សៀមរាបៈ ក្រុម​ការងារ​របស់​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​ដីឡូត៍​នៅ​តំបន់​អភិវឌ្ឍន៍​រុនតាឯក​បាន​ទំហំ​ ៩៥​ ហិកតា​ហើយ គិត​ចាប់ពី​ថ្ងៃទី​ ១៨ ដល់​ថ្ងៃទី​ ២៨ ខែសីហា​។ ចំណែក​ការស្ថាបនា​ផ្លូវ​ក្រួស​ក្រហម​ដោយ​កងវិស្វកម្ម​តេជោ ហ៊ុន សែន ​សៀមរាប​ក្នុង​ភូមិ​ធម្មជាតិ​រុនតាឯក​​សម្រេច​បាន​ប្រវែង​ ២ ៨៥០ ​ម៉ែត្រ​។ នេះ​បើតាម​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​។

លោក​ ជា សុផារ៉ា បាន​ឱ្យ​ដឹង​តាមរយៈ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី ​២៩ ខែសីហា​ថា​៖ «​គិត​ត្រឹម​ថ្ងៃទី​ ២៨ ខែ​សីហា ការរៀបចំ​ដីឡូត៍​នៅ​តំបន់​អភិវឌ្ឍន៍​រុនតាឯក​ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ខុសច្បាប់​មក​តាំងទី​លំនៅ​ថ្មី អនុវត្ត​ដោយ​ក្រុម​ការងារ​របស់​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ទំហំ ៩៥​ ហិកតា​»​។

លោក​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ឱ្យដឹង​ទៀតថា ដោយឡែក​ការស្ថាបនា​ផ្លូវ​ក្រួសក្រហម​ដោយ​កងវិស្វកម្ម​តេជោ ហ៊ុន សែន សៀមរាប ក្នុង​តំបន់​ទី​ ១ និង​តំបន់​ទី​ ២ ក្នុង​ភូមិ​ធម្មជាតិ​រុនតាឯក សម្រេច​បាន​ប្រវែង​ ២ ៨៥០​ ម៉ែត្រ​ស្មើនឹង​ ១៦,៨៧ ​ភាគរយ​នៃ​ប្រវែង​ផ្លូវ​ដែល​ត្រូវ​ស្ថាបនា​សរុប​ ១៦ ៨៨៧ ​ម៉ែត្រ​។

ជាមួយ​នេះ លោក ជា សុផារ៉ា ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​សប្បុរសជន​ដែល​បាន​ឧបត្ថម្ភ​កូនឈើ​ប្រណីត​ចំនួន​ ៦ ០០០ ​ដើម​ជូន​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ផងដែរ​។ ដើមឈើ​ទាំងនោះ​ផ្តល់​ជូន​ដោយ​មន្ត្រី អនុប្រធាន​ការិយាល័យ​បច្ចេកទេស សុរិយោដី និង​ភូមិសាស្ត្រ​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ និង​មន្ទីរ​រៀបចំ​ដែនដី​នៃ​ខេត្ត​បន្ទាយមានជ័យ តាកែវ កំពត កំពង់ឆ្នាំង និង​ខេត្ត​មណ្ឌលគិរី ដែល​មាន​កូនឈើ​ធ្នង់ និង​កូន​គ្រញូង​កម្ពស់​ ២ ​ម៉ែត្រ​។

លោក​ ហាយ យុង តំណាង​ក្រុម​ការងារ​តម្រង់ទិស​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៩ ខែ​​សីហា​ថា ក្រុម​ការងារ​លោក​បាន​និង​កំពុង​បន្ត​យុទ្ធនាការ​ចុះវាស់វែង កំណត់​និយាមកា​ក្បាលដី និង​អត្តសញ្ញាណ​អ្នក​កាន់កាប់​ដី និង​សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

លោក​បានឱ្យ​ដឹងថា សំណង់​រឹង​ខុសច្បាប់​ក្នុង​តំបន់​ទាំងនោះ ត្រូវ​រុះរើ​ចេញ​ដោយ​ខ្លួនឯង ហើយ​អ្នក​ដែល​គ្រប់​លក្ខខណ្ឌ និង​ស្ម័គ្រចិត្ត​រុះរើ​ចេញ​អាច​ចាប់ឆ្នោត​យក​ទីតាំង​ដី​នៅ​តំបន់​រុនតាឯក​។ លោក​បញ្ជាក់ថា ករណី​ក្បាលដី​ដែល​ប្រជាពលរដ្ឋ​អាស្រ័យផល​នឹង​មិន​ត្រូវ​បាន​ដកហូត​នោះទេ ពោល​គឺ​ពលរដ្ឋ​អាច​នៅ​បន្ត​អាស្រ័យផល​ទៀត​បាន ដូចជា ដី​ធ្វើស្រែ​ជាដើម​។

លោក​ថ្លែងថា​៖ «​អ្នក​ដែលមាន​សំណង់​ទើប​មាន​សិទ្ធិមក​ចាប់ឆ្នោត ​ដើម្បី​ទទួលយក​ដីឡូត៍ ហើយ​រុះរើ​សំណង់​ដែល​មាននៅ​ជុំវិញ​ប្រាសាទ​អង្គរ​ទៅ​រស់​នៅឯ​រុនតាឯក​។ ដោយឡែក​ចំពោះ​បងប្អូន ដែល​មាន​តែ​ដី​អាស្រ័យផល ដូចជា បង្កបង្កើនផល​ស្រូវ ដំណាំ​អី​នោះ ជា​គោលការណ៍​គឺ​គាត់​នៅតែ​មាន​សិទ្ធិ​បន្ត​អាស្រ័យផល​ដដែល តែ​មិនអាច​សាងសង់​សំណង់​អី​ផ្សេងៗ​បានទេ​»​។

សូម​រំឭកថា ក្នុង​ពេល​បើក​យុទ្ធនាការ​នេះ លោក​ ជា សុផារ៉ា បាន​ជំរុញ​ដល់​ពលរដ្ឋ​ដែល​សង់​សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឱ្យ​ប្រញាប់​រុះរើ​ចេញ​ដោយ​ខ្លួនឯង ជា​ជាង​ការប្រើប្រាស់​កម្លាំង​អាជ្ញាធរ​ចុះ​រុះរើ​។ លោក​ថា​ក្នុង​រមណីយដ្ឋាន​អង្គរ​មាន​សំណង់​ខុសច្បាប់​ប្រមាណ​ជាង ៨ ​ពាន់​សំណង់ ដែល​ជា​សំណង់​ដ៏គួរ​ឱ្យ​ខ្មាសអៀន​។

លោក​ ជា សុផារ៉ា ដែល​ក៏​ជា​ប្រធាន​ក្រុម​ការងារ​តម្រង់ទិស ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់​ខុសច្បាប់ និង​ដីធ្លី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃ​ទៀត​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដែរនោះ​បាន​គូសបញ្ជាក់​ថា យុទ្ធនាការ​នេះ មាន​គោលដៅ​ការពារ​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​បាន​ចុះបញ្ជី​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ឆ្នាំ​ ១៩៩២ មាន​ទំហំ ​៤០១ ​គីឡូម៉ែត្រ​ការ៉េ ជា​តំបន់​ដែល​ចាត់ទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ត្រូវ​រក្សា​ការពារ​ដាច់ខាត មិនអាច​កាត់ឆ្វៀល​បាន​ឡើយ​។

លោក​បញ្ជាក់ថា​៖ «​កម្ពុជា​ក្នុង​នាម​រដ្ឋ​សមាជិក​មាន​ភារកិច្ច​រក្សា​ការពារ​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​ជា​មរតក​កេរ​ដូនតា ជា​អត្តសញ្ញាណ និង​ដួងព្រលឹង​របស់​ជាតិ​ក៏ដូចជា តម្លៃ​ជាសកល​នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ សម្រាប់​មនុស្ស​ជាតិ​ទាំងមូល​»៕