ឧត្តរមានជ័យៈ បុរស​ជនជាតិ​ចិន​ ៤ ​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចុះ​អន្ដរាគមន៍​ជួយ​រំដោះ ចេញពី​ទីតាំង​ក្រុមហ៊ុន​អូ​រស្មាច់​រី​សត ក្រោយ​ប្រជាពលរដ្ឋ​រាយការណ៍​មកកាន់​សមត្ថកិច្ច តាម​ប្រព័ន្ធ​ទូរស័ព្ទ Hotline ១១៧ ដោយ​ប្រាប់ថា​ ពួកគេ​ត្រូវបាន​គេ​ចាប់​បង្ខាំង ឱ្យធ្វើ​ការ​នៅ​ទីនោះ មិនឱ្យ​ត្រឡប់​ទៅ​ជួបជុំ​ក្រុមគ្រួសារ​ក្នុងប្រទេស​ចិន​។

​លោក ហ៊ួ​ត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្តរ​មានជ័យ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា នៅ​រសៀល​ថ្ងៃទី​ ២៨ ខែ សីហា ឆ្នាំ​ ២០២២ ក្រុមការងារ​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានទទួល​ព័ត៌មាន​ពី​ករណី​«​ចាប់​បង្ខាំ​មនុស្ស​» នៅ​ចំណុច​ក្រុមហ៊ុន​អូរ​ស្មាច់​រី​សត ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ​។ បន្ទាប់ពី​ទទួលបាន​បទបញ្ជា​ពី​អគ្គស្នងការ​នគរបាល​ជាតិ លោក​បាន​ចាត់​ឱ្យ​មន្ត្រីនគរបាល​ជំនាញ ចុះ​ធ្វើការ​ស្រាវជ្រាវ​ភ្លាមៗ ដោយមាន​កិច្ច សហការ​ពី​ម្ចាស់​ទីតាំង​ក្រុមហ៊ុន​អូរ​ស្មាច់​រី​សត ហើយ​បាន​ជួយ​រំដោះ​បុរស​ជន​ជាតិចិន​រងគ្រោះ នៅក្នុង​ករណី​នោះ​ចំនួន ៤​ នាក់​។

លោក​បាន​បញ្ជាក់ថា​៖ «​ប៉ុន្តែ​តាមរយៈ​ការបំភ្លឺ​របស់​បុរស​ជ​ន​ជាតិចិន​ទាំង​ ៤ ​នាក់​នោះ ករណី​របស់​ពួកគេ មិនមែនជា​ករណី​បង្ខាំង​ចាប់ជំរិត​នោះទេ​»​។​

លោក​បាន​បន្ថែមថា​៖ «​ពួកគេ​គ្មាន​ការរង​ទារុណកម្ម ឬ​ការគំរាមកំហែង​អ្វី​ឡើយ គឺ​គ្រាន់តែ​តម្រូវឱ្យ​ធ្វើការ​ច្រើន​ម៉ោង​នឿយហត់​ចង់​ឈប់​ពី​ការងារ​ដោយ​ខ្លួនឯង ក្នុងនោះ​មាន​ម្នាក់​ចង់ទៅ​ផ្ទះ​ជួប​ប្រពន្ធ​ដែល​ជិត​សម្រាលកូន​»។

បច្ចុប្បន្ន កម្លាំង​នគរបាល​ជំនាញ កំពុង​រៀបចំ​សំណុំ​ឯកសារ និង​កសាង​នីតិវិធី បញ្ជូន​ពួកគេ​ទៅកាន់​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ដើម្បី​អនុវត្តបន្ត​។

ជាមួយគ្នា​នោះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ទូទាំងប្រទេស និង​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ សូម​ចូលរួម​សហការ​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស បង្ខាំង​មនុស្ស​ខុសច្បាប់​គ្រប់​ទម្រង់ ដោយ​ទាក់ទង​មក​លេខ Hotline ១១៧ ខណៈដែល​បច្ចុប្បន្ន​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា ១១៧ បាន​បន្ថែម​មន្ត្រី​នគរបាលជាតិ​ប្រចាំការ ដែល​ចេះ​និយាយ​ភាសារ​អង់គ្លេស ចិន និង​ភាសារ​វៀតណាម។​

លេខ​ទូរស័ព្ទ Hotline ១១៧ នេះ គឺជា​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា​របស់​អគ្គស្នងការ​ដ្ឋា​ន​នគរបាលជាតិ ដែល​រង់ចាំ​ទទួល​និង​ឆ្លើយតប​ភ្លាមៗ នៅពេល​ទទួលបាន​​សេចក្ដីរាយការណ៍​សុំ​ជំនួយ​ពិតប្រាកដ​ពី​នគរបាលជាតិ ដូចជា​បទល្មើស​ព្រហ្មទណ្ឌ គ្រោះថ្នាក់​ចរាចរណ៍​, គ្រោះ​អគ្គិភ័យ ឬ​ភាព​អសកម្ម​មួយចំនួន​របស់​មន្ដ្រីនគរបាល​នៅតាម​មូលដ្ឋាន​ជាដើម ។

​ប្រជាពលរដ្ឋ​អាច​ទូរស័ព្ទ​ចូល​លេខ ១១៧ មិន​អស់ថ្លៃ​សេវា​នោះទេ ទោះបីជា​ទឹកប្រាក់​ក្នុង​គណនី​អស់​ក៏​អាច​ទូរស័ព្ទ​ចូល​បាន​ដែរ​៕