ភ្នំពេញៈ ​ប្រជា​សហគមន៍​នេសាទ​ទួល​ស្នួល បន្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារ ចុះបង្ក្រាប​បទល្មើស​ជល​ផល​នៅ​ចំណុច​បឹង​ខ្លុយ ដែល​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​។ នេះ​បើតាម មន្ត្រីនគរបាល​មូលដ្ឋាន​។​

លោក ខេ សេង​ហាក់ នាយ​នគរបាល​ប៉ុស្តិ៍​ទួល​ស្នួល បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៩ ខែសីហា​ថា ដើម្បី​ចូលរួមចំណែក​ក្នុង​កិច្ចការពារ ធនធាន​ជលផល​នៅ​កម្ពុជា ក្រុម​កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ទួល​ស្នួល បាន​ពង្រឹង​កិច្ចសហការ​ជាមួយ​ក្រុម​គណៈកម្មការ​សហគមន៍​នេសាទ​ទួល​ស្នួល ចុះបង្ក្រាប​បទល្មើស​នេសាទ​ជា​បន្តបន្ទាប់ នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​។

លោក​បាន​បន្តថា កាលពី​ថ្ងៃទី​ ២៨ ខែ សីហា ឆ្នាំ​ ២០២២ ក្រុមការងារ​របស់លោក បាន​សហការ​ជាមួយ​ក្រុម​គណៈកម្មការ​សហគមន៍​នេសាទ​ទួល​ស្នួល ចុះ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​ជលផល ​១​ កន្លែង នៅ​ចំណុច​បឹង​ខ្លុយ ជាប់​ព្រំប្រទល់​ឃុំរ​កាពរ​ប្រាំ ស្ថិតក្នុង​ភូមិ​មុខ​ភ្នំ ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​

លោក ​សេង​ហាក់​ បាន​បញ្ជាក់ថា​៖ «​ក្នុង​ប្រតិបត្តិការ​នោះ ក្រុមការងារ​យើង​បាន​រុះរើ​និង​បំផ្លាញចោល​ឧបករណ៍​នេសាទ ប្រភេទ​លូ​ស្បៃ​មុង​ចំនួន​ ៨​ មាត់ របាំង​ព្រួល​ធ្វើ​ពី​ឫស្សី ប្រវែង ​៥៨០ ​ម៉ែត្រ និង ដោះលែង​កូន​ត្រី​ចម្រុះ​ប្រភេទ​សរុប​ជាង​ ២០ ​គីឡូក្រាម​ចូលទៅក្នុង​បឹង​ធម្មជាតិ​វិញ​»​។

បើតាម​លោក សេង​ហាក់ នៅក្នុង​រដូវ​ត្រី​ពង​កូន​នេះ បទល្មើស​នេសាទ​បានកើត​ឡើង​ដោយ​អន្លើ នៅតាមបណ្ដា​ភូមិសាស្ត្រ​ដាច់ស្រយាល​មួយចំនួន ដែលមាន​បឹង ស្ទឹង ព្រែក និង​ដងអូរ ជាពិសេស​ក្នុង​តំបន់​ទំនាប​ព្រៃ​លិច​ទឹក​។

ស្រដៀង​គ្នា​នេះ តំណាង​សហគមន៍​នេសាទ​ទួល​ស្នួល លោក ជីវ សុ​ផៃ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅក្នុង​រដូវ​ត្រី​ពង​កូន ការនេសាទ​ត្រូវបាន​ហាមឃាត់​។ ប៉ុន្តែ​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ នៅតែ​បន្ត​លួច​ធ្វើ​សកម្មភាព​នេសាទ​ត្រី​ខុសច្បាប់ ដោយ​ប្រើប្រាស់​ឧបករណ៍​លូ​ស្បៃ​មុង លប​កន្ទុយ​កណ្ដុរ លប​យក្ស ដែលមាន​របាំង​ព្រួល​វែងៗ​រាប់រយ​ម៉ែត្រ។​

លោក​ថ្លែងថា​៖ «​បើ​ក្នុង​រដូវ​ត្រី​ពង​កូន​នេះ យើង​អាច​ការពារ​មិន​ឱ្យមាន​បទល្មើស​នេសាទ​កើតឡើង នោះ​នៅក្នុង​បឹង ស្ទឹង ព្រែក និង​ដងអូរ​នានា​នឹង​សម្បូរ​ត្រី​»​។

បើតាម​លោក សុ​ផៃ នៅក្នុង​រដូវ​ត្រី​ពង​កូន​នេះ ថ្វីដ្បិតតែ​មានការ​ហាម​ឃាត់​តឹងរ៉ឹង​ចំពោះ​ការនេសាទ​បែប​ពាណិជ្ជកម្ម ប៉ុន្តែ​រដ្ឋបាល​ជលផល បានអនុញ្ញាត​ឱ្យ​ពលរដ្ឋ នេសាទ​ត្រី ជា​លក្ខណៈ​គ្រួសារ ដោយ​ប្រើ​ឧបករណ៍​សំណាញ់ សន្ទូច​បង្កៃ​ផ្លែ​១ និង​តុម្ព សម្រាប់​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ផងដែរ​។​

ជុំវិញ​ករណី​បទល្មើស​នេសាទ​ក្នុង​រដូវ​ត្រី​ពង​កូន​នេះ​ផងដែរ ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បាន​អះអាងថា ការនេសាទ​ខុសច្បាប់​នៅ​រដូវ​ហាមឃាត់​កំពុង​កើត​ឡើងជា​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​បឹង​ទន្លេសាប ជាពិសេស​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ​។ឮ

តាម​របាយការណ៍ ដែល​ត្រូវបាន​ចុះផ្សាយ​ជា​សាធារណៈ កាលពី​ថ្ងៃ​សៅរ៍ (២៧-០៨-២០២២) លោក សុខ ទូច បានបង្ហាញ​ពី​បញ្ជី​ឈ្មោះ​បុគ្គល​ប្រព្រឹត្ត​បទល្មើស​នេសាទ​ចំនួន​៥៥​នាក់ ដែល​បាន​លួច​រាយ​លូ​ស្បៃ​មុង​ចាប់​ត្រី​ជា​ទ្រង់ទ្រាយ​ធំ ដោយ​ក្នុងនោះ ​៣៩​ នាក់ ប្រព្រឹត្ត​សកម្មភាព​ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់​លួង និង​ឃុំ​អ​ន្សា​ចំបក់ ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មានរ​បាំងសាច់​អួន​ចំនួន ៤៧ ​ខ្សែ​។ ដោយឡែក ១៦​ នាក់​ទៀត ប្រព្រឹត្ត​ក្នុងភូមិ​សាស្ត្រ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

ទន្ទឹមនឹងនេះ​លោក​បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដោយ​គ្មាន​ការលើកលែង ប្រសិនបើ​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ទាំងនោះ មិន​បញ្ឈប់​សកម្មភាព​ល្មើសច្បាប់​របស់​ពួកគេ​។​

លោក​បាន​បញ្ជាក់ថា​៖ «​ក្នុងករណី​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ចុះទៅ​ឃើញ​ប្រព្រឹត្ត​ជា​លើក​ទី​២ យើងខ្ញុំ​នឹង​ស្នើសុំ​ដីកា​[​តុលាការ​]​ចាប់បញ្ជូន​ខ្លួន​ទៅ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​»​។​

​បើតាម​លោក សុខ ទូច ការនេសាទ​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខាងលើនេះ គឺ​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស បាន​រាយ​លូ​ស្បៃ​មង់ ព័ទ្ធ​ព្រៃ​លិច​ទឹកជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មាន​ប្រវែង​រាប់​គីឡូ​ដី​។

ជុំវិញ​ករណីនេះ លោក ជិន ស៊ីថា នាយ​ខណ្ឌ​រដ្ឋបាលខេត្ត​កំពង់ធំ​មិនអាច​ទាក់ទង​ស្នើសុំ​ការអធិប្បាយ បានទេ កាលពី​ថ្ងៃទី​ ២៩ ខែ សីហា ឆ្នាំ​ ២០២២ ជុំវិញ​ការចាត់វិធានការ​ប្រឆាំង ទៅលើ​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ស្វាយ ទាំង​ ១៦ ​នាក់ ដែល​លោក សុខ ទូច បានបង្ហាញ​។

លោក ភុំ វិមល នាយ​ខណ្ឌ​ជលផល​ខេត្តពោធិ៍សាត់ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ក្រុមការងារ​របស់លោក​បាន​ចុះ​ធ្វើការ​អប់រំ​ណែនាំ​ដល់​ប្រជា​នេសាទ​ទាំងនោះ ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ធ្វើ​សកម្មភាព​ល្មើសច្បាប់ និងបានដាក់​កំហិត​ឱ្យ​ក្រុម​ប្រជា​នេសាទ​ទាំងនោះ ធ្វើការ​រុះរើ​ឧបករណ៍​របស់ខ្លួន​ឱ្យអស់​មុន​ថ្ងៃទី​ ៣១ ខែសីហា បើ​ពុំនោះ​ក្រុមការងារ​របស់លោក នឹង​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល តាមច្បាប់​ជលផល​ដោយ​គ្មាន​ការលើកលែង​ឡើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រុមការងារ​របស់​យើង បាន​ចុះ​អប់រំ​ណែនាំ ប្រជា​នេសាទ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​នោះ​និង​បានឱ្យ​ពួកគាត់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ល្មើសច្បាប់​នោះ​រួចរាល់​ហើយ ក្នុងករណី​ពួកគាត់​មិន​អនុវត្តតាម​ការណែនាំ សមត្ថកិច្ច​យើង​នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ដោយ​គ្មាន​ការលើកលែង​ឡើយ​»​។​

កាលពី​ថ្ងៃទី​ ៣០ ខែ ឧសភា ឆ្នាំ​ ២០២២ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្តីជូនដំណឹង ចំពោះ​រដូវ​បិទ​នេសាទ​ទឹកសាប​នៅ​ឆ្នាំនេះ ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១ ខែមិថុនា ដល់​ថ្ងៃទី​ ៣០ ខែ កញ្ញា ឆ្នាំ​ ២០២២ សម្រាប់​ខេត្ត​ជាប់​បឹង​ទន្លេសាប និង​ទន្លេមេគង្គ​លើ រហូតដល់​១​ផ្នែក​នៃ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែល​ស្ថិតនៅ​ខាងជើង​ខ្សែស្រប​ទន្លេចតុមុខ​។ ចំណែក រដូវ​បិទ​នេសាទ​ត្រូវធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ១ ខែកក្កដា ដល់​ថ្ងៃទី​ ៣១ ខែតុលា សម្រាប់​ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និង ​១ ​ផ្នែក​នៃ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​ដែល​ស្ថិតនៅ​ខាងត្បូង​ខ្សែស្រប​ទន្លេចតុមុខ​។​

រដ្ឋបាល​ជលផល​បញ្ជា​ក់ថា នៅក្នុង​រយៈពេល​បិទ​នេសាទ​នេះ អ្នកនេសាទ​ទាំងអស់​ត្រូវ​ប្រើតែ​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ​ដែលមាន​ចែង​ក្នុង​ប្រកាស​ចុះ​ថ្ងៃទី​ ២២ ខែ តុលា ឆ្នាំ​ ២០១២ ដូចជា ឧបករណ៍ លប សំណាញ់ មង សន្ទូច​ផ្លែ​ ១ តុម្ព អង្រុត និង​ឧបករណ៍​មួយចំនួនទៀត​ដែល​ច្បាប់​អនុញ្ញាត​៕