ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ទុកពេល​ ៦ ​ខែ​ឱ្យ​ក្រុមហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា លុបបំបាត់​ការលក់ ឬ​ចែកចាយ​ស៊ីម​កាត​មិន​យក​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ពី​អ្នកទិញ ដោយ​ក្រសួង​ព្រមាន​ចាត់វិធានការ​តាមច្បាប់ បើ​រឿង​មិន​ប្រក្រតី​នេះ​នៅ​បន្ត​កើតឡើង ខណៈ​ត្រឹម​ខែ​ឧសភា ឆ្នាំនេះ ការប្រើប្រាស់​ស៊ីមកាត​ដែល​បាន​ចុះឈ្មោះ​មាន​ជាង​ ១៩​ លាន​ស៊ីមកាត​។

ការប្រកាស​ដាក់​ឱសានវាទ​រយៈពេល​ ៦ ​ខែ​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​ជា​ផ្លូវការ​ឱ្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ចាត់​វិធានការ​លុបបំបាត់​ការប្រើប្រាស់​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ក្រោម​ឈ្មោះ​តែ​ម្នាក់ សម្រាប់​អ្នក​ប្រើ​រាប់រយ​នាក់​។

លោក​ សូ វិសុទ្ធី អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ សីហា​ថា ការកំណត់​រយៈពេល​ ៦​ ខែ​នេះ​ជា​ការកំណត់​ថ្មី​ដែល​ទទួល​បាន​ការអនុញ្ញាត​ជា​គោលការណ៍​ពី​រាជរដ្ឋាភិបាល ដើម្បី​លុបបំបាត់​ការលក់ ឬ​ចែកចាយ​ស៊ីមកាត​ដោយ​មិន​យក​ឯកសារ​អត្តសញ្ញាណ និង​ការប្រើប្រាស់​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ក្រោម​ឈ្មោះ​បុគ្គល​ម្នាក់​ សម្រាប់​អ្នកប្រើប្រាស់​រាប់រយ​នាក់​។

លោក​បញ្ជាក់​ថា​៖ «​ការកំណត់​រយៈពេល​ ៦ ​ខែ​នេះ គឺ​គិត​ចាប់ពី​ខែសីហា ឆ្នាំ​ ២០២២ នេះ​តទៅ​។ បន្ទាប់ពី​ផុត​ការកំណត់​រយៈពេល ​៦ ​ខែ​នេះ ហើយ​បាតុភាព​អសកម្ម​នេះ​នៅតែ​បន្ត ក្រសួង និង​និយតករ ទូរគមនាគមន៍​នឹង​សហការ​ជាមួយ អាជ្ញាធរ​ពាក់ព័ន្ធ ចាត់វិធានការ​តាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​»​។

ម្ចាស់​ហាង​លក់​ទូរស័ព្ទ និង​ស៊ីមកាត​ ១​ កន្លែង​នៅ​រាជធានី​ភ្នំពេញ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ សីហា​ថា ហាង​របស់​លោក​នៅតែ​ទទួល​បាន​ការចែកចាយ​ស៊ីមកាត​ដែល​មិន​តម្រូវឱ្យមាន​ការផ្តល់​អត្តសញ្ញាណ​ពី​អ្នកទិញ តាមរយៈ​ភ្នាក់ងារ​លក់​របស់​ក្រុមហ៊ុន​មួយ​ចំនួន និង​ឈ្មួញ​កណ្តាល​។

ម្ចាស់​ហាង​រូបនេះ​បន្តថា បច្ចុប្បន្ន​ហាង​របស់​លោក​នៅតែ​បន្ត​លក់​ស៊ីមកាត​ទាំងនេះ ដោយសារ​តែ​អតិថិជន​ភាគច្រើន​នៅតែ​ស្វែងរក​ប្រភេទ​ស៊ីមកាត​ដែល​មិន​តម្រូវ​ឱ្យ បញ្ជាក់​អត្តសញ្ញាណ ខណៈ​អតិថិជន​ដែល​ស្វែងរក​ស៊ីមកាត​ត្រឹមត្រូវ​ហាក់​មិនសូវ​មាន​នោះទេ​។

លោក​បញ្ជាក់​ថា​៖ «​ស៊ីមកាត​ដែល​ខ្ញុំ​លក់​មិន​តម្រូវ​ភ្ជាប់​អត្តសញ្ញាណ​នេះ គឺមាន​តាម​ប្រភេទ​ស៊ីម ព្រោះ​បើ​ក្រុមហ៊ុន​មិត្តហ្វូន​តែម្តង គឺ​ហាង​យើងខ្ញុំ​ទទួល​ពី​ភ្នាក់ងារ​ក្រុមហ៊ុន​ផ្ទាល់​។ ប៉ុន្តែ​បើ​ស៊ីម​ផ្សេងទៀត គឺមាន​អ្នក​បោះ​លក់​បន្ត ហើយ​មាន​ការចែកចាយ​នៅតាម​ហាង​នីមួយៗ​។ សំខាន់​អ្នកទិញ​ហ្នឹង គាត់​រកតែ​ប្រភេទ​ហ្នឹង ដូចជា​ក្នុង​ហាង​ខ្ញុំ គឺ​ពេលខ្លះ អ្នកទិញ​មុខ​ដដែលៗ គាត់​ប្រើ​ហើយ​បោះចោលៗ​»​។

ទោះ​យ៉ាងណា ក្នុងនាម​ជា​អ្នកលក់​ម្នាក់ លោក​គាំទ្រ​ឱ្យ​ក្រសួង​ប្រៃសណីយ៍ ចាត់​វិធានការ​ដោយ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ ក្នុង​ការលុបបំបាត់​ការលក់ ឬ​ចែកចាយ​ស៊ីមកាត​ដោយ​មិន​យក​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ពី​អ្នកទិញ​នេះ​។

លោក​និយាយ​ថា​៖ «​ខ្ញុំ​សាទរ បើសិន​ជា​ក្រសួង​គាត់​ធ្វើ​អ៊ីចឹង​បាន​គ្រប់គ្នា គ្រប់​កន្លែង​ទាំងអស់​។ ដូច​ស៊ីម ដែល​លក់​នៅ​កន្លែង​ខ្ញុំ គឺ​អ្នក​លក់​ហ្នឹង គាត់​មាន​អត្តសញ្ញាណប័ណ្ណ ​១ គាត់​ភ្ជាប់​រាប់រយ​ស៊ីម ហើយ​ប្រាប់​ពួកខ្ញុំ​ថា មិនចាំ​បាច់​ត្រូវការ​អត្តសញ្ញាណប័ណ្ណ​នោះទេ​។ សូម្បី​តែ​ខ្ញុំ ជា​អ្នកលក់​បន្ត ក៏​ខ្ញុំ​មិន​ដឹងថា កត្តា​នេះ​មកពី​ក្រុមហ៊ុន ឬក៏​បុគ្គល​ណា​ដែរ​។ អ៊ីចឹង​អ្វី​ដែលជា​សំណូមពរ​របស់​ខ្ញុំ បើ​ក្រសួង​អាច​លុបបំបាត់​ទាំងស្រុង​តែម្តង គឺជា​ការប្រសើរ​»​។

ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​សុំ​អត្ថាធិប្បាយ​ពី​បណ្តា​ក្រុមហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា​បាន​ទេ នា​ថ្ងៃទី​ ៣០ សីហា​។ ប៉ុន្តែ តាមរយៈ​ការចុះផ្សាយ​ដោយ​ក្រសួង​ព័ត៌មាន​បាន​ដកស្រង់​សម្តី ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​របស់​ក្រុមហ៊ុន​មិត្តហ្វូន​ (Metfone) ដែល​មិនបាន​បញ្ចេញ​ឈ្មោះថា ខ្លួន​ក៏​កំពុង​ជំរុញ​សាជាថ្មី​ឱ្យ​អតិថិជន​របស់​ខ្លួន ចុះឈ្មោះ​ប្រើប្រាស់​ស៊ីម​កាត​ឱ្យបាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ មិន​ថា​តាមរយៈ​ភ្នាក់ងារ ឬ​ចុះឈ្មោះ​តាម​គេហទំព័រ និង​កម្មវិធី​អ៊ែប​នោះទេ​។

ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​របស់​ក្រុមហ៊ុន​មិត្តហ្វូន (Metfone) ​រូបនេះ​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​មិត្តហ្វូន​តែងតែ​ជំរុញ​លើក​ទឹកចិត្ត​ឱ្យ​អតិថិជន​របស់ខ្លួន​គោរព​តាមច្បាប់ ពីព្រោះ​រដ្ឋាភិបាល ជាពិសេស​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ណែនាំ​ឱ្យ​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ទាំងអស់​បញ្ចូល​ព័ត៌មាន​អតិថិជន​របស់ខ្លួន​ នៅពេល​ដែល​ពួកគាត់​ទិញ​ស៊ីមកាត​ថ្មី ឬ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​របស់​អតិថិជន​ចាស់ៗ​របស់​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ និង​ហ្មត់ចត់​»​។

បើតាម​លោក​ សូ វិសុទ្ធី គិត​ត្រឹម​ខែឧសភា ឆ្នាំ​ ២០២២ ​នេះ ចំនួន​ស៊ីមកាត ដែល​ត្រូវបាន​ប្រើប្រាស់​រាល់ថ្ងៃ​នៅ​កម្ពុជា​មាន​ប្រមាណ​ ១៩,៤៤ ​លាន​ស៊ីមកាត​។ ក្រសួង​ប្រៃសណីយ៍​នៅតែ​បន្ត​ជំរុញ​ឱ្យ​ពលរដ្ឋ​ចូលរួម​ប្រើប្រាស់​ស៊ីមកាត​ទាំងអស់​នេះ ដោយ​ធ្វើការ​ចុះឈ្មោះ​ឱ្យបាន​ត្រឹមត្រូវ​៕