
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបថត SPM
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ៣១ ខែសីហា បានថ្លែងដោយសុំអភ័យទោសទៅដល់ក្រុមហ៊ុននៅក្រៅប្រទេស ដែលមានពលករខ្មែរកំពុងធ្វើការនៅទីនោះហើយបានឈប់ និងបានចាកចេញភ្លាមមកកាន់កម្ពុជាវិញ ដែលធ្វើឱ្យប៉ះពាល់ដល់ការផលិត ព្រោះតែជឿតាមការបំផុសបំផុលបែបអបិយជំនឿ ដោយប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ លោក ខឹម វាសនា។
លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសនៅថ្ងៃទី ៣១ ខែសីហា ថា៖ «សូមរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ជប៉ុន និងថៃ អនុញ្ញាតឱ្យខ្ញុំសុំធ្វើការអភ័យទោស អំពីកង្វះខាតនៃពលករកម្ពុជាដែលត្រូវចាញ់បោកគេ ហើយលះបង់ចោលការងារធ្វើនៅទីនោះ វិលចូលមកស្រុក សូមកុំឱ្យរដ្ឋាភិបាលនៃប្រទេសទាំងអស់ ដែលមានពលករធ្វើការនៅប្រទេសរបស់ខ្លួនដាក់ពាក្យបណ្តឹង ទាមទារសំណងពីរដ្ឋាភិបាលកម្ពុជា ឬពីបុគ្គលិកដែលរត់ចេញចោលការងារ»។
លោក ថ្លែងថា៖ «សូមកុំផ្សារភ្ជាប់ពលករកម្ពុជាផ្សេងទៀតជាមួយអ្នកដែលប្រព្រឹត្តកំហុស ដោយសារការចាញ់បោក សម្រាប់តាព្រហ្ម (ខឹម វាសនា) នៅប្រទេសកម្ពុជា។ ខ្ញុំកំពុងតែបារម្ភអំពីចំណុចនេះថា ថៅកែមួយចំនួន ដែលសង្វាក់ផលិតកម្មកំពុងដើរ ស្រាប់តែពលករចេញផុតមកប៉ះពាល់ដល់ដំណើរផលិតគេ»។
លោក ថ្លែងថាការបំផុសបំផុលនេះ មិនត្រឹមតែធ្វើឱ្យខាតប្រយោជន៍ដល់ពលករក្រៅប្រទេសប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខាតប្រយោជន៍ដល់ពលរដ្ឋក្នុងស្រុកដែលជឿតាមការឃោសនានោះ ឈានដល់ការលក់ទ្រព្យសម្បត្តិ និងគ្រួសារខ្លះលែងគ្នាទៀតផង។
ការស្នើសុំយោគយល់ពីបណ្តាប្រទេសទាំងនោះ បន្ទាប់ពលករដែលធ្វើការនៅប្រទេសជប៉ុន ថៃ ជាពិសេសប្រទេសកូរ៉េ បាននាំគ្នាវិលមកកម្ពុជាវិញ ដើម្បីចូលរួមជាមួយលោក ខឹម វាសនា នៅឯចម្ការរបស់លោកនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប៕