ភ្នំពេញៈ កម្ពុជា និង​ឡាវ​ប្តេជ្ញា​បន្ត​ពង្រឹង និង​ជំរុញ​កិច្ច​សហប្រតិ​បត្តិការ​កង​ទ័ព​ជើង​គោក​រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់​តែ​ស្អិត​រមួត និង​រឹង​មាំ​បន្ថែម​ទៀត ដោយ​ធ្វើការ​ផ្លាស់​ប្តូរ​ទៅ​វិញ​ទៅ​មក​ក្នុង​ផ្នែក​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​។

ការ​ប្តេជ្ញា​ចិត្ត​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក​ ហ៊ុន ម៉ាណែត អគ្គ​មេប​ញ្ជាការ​រង​​កង​យោធពល​ខេមរ​ភូមិន្ទ និង​ជាមេបញ្ជា​ការ​កង​ទ័ពជើង​គោក និង​លោក ខាំលៀង ឧថា​កៃសន អនុរដ្ឋ​មន្ត្រី​ការពារ​ប្រទេស និង​ជាប្រធាន​អគ្គសេនា​ធិការ នៃ​កង​ទ័ព​ប្រជាជន​ឡាវនាថ្ងៃ​ទី ៣០ ខែ​សីហា ក្នុង​ឱកាស​លោក​ទៅ​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​៣ ថ្ងៃ នៅ​រដ្ឋធានី​វៀង​ចន្ទន៍ ប្រទេស​ឡាវ ស្រប​ពេល​ឆ្នាំ​នេះ គឺជា​ខួប​លើក​ទី៦៦ នៃការ​បង្កើត​ចំណង​ការ​ទូត​រវាង​ប្រទេស​ទាំង​២​។

ទស្សន​កិច្ច​លើក​ទី១ ​របស់ លោក ហ៊ុន ម៉ាណែត ទៅ​កាន់ប្រទេស​ឡាវ​គឺ​ជាផ្នែក​មួយ​នៃ​ការ​អនុវត្ត​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ទាំង ​២ ​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​វិស័យ​ការ​ពារ​ជាតិ ដូច​ដែល​ប្រមុខ​រដ្ឋាភិបាល​នៃប្រទេស​ទាំង​២ បាន​ឯក​ភាព​គ្នាក្នុង​ជំនួប​ទ្វេភាគី​ក្នុង​ឱកាស​នៃ​ការ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​លើក​ទី៤ ស្តី​ពី «បញ្ហា​ទឹកនៅ​តំបន់​អាស៊ី-ប៉ាស៊ី​ហ្វិក« នៅ​ប្រទេស​ជប៉ុន កាល​ពី​ខែមេសា។​

បើតាម​សេចក្តី​ប្រកាសព័ត៌​មាន​កង​ទ័ព​ជើង​គោក​ នៃកង​យោធពល​ខេមរភូមិ​ន្ទ​នាថ្ងៃ​ទី ​៣០ ខែសីហា​ លោក ខាំលៀង ឧថា​កៃសន បាន​ចាត់​ទុក​ដំណើរ​ទស្សន​កិច្ច​នេះ គឺជាការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​មួយ​ដ៏សំខាន់​រវាង​កង​ទ័ព​នៃប្រ​ទេសទាំង ​២​ ដោយ​លោក​សង្ឃឹម​ថា​ នឹង​ចូល​រួមចំណែក​ដល់​ការ​លើក​កម្ពស់​ចំណង​មិត្ត​ភាព និ​ងកិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង ​២ ឱ្យ​កាន់​តែរីក​ចម្រើន​ ក្នុ​ងនា​មជាប្រទេស​ជិត​ខាង​ល្អ ដែល​មាន​ទំនាក់​ទំនង​ជា​ប្រវត្តិ​សាស្ត្រ​យូរ​អង្វែង​ជាមួយ​គ្នា​។

លោក ហ៊ុន ម៉ា​ណែត បាន​រំឭក​អំពី​ចំណង​មិត្ត​ភាព​ជាប្រពៃ​ណីរ​វាង កម្ពុជា​-ឡាវ និង​កិច្ច​សហប្រ​តិបត្តិការ​ជិត​ស្និទ្ធ​តាំង​ពីដើម​រៀង​មក ជាពិសេស​ចាប់​តាំង​ពីការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​ផ្លូវ​ការ​ក្នុង​ឆ្នាំ ១៩៥៦ ហើយ​នៅក្នុង​ឆ្នាំ​២០១៩ ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា-ឡាវ ត្រូវ​បាន​លើក​កម្ពស់​ទៅជា «ភាព​ជាដៃ​គូយុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ និង​យូរ​អង្វែង​»។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «ថ្នាក់​ដឹក​នាំនៃ​ប្រទេស​ទាំង​ពីរ ក៏បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួច​មក​ហើយ​ ក្នុងការ​បន្តលើក​កម្ពស់​ទំនាក់​ទំនង​នេះ​ឱ្យមាន​កម្រិត​កាន់​តែខ្ពស់​ឡើង​បន្ថែម​ទៀត។​ ចំពោះទិស​ដៅទៅ​មុខ ភាគី​ទាំង​ ២​ បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង​ និង​ជំរុញ​កិច្ច​សហប្រតិ​បត្តិការ​ក្នុង​កម្រិត​កង​ទ័ព​ជើង​គោក ឱ្យ​កាន់​តែស្អិត​រមួត​ និង​រឹង​មាំបន្ថែម​ទៀត ជាពិសេស​លើស​កម្មភាព​ផ្លាស់​ប្តូរ​ទៅ​វិញ​ទៅ​មក​ក្នុង​ផ្នែក​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស»​។

ប្រភព​ដដែល​បន្តថា​ លោក​ ខាំលៀង ឧថា​កៃសន​ បាន​សម្តែង​នូវ​ការ​ពេញ​ចិត្ត និង​ថ្លែង​អំណរ​គុណ​ចំពោះការ​ជួយ​យក​អាសារ​គ្នា​ទៅវិ​ញទៅមក​រវាង​ប្រទេស និង​ប្រជាជន​ទាំង​ ២​ កម្ពុជា-ឡាវ​ ក្នុង​នាម​ជាអ្នក​ជិត​ខាង​ភូមិ​ផង​របង​ជាមួយ​គ្នាដ៏ល្អ ជាពិសេស​នៅក្នុង​កាលៈ​ទេសៈ​លំបាក​។

ភាគី​ទាំង ២ បានចាត់​ទុក​កិច្ច​សហ​ប្រតិ​បត្តិការ​ក្នុង​កម្រិត​កង​ទ័ព​ជើង​គោក​រវាង​ប្រទេស​ទាំង​ ២ ទ​ទួល​បាន​លទ្ធផល​ផ្លែផ្កា ទោះបី​ជាមាន​ការ​រអាក់​រអួ​លខ្លះ ដោយ​សារ​ផល​ប៉ះពាល់​នៃជំងឺ​កូវីដ ​១៩ ដោយ​ថែរក្សា​បាន​នូវ​សន្តិភាព សន្តិ​សុខ ស្ថិរ​ភាព និង​សណ្តាប់​ធ្នាប់​របៀប​រៀប​រយ​បាន​ល្អ​ប្រសើរ​នៅ​តាម​តំបន់​ព្រំដែន ជាពិសេស​ការរួ​មគ្នាទ​ប់ស្កា​ត់ និង​ប្រយុទ្ធប្រឆាំង​បទ​ល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ​។

សេចក្តី​ប្រកាស​ព័ត៌​មាន​ដដែល​បន្ត​ថា៖ «កត្តា​នេះ ជាការ​បង្ក​លក្ខណៈ​ឱ្យ​ប្រជា​ជន​ទាំង​សង​ខាង ទទួល​បាន​នូវ​ផល​ប្រយោជន៍​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​សេដ្ឋ​កិច្ច និង​ប្រកប​របរ​រក​ទទួល​ទាន​ជា​មួយ​គ្នាទៅ​វិញ​ទៅ​មក សំដៅ​លើក​កម្ពស់​ជីវភាព​ប្រជា​ជន​នៃប្រទេស​ទាំង​២​ឱ្យ​បាន​កាន់​តែរីក​ចម្រើន​»។

ភាគី​ទាំង​ ២ ​ក៏បាន​ពិភាក្សាអំ​ពីស្ថាន​ភាពវិវត្ត​ន៍ថ្មីៗ​នៃបញ្ហា​ប្រឈម​សកល និង​តំបន់​មួយ​ចំនួន ដោយ​បាន​កត់​សម្គាល់​អំពី​សារៈ​សំខាន់​នៃការ​កសាង​ទំនុក​ចិត្ត​ទៅវិញ​ទៅ​មក និង​សុឆន្ទៈ​នៃ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ទ្វេភាគី​ និង​ពហុភា​គី ដើម្បី​ចូល​រួម​ចំណែក​ដោះស្រាយ​បញ្ហាដែ​ល​កើត​មាន និង​ថែ​រក្សា​សន្តិ​ភាព ស្ថិរភាព និង​វិបុល​ភាព​នៅក្នុង​តំប​ន់​៕