​ភ្នំពេញៈ អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រុមការងារ​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​ឯកភាពគ្នា​ទៅលើ​គោលការណ៍​សំខាន់ៗ លើ​កិច្ចសហប្រតិបត្តិការ ក្នុងការ​កំណត់​គោលដៅ មុខសញ្ញា សម្រាប់ធ្វើ​ការស្រាវជ្រាវ ស៊ើបអង្កេត និង​សង្គ្រោះ​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ​នៅ​កម្ពុជា​។ នេះ​បើតាម​លោក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​។​

ការឯកភាព​គ្នា​នេះ​តាមរយៈ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី​ការចាត់តាំង​អនុវត្ត​ផែនការ​ប្រតិបត្តិ​ការបង្កើន​ការប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ ដែល​ដឹកនាំ​ដោយ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ចូលរួម​ពី​ក្រុមការងារ​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (​គ​.​ស​.​ម​.​ក​) កាលពី​ថ្ងៃទី​ ៣០ ខែសីហា នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

លោក កត្ដា អ៊​ន អ្នកនាំពាក្យ គ​.​ស​.​ម​.​ក​. បាន​ថ្លែង​កាលពី​ថ្ងៃទី ​៣១ ខែ សីហា ឆ្នាំ​ ២០២២ ថា តាមរយៈ​កិច្ចប្រជុំ​នេះ ក្រុមការងារ​បាន​ឯកភាព​លើ​ការពង្រឹង​កិច្ចសហការ និង​ចែករំលែក​ព័ត៌មាន​គ្នា​ក្នុងការ​បំពេញភារកិច្ច​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស ជួញដូរ​កម្លាំង​ពលកម្ម​ការងារ និង​អាជីវកម្ម​ផ្លូវភេទ​។​

លោក​ថ្លែងថា​៖ «​ក្នុង​កិច្ចប្រជុំ​នេះ ក្រុមការងារ​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ក៏បាន​ឯកភាពគ្នា​ប្រឹងប្រែង​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព លុបបំបាត់​ភាព​អសកម្ម និងអំពើ​ខុសច្បាប់​របស់​មន្ត្រី​មួយចំនួន​ផងដែរ​»​។​

លោក កត្តា អ៊ន បានឱ្យដឹងថា ក្រុមការងារ​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ឯកភាព​ពង្រឹង​ផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធ​នានា ជាពិសេស​ច្បាប់​ស្តីពី​ការប្រឆាំង​ការជួញដូរ​មនុស្ស ច្បាប់​អន្តោប្រវេសន៍ ច្បាប់​ការងារ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ជាដើម​។​

លោក​បន្តថា ក្រៅពីនេះ​ក្រុមការងារ​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ឯកភាព​ពង្រឹង​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍ និង​ជនបរទេស​ចេញចូល និង​ស្នាក់នៅ​កម្ពុជា​។ អន្តរាគមន៍​ឱ្យទាន់​ពេលវេលា និង​ចាត់វិធានការ​ផ្លូវច្បាប់ ក្នុង​ការងារ​បង្ក្រាប និង​ស៊ើបអង្កេត​ចាប់ខ្លួន​ជនល្មើស និង​ជន​ពាក់ព័ន្ធ​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

លោក​បញ្ជាក់ថា ក្រុមការងារ​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ឯកភាព​ថែមទៀត​លើ​កិច្ចសហការ​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ក្នុងការ​ចែករំលែក​ព័ត៌មាន និង​វិធានការ​បង្ក្រាប​បទល្មើស និង​បង្កើន​សមត្ថភាព​មន្ត្រី​ជំនាញ​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​នេះ​។​

លោក ឆាយ គឹម​ខឿន បាន​ថ្លែង​ក្រោយ​កិច្ចប្រជុំ​ថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង ដើម្បី​ពិគ្រោះ​ពិភាក្សា​អំពី​គោលការណ៍​សំខាន់ៗ​ជា​អាទិភាព សម្រាប់​បើក​ប្រតិបត្តិ​ការអនុវត្ត​ផែនការ​បង្កើន​ការប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​ការជួញដូរ​ផ្លូវភេទ​។​

​លោក​បញ្ជាក់ថា​៖ «​អង្គប្រជុំ​ក៏​ទទួលបាន​ធាតុ​ចូល​សំខាន់ៗ​ពី​សមាជិក សមាជិកាហើយ​ក៏បាន​ឯកភាពគ្នា​ធ្វើការ​ផ្សព្វផ្សាយ​ខ្លឹមសារ​ប្រតិបត្តិការ​ជាក់ស្តែង​នៅ​ថ្ងៃ​សុក្រ​ខាងមុខនេះ​»​។​

លោក​បញ្ជាក់ថា ក្នុង​អង្គប្រជុំ​ក៏បាន​ឯកភាពគ្នា​ទៅលើ​គោលការណ៍​សំខាន់ៗ​សម្រាប់​បម្រើឱ្យ កិច្ចសហប្រតិបត្តិការ​ទាំង​ការកំណត់​គោលដៅ មុខសញ្ញា សម្រាប់ធ្វើ​ការស្រាវជ្រាវ ស៊ើបអង្កេត និង​សង្គ្រោះ​ជាពិសេស គឺ​ការដាក់ចេញ​នូវ​វិធានការ​សំដៅ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធ​ភាពឆ្លើយតប​ទៅនឹង​គោលបំណង និង​សំណូមពរ​នៃ​ផែនការ​។​

ទាក់​ទ​នឹង​នឹង​ការប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ​នៅ​កម្ពុជា​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​ ៣០ ខែ សីហា ឆ្នាំ​ ២០២២ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ក្រុមហ៊ុន​ ១​ កន្លែង ស្ថិតនៅ​ភូមិ​ ៦ សង្កាត់​ ៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ដោយ​រកឃើញ​ជនជាតិ​ម៉ាឡេស៊ី ១៦ ​នាក់​ ត្រូវគេ​បង្ខាំង​ទុកឱ្យ​ធ្វើការ និង​បាន​ឃាត់​ជនជាតិ​ចិន ១​ នាក់​។ នេះ​បើតាម​លោក ខៀវ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​។​

លោក​បញ្ជាក់ថា ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​បណ្តឹង​ចូល​ប្រព័ន្ធ Hotline ក្រុមការងារ​សម្តេច​ក្រ​ឡា​ហោម ស ខេង ថា មាន​ការចាប់​បង្ខាំង​ទុក​ជនជាតិ​ម៉ាឡេស៊ី ១៦ ​នាក់ ដើម្បី​ឱ្យនៅ​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន នៅក្នុង​ខេត្ត​ព្រះសីហនុ ចំនួន ១ ករណី​។ ក្នុងចំណោម​ជនរងគ្រោះ ចំនួន ១៦ ​នាក់​មាន​ស្រី ៥ ​នាក់​ផងដែរ​។​

លោក​បន្តថា ​ដោយបាន​ចុះទៅ​ដល់ទី​តាំង និង​មាន​ការចូល​រួមសហកា​រ​ពី​ម្ចាស់​ទីតាំង កម្លាំង​សមត្ថកិច្ច​បាន​ស្វែង​រកឃើញ បុរស និង​ស្ត្រី ជនជាតិ​ម៉ាឡេស៊ី ១៦ នាក់ (​ដែល​ក្នុង​បណ្តឹង​អះអាងថា​ជា​ជនរងគ្រោះ​) កំពុងធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ខាងលើ ទើប​កម្លាំង​សមត្ថកិច្ច​បាន​នាំ​អ្នកគ្រប់គ្រង​ជនជាតិ​ចិន ១ នាក់ មក​ធ្វើការ​សាកសួរ បន្ត​នីតិវិធី​។​

បើ​យោងតាម​របាយការណ៍​ដែល​ចុះផ្សាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបានឱ្យដឹងថា គិតពី​ថ្ងៃទី​ ១ ខែ មករា ដល់​ថ្ងៃទី​ ២០ ខែ សីហា ឆ្នាំ​ ២០២២ អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​បាន​រកឃើញ និង​ជួយសង្គ្រោះ​ជនបរទេស​ចំនួន ៨៧ ករណី​ស្មើនឹង​ប្រមាណ ៨៦៥ នាក់ ព្រមទាំង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចំនួន ១៧ ករណី ជនសង្ស័យ​សរុប​ចំនួន ៦០ នាក់​»​។​

ដោយឡែក​នា​សប្ដាហ៍​ទី​៤ ខែសីហា អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​បាន​បើក​កិច្ចប្រតិបត្តិការ​ជួយសង្គ្រោះ​ជនរងគ្រោះ​សរុប​ចំនួន ៧ ករណី ដោយបាន​សង្គ្រោះ​ជនរងគ្រោះ​សរុប​ចំនួន ២៥ នាក់ (​មាន ៦ សញ្ជាតិ​) និង​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន ២៣​ នាក់ (​មាន ៤ សញ្ជាតិ​) នៅក្នុង​ខេត្ត​ព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕