ភ្នំពេញៈ ក្រុម​អ្នកវិទ្យាសាស្ត្រ​អភិរក្ស​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៃ​អង្គការ​អភិរក្ស​អន្តរជាតិ (CI) ​បាន​ប្រកាស​បន្ត​បេសកកម្ម​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​វើនសៃ-សៀមប៉ាង នៅក្នុង​ខេត្តរតនគិរី និង ស្ទឹងត្រែង ក្រោយ​ពេលដែល​បាន​រកឃើញ​ជា​បន្តបន្ទាប់​ពី​វត្តមាន​សត្វ​ទោច​ថ្ពាល់​លឿង​ជិត​ ៤០០ ​ក្រុម ដែលមាន​ចំនួន​ជាង​ ១ ៥០០ ​ក្បាល ចាប់តាំងពី​ឆ្នាំ​ ២០០៧​។

អង្គការ CI បាន​ចាប់ផ្តើម​ចូលរួម​ការងារ​អភិរក្ស​នៅ​ឧទ្យានជាតិ​វើនសៃ-សៀមប៉ាង តាំងពី​ឆ្នាំ​ ២០០៧ ដែល​ក្នុងនោះ​ពេលនោះ អង្គការ​នេះ​បាន​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយសារ​តែ​ក្នុងនោះ​តំបន់​នេះ ត្រូវបាន​គេ​ហៅថា​ជា តំបន់​អភិរក្ស វើនសៃ-សៀមប៉ាង​។

នៅក្នុង​ឆ្នាំ​ ២០១៦ តំបន់​ឧទ្យាន​ជាតិ វើនសៃ-​សៀមប៉ាង ត្រូវបាន​ប្រកាស​ទៅជា​តំបន់​ការពារ​ដែល​ត្រូវបាន​បង្កើតឡើង​ជា​ផ្លូវការ​ថា ជា​តំបន់​ឧទ្យាន​ជាតិ ក្នុងន័យ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ធនធាន​ធម្មជាតិ​ដែល​ស្ថិត​ក្នុង​ការគ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន​។

លោក ហ៊ុន ណាវេន ប្រធាន​កម្មវិធី​អភិរក្ស​នៃ​អង្គការ CI បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ សីហា​ថា ចាប់ពី​ពេល​នោះ​មក អង្គការ​ CI បាន​សហការ​ជាមួយ​ក្រសួង​បរិស្ថាន មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី និង​ស្ទឹងត្រែង និង​សហគមន៍​មូលដ្ឋាន ដើម្បី​ការពារ​តំបន់​នេះ​។ បេសកកម្ម​នេះ ក៏​នៅតែ​បន្ត​ក្នុង​ការអភិរក្ស និង​ការគ្រប់គ្រង​តំបន់​នេះ ដើម្បី​ធានា​ដល់​ការរស់នៅ​របស់​សត្វ​ទោច​ប្រភេទ​នេះ និង​ការរស់នៅ​របស់​ប្រជាសហគមន៍​នៅក្នុង​តំបន់​។

លោក​ថា​៖ «​ការអភិរក្ស និង​ការគ្រប់គ្រង​តំបន់​នេះ​របស់​យើង គឺមាន​រយៈពេល​វែង ហើយ​យើង​មិនមាន​ផែនការ​បញ្ឈប់​ភ្លាមៗ​នោះទេ ដោយសារ​តែ​យើង​មាន​គោលដៅ​អភិរក្ស​តំបន់​នេះ​រយៈពេល​វែង ដើម្បី​ធានា​បាន​នូវ​ហិរញ្ញប្បទាន​ប្រកប​ដោយ​និរន្តរភាព​រយៈពេល​វែង និង​កសាង​សមត្ថភាព​របស់​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋាន​ក្នុង​ការគ្រប់គ្រង​តំបន់​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ សហគមន៍​មូលដ្ឋាន​នៅក្នុង​តំបន់​នេះ គឺជា​ជនជាតិ​ដើម​ភាគតិច ហើយ​ពួកគាត់​ពឹង​ផ្អែកលើ​ធនធានធម្មជាតិ​សម្រាប់​ម្ហូបអាហារ ថ្នាំពេទ្យ និង​ប្រាក់ចំណូល​»​។

តំបន់​ឧទ្យាន​ជាតិ​វើនសៃ-​សៀមប៉ាង ស្ថិតនៅ​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​គឺជា​តំបន់​តែ ១ ​គត់​ក្នុង​ប្រទេស​កម្ពុជា ដែលមាន​ប្រភេទ​សត្វ​ស្វា​ក្រវាត់​ជើង​ក្រហម ដ៏​គួរឱ្យ​ភ្ញាក់ផ្អើល​ដែល​នៅមាន​ចំនួន​ដ៏ច្រើន ហើយ​អ្នក​វិទ្យាសាស្ត្រ​របស់​អង្គការ​អភិរក្ស​អន្តរជាតិ​បាន​រកឃើញ​ប្រភេទ​សត្វ​ទោច​ថ្ពាល់​លឿង​ ១ ​ប្រភេទ​នេះ នៅ​តំបន់​ភាគ​ខាងជើង​។ ​ប្រភេទ​សត្វ​នេះ ត្រូវបាន​រកឃើញ​តែ​នៅក្នុង​ជម្រក​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម ខណៈ​វា​ត្រូវបាន​ចាត់ថ្នាក់​ជា ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅក្នុង​បញ្ចី​សត្វ​ជិត​ផុត​ពូជ IUCN Red​ List​។

លោក ហ៊ុន ណាវេន បាន​បញ្ជាក់ថា ការការពារ​សត្វ​ប្រភេទ​នេះ​គឺមាន​សារៈសំខាន់​ណាស់ ហើយ​តំបន់​ឧទ្យាន​ជាតិ វើនសៃ-​សៀមប៉ាង មាន​ផ្ទៃដី​ដែល​គ្របដណ្តប់​ភាគច្រើន​ដោយ​ព្រៃ​ខៀវស្រងាត់​មាន​តំបន់​តូចៗ​វាលស្មៅ និង​ព្រៃ ដែល​តំបន់​ទាំងនេះ​បាន​ផ្តល់​ជម្រក​សំខាន់​សម្រាប់​សត្វព្រៃ ខណៈ​តំបន់​នេះ គឺជា​តំបន់​ការពារ​ដ៏រឹងមាំ​ជា​សកល​សម្រាប់​សត្វ​ទោច​ថ្ពាល់​លឿង​ភាគ​ខាងជើង​។

លោក​បាន​បញ្ជាក់​ថា​៖ «​សត្វ​ទោចថ្ពាល់​លឿង​ទាំងនេះ​ដើរតួនាទី​សំខាន់​ក្នុង​អេកូ​ទេសចរណ៍ និង​ជា​អ្នក​ចែកចាយ​គ្រាប់ពូជ​។ សួនឧទ្យាន​ជាតិ​វើនសៃ-​សៀមប៉ាង​គ្របដណ្តប់ ៥៧ ៤៦៩ ​ហិកតា មាន​សត្វ​ទោច​ថ្ពាល់​លឿង​ប្រមាណ ៣៨៩ ​ក្រុម ដោយ​ក្នុងនោះ គេ​អាច​​សន្និដ្ឋាន​បាន​ថា មាន​ទោច​ថ្ពាល់​លឿង​ចំនួន ១ ៥៥៦ ​ក្បាល​»​។

លោក ហ៊ុន ណាវេន បានបង្ហាញ​ក្តីបារម្ភ​ថា ដោយសារតែ​មាន​ការ​គំរាម​កំហែង​សំខាន់ៗ​មួយចំនួន​ចំពោះ​សត្វ​ទោច រួមទាំង​ទីជម្រក​ធម្មជាតិ​របស់​ពួកវា ពី​ការធ្វើ​កសិកម្ម​ខ្នាតតូច និង​ខ្នាត​ធំ ការកាប់​ឈើ​ខុសច្បាប់ និង​ការបរបាញ់​។ អង្គការ CI បាននិង​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​បរិស្ថាន អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​ក្នុង​ការពង្រឹង​ការអនុវត្ត​ច្បាប់ ការអភិវឌ្ឍ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់ និង​ការស្រាវជ្រាវ និង​ការអភិរក្ស​ជីវចម្រុះ​ក្នុង​តំបន់​នេះ ដើម្បី​ធ្វើឱ្យ​ប្រាកដ​ថា សត្វ​ទោច​ថ្ពាល់​លឿង និង​ជម្រក​​ធម្មជាតិ​របស់​វា​ត្រូវបាន​ការពារ​។

លោក​ថា​៖ «​អង្គការ CI ក៏បាន​ធ្វើការ​ជាមួយ​សហគមន៍ ដើម្បី​បង្កើត​សហគមន៍​ទេសចរណ៍​ធម្មជាតិ​ដោយ​ផ្តោតលើ​ការដើរ​ទស្សនា​សត្វ​ទោច​ថ្ពាល់​លឿង​ខាងជើង​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​វើនសៃ-​សៀមប៉ាង​។

លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន ថ្លែងថា សត្វទោច​ថា្ពល់​លឿង​នេះ គឺជា​សត្វ​កម្រ​នៅលើ​​ពិភពលោក ហើយ​ការរកឃើញ​ប្រភេទ​សត្វ​នេះ នៅក្នុង​តំបន់​អភិរក្ស​កម្ពុជា ដែល​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​រៀបចំ​ផែនការ​ពេញលេញ និង​ត្រឹមត្រូវ ដើម្បី​ធ្វើការ​ការពារ និង​អភិរក្ស​ប្រភេទ​សត្វកម្រ​នេះ​ឱ្យបាន​គង់វង្ស​បន្ថែមទៀត​។ ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​តាម​ការសិក្សា​នៅ​ឆ្នាំ​ ២០២០ មាន​ប្រមាណ ៦៩៩ ​ក្រុម ហើយ​តាម​ការសន្និដ្ឋាន​គឺមាន​ប្រមាណ ៩៣៧ ​ក្បាល បើ​ករណី​តាម​ការសន្និដ្ឋាន​នៅ​តំបន់​វើនសៃ-​សៀមប៉ាង នេះ សត្វ​ប្រភេទ​នេះ​មាន​ដល់​ទៅ ជាង ១ ៥០០ ក្បាល នឹង​ធ្វើ​ឱ្យ​តំបន់​នេះ​មាន​សត្វ​ទោច​ថ្ពាល់​លឿង​ច្រើន​ជាងគេ​៕