
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានប្តូរវេននៃបណ្តាញទីក្រុងឆ្លាតអាស៊ានថ្លែងក្នុងពិធីបើកកិច្ចប្រជុំនេះនៅថ្ងៃទី ៣០ ខែសីហា តាមប្រព័ន្ធវីដេអូ។ រូបថត Sar Kheng' Page
ភ្នំពេញៈ កម្ពុជាធ្វើជាម្ចាស់ផ្ទះបើកកិច្ចប្រជុំបណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) លើកទី៥ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដើម្បីផ្លាស់ប្តូរទស្សនវិស័យនៃការអភិវឌ្ឍក្រុង និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនដែលរស់នៅក្នុងក្រុងប្រកបដោយបរិយាប័ន្ន និងឆ្លើយតបនឹងស្មារតីនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣ នៅសិង្ហបុរីកាលពីឆ្នាំ ២០១៨។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានប្តូរវេននៃបណ្តាញទីក្រុងឆ្លាតអាស៊ានថ្លែងក្នុងពិធីបើកកិច្ចប្រជុំនេះនៅថ្ងៃទី ៣០ ខែសីហា តាមប្រព័ន្ធវីដេអូបានរំឭកថា ក្នុងឱកាសស្វាគមន៍គណៈប្រតិភូកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនូវគំនិតផ្ដួចផ្ដើមសំខាន់ចំនួន ២ សម្រាប់បណ្តាញទីក្រុងឆ្លាតអាស៊ាន ក្នុងនោះគំនិតផ្តួចផ្តើមទី១ គឺការដោះស្រាយចំពោះការគំរាមកំហែងដល់ភាពរស់រាននៃជីវិតក្នុងតំបន់ និងក្នុងពិភពលោកដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការខូចខាតផ្នែកបរិស្ថាន។
លោក ស ខេង បន្តថា ក្នុងគំនិតផ្តួចផ្តើមទី១ នេះបណ្តាញទីក្រុងឆ្លាតអាស៊ាន និងបណ្តាទីក្រុងនានានៅអាស៊ាននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកប្រែក្លាយតំបន់អាស៊ានទៅកាន់អនាគតបៃតង ដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច ហើយថា កិច្ចការនេះនឹងអាចគ្របដណ្តប់លើវិស័យជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កម្មន្តសាលកសិកម្ម ការដឹកជញ្ជូន បរិស្ថាន និងហិរញ្ញវត្ថុ ដោយមានបច្ចេកវិទ្យានវានុវត្តន៍ និងការកែច្នៃ ដើម្បីប្រើប្រាស់ឡើងវិញដែលនឹងបំពេញតួនាទីជាកត្តាជំរុញ។
ចំពោះគំនិតផ្តួចផ្តើមទី២ ពាក់ព័ន្ធនឹងវិធានការ ដើម្បីស្ដារ និងងើបឡើងវិញចេញពីផលប៉ះពាល់នៃជំងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពវិញ លោក ស ខេង បញ្ជាក់ថា បណ្តាក្រុងនានានៃប្រទេសអាស៊ានក៏ត្រូវបានទទួលស្គាល់ថាបានបំពេញតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការរួមចំណែកសម្រេចកិច្ចការនេះដែលកន្លងមកទីក្រុង ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ បានបំពេញកិច្ចការយ៉ាងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ និងបានអន្តរាគមន៍ទាន់ពេលនូវបញ្ហានានាដែលបង្កដោយជំងឺនេះ។
លោកថ្លែងថា៖ «សន្តិភាព និងស្ថិរភាពដែលអាស៊ានទទួលបានអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកបានធ្វើឱ្យអាស៊ានក្លាយជាតំបន់មានការរីកចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន...»។
ក្នុងនាមកម្ពុជាជាប្រធានប្តូរវេននេះ លោក ស ខេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការផ្ដល់នូវការគាំទ្រ និងកិច្ចសហការដល់កម្ពុជាពីសំណាក់អគ្គលេខាធិការដ្ឋានអាស៊ាន ដៃគូសន្ទនារបស់អាស៊ាន និងបណ្តាប្រទេសទាំង ១០ របស់អាស៊ានដែលបានរួមគ្នាក្នុងការសម្រេចកិច្ចការក្នុងស្មារតីស្នូលរបស់អាស៊ាន ចក្ខុវិស័យ ១ អត្តសញ្ញាណ ១ និងសហគមន៍តែ ១»។
លោក សុខ លូ អភិបាលខេត្តបាត់ដំបងប្រាប់ភ្នំពេញប៉ុស្តិ៍ក្រោយកិច្ចប្រជុំនេះថា កិច្ចប្រជុំលើកទី៥ នេះគឺកម្ពុជាជាប្រធានប្តូរវេនដែលប្រទេសទាំង ១០ នៅអាស៊ានបានលើកយកទីក្រុងរបស់ខ្លួនមកបង្ហាញពីការអភិវឌ្ឍ។
ដោយឡែកកម្ពុជាបានលើកយកទីក្រុងបាត់ដំបង សៀមរាប និងក្រុងភ្នំពេញមកបង្ហាញ។
លោកថា កិច្ចប្រជុំនេះគឺពិតជាសំខាន់ដែលឆ្លើយតបនឹងស្មារតីនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ កាលពីឆ្នាំ ២០១៨ នៅសិង្ហបុរី។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានដាក់ចេញផែនការសម្រាប់កិច្ចប្រជុំលើកទី៦ នៅកោះបាលីរបស់ឥណ្ឌូនេស៊ីនៅឆ្នាំក្រោយផងដែរ៕