ភ្នំពេញៈ ក្នុង​ ១ ​ឆ្នាំៗ (​គិត​ចាប់ពី​ឆ្នាំ​ ២០១៧ ដល់​ខែសីហា ឆ្នាំនេះ​) ​មន្ដ្រី​ឧទ្យានុរក្ស​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​បាន​ជាង​ ៨ ០០០ ​ករណី ក្នុង​នោះ​បទល្មើស​ជាង ៨០០ ​ករណី​ត្រូវបាន​ចងក្រង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ខណៈ​ ៨ ​ខែ ឆ្នាំនេះ បង្ក្រាប​បទល្មើស​បាន ៤ ២៥០ ករណី​ដែល​ភាគច្រើន​ជា​បទល្មើស​កាប់​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ បទល្មើស​ព្រៃឈើ និង​បទល្មើស​សត្វព្រៃ​។ នេះ​បើតាម​ក្រសួង​បរិស្ថាន​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​សមិទ្ធផល​រយៈពេល ៥ ​ឆ្នាំ​របស់​ក្រសួង​បរិស្ថាន​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី ​៣០ ខែសីហា​ថា បច្ចុប្បន្ន​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ទ្រង់ទ្រាយ​ធំ លែង​កើតមាន​ទៀតហើយ​នៅមាន​បទល្មើស​ខ្នាតតូច ដែល​មន្ត្រី​ជំនាញ​ ជាពិសេស​មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន​បន្ត​ទប់ស្កាត់ និង​បង្ក្រាប​ជាប្រចាំ​។

លោក​ថ្លែងថា​៖ «​ក្នុង​ ១ ​ឆ្នាំៗ (​គិត​ចាប់ពី​ឆ្នាំ​ ២០១៧) បទល្មើស​ជាង​ ៨ ០០០​ ករណី​ត្រូវ​បាន​បង្ក្រាប​ដោយ​មន្ត្រី​ឧទ្យានុរក្ស​ដែលជា​មន្ត្រីនគរបាល​យុត្តិធម៌ ហើយ​ក្នុង​នោះ បទល្មើស​ចំនួន​ជាង ៨០០ ​ករណី​ត្រូវបាន​ចងក្រង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។ បទល្មើស​ទាំងនោះ ក៏ត្រូវ​បាន​ធ្វើការ​អប់រំ ចុះកិច្ច​សន្យា បញ្ឈប់ និង​ពិន័យ​អន្តរការណ៍​ហើយ​បទល្មើស​ខ្លះ​ជា​អញត្តជន​»​។ តាមរយៈ​ការបង្ក្រាប​បទល្មើស​នេះ រណារយន្ត​ប្រមាណ ៥ ០០០ ​គ្រឿង កាំភ្លើង​កែច្នៃ​ជិត ១ ០០០ ​ដើម ត្រូវ​បាន​ដកហូត និង​អន្ទាក់​ប្រមាណ ៥០ ០០០ ត្រូវ​បាន​ដោះចេញ​ពី​តំបន់​ការពារ​ធម្មជាតិ​។ ចំណែក​វត្ថុតាង​រួមមាន ម៉ូតូ គោយន្ត​កន្រៃ្ត រថយន្ត ត្រាក់ទ័រ ប្រមាណ​ជាង ១ ០០០ ​គ្រឿង​ត្រូវបាន​ដកហូត​ជាមួយ​ការរឹបអូស​ឈើ​ជាច្រើន​ពាន់​ម៉ែត្រគុប​ផងដែរ​។

លោក ភក្ត្រា បានឱ្យ​ដឹងថា សម្រាប់ ៨ ​ខែ ឆ្នាំ​ ២០២២​ នេះ (​ពីថ្ងៃ​ទី​ ១ ខែមករា ដល់​ថ្ងៃទី​ ១៥ ខែសីហា​) មន្ត្រី​ឧទ្យានុរក្ស​បាន​ចុះ​ល្បាត​ចំនួន ១៤ ៦៩២ លើក បង្ក្រាបបាន​បទល្មើស​ចំនួន ៤ ២៥០ ​ករណី​ដែល​ភាគច្រើន​ជា​បទល្មើស​កាប់​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ បទល្មើស​ព្រៃឈើ និង​បទល្មើស​សត្វព្រៃ​។ តាមរយៈ​ការបង្ក្រាប​នេះដែរ មន្ដ្រី​ឧទ្យានុរក្ស បាន​ដកហូត​វត្ថុតាង​ជា​ឈើ​អារ​ចម្រុះ​ចំនួន ៧៥៨ ​ម៉ែត្រគុប ដកហូត​វត្ថុតាង​ជា​មធ្យោបាយ ឧបករណ៍​សម្ភារ​ក្នុង​នោះ​រួមមាន​រណារយន្ត​ចំនួន ១ ៧២៤​ គ្រឿង រថយន្ត ៥១ ​គ្រឿង ត្រាក់ទ័រ​ចំនួន​ ៧ ​គ្រឿង គោយន្ត​កន្រៃ្ត​ចំនួន​ ១៣៨​ គ្រឿង ម៉ូតូ ១៥២ ​គ្រឿង ដោះ​អន្ទាក់​សត្វ​ចំនួន ២៦ ៥៨៨ ​អន្ទាក់ ដកហូត​អាវុធ​កែច្នៃ​ចំនួន ៣៤៤ ​ដើម បានធ្វើ​ការអប់រំ និង​ចុះកិច្ចសន្យា​ចំនួន​ ១ ១៦៧​ ករណី​បាន​ធ្វើ​ពិន័យ​អន្តរការណ៍​ចំនួន ២៥៨ ករណី និង​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ ៣៥៣ ​ករណី​។

លោក​បញ្ជាក់​ថា​៖ «​ក្រសួង​បរិស្ថាន និង​អង្គការ​ដៃគូ​បាននិង​កំពុង​អនុវត្ត​វិធានការ​ច្បាប់​ផង និង​វិធានការ​សេដ្ឋកិច្ច​ផង ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​។

លោក ភក្ដ្រា លើកឡើង​ថា ដោយសារតែ​កត្តា​សុខសន្តិភាព​ពេញលេញ កម្ពុជា​មាន​ឱកាស​គ្រប់គ្រាន់ និង​មាន​ធនធាន​សម្រាប់​ការងារ​អភិរក្ស ហើយ​ដោយសារ​តែ​ភាពប្រសើរ​ឡើង​នៃ​ការអភិរក្ស​នេះ​បាន​ធ្វើឱ្យ​កម្ពុជា​អាច​រកចំណូល​បាន​ពី​ការអភិរក្ស​របស់​ខ្លួន តាមរយៈ​ការលក់​ឥណទាន​កាបូន ក្នុង​គម្រោង រេដបូក គម្រោង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​វិស័យ​ព្រៃឈើ និង​ការបង់​សេវា​ប្រព័ន្ធ​អេកូឡូស៊ី​។ រេដបូក គឺជា​យន្តការ​ហិរញ្ញវត្ថុ​និរន្តរភាព ដើម្បី​គាំទ្រ​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​សម្បូរ​ទៅ​ដោយ​ព្រៃឈើ​ទទួល​បាន​ថវិកា​យក​មក​ប្រើប្រាស់​ក្នុង​ការការពារ​ធនធាន​ព្រៃឈើ និង​លើកកម្ពស់​ជីវភាព​សហគមន៍​ក្នុង​ប្រទេស​សាមី​ និង​ការចូលរួម​ចំណែក​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​ក្នុង​សកលលោក​។

លោក​ថា ចាប់ពី​ឆ្នាំ​ ២០១៦ ក្រសួង​បរិស្ថាន​បាន​រៀបចំ និង​កំពុង​អនុវត្ត​គម្រោង​រេដបូក​ចំនួន ៣ រួមមាន គម្រោង​រេដបូក​កែវសីមា គម្រោង​រេដបូក​ក្រវាញ​ខាងត្បូង និង​គម្រោង​រេដបូក​ព្រៃឡង់​។ គម្រោង​រេដបូក​ទាំង​ ៣ ​ខាងលើនេះ​កន្លងមក​បាន​ទទួល​ថវិកា​ពី​ការលក់​ឥណទាន​កាបូន​ប្រមាណ ១១,៦ ​លាន​ដុល្លារ​អាមេរិក ដែល​ថវិកា​ទាំងនេះ​ត្រូវ​បាន​បែងចែក​ ដើម្បី​អភិរក្ស និង​ការការពារ​ព្រៃឈើ​។

គម្រោង​រេដបូក​ទាំង​ ៣ ខាងលើ​គ្របដណ្តប់​ទៅលើ​ផ្ទៃដី​ប្រមាណ ១,២៧ ​លាន​ហិកតា ស្មើនឹង ១៧,៦ ​ភាគរយ​នៃ​ផ្ទៃដី​តំបន់​ការពារ​ធម្មជាតិ​ទាំងអស់​។

ក្រសួង​បរិស្ថាន​កំពុង​រៀបចំ​គម្រោង​រេដបូក​បន្ថែមទៀត​លើ​ផ្ទៃដី​ចំនួន ១,១៩ ​លាន​ហិកតា ដែល​នឹង​ធ្វើឱ្យ​ផ្ទៃដី គម្រោង​រេដបូក​សរុប​នឹងមាន​ចំនួន ២៤៦ លាន​ហិកតា (​ស្មើនឹង ៣៤,១ ភាគរយ​នៃ​ផ្ទៃដី​តំបន់​ការពារ​ធម្មជាតិ​ទាំងអស់​)​។ «​នេះ​គឺជា​របត់​ថ្មី​ដ៏សំខាន់​មួយ ដែល​កម្ពុជា​យើង​ពេលបច្ចុប្បន្ន​ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន បាន​ទទួល​ចំណូល​ពី​ការអភិរក្ស​របស់​ខ្លួន និង​បាន​កំពុង​លុបបំបាត់​ទស្សនៈ​ថា ទាល់តែ​កាប់​ព្រៃឈើ​ទើបបាន​ប្រាក់​ចំណូល​មកជា​ប្រទេស ដែល​ទទួល​បាន​ប្រាក់ចំណូល​ពី​ការការពារ និង​អភិរក្ស​ព្រៃឈើ​របស់ខ្លួន​ក្រោម​ទិស​ស្លោក រក្សា​ឈើ​ឈរ ដើម្បី​ជា​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច និង​សង្គមជាតិ​»​។

លោក​ថា កម្ពុជា​ទទួល​បាន​ជោគជ័យ​លើ​ការលក់​ឥណទាន​កាបូន​នេះ បាន​លើកតម្កើង​នូវ​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ ដែល​មិនមាន​ប្រទេស​ច្រើន​ទេ ក្នុង​ពិភពលោក​អាច​ធ្វើ​បាន និង​បាន​ទប់ទល់​ជាមួយ​នឹង​យុទ្ធនាការ​បង្អូច​កេរ្តិ៍ឈ្មោះ​កម្ពុជា​ក្នុង​រូបភាព​ថា កម្ពុជា​មាន​បទល្មើស​ព្រៃឈើ​ច្រើន​ជាងគេ​លើ​ពិភពលោក​៕