មណ្ឌលគិរីៈ ​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បន្ត​ចុះ​ដាក់​កាមេរ៉ា​ស្វ័យប្រវត្តិ​ក្នុង​តំបន់​ស្តារ​សត្វព្រៃ​ឡើងវិញ ចំនួន ២៥ ​ទីតាំង ដើម្បី​តាមដាន​ចំនួន​សត្វរំពា​(​ឈ្លូស​) ខណៈ​មន្ត្រី​ជំនាញ អះអាងថា បច្ចុប្បន្ន​ចំនួន​សត្វរំពា ​(​ឈ្លូស​) អាច​នឹងមាន​ចំនួន​ថយចុះ​ដោយសារតែ​ការ​បរបាញ់ និង​ការដាក់​អន្ទាក់​ដោយ​ខុសច្បាប់​។​

កាលពី​ថ្ងៃទី​ ២៨ ខែសីហា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ផ្នែក​ស្រាវជ្រាវ​សត្វព្រៃ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដោយមាន​ការចូលរួម និង​គាំទ្រ​ពី​គម្រោង​ស្រាវជ្រាវ​របស់​អង្គការ WWF បាន​បន្ត​ចុះ​ដាក់​កាមេរ៉ា​ស្វ័យប្រវត្តិ​ក្នុង​តំបន់​ស្តារ​សត្វព្រៃ​ឡើងវិញ​ចំនួន ២៥ ​ទីតាំង ដើម្បី​តាមដាន​ចំនួន​សត្វរំពា​ (​ឈ្លូស​)​។​

មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បានឱ្យដឹងថា​៖ «​ការសិក្សា​ស្រាវជ្រាវ​នេះ គឺ​ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្តមណ្ឌលគិរី ហើយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ស្រាវជ្រាវ​សត្វព្រៃ​នៃ​មន្ទីរ​បរិស្ថាន ចុះ​ដាក់​កាមេរ៉ា​ស្វ័យប្រវត្តិ តាមដាន​ចំនួន​សត្វរំពា​(​ឈ្លូស​) ក្នុង​តំបន់​ស្តារ​សត្វព្រៃ​ឡើងវិញ​»​។​

ឈ្លូស (Red muntjac) គឺ​ស្ថិតក្នុង​ក្រុម​ប្រភេទ​សត្វ​មាន​ដោយ​បង្គួរ​នៅលើ​ពិភពលោក ហើយ​វា​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​អាស្រ័យ​លើ​កិច្ច​អភិរក្ស​នៅតាម​តំបន់​ជាក់លាក់​ដែល​វា​រស់នៅ​។ សត្វ​ប្រភេទ​នេះ​មាននៅ​ប្រទេស​ឥណ្ឌា រហូតដល់​ប្រទេស​ចិន​ភាគខាងត្បូង តំបន់​អាស៊ីអាគ្នេយ៍​រួម ​នឹង​កម្ពុជា ព្រមទាំង​កោះ​ស៊ូ​ម៉ា​ត្រា កោះ​ចា​វា និង​កោះ​បាលី​។

តាម​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី សត្វ​ប្រភេទ​នេះ កំពុង​ប្រឈម​ នឹង​គ្រោះថ្នាក់ ដោយសារតែ​ការ​បរបាញ់ ការ​បណ្តើរ​ឆ្កែ​ទាក់​ចាប់ ការដាក់​អន្ទាក់​ដើម្បី​យក​សាច់​ធ្វើជា​អាហារ និង​គ្រោះថ្នាក់​ដោយសារតែ​ពពួកសត្វ​ស៊ីសាច់​ជា​អាហារ ហើយ​តាម​ការសិក្សា​របស់​អ្នកជំនាញ ឈ្លូស​អាច​រស់នៅ​គ្រប់​ប្រភេទ​ព្រៃ​។​

មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់ថា​៖ «​វា​អាច​បន្លឺសំឡេង​ខ្លាំង និង​ត​តប​គ្នា រហូតដល់​រយៈពេល​ ១ ​ម៉ោង ប្រសិនបើ​វា​ជួប​នូវ​គ្រោះអាសន្ន ហើយ​សំឡេង​នេះ​អាច​ឮ​រហូតដល់ ​១ ​គីឡូម៉ែត្រ​។ ចំណី​របស់​វា​មានដូចជា​មែកឈើ​តូចៗ ពិសេស​ស្លឹក​រុក្ខជាតិ ផ្លែឈើ​ដែល​ធ្លាក់​ និង​ដំណុះ​កូនឈើ​។ នៅ​តំបន់​ខ្លះ វា​ធ្វើ​សកម្មភាព និង​ចេញ​រក​ចំណី​នៅពេល​ថ្ងៃ ប៉ុន្តែ​វា​អាចធ្វើ​សកម្មភាព ​និង​រក​ចំណី ពេញ​ ១ ​យប់ ប្រសិនបើ​មានការ​រំខាន​»​។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៩ ខែសីហាថា ក្រោយពី​ការបំពាក់​កាមេរ៉ា ក្រុម​អ្នកស្រាវជ្រាវ នឹង​បន្តធ្វើ​ការប្រមូល​រូបភាព​ដែល​ថត​បាន ដើម្បី​យកមក​វិភាគ​រក​តួលេខ​នៃ​សត្វ​ឈ្លូស​ដែល​សេសសល់​នៅក្នុង​តំបន់​នេះ​។ លោក បានឱ្យដឹងថា គម្រោង​នៃ​ការស្រាវជ្រាវ​នេះ អាច​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ ហើយ​មន្ត្រី​ជំនាញ​នឹងធ្វើ​ការវិភាគ​ទៅលើ​សត្វ​ទាំងនេះ ដើម្បីឱ្យ​ប្រាកដថា ចំនួន​ឈ្លូស​ដែល​សេសសល់​ក្នុង​តំបន់​នេះ មាន​ចំនួន​ប៉ុន្មាន​។​

លោកបាន​បញ្ជាក់ថា​៖ «​យើង​កំពុង​ប្រមូល​អង្គ​ចងចាំ​ដើម្បី​ពិនិត្យមើល​រូបភាព ដូច្នេះ​ជា​រៀងរាល់​សប្តាហ៍ គឺ​មន្ត្រី​របស់​យើង​នឹង​ដើរទៅ​ប្រមូល​ទិន្នន័យ​ទាំងនេះ ដើម្បី​ធ្វើការ​វិភាគ​លើ​សត្វ​ឈ្លូស​ ១ ​ក្បាលៗ នៅក្នុង​ដែន​ជម្រក​យើង​។ រហូតមកដល់​ពេលនេះ យើង​មិនទាន់​បានធ្វើ​អត្តសញ្ញាណ​ទេ យើង​គ្រាន់តែ​ប្រមូល​នូវ​រូបភាព​សត្វ​ទាំងនោះ ហើយ​លើកចុងក្រោយ បាន​យើង​ធ្វើការ​វិភាគ​ទៅលើ​ឈ្លូស​នីមួយ​។ ការវិភាគ​នេះ យើង​នឹងធ្វើ​ការវិភាគ​ដើម្បី​ឱ្យដឹងថា សត្វ​ឈ្លូស​នេះ មានការ​ខុសគ្នា​របៀប​ម៉េច​ព្រោះ​ពេលខ្លះ យើង​ឃើញ អត់​មានអី​សម្គាល់ ហើយ​ថា វា​តែ​ ១»​។​

តាម​លោក កែវ សុភ​គ៌ ការសិក្សា​ចន្លោះ​ពី​ឆ្នាំ ​២០១២ ដល់​ឆ្នាំ​ ២០១៤ រកឃើញថា ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្តមណ្ឌលគិរី មាន​សត្វ​ឈ្លូស​ជាង ១ ០០០ ក្បាល​។ ប៉ុន្តែ​លោក​អះអាងថា តាម​ការសន្និដ្ឋាន​ក្នុងពេល​បច្ចុប្បន្ន តួលេខ​នេះ អាច​នឹងមាន​ការធ្លាក់​ចុះ ដោយសារតែ​បទល្មើស​នៃ​ការ​បរបាញ់ និង​ការដាក់​អន្ទាក់​ដោយ​ខុសច្បាប់​។​

លោកបាន​បញ្ជាក់ថា​៖ «​ដោយសា​តែមាន​សកម្មភាព​នៃ​ការ​បរបាញ់ អ៊ីចឹង​ចំនួន​សត្វ​ឈ្លូស​នេះ មានការ​ធ្លាក់ចុះ​។ អ៊ីចឹង​បានជា មន្ទីរ​បរិស្ថាន សហការ​ជាមួយ អង្គការ WWF ធ្វើការ​ងារ​នេះ​ឡើងវិញ​។ យើង​ធ្វើ​នេះ មិន​ត្រឹមតែ​សត្វ​ឈ្លូស​ទេ គឺ​យើង​ធ្វើ​ទៅលើ​សត្វរំពា​មួយចំនួនទៀត ដែលជា​ចំណី​ខ្លា គ្រាន់តែ​លើក​នេះ យើង​ផ្តោតទៅលើ​សត្វ​ឈ្លូស​»​។​

សូមជម្រាបថា ក្នុង​ប្រភេទ​ជម្រុះ​ស្នែង សត្វ​ឈ្លូស ជា​ប្រភេទ​សត្វ​ដែលមាន​មាឌតូច និង​មាន​ស្នែង​ខ្លី​ប្រវែង​ពី​ ១០​ ទៅ​ ១៥​ សង់ទីម៉ែត្រ ព្រមទាំង​ប្រវែង​ខ្នែង​មិន​លើសពី​ ៥​ សង់ទីម៉ែត្រ​ទេ ហើយ​ឈ្លូស​ញី​គ្មាន​ស្នែង​ដូច​ឈ្លូស​ឈ្មោល​ទេ គឺ​គ្រាន់តែ​លេចចេញ​ជា​ដុំ​ពក ឆ្អឹង​តូច​នៅ​ពីលើ​ក្បាល​ជាមួយ​រោម​កញ្ចុំ​ប៉ុណ្ណោះ​។​

ឈ្លូស​ញី​ និង​ឈ្មោល​មាន​ចង្កូម​ដូចគ្នា ប៉ុន្តែ​ឈ្មោល​មាន​លក្ខណៈ​វែង​ជាង ដែលជា​ទូទៅ​វា​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធ​ជាមួយ​គូប្រជែង នៅពេល​ដណ្តើម​ញី​នៅ​រដូវ​បន្ត​ពូជ​។ វា​មាន​រោម​ពណ៌​ត្នោត លឿង ហើយ​មាន​ភាព​ស្រគាំ​នៅ​ផ្នែក​ខាងលើ និង​ព្រលែត​នៅ​ផ្នែក​ខាងក្រោម​។ នៅលើ​ផ្ទៃមុខ​បង្ហាញ​នូវ​ខ្សែ​ឆ្នូត​ពណ៌​ខ្មៅ​ស្ថិត​នៅជាប់​ចង្អូរ​ស្នែង​ទាំង​ ២​។ នៅ​ខាងលើ​កន្ទុយ​មាន​ពណ៌​ក្រហម និង​ខាងក្រោម​មាន​ពណ៌​ស​។ នេះ​បើតាម​ការអះអាង​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ម​ណ្ដ​ល​គិរី​៕