ព្រះវិហារៈ កម្ពស់​ទឹកស្ទឹង​សែន​ក្នុង​ទីរួមខេត្ត​ព្រះវិហារ​នៅ​ព្រឹក​ថ្ងៃទី​ ៣០ ​សីហា បាន​បន្ដ​ហក់ឡើង​ដល់ ១២,៧២ ​ម៉ែត្រ លើស​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​ជាង​ ១,២២ ​ម៉ែត្រ​។

លោក ចាប កុយ ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​ព្រះវិហារ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេល​នេះ ទឹកបាន​បន្ត​ជន់លិច​លំនៅឋាន​ពលរដ្ឋ​មួយ​ចំនួន​បន្ថែមទៀត​នៅ​ភាគ​ពាយព្យ​នៃ​ក្រុង​ព្រះវិហារ ដែល​ជា​តំបន់​ទំនាប​បាតខ្ទះ​។

លោក​ថ្លែងថា​៖ «​ការជន់​ឡើង​នៃ​កម្ពស់​ទឹក​ស្ទឹងសែន​នៅ​ព្រះវិហារ​នាពេលនេះ គឺ​បណ្ដាល​មកពី​មាន​ការបើក​រំដោះ​ទឹក​ពី​អាងទឹក​រក្សា​ក្នុង​ស្រុក​ជ័យសែន បន្ទាប់ពី​ទឹក​ក្នុង​អាង​នេះ ហក់​ឡើង​ដល់​កម្រិត​កម្ពស់​ ៤៤,៤៣ ​ម៉ែត្រ កាលពី​ថ្ងៃទី​ ២៩ ខែសីហា »​។

បើតាម​លោក​ ចាប កុយ អាងទឹក​រក្សា​ដែល​ទើប​សាងសង់​រួចរាល់​ជា​ស្ថាពរ​កាលពី​ជាង ​១​ ខែ​មុន​មាន​សមត្ថភាព​ផ្ទុក​ទឹកបាន​ជាង ​២៩៣ ​លាន​ម៉ែត្រគុប​។ បច្ចុប្បន្ន អាងទឹក​នេះ​បាន​ទទួល​ទឹក​ពី​ព្រែក អូរ នានា នៅ​ផ្នែក​ខាងលើ​នៃ​ក្បាល​ស្ទឹងសែន​បាន​ជាង​ ២៥៦​ លាន​ម៉ែត្រគុប​ហើយ ដែល​បរិមាណ​នេះ តម្រូវ​ឱ្យ​ធ្វើការ​បើក​បង្ហូរ​ទឹក​ចេញ​ខ្លះ ដើម្បី​សម្រាល​សម្ពាធ​ទំនប់​អាងទឹក​នេះ​ការពារ​ការបាក់​ស្រុត​។

តាម​ការព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ចេញផ្សាយ​នៅ​ថ្ងៃទី​ ៣០ ខែសីហា ប្រទេស​កម្ពុជា​នៅ​បន្ត​ទទួលរង​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់​មូសុង​និរតី ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម រួមទាំង​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​កំពុង​អូស​កាត់​ភាគ​ខាងជើង​ប្រទេស​ថៃ ឡាវ និង​វៀតណាម ដែល​អាច​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ដោយ​អន្លើ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម និង​មាន​លាយឡំ​ផ្គរ​រន្ទះ​។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ថ្លែងថា នៅក្នុង​រយៈពេល​ពេញ​ ១ ​សប្ដាហ៍​នេះ ស្ថានភាព​អាកាសធាតុ​នៅក្នុង​ខេត្ត​ព្រះវិហារ ពុំមាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​ខេត្ត​នេះ​ទេ​។ លោក​ថា​៖ «​បើ​ពិនិត្យ​ទៅលើ​ស្ថានភាព​អាកាសធាតុ​បច្ចុប្បន្ន ជំនន់​ទឹក​ស្ទឹងសែន​នៅក្នុង​ខេត្តព្រះវិហារ​ក៏​នៅ​មិនទាន់​បង្ក​ជា​ហានិភ័យ​អ្វី​ធ្ងន់ធ្ងរ​នោះដែរ ព្រោះ​ទឹក​នៅតាម​អូរ​ព្រំដែន​ភាគ​ខាងលើ​ក្បាល​ស្ទឹង​នេះ​បាន​ស្រក​អស់ហើយ​»​។

យោងតាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ជំនន់​ទឹក​ស្ទឹងសែន ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ​គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែសីហា បាន​ធ្វើឱ្យ​ខូចខាត និង​ប៉ះពាល់​ដំណាំ​ស្រូវ​ចំនួន​ ៣ ២៦២ ​ហិកតា ដំណាំ​រួមផ្សំ​ ២ ០៨៣ ​ហិកតា និង​ផ្លូវលំ​ជនបទ​មួយចំនួន​នៅក្នុង​ក្រុង​-​ស្រុក​ចំនួន​ ៤ និង​ធ្វើឱ្យ​ប៉ះពាល់​ពលរដ្ឋ​ចំនួន​ ៤៨៧ ​គ្រួសារ​៕