ភ្នំពេញៈ កម្ពុជា​សហការ​ជាមួយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ​ពង្រឹង​ធនធាន​ជលផល​ក្នុងស្រុក ​តាមរយៈ​ការសាងសង់​ផ្លូវ​ត្រី​ចំនួន​ ២ នៅ​ខេត្តពោធិ៍សាត់ ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ត្រី​ក្នុងការ​បំ​ផ្លាស់​ទី ​ដែល​នាំឱ្យ​មាន​កំណើន​បរិមាណ​ត្រី​ផង​ដែរ។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​ភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ ចុះ​ថ្ងៃទី​ ៣០ សីហា ​ឱ្យដឹងថា​ ដោយសារ​ការសាងសង់​ផ្លូវ​ត្រី​ថ្មី​ចំនួន​ ២ ​ដែលជា​ជំនួយ​មូលនិធិ​ពី​ (USAID)​ ធ្វើឱ្យ​ត្រី និង​បណ្តា​សត្វ និង​រុក្ខជាតិ​ក្នុង​ទឹក​ផ្សេងទៀត​នៅ​កម្ពុជា ​នឹង​អាចធ្វើ​ដំណើរ​ឡើងទៅ​ផ្នែក​ខាងលើ​នៃ​ទន្លេ ដោយ​វាង​ចេញពី​ប្រព័ន្ធ​ធារាសាស្ត្រ​នានា ដែល​នាំឱ្យ​បរិមាណ​ត្រី​សម្រាប់​សហគមន៍​ក្នុង​ខេត្តពោធិ៍សាត់​មានការ​កើនឡើង​។

សេចក្តីប្រកាស​បន្តថា ​ផ្លូវ​ត្រី​ដែល​បានបញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី ២៤​ ខែ សីហា ​ឆ្នាំ​ ២០២២ ​បាន​ភ្ជាប់​ត្រី​ទៅនឹង​ទីជម្រក​ដ៏​សំខាន់​សម្រាប់​វដ្ត​ជីវិត​របស់​វា ​ហើយ​ផ្លូវ​ត្រី​ទាំងនេះ​ក៏​បង្ហាញ​ឱ្យឃើញ​ផងដែរ​ថា ​ជណ្តើរ​ត្រី​ខ្នាត​តូច​ គឺជា​ដំណោះស្រាយ​ដែល​អាច​ធ្វើបាន ​និង​ធូរ​ថ្លៃ ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការថយចុះ​នៃ​ចំនួន​ត្រី។​

តាមរយៈ​សេចក្តីប្រកាស​នេះ ​លោកស្រី ​Rebecca Black ​នាយិកា​បេសកកម្ម​ស្តីទី​ នៃ​ទីភ្នាក់ងារ​ជំនួយ​ USAID ថ្លែងថា​៖ «ត្រី​ដែល​នេសាទ​បាន​ក្នុងស្រុក ​គឺជា​ប្រភព​អាហារ​ដ៏​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​ជាច្រើន»។​

បើតាម​សេចក្តីប្រកាស​ លោកស្រី​រំពឹងថា​ តាមរយៈ​ការការពារ​ចំនួន​ត្រី និង​ទីជម្រក​របស់​វា ផ្លូវ​ត្រី​ទាំងនេះ​ក៏​នឹង​រួមចំណែក​ដ៏​សំខាន់​ដល់​ការធ្វើឱ្យ​ប្រសើរ​ឡើង​ដល់​សុខភាព​សហគមន៍​ដែល​ពឹង​ផ្អែកលើ​ការនេសាទ​ត្រី​ផងដែរ​។​

សេចក្តីប្រកាស​បញ្ជាក់ថា ​ផ្លូវ​ត្រី​ថ្មី​នៅ​ខេត្តពោធិ៍សាត់ ​គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ជណ្តើរ​ត្រី​ថ្នាក់​តំបន់ ​(Fish Passage Initiative) ​ដែល​សហការ​ជាមួយ​រដ្ឋបាល​ជលផល​កម្ពុជា ​គណៈកម្មការ​ទន្លេមេគង្គ ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជលផល​អាស៊ីអាគ្នេយ៍​ មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ ​និង​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​របស់​ប្រទេស​ជប៉ុន​។

រដ្ឋបាល​ជលផល​កម្ពុជា បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​ជំនួយ​ USAID ​សាងសង់​ផ្លូវ​ត្រី​ចំនួន​២ ក្នុង​ឆ្នាំ​ ២០១៩ ​និង​ ២០២១​។ តាម​ការតាមដាន​ទីតាំង​ទាំង​២​នេះ​បង្ហាញថា​ មាន​ត្រី​ជាង​១លាន​ក្បាល ​ត្រូវ​ជាជាង​១០០​ប្រភេទ​ពូជ​ត្រី​បាន​ឆ្លងកាត់​ផ្លូវ​ត្រី​នេះ ​ដើម្បី​ទៅកាន់​ទីជម្រក​របស់​វា​ ដែល​មិនអាច​ទៅដល់​កាលពី​មុន ​ដែល​មាន​ចម្ងាយ​ជាង​ ២ ០០០ គីឡូម៉ែត្រ​។​

ទីភ្នាក់ងារ​ជំនួយ​អាមេរិក​ USAID ​និង​អង្គការ​ដៃគូ បាន​ចុះទៅ​ពិនិត្យ​ផ្លូវ​ត្រី​ដែល​ទើប​សាងសង់​ថ្មី កាលពី​ថ្ងៃទី​ ២៩ ​ខែសីហា ​ដើម្បី​ពិភាក្សា​អំពី​អត្ថប្រយោជន៍​ របស់​គម្រោង​ជាមួយ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ និង​ជំរុញ​ការអភិវឌ្ឍ​ផែនការ​ទូលំទូលាយ​សម្រាប់​ផ្លូវ​ត្រី​ទូទាំង​ប្រទេស​កម្ពុជា ​និង​ក្នុង​តំបន់។​

សេចក្តីប្រកាស​ ឱ្យដឹងថា ​គំនិត​ផ្តួចផ្តើម​មាន​រយៈពេល ​៥ ​ឆ្នាំ​ ដែលជា​ផ្នែក​មួយ​នៃ​គម្រោង ​ហេដ្ឋារចនាសម្ព័ន្ធ​វៃឆ្លាត​សម្រាប់​ទន្លេមេគង្គ ​បាន​ជួយ​ដល់​បណ្តា​ប្រទេស​ទន្លេមេគង្គ​ក្រោម ​ក្នុងការ​រៀបចំ​សារពើភណ្ឌ ​និង​កំណត់​អាទិភាព​នៃ​ឧបសគ្គ​ចំពោះ​ជណ្តើរ​ត្រី ការបណ្តុះបណ្តាល​អំពី​ការកសាង​ជណ្តើរ​ត្រី ​ព្រមទាំង​ការសម្របសម្រួល​ រវាង​នាយកដ្ឋាន​ធារាសាស្ត្រ ​និង​នាយកដ្ឋាន​ជលផល​ទូទាំង​តំបន់​មេគង្គ​ក្រោម​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ឆ្លងដែន​នេះ​៕