
លោក គន់ គីម ដឹកនាំមន្ត្រីចុះពិនិត្យទឹកជំនន់នៅខេត្តព្រះវិហារ។ រូប NCDM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រៀមលក្ខណៈឆ្លើយតបទៅនឹងជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ បន្ទាប់ពីកម្ពស់ទឹកហក់ឡើងវិញនៅតាមខេត្តមួយចំនួន។
ការណែនាំនេះធ្វើឡើង ខណៈខេត្តកំពង់ធំ ព្រះវិហារ និងខេត្តសៀមរាបមានកម្ពស់ទឹកហក់ឡើងវិញគួរឱ្យកត់សម្គាល់ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្របពេលដែលស្ថានភាពអាកាសធាតុនៅបន្តមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅខ្លាំងតាមតំបន់មួយចំនួន។
លោក គន់ គីម អនុប្រធានទី ១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងនៅថ្ងៃទី ២៩ សីហាថា៖ «សម្តេចតេជោ លោកបានដាក់បទបញ្ជាម៉ឺងម៉ាត់មកកាន់ខ្ញុំឱ្យចុះមកតាមខេត្តជាប់ព្រំដែន ហើយត្រូវត្រៀមលក្ខណៈដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយទឹកជំនន់ ជាពិសេសត្រូវបញ្ចៀសការគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ»។
លោកបញ្ជាក់ថា៖ «ក្នុងនាមជាសេនាធិការឱ្យសម្តេចតេជោ ទីណាក៏ដោយមានការលំបាក នៅទីនោះមានវត្តមានខ្ញុំ ដើម្បីជួយមើលការខុសត្រូវហើយជំរុញធ្វើយ៉ាងម៉េចធំបំផុត កុំឱ្យបាត់បង់អាយុជីវិតរបស់ប្រជាជន ហើយអ្វីៗដូចជាសម្ភារ និងបរិក្ខារ គិតក្រោយ យើងត្រូវជម្លៀសធ្វើម៉េចកុំឱ្យប្រជាជនមានគ្រោះថ្នាក់»។
ក្នុងដំណើរចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តព្រះវិហារកាលពីថ្ងៃទី ២៨ ខែសីហាលោក គន់ គីម ពិនិត្យឃើញថា កម្ពស់ទឹកប៉ុន្មានថ្ងៃនេះឡើងពី ១១ ម៉ែត្រ ទៅ ១១,៥០ ម៉ែត្រ ដល់ភាពមិនប្រក្រតីដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ លោកថា៖ «ដោយមិននឹកស្មានថា មួយព្រឹកឡើងកន្លះម៉ែត្រ នេះជាការប្រុងប្រយ័ត្ន ប៉ុន្តែអាជ្ញាធរបានត្រៀមលក្ខណៈជាស្រេចទៅសង្គ្រោះជនដែលងាយរងគ្រោះជាងគេ ដើម្បីបញ្ជូនទៅទីទួលសុវត្ថិភាព បើសិនក្នុងករណីណាមានទឹកឡើងខ្លាំង»។
លោកគូសបញ្ជាក់ថា លេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តនឹងខិតខំសហការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានកណ្តាល ដើម្បីទំនាក់ទំនងតាមដានការវិវឌ្ឍប្រែប្រួល ហើយនឹងជូនដំណឹងឱ្យទាន់ពេលវេលា ក្នុងករណីមានបញ្ហាកើតឡើងធ្ងន់ធ្ងរ។
ជាមួយគ្នានេះដែរលោកអំពាវនាវកុំឱ្យពលរដ្ឋជឿតាមការលើកឡើងរបស់បុគ្គលមួយចំនួនដែលថា ទឹកលិចគ្រប់ទីកន្លែងនោះ ខណៈលោកថា ម៉ោងនេះពុំមានការប្រកាសអាសន្ននៅឡើយទេ។ លោកថា៖ «មិនដូចអ្នកដែលលើកឡើងថា ទឹកកំពុងលិចលង់គ្រប់ទីកន្លែង គឺអត់មានទេ ការជឿអកុសលនេះគឺខុសឆ្គងហើយ។ ក្នុងនាមខ្ញុំជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខ្ញុំដើរត្រួតពិនិត្យនៅខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ មិនមានកន្លែងណាមួយដែលមានហានិភ័យដែលអាចឱ្យពួកខ្ញុំបារម្ភនោះទេ គឺអាជ្ញាធរមូលដ្ឋានបានយកចិត្តទុកដាក់បានល្អប្រសើរ»។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំលោក យូ ឡា ថ្លែងថា គិតត្រឹមថ្ងៃទី ២៩ ខែសីហា ស្ថានភាពទឹកស្ទឹងសែនហក់ឡើងវិញជាលើកទី ២ មានកម្ពស់ ១៣,៥១ ម៉ែត្រ ប៉ុន្តែមិនទាន់ឈានដល់កម្រិតប្រកាសអាសន្ននោះទេ គឺស្ថិតក្នុងកម្រិតប្រុងប្រយ័ត្នប៉ុណ្ណោះ។
លោកថា៖ «ស្ថានភាពទូទៅ ដូចជា មិនមានអ្វីភ្ញាក់ផ្អើល ព្រោះលើកមុនឡើងដល់ ១៣,៥៨ ម៉ែត្រ វាអត់មានបញ្ហាទេ ប៉ុន្តែឥឡូវនេះត្រឹមតែ ១៣,៥១ ម៉ែត្រ មិនមានអ្វីគួរឱ្យព្រួយបារម្ភទេ ព្រោះធ្លាប់ឆ្លងកាត់ហើយ»។ លោកបន្តថា ក្នុងករណីភ្លៀងធ្លាក់ត្រឹមរបបទឹកភ្លៀងតាមខ្យល់មូសុងមិនបង្កជាបញ្ហានោះទេ ប៉ុន្តែបើក្នុងករណីរងប្រព័ន្ធសម្ពាធទាប ឬព្យុះអាចមានគ្រោះទឹកជំនន់។
ចំណែកអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប លោក ឃឹម ហ្វីណង់ នៅថ្ងៃទី ២៨ ខែសីហា បានប្រកាសថា កម្ពស់ទឹកស្ទឹងបន្ទាយស្រីបានហក់ឡើងគួរឱ្យកត់សម្គាល់ ដោយសារតែស្រុកបន្ទាយស្រីកំពុងទទួលរងឥទ្ធិពលនៃភ្លៀងធ្លាក់ជោកជាំជាប់ៗគ្នា បណ្តាលឱ្យលិចផ្ទះពលរដ្ឋមួយចំនួន ប៉ុន្តែមិនទាន់មានអ្វីដែលគួរឱ្យព្រួយបារម្ភនៅឡើយទេ។ ជាមួយគ្នានេះ លោកអំពាវនាវដល់ពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រី ជាពិសេសអ្នករស់នៅតាមបណ្តោយដងស្ទឹង និងនៅតាមជ្រលងជើងភ្នំគូលែន ដែលមានមុខទឹកហូរឆ្លងកាត់ បង្កើនការប្រុងប្រយ័ត្នចំពោះហានិភ័យនៃជំនន់ទឹកភ្លៀងគំហុកចៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕