ភ្នំពេញៈ អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធន​ធាន​យុវ​ជន (YRDP) បាន​រៀប​ចំ​យុទ្ធនា​ការ​ស្តីពី​មូល​និធិ​ឧស្សា​ហកម្ម​និស្សា​រណ​កម្ម​សម្រាប់​យុវជន​ជំនាន់​ក្រោយ ដែល​មាន​យុវជន​ជាង ១០​០ នាក់​ មកពី​តាម​សា​កល​វិទ្យាល័​យ​នានា​ចូល​រួម ខណៈ​យុទ្ធនាកា​រ​នេះកំពុង​ជំរុញ​ឱ្យមាន​ការ​បង្កើត​មូល​និធិ​ឧស្សាហ​កម្ម​និស្សា​រណ​កម្ម​នៅ​កម្ពុជា។

យុទ្ធ​នាការ​ស្តីពី​មូល​និធិ​ឧស្សាហ​កម្ម​និស្សា​រណ​កម្ម ត្រូវ​បាន​រៀបចំ​ឡើង​កាល​ពី​ថ្ងៃទី ២៨ ​ខែសីហា ដោយ​មាន​កិច្ចពិ​ភាក្សា​ដែល​មាន​អ្នក​ចូល​រួម​ភាគ​ច្រើន​ជា​យុវជន និង​មាន​ការ​ចុះទៅ​ផ្សព្វ​ផ្សាយ​នៅ​តាម​ទីសា​ធារណៈ​ ក្នុងន័យ​ផ្សព្វ​ផ្សាយ​ជុំវិញ​យន្ដការ​ក្នុង​ការ​គ្រប់​គ្រង​ចំណូល​ពី​វិស័យ​ឧស្សាហ​កម្ម​និស្សា​រណ​កម្ម​ប្រកប​ដោយ​តម្លា​ភាព និង​ប្រសិទ្ធ​ភាព។

កញ្ញា សល់ លី​ហ័ង ជំនួយ​ការ​គម្រោង​លើក​កម្ពស់​ការចូល​រួម​របស់​យុវជន​ដើម្បី​ឥទ្ធិពល​គោល​នយោ​បាយ​របស់​អង្គការ​ YRDP បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៩​ សីហា​ថា យុទ្ធ​នាការ​នេះ មិន​ត្រឹម​មាន​គោល​បំណង​ផ្ដល់​ឱកាស​ឱ្យ​យុវជន និង​សាធា​រណជ​ន​ទទួល​បាន​ចំណេះ​ដឹង​ពី​យន្ដ​ការ​ក្នុងការ​គ្រប់​គ្រង​ចំណូល​ពី​វិស័យ​ឧស្សា​ហកម្ម​និស្សា​រណ​កម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យុទ្ធនា​ការ​នេះ ក៏បាន​ចូល​រួម​ផ្សព្វ​ផ្សាយ​ចំណេះ​ដឹង​អំពី​ការ​បង្កើត​មូល​និធិ​ឧស្សា​ហកម្ម​និស្សា​រណ​កម្ម​ ដែល​ពលរដ្ឋ​មួយ​ចំនួន​មិន​ទាន់​មាន​ការ​យល់​ដឹង​អំពី​មូល​និធិ​នេះ​ផង​ដែរ​។

កញ្ញាបាន​បន្ត​ថា៖ «យើង​បាន​ធ្វើកា​រ​ចែក​រំលែក​ពី​សារៈ​សំខាន​នៃ​ការ​បង្កើត​មូល​និធិ​ឧស្សា​ហកម្ម​និស្សា​រណ​កម្ម​ហ្នឹង​ទៅ​ដល់​ប្រជា​ពលរ​ដ្ឋ ដែល​គាត់​មិន​ធ្លាប់​បាន​ដឹង​ព័ត៌​មាន​កន្លង​មក​កាល​ពីមុន។ អ៊ីចឹ​ង​យើង​បាន​ចែករំ​លែក​ទៅដល់​ទីតាំង​ផ្សេងៗ​ដោយ​មាន​ការ​ប្រើ​ប្រាស់​ម​ធ្យោ​បាយ​ធ្វើ​ដំណើរ​តាម​រយៈ​ការ​ជិះ​តុក​តុក​ និង​ការ​ជិះ​ស៊ីក្លូ និង​ម៉ូតូ​ទៅ​តាមទិស​ដៅ​នីមួយៗ»​។

កញ្ញា ថន វិច្ឆិកា​ណា​រី យុវជន​ស្ម័គ្រ​ចិត្ត YRDP និង​បាន​ចូលរួម​យុទ្ធនា​ការ​នេះ បាន​និយាយ​ថា ជាទូទៅ​ព័ត៌មាន​ដែល​ពាក់​ព័ន្ធ​នឹង​មូល​និធិ​ឧស្សាហ​កម្ម​និស្សា​រណ​កម្ម ហាក់​នៅ​មាន​ព័ត៌មាន​តិច​តួច​មែន​ទែន ដែល​ធ្វើឱ្យ​ប្រជាព​លរដ្ឋ មាន​ការ​ពិបាក​ក្នុង​ការ​ស្រាវ​ជ្រាវ។ កញ្ញាថ្លែងថា យុទ្ធនា​ការ​នេះ បាន​ចូលរួម​ផ្តល់នូវ​ព័ត៌​មាន​មួយ​ចំនួន​ដល់​កញ្ញា ​ខណៈ​ការផ្តល់​មូល​និ​ធិ​ឧស្សា​ហកម្ម​និស្សា​រណ​កម្ម គឺ​បាន​ចូលរួ​មចំណែក​ក្នុងការ​កសាង​ហេ​ដ្ឋា​ន​រចនា​សម្ព័ន្ធ​សង្គម​ជាតិ​បាន​ច្រើន។

កញ្ញា​បន្ត​ថា៖ «ខ្ញុំ​ចាប់​អារម្មណ៍​មែន​ទេ​ន ដែល​បង្កើត​កម្មវិធី​នេះ​ឡើង ដែល​សំខាន់​មែនទែ​ន ព្រោះ​យើង​ចង់ឱ្យ​មាន​ការ​បង្កើត​មូលនិ​ធិ​នេះ​ឡើង​នៅ​កម្ពុជា​របស់​យើង។ យើង​ចង់​ឃើញ​មាន​កញ្ចប់​ថវិកា​មួយផ្នែក​ពី​ការ​ទាញយ​ក និង​ការលក់​ប្រេង ឧស្ម័ន និង​រ៉ែ​ហ្នឹង ដើម្បី​យក​ថវិកា​ទាំង​អស់​នោះ ទៅ​ធ្វើ​ការអ​ភិវឌ្ឍ​នៅ​មូល​ដ្ឋាន»។

តាម​អង្គការ YRDP មូល​និធិ​ឧស្សា​ហកម្ម​និស្សា​រណ​កម្ម គឺជា​ការផ្តល់​ថវិកា​មួយ​ចំណែក ដើម្បី​ទ្រទ្រង់​សហ​គមន៍​មូល​ដ្ឋាន ដែល​ទទួល​បាន​ពី​វិស័យ​រ៉ែ តាម​រយៈ​ក្រុម​ហ៊ុន​ឯកជន ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​នៅ​ក្នុង​ប្រទេស។ ឧស្សា​ហកម្ម​និស្សា​រណកម្ម សំដៅ​ទៅលើ​វិស័យ​រុករក​រ៉ែ និង​រ៉ែ ការ​រុករក​ឧស្ម័ន​ធម្ម​ជាតិ និង​ប្រេង រោង​ចក្រ​ចម្រាញ់​ប្រេង និង​ការ​ទាញ​យក​ថ្ម​ សម្រាប់​ប្រើ​ប្រាស់​ក្នុង​វិស័យ​សំណង់​ដូច​ជា​ ខ្សាច់ ថ្ម និង​ក្រួស​ជា​ដើម។

លោក អ៊ឹង ឌី​ប៉ូ​ឡា អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​រ៉ែនៃ​ក្រសួង​រ៉ែ និង​ថាម​ពល បាន​ថ្លែង​ថា លោក​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​ ការទាម​ទារ​ឱ្យមាន​ការ​បង្កើត​មូល​និធិ​ឧស្សា​ហកម្ម​និស្សា​រណ​កម្ម​ក្នុង​គោល​បំណង​អ្វី ដែល​ចាំ​បាច់​ត្រូវ​សិក្សា​បន្ថែម​ទៀត​។ យ៉ាង​ណាក្ដី​លោកអះ​អាង​ថា កន្លង​មក ក្រសួង​រ៉ែ និង​ថាម​ពល បាន​បង្កើត​មូល​និធិ​រ៉ែឬ​មូល​និធិ​ទ្រទ្រង់​សហ​គមន៍​មូល​ដ្ឋាន​រួច​ហើយ ​ដែល​មាន​ន័យ​ថា គ្រប់​ការដ្ឋាន​រ៉ែ​ទាំង​អស់​នៅ​កម្ពុជា ត្រូវ​បង់​ថវិកា​ចូល​មូល​និធិ​ទាំង​នេះដើម្បី​អភិវឌ្ឍ​សហ​គមន៍​មូល​ដ្ឋាន​។​

​លោក​បាន​បញ្ជាក់​ថា​៖«​រឿង​ថា​ចង់​ផ្សព្វ​ផ្សាយ​ឱ្យ​យុវជន​ចង់​ដឹង​ឮ ​ខាង​យើង​ក្រសួង​រ៉ែ ពិតជា​សប្បាយ​រីករាយ​ណាស់​។រ៉ែ​គឺជា​រ៉ែ​របស់​ប្រជា​ជន​ខ្មែរ​ទាំង​អស់ មិន​មែន​របស់​បុគ្គល​ណា​មួយ​ទេ ដូច្នេះ​ហើយ​ក្រសួង​ពិតជា​សប្បាយ​រីករាយ ​ប្រសិន​បើយុវជន​យើង​មាន​ចំ​ណាប់​អា​រម្មណ៍ ចង់​ដឹង ចង់​យល់ និង​ចង់​ចូលរួម​អភិវឌ្ឍ​វិស័យ​ទាំង​នេះ ​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​»​។

​ជា​មួយ​នឹង​ការ​ស្វា​គមន៍​នេះ ​លោក ​អ៊ឹង ឌី​ប៉ូ​ឡា ក៏​បាន​ប្រកាស​ឱ្យ​សាធា​រណ​ជន ​នៅ​ពេល​មាន​ចម្ងល់​ជុំវិញ​វិស័យ​ឧស្សា​ហកម្ម​និស្សា​រណ​កម្ម ​អាច​ទាក់​ទង​មក​លេខ​ទាន់​ហេតុ​ការណ៍ ​០៩៥​ ៧២៧ ​៧២៧ ​ខណៈ​លោក ​អះអាង​ថា ក្រសួង​តែង​ផ្សព្វ​ផ្សាយ​សកម្ម​ភាព​រប​ស់​ខ្លួនតាម​បណ្តាញ​សង្គម​ផង​ដែរ​។​

ទាក់ទងនឹងករណីរ៉ែនេះ ​អគ្គ​នាយក​ដ្ឋាន​ធនធាន​រ៉ែដែល​ជា​សេនាធិការ​ឱ្យ​ក្រសួង​រ៉ែនិង​ថាម​ពល​បាន​អះអាង​ថា ​ខ្លួន​មាន​បេសក​កម្ម​យ៉ាង​ធំធេង​ក្នុង​ការ​ជំរុញ​ទាញ​យក​ឱ្យ​អស់​លទ្ធភាព​នូវ​សក្តានុ​ពល​របស់​វិស័យ​ឧស្សា​ហកម្ម​និស្សារ​ណកម្ម ដូច​ជា​ ការ​ធ្វើ​អាជី​វកម្ម​ផលិត​កម្មរ៉ែ​ ដើម្បី​បង្កើត​នូវ​ផល​ប្រយោ​ជន៍​ជាវឌ្ឍន​ភាព​រុងរឿ​ងរយៈ​ពេល​វែង​នៃ​សង្គម​ជាតិ ដោយ​បញ្ចៀស​ឱ្យ​បាន​ជា​អតិ​បរមា​នូវ​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ផ្សេងៗ ដល់ប​រិស្ថាន និង​សង្គម លើក​កម្ពស់ ផល​ប្រយោ​ជន៍​របស់​សហ​គមន៍​មូល​ដ្ឋាន និង​ធ្វើ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​នៃជីវភាព​រស់​នៅរ​បស់​ប្រជាជ​នកម្ពុជា​ទាំង​អស់​។

អគ្គ​នាយ​កនេះ ​បាន​អះអាង​ថា៖ «វិស័យ​រ៉ែ នឹង​ត្រូវ​ជំរុញ​អភិវឌ្ឍ​ឱ្យ​ក្លាយ​ទៅ​ជាសសរ​ស្តម្ភ​ដ៏រឹងមាំ ​និង​ជាកម្លាំង​ចលករ​ថ្មី​យ៉ាង​សំខាន់​ សម្រាប់​ការ​ជំរុញ​វឌ្ឍន​ភាព​សង្គម​ ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស ​ការ​កសាងស​មត្ថភាព​ប្រកួត​ប្រជែង​របស់កម្ពុជា ​និង​ការ​ជំរុញ​អភិវឌ្ឍ​ពិពិធ​កម្ម​សេដ្ឋកិច្ច ​និង​ឧស្សាហ​កម្ម​របស់​កម្ពុជា​»៕