩ ​ហិកតា ជូន​ប្រជាពលរដ្ឋ ២ ៣១៧​ គ្រួសារ និង​សង់​ផ្ទុះ​បាន ៥៣៧​ ខ្នង និង​ឆ្នាំ ​២០២០ បាន​ចែក​ដី​ទំហំ​ ៦ ៨៣២,៧៧ ​ហិកតា ជូន​ប្រជាពលរដ្ឋ ៤ ២០៩ ​គ្រួសារ និង​សង់ផ្ទះ​បាន ៥៣៣ ​ខ្នង​។

លោក​បន្តថា ចំណែក​ឆ្នាំ​ ២០២១ ចែក​ដី​ទំហំ​ ១ ៧៩៣,០៤​ ហិកតា​ជូន​ប្រជាពលរដ្ឋ ១ ៧៦៧ ​គ្រួសារ និង​សង់ផ្ទះ​បាន ៣៦ ​ខ្នង ៦ ​ខែ ដើមឆ្នាំ​ ២០២២ បាន​ចែក​ដី​ទំហំ ២ ៨៨០,៨៧ ​ហិកតា ជូន​ប្រជាពលរដ្ឋ ៦៩ ​គ្រួសារ​។

លោក ឡោ ដាវុធ រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ឱ្យដឹងថា កម្មវិធី​ការបែងចែក​ដី​ក្នុង​គោលដៅ​សម្បទាន​ដី-​សង្គមកិច្ច និង​ប្រទានកម្ម​បាន​ដោះស្រាយ​ទៅលើ​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ដី ក្នុង​នោះ​ក្បាលដី​ចែកជូន​ប្រជាពលរដ្ឋ​ក៏មាន​ការកើនឡើង​ដែរ​។

លោក​ថ្លែងថា​៖ «​ការបែងចែក​នេះ យើង​យក​ដី​រដ្ឋ​ដែល​មាន​លក្ខណៈ​សមស្រប​យក​ទៅ​ធ្វើ​សម្បទាន​សង្គមកិច្ច​ចែក​ជូន​ដល់​ពលរដ្ឋ ហើយ​នៅពេល​អនុវត្ត​បទបញ្ជា​លេខ​ ០១ ការបែងចែក​ក្បាលដី​ក៏​មាន​ការកើនឡើង​ផងដែរ តាមរយៈ​គោលនយោបាយ នយោបាយ​ចាស់​លើ​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​នេះ ក្បាលដី​ចំនួន​ ៧០ ​ម៉ឺន​ក្បាលដី ដែល​យើង​បាន​វាស់វែង ហើយ​បែងចែក​ជូន​ប្រជាពលរដ្ឋ​ជាង​ ៤៨ ​ម៉ឺន​គ្រួសារ​ទៅលើ​ផ្ទៃដី​ជាង ១,៣ ​លាន​ហិកតា​»​។

លោក​បាន​បន្តថា នេះ​ជា​ការ​ផ្ដល់ជូន​តាមរយៈ​កម្មវិធី​សម្បទាន​សង្គមកិច្ច​គ្រប់​ប្រភេទ​មាន​ទាំង​អតីត​កងកម្លាំង​ប្រដាប់អាវុធ យោធិន និង​ប្រជាពលរដ្ឋ​ក្រីក្រ​៕