
កញ្ញា សេង ច័ន្ទធារី ពេលនាំមកតុលាការាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០២២។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ សាលាឧទ្ធរណ៍ភ្នំពេញ នឹងបើកសវនាការជំនុំជម្រះលើសំណុំរឿង កញ្ញា សេង ច័ន្ទធារី ដែលត្រូវបានចោទពីបទ «រួមគំនិតក្បត់ និងបទញុះញង់ ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នៅថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២២ តាមបណ្តឹងរបស់មេធាវីការពារសិទ្ធិរបស់កញ្ញាធារី ដែលបានស្នើសុំឱ្យដោះលែងនៅក្រៅឃុំ។
យោងតាមលិខិតរបស់ លោក តាន់ សេណារ៉ុង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ចុះថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២២ បានអញ្ជើញលោក ជូង ជូងី មេធាវីការពារសិទ្ធិឱ្យកញ្ញា សេង ច័ន្ទធារី ឱ្យចូលទៅការពារក្តីនៅបន្ទប់សវនាការលេខ ២។
លោក ជូង ជូងី មេធាវីការពារសិទ្ធិឱ្យកញ្ញា សេង ច័ន្ទធារី កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២២ បានស្នើសុំឱ្យតុលាការដោះលែងកូនក្តីខ្លួននៅក្រៅឃុំ មានសេរីភាពឡើងវិញ តបតាមមាត្រា ៣៩៨ មាត្រា ៣០៦ និងមាត្រា ៣០៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីជំទាស់ទៅនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។
លោកមេធាវី ជូង ជូងី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣០ ខែសីហាថា លោកនឹងចូលទៅការពារសិទ្ធិឱ្យកញ្ញាសេងធារី តាមការកោះអញ្ជើញរបស់សាលាឧទ្ធរណ៍ ទៅតាមពេលវេលាកំណត់ នៅថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ៨ ព្រឹក នៅបន្ទប់សាលសវនាការលេខ ២ ដើម្បីធ្វើសេចក្តីសន្និដ្ឋានទាមទារឱ្យកញ្ញា សេង ច័ន្ទធារី មានសេរីភាពឡើងវិញ។
លោកបន្តថា កញ្ញា សេង ច័ន្ទធារី បានប្រាប់លោកថា កញ្ញាចង់ចូលរួមតតាំងក្តី នៅថ្ងៃទី ១ ខែកញ្ញានេះ ប៉ុន្តែ សំខាន់សមត្ថកិច្ចចាត់ចែងដឹកកញ្ញា ឱ្យមកចូលរួមសវនាការបានដែរ ឬយ៉ាងណាទេ ពីព្រោះបច្ចុប្បន្ន កញ្ញា សេង ច័ន្ទធារី ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ។
លោកថ្លែងថា៖ «ខ្ញុំជាមេធាវីឱ្យកញ្ញា សេង ច័ន្ទធារី បានស្នើសុំទៅអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ឱ្យផ្ទេរកញ្ញាឱ្យមកដាក់នៅក្នុងមណ្ឌលអប់រំកែប្រែទី២ (ម២) ដើម្បីងាយស្រួលក្នុងការបញ្ជូនទៅតតាំងក្នុងសវនាការ ប៉ុន្តែរហូតមកទល់ពេលនេះ ខ្ញុំមិនទាន់ទទួលការឆ្លើយតបពីអគ្គនាយកដ្ឋានពន្ធនាគារនោះទេ»។
ពាក់់ព័ន្ធនឹងបញ្ហានេះ ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដើម្បីសុំធ្វើអត្ថាធិប្បាយបានទេ នៅថ្ងៃទី ៣០ ខែសីហា។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២២ បានសម្រេចផ្តន្ទាទោស កញ្ញា សេង ច័ន្ទធារី ដាក់ពន្ធនាគារ កំណត់ ៦ ឆ្នាំ ពី«បទរួមគំនិតក្បត់ និងបទញុះញង់ ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ភ្លាមៗ បន្ទាប់ពីបានប្រកាសសាលក្រមហើយ សមត្ថកិច្ចបានចាប់ខ្លួនកញ្ញាសេង ច័ន្ទធារី បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ខេត្តព្រះវិហារ។
បើតាមមាត្រាខាងលើ កញ្ញា សេង ច័ន្ទធារី ប្រឈមដាក់ទោសក្នុងពន្ធនាគារ ពី ៦ ខែ ទៅ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀល ទៅ ៤ លានរៀល៕