ភ្នំពេញៈ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) លោក​ ប្រាជ្ញ ចន្ទ អនុញ្ញាត​ឱ្យ​ថ្នាក់ដឹកនាំ គណបក្ស​នយោបាយ​ចំនួន​ ៤ គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កែទម្រង់​កម្ពុជា និង​គណបក្ស​ភ្លើងទៀន​ចូលជួប​ពិភាក្សា​លើ​សំណើ​កែលម្អ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី ​៣១ សីហា​។

លោក​ សោម សូរីដា អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ គជប ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៩ ខែសីហា ថា គ.ជ.ប. ទទួល​បាន​លិខិត​របស់​គណបក្ស​ទាំង ​៤ ​នេះ កាលពី​ថ្ងៃ​ ២២ សីហា ឆ្នាំ​ ២០២២​។ ក្រោយពី​ទទួល​បាន​លិខិត​នេះ លោក​ប្រាជ្ញ ចន្ទ បាន​ចារ​ឯកភាព​អនុញ្ញាត​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​ ៤ ជួប​ជាមួយ​សមាសភាព​ថ្នាក់ដឹកនាំ​របស់ គជប​។

លោក​ឱ្យ​ដឹងថា សមាសភាព​ថ្នាក់ដឹកនាំ​សំខាន់ៗ​ដែល​គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ​មេបក្ស​ទាំងនោះ​មាន លោក​ ហង្ស ពុទ្ធា សមាជិក គជប ជា​ប្រធាន​ដឹកនាំ លោក​ ទេព នីថា អគ្គលេខាធិការ គជប លោក​ សោម សូរីដា អគ្គលេខាធិការរង លោក​ តុប ឫទ្ធី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​បច្ចេកទេស ព្រមទាំង លោក​ កែ រិទ្ធិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន សេវាកម្ម​ច្បាប់ និង​បច្ចេកទេស​។

បើតាម លោក​ សោម សូរីដា ជំនួប​នេះ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​ ៣១ ខែ​សីហា ឆ្នាំ​ ២០២២ តប​តាម​កម្មវត្ថុ​របស់​គណបក្ស​ទាំង ​៤ ដើម្បី​ពិភាក្សា​លើ​សំណើ​កែលម្អ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​។ ទោះជា​យ៉ាងណា កម្មវត្ថុ​នេះ​មិនមែន​ជា​សមត្ថកិច្ច​របស់ គជប ទេ ព្រោះ គជប គឺជា​ស្ថាប័ន​អនុវត្ត​ច្បាប់​។ ដូច្នេះ ការកំណត់​ពី​តួនាទី និង​ភារកិច្ច ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឱ្យ​ស្ថាប័ន​គជប រៀបចំ ចាត់ចែង​គ្រប់គ្រង​បោះឆ្នោត​តាមច្បាប់​ជា​ធរមាន​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង ក្របខ័ណ្ឌ​ច្បាប់​ជា​ធរមាន​នេះ គឺ​ គជប ត្រូវគោរព និង​អនុវត្ត ហើយ​ការស្នើឡើង​ទាំងឡាយ​របស់​គណបក្ស ទាំង​ ៤ ដែល​ប្រាសចាក​ពី​ក្របខ័ណ្ឌ​ច្បាប់ គជប មិនអាច​ទទួល​យក​បាន​ទេ​។ ប៉ុន្តែ ការស្នើ​ទាំងឡាយ​ណា​ស្រប​ទៅ​នឹង​បញ្ញត្តិ​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះឆ្នោត ដែលមាន​ជា​ធរមាន គឺ​ គជប នឹង​ពិនិត្យ និង​ទទួល​យក​»​។

លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៩ ​សីហា ថា តំណាង​គណបក្ស​ទាំង​ ៤ នៅ​ថ្ងៃទី​ ២៨​ សីហា បាន​ជួប​ពិភាក្សា​លើក​យក​បញ្ហា​មួយចំនួន ទៅ​ជជែក​ពិភាក្សា​ជាមួយ គជប ដើម្បី​ឱ្យ​ស្ថាប័ន​នេះ អនុវត្ត​ឱ្យ​បាន​សុក្រឹត និង​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់ ព្រោះ​កន្លងមក ស្ថាប័ន​នេះ នៅ​មាន​ភាពខ្វះ​ចន្លោះ​មួយ​ចំនួន​ដែលមាន​ចែង​ក្នុង​នីតិវិធី​។

លោក​បន្តថា ពាក់ព័ន្ធ​នឹង​នីតិវិធី​នេះ គជប មាន​លទ្ធភាព​ក្នុង​ការកែប្រែ ដូចជា​ពេលវេលា​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ពេលវេលា​សម្រាប់​ដាក់​អ្នក​សង្កេតការណ៍ និង​បើកទ្វារ ដើម្បី​ឱ្យ​អ្នកបោះឆ្នោត​បាន​ឃ្លាំមើល​ពី​ការរាប់​សន្លឹកឆ្នោត ជាដើម​។ ទាំងអស់​នេះ​ជា​នីតិវិធី​មិនមាន​ច្បាប់​ណាមួយ​ហាមឃាត់​មិនឱ្យ​កែប្រែ​ទេ​។

លោក​ថ្លែងថា​៖ «​យើង​ចង់ឱ្យ​មាន​កែប្រែ​នីតិវិធី​មួយចំនួន​តែ​ប៉ុណ្ណឹង ហើយ​ច្បាប់ទម្លាប់​មួយ​ចំនួន យើង​ចង់​តស៊ូ​មតិ​ទៅ​សភា តែ​យ៉ាងណា​ខាង​សភា​បាន​បដិសេធ មិន​ជួប​ជាមួយ​គណបក្ស​ក្រៅ​រដ្ឋាភិបាល ដែល​មិនមាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ទេ ដោយ​អះអាង​ថា មិនមាន​បទប្បញ្ញត្តិ ឬ​បទបញ្ជា​ផ្ទៃក្នុង​របស់​សភា ឱ្យ​ជួប​ជាមួយ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​»​។

លោក​ចាត់ទុក ការបដិសេធ​របស់​រដ្ឋសភា មិន​សម​ហេតុផល និង​ហាក់ដូច​ជា​ការលេងសើច និង​មិនអាច​ទទួល​យក​បាន ព្រោះ​បើ​មិនមាន​បទប្បញ្ញត្តិ ឬ​បទបញ្ជាផ្ទៃក្នុង​ទេ គឺ​រដ្ឋសភា​អាច​ជួបពិភាក្សា​ជាមួយ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​បាន​។

លោក​ ឡេង ប៉េងឡុង អ្នក​នាំពាក្យ​រដ្ឋសភា​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៩ ខែសីហា​ថា រដ្ឋសភា គ្មាន​នីតិវិធី​ណាមួយ​ចែង​ឱ្យ​សភា​ជួប​ពិគ្រោះ​ជាមួយ​គណបក្ស​ក្រៅ​រដ្ឋាភិបាល ដែល​មិនមាន​អាសនៈ​នៅក្នុង​សភា​នោះទេ ហើយ​បើ​ជួប​ក៏​គ្មាន​បាន​ផល​អ្វី​ដែរ ជាពិសេស​វា​នឹង​នាំឱ្យ​មាន​ការបកស្រាយ​តែ​ផ្តេស​តែ​ផ្តាស​ផ្សេងៗ​។

លោក​ ប៉េងឡុង បាន​ថ្លែងថា​៖ «​តាមច្បាប់ គឺ​ជួប វា​អត់​បាន ហើយ​បើ​ជួប​នាំឱ្យ​មាន​ការ​បកស្រាយ​តាពាស ហើយ​អាច​បង្កើត​ទៅជា​ទម្លាប់​អាក្រក់​ទៅ​ថ្ងៃក្រោយ​ក៏មាន​ដែរ​»៕