
ក្រុមបុគ្គលិកធ្វើការក្នុងភោជនីយដ្ឋានមួយ នៅរាជធានីភ្នំពេញ នាពេលកន្លងមក។ ហុង មិនា
ភ្នំពេញៈ រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ ប្រកាសផ្តល់ប្រាក់ឧបត្ថម្ភលើកទី៨៥ ជូនដល់កម្មករនិយោជិតក្នុងវិស័យទេសចរណ៍ជាង ៤ ៥០០ នាក់ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ដោយសារផលប៉ះពាល់ពីការរីករាលដាល នៃជំងឺកូវីដ ១៩ ខណៈវិស័យនេះនៅតែបន្តជួបបញ្ហាវិបត្តិហិរញ្ញវត្ថុ។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី ២៩ សីហា ឱ្យដឹងថា ការផ្តល់ជូនសាច់ប្រាក់ឧបត្ថម្ភលើកទី៨៥ នេះ មានកម្មករនិយោជិតក្នុងវិស័យទេសចរណ៍ចំនួន ៤ ៥១៧ នាក់ នៃសហគ្រាសទាំង៥១ នៃវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។
សេចក្តីជូនដំណឹងបន្តថា ធនាគារឯកទេសវីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាល ទៅលេខទូរស័ព្ទដែលកម្មករបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក។ ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់ចំនួន ១២១ ៥០០ រៀល (៣០ ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ ថ្ងៃដល់ ២០ ថ្ងៃ និងទទួលបាន ១៦២ ០០០ រៀល (៤០ ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ ថ្ងៃ ដល់ ១ ខែ។
ក្រសួងរំឭកថា ធនាគារវីងនឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារវីង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុតហើយមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។
ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅសហគ្រាសទាំង ៥១ មិនបានទទួលសារទូរស័ព្ទពីធនាគារវីង សូមបងប្អូនទាក់ទងសួរព័ត៌មាន ឬធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទរបស់ខ្លួនទៅរដ្ឋបាលសហគ្រាសរបស់ខ្លួន។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកថ្លែងថា ការបន្តបើកប្រាក់ឧបត្ថម្ភនេះពិតជាបានរួមចំណែកយ៉ាងសំខាន់សម្រាប់កម្មករនិយោជិតដែលកំពុងជួបបញ្ហាក្នុងវិស័យទេសចរណ៍។ លោកថា ទោះបីវិស័យនេះហាក់បីងើបឡើងវិញបន្តិចមែន ប៉ុន្តែនៅតែជួបបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដដែល។
លោកបញ្ជាក់ថា៖ «បើយើងមើលទៅ ហាក់បីដូចជាវិស័យនេះ ដូចជាងើបឡើងវិញហើយ ប៉ុន្តែការពិតជាក់ស្តែងឃើញថា ងើបមែន ប៉ុន្តែទ្រង់ទ្រាយតូចតាច មិនទាន់មានភាពប្រសើរទេ»។
លោកលើកឡើងថា ក្នុងខែសីហានេះ ឃើញមានសណ្ឋាគារជាច្រើនបានចាប់ផ្តើមបើកឡើងវិញ ប៉ុន្តែស្ថានភាពភ្ញៀវ និងសេដ្ឋកិច្ច ពួកគាត់នៅមិនទាន់អាចដោះខ្លួនរួចនៅឡើយទេ។ ចំពោះស្ថានភាពបច្ចុប្បន្ន វិស័យទេសចរណ៍នៅតែត្រូវការជំនួយពីរាជរដ្ឋាភិបាលក្នុងពេលវេលាមួយទៀត។
លោកថ្លែងថា៖ «យើងរង់ចាំមើលបន្តទៀតថា ក្នុងអំឡុងខែតុលា និងវិច្ឆិកា ខាងមុខនោះមាន[ការប្រែប្រួល]យ៉ាងម៉េច។ ព្រោះដឹងហើយថា ប្រទេសក្នុងសកលលោក បានបើកសេរីការហោះហើរ មិនមានការបិទបម្រាម រឹតបន្តឹងពិតមែន ប៉ុន្តែមនុស្សចាប់ផ្តើមនិយាយពីវិបត្តសេដ្ឋកិច្ច សង្គ្រាម និងរឿងគ្រោះធម្មជាតិ ដែលបង្កហានិភ័យពី ១ ថ្ងៃ ទៅ ១ ថ្ងៃ។ ទាំងអស់នេះសុទ្ធតែធ្វើឱ្យប៉ះពាល់ជាមួយវិស័យទេសចរណ៍»។
ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២៧ សីហា បានបង្ហាញរបាយការណ៍ពីសណ្ឋាគារ និងផ្ទះសំណាក់ជាង ៥០០ ទីតាំងនៅកម្ពុជា បានបើកដំណើរការជាធម្មតាវិញ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ ២០២២ ខណៈជិត ២០០ ទីតាំងទៀត នៅបន្តផ្អាកអាជីវកម្ម និង ២៩ ទីតាំង បានបិទអាជីវកម្មតែម្តង ដោយសារការរងផលប៉ះពាល់ធ្ងន់ពីវិបត្តិកូវីដ ១៩ ក្នុងរយៈពេលជាង ២ ឆ្នាំមកនេះ៕