
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ក្នុងខេត្តត្បូងឃ្មុំ។ រូបថត សហការី
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសប្រឡងជ្រើសរើសមន្ត្រីរាជការក្នុងក្របខ័ណ្ឌសុខាភិបាលចំនួន ៣ ៣២៤ នាក់បន្ថែមទៀត នៅតាមបណ្តាអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទូទាំងប្រទេសនៅឆ្នាំ ២០២២ នេះ ដើម្បីឆ្លើយតបទៅនឹងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
តាមសេចក្តីជូនដំណឹងរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃទី ២៩ ខែសីហា បានឱ្យដឹងថា ការជ្រើសរើសមន្ត្រីរាជការនេះធ្វើឡើងតាមរយៈការប្រឡងប្រជែង តាមទីកន្លែងធ្វើការ និងមុខជំនាញដែលត្រូវបានជ្រើសរើស និងមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល។
សេចក្តីជូនដំណឹងនេះសរសេរថា៖ «វិញ្ញាសាប្រឡងមានមុខវិជ្ជាជំនាញវិជ្ជាជីវៈ និងចំណេះដឹងទូទៅ ដែលមានរយៈពេល ២ ម៉ោង»។
លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែសីហាថា ស្ទើរតែគ្រប់ខេត្តត្រូវការបុគ្គលិកសុខាភិបាលបន្ថែម ដើម្បីឆ្លើយតបទៅនឹងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ ដោយឡែក សម្រាប់ខេត្តត្បូងឃ្មុំត្រូវការជ្រើសរើសបុគ្គលិកមន្ត្រីរាជការចំនួន ១៥១ នាក់ សម្រាប់បម្រើការងារ នៅតាមមណ្ឌលសុខភាព និងនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ដែលជាមន្ទីរពេទ្យថ្មី និងមានការខ្វះខាតបុគ្គលិកច្រើន។
លោកបន្តថា ជាមួយគ្នានេះ សម្រាប់ខេត្តកំពង់ចាមដែលនៅជាប់ខេត្តត្បូងឃ្មុំ ក៏ត្រូវការបុគ្គលិកជាមន្ត្រីរាជការច្រើនដែរ សម្រាប់បម្រើការងារនៅតាមមណ្ឌលសុខភាពនានានៅក្នុងខេត្ត។ តែយ៉ាងណាក៏ដោយ សម្រាប់បុគ្គលិកដែលត្រូវការនៃចំនួនខាងលើមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
លោកថ្លែងថា៖ «បុគ្គលិកនេះ យើងនឹងពង្រាយមកមន្ទីរពេទ្យស្រុកក្រូចឆ្មារដែរ ព្រោះមន្ទីរពេទ្យនេះ ក៏ជាមន្ទីរពេទ្យថ្មីដែរជាជំនួយរបស់សម្តេចតេជោ តាមរយៈឯកឧត្តម ជាសុផារ៉ា។ នៅពេលដែលមានបុគ្គលិកច្រើនងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ»។
លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សម្រាប់ខេត្តរតនគិរីត្រូវការបុគ្គលិកប្រមាណជិត ១០០ នាក់បន្ថែមទៀត ដើម្បីពង្រាយនៅតាមមូលដ្ឋានសុខាភិបាលសំខាន់ៗដែលមានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពជាដើម។ តែយ៉ាងណាចំនួនដែលនឹងត្រូវជ្រើសរើសនេះ មិនគ្រប់គ្រាន់នោះទេ។ លោកបានដាក់សំណើជ្រើសរើសបុគ្គលិកទៅក្រសួងសុខាភិបាលចំនួនជាង ១៦០ នាក់ ប៉ុន្តែក្រសួងឱ្យតែ ៨៤ នាក់ ដោយសារក្រសួងត្រូវបែងចែកឱ្យទៅមូលដ្ឋានសុខាភិបាលនៃខេត្តផ្សេងៗទៀត ដែលមានការខ្វះខាតបុគ្គលិក និងដើម្បីឱ្យគ្រប់ស្តង់ដានៃមូលដ្ឋានសុខាភិបាលទាំងអស់នោះ។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះ វាដំណើរការទៅធម្មតាទៅតាមអ្វីដែលគ្រោងទុក និយាយឱ្យចំ គឺផ្តល់សេវាសុខាភិបាលគ្រប់សកម្មភាព ប៉ុន្តែបើបុគ្គលិកយើងតិច បុគ្គលិកយើងធ្វើការច្រើនមុខហើយដល់ពេលបុគ្គលិកគ្រប់គ្រាន់ យើងបែងចែកគ្នាច្បាស់លាស់ អ្នកនេះ ធ្វើនេះ អ្នកនោះធ្វើនោះ ទៅតាមការទទួលខុសត្រូវរៀងៗខ្លួន»។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែសីហាថា ការជ្រើសរើសមន្ត្រីរាជការក្នុងក្របខ័ណ្ឌសុខាភិបាលដែលល្អ គឺផ្អែកតាមតម្រូវការជាក់ស្តែង ពោលគឺតំបន់ខ្វះខាត បុគ្គលិក គឺត្រូវជ្រើសរើសបន្ថែម ដើម្បីផ្តល់សេវាសុខភាពដល់ពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែល្អ។ លោកបន្តថា ចំពោះការជ្រើសទៅតាមតម្រូវការនេះ ក៏គួរផ្តល់អាទិភាពទៅដល់និស្សិត-បញ្ញវន្តចេញពីមូលដ្ឋាននោះផង ដើម្បីកុំឱ្យមានការផ្លាស់ប្តូរពីខេត្ត ១ ទៅខេត្ត ១ ទៀត ឬទីតាំង ១ ទៅទីតាំង ១ ទៀត។
លោកថ្លែងថា៖ «ការជ្រើសរើស មិនមែនយកពីតាកែវទៅដាក់នៅកំពង់ឆ្នាំង យកពីកំពង់ឆ្នាំង យកទៅដាក់នៅព្រៃវែងអី ដល់ឆ្នាំ នាំគ្នាផ្លាស់ប្តូរ ទៅនៅជិតផ្ទះអស់។ ម្យ៉ាងការជ្រើសរើសស្របទៅនឹងគោលការណ៍វិមជ្ឈការ ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការផ្តល់សេវាសុខាភិបាលនៅតាមមូលដ្ឋាន»៕