
សមត្ថកិច្ចឆែករកគ្រឿងញៀនបង្កប់ក្នុងរថយន្តដែលបង្ក្រាបបានកាលពីព្រឹកថ្ងៃ ៣១ សីហា ។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ បុរសម្នាក់ក្នុងចំណោមក្រុមជនសង្ស័យជាតិថៃ ៤ នាក់ ត្រូវបានបាញ់ស្លាប់នៅក្នុងរថយន្ត និងអ្នកដំណើរ ៣ នាក់ បានរងរបួសក្នុងហេតុការណ៍ផ្ទុះអាវុធតដៃជាមួយសមត្ថកិច្ចក្នុងពេលបង្ក្រាបបទល្មើសគ្រឿងញៀនធំមួយនៅព្រឹកថ្ងៃទី ៣១ សីហា ក្នុងភូមិទី៣ សង្កាត់-ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាប្រតិបត្តិការដែលសមត្ថកិច្ចរឹបអូសបានគ្រឿងញៀនជាង ៤០ គីឡូក្រាម។
លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀនប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣១ សីហាថា ការបង្ក្រាបបទល្មើសគ្រឿងញៀននេះ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបាននៅថ្ងៃទី ៣១ សីហា ឆ្នាំ២០២២ នៅភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះជនសង្ស័យទាំង ៤ នាក់ បានបំផ្ទុះអាវុធបាញ់មកលើសមត្ថកិច្ច ដើម្បីរារាំងប្រតិបត្តិការនេះ ហើយពួកគេម្នាក់បានត្រូវគ្រាប់កាំភ្លើងស្លាប់ក្នុងប្រតិបត្តិការនេះ។
លោកថ្លែងថា៖ «ក្រុមជនសង្ស័យមានគ្នា ៤ នាក់ និងមានកាំភ្លើង ២ ដើមឯណោះ ហើយពួកគេបានបាញ់តដៃជាមួយសមត្ថកិច្ចរបស់យើង»។
បើតាមលោក អ៊ិន សុង មុនមានការបង្ក្រាបជនសង្ស័យខាងលើគឺកម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនបានប្រើពេលស៊ើបអង្កេតជាប់រហូត ហើយមកដល់ថ្ងៃទី ៣១ សីហា សមត្ថកិច្ចក៏បានចុះបង្ក្រាបបទល្មើសជាក់ស្តែងតែម្តង។ ប៉ុន្តែក្រុមជនសង្ស័យបានប្រើអាវុធខ្លី ២ ដើម បាញ់សំដៅមកលើសមត្ថកិច្ចធ្វើឱ្យកម្លាំងសមត្ថកិច្ចបាញ់ការពារខ្លួនធ្វើឱ្យជនសង្ស័យម្នាក់ស្លាប់នៅក្នុងរថយន្ត រីឯ ៣ នាក់ទៀត ត្រូវបានចាប់ខ្លួន។
លោកបានបញ្ជាក់ថា បទល្មើសនេះ ក្រុមជនសង្ស័យបានប្រើរថយន្ត ២ គ្រឿង ដែលរថយន្ត ១ គ្រឿងម៉ាកហ្វតដឹកដើមផ្កា តែបានបង្កប់កញ្ចប់គ្រឿងញៀននៅខាងក្រោម និងរថយន្ត ១ គ្រឿងទៀតម៉ាក MG ពាក់ស្លាកលេខភ្នំពេញ 2BL-7217។
ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចជំនាញបានបាញ់បំបែកកង់រថយន្តហ្វត ១ គ្រឿងផងដែរ។ ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមានគ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី និងមេតំហ្វេតាមីនជាង ៤០ គីឡូក្រាម។
ករណីបង្ក្រាបបទល្មើសគ្រឿងញៀននេះ មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់ជ្រោយចង្វារមួយរូបសុំមិនបញ្ចេញឈ្មោះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣១ សីហាថា ក្នុងពេលបង្ក្រាបនោះ ក្រុមជនសង្ស័យបានបាញ់តដៃជាមួយសមត្ថកិច្ចនៅលើដងផ្លូវ ហើយចៃដន្យបានត្រូវអ្នកដំណើរចំនួន ៣ នាក់ ដែលកំពុងធ្វើចរាចរណ៍លើផ្លូវ។ពលរដ្ឋដែលត្រូវរបួសទាំងនោះមានបុរសអ្នកបើកម៉ូតូកង់បីម្នាក់ និងបុរសម្នាក់ទៀតដែលអ្នកទាំង ២ មានអាយុជាង ៣០ ឆ្នាំដូចគ្នា។ចំណែកម្នាក់ទៀតជាបុរសវ័យចំណាស់មានអាយុជាង ៧០ ឆ្នាំ។
មន្ត្រីនគរបាលរូបនោះបានបញ្ជាក់ថា៖ «ជនរងគ្រោះជាអ្នកដំណើរទាំង ៣ នាក់នោះ សុទ្ធតែត្រូវរបួសជើងទាំងអស់។ តាមមើលទៅពួកគេបើកបរមិនបានចាប់អារម្មណ៍អីទេដល់ធ្វើដំណើរមកដល់ក៏ជួបនឹងហេតុការណ៍បែបនេះទៅ»៕