កំពង់ឆ្នាំងៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន តែងតែ​ចាត់​ទុក​ការ​ងារ​បោស​សម្អាត​មីន ជាការងារ​ស្នូល និង​អាទិភាព ក្នុង​បុព្វហេតុ​សង្រ្គោះ ស្តារ កសាង និងការ​អភិវឌ្ឍ​ប្រទេស​ជាតិ ក្នុង​នោះ​​ខេត្តកំពង់​ឆ្នាំង គឺជា​ខេត្ត​អាទិភាព​មួយ ក្នុង​ចំណោ​មខេត្ត​ដទៃ​ទៀត សម្រាប់​ការ​អនុវត្ត​គម្រោង «សម្តេច​តេជោ​សម្រាប់​សកម្មភាព​មីន ផ្តល់​ដីសុវត្ថិ​ភាព បង្កើត​ស្នាម​ញញឹម​»។

ខេត្ត​កំពង់​ឆ្នាំង​ក៏ជា​ខេត្ត​មួយ​ដែល​នឹង​ត្រូវ​ប្រកាស​ជាខេត្ត​អស់​មីន ក្នុង​ខែធ្នូ ឆ្នាំ​ ២០២២ ខាង​មុខនេះ​ផង​ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី លោក​ទេសរដ្ឋ​មន្រ្តី លី ធុជ អនុ​ប្រធាន​ទី១ អាជ្ញាធរ​មីន នា​ថ្ងៃទី​ ៣១ ​ខែ​សីហា ​នៅរដ្ឋ​បាល​ខេត្ត​កំពង់​ឆ្នាំង ក្នុង​កិច្ច​ប្រជុំផ្ស​ព្វផ្សាយ​ស្តីពីវិ​ស័យ​សកម្មភាព​មីននៅ​កម្ពុជា និង​ការអនុវត្ត​គម្រោង ​«សម្តេច​តេជោ​សម្រាប់​សកម្ម​ភាព​មីន​» ដើម្បី​ខេត្ត​កំព​ង់​ឆ្នាំង អស់​មីន​។

លោក​ លី ធុជ មាន​ប្រសាសន៍​ថា៖ «​សម្តេច​តេ​ជោ តែង​តែ​ចាត់​ទុកការងារ​បោស​សម្អាត​មីន ជាការងារ​ស្នូល និង​អាទិភាព ក្នុង​បុព្វ​ហេតុ​សង្រ្គោះ ស្តារ កសាង និង​អភិវឌ្ឍ​ប្រទេស​ជាតិ ហើយ​បេសក​កម្ម​នៃការ​ងារ​បោស​សម្អាត​មីន​នេះ​ គឺជាការ​អនុវត្ត​នូវ​ទស្សន​វិស័យ និង​គោល​បំណង​របស់​នាយករដ្ឋ​មន្រ្តី ក្នុង​ការបញ្ចប់​នូវ​ការ​ឈឺ​ចាប់ ការ​ភ័យ​ខ្លាច និងទុក្ខ​លំបាក​របស់​ប្រជា​ជន​កម្ពុជា ដែល​បង្កឡើង​ដោយ​សារ​គ្រាប់​មីន និង​សំណល់​ជាតិផ្ទុះ​ពីសង្រ្គាម ក្រោយ​សង្រ្គាម​»។

ក្នុង​ឱកាស​នោះ លោក​ទេសរដ្ឋ​មន្រ្តីបាន​អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់ បន្តគាំទ្រ​ការដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្រ្តី ដើម្បី​បន្ត​រក្សា​សន្តិ​ភាព និង​ការ​អភិវឌ្ឍ​ជាតិ​មាតុ​ភូមិ។

គួររំឭក​ផង​ដែរថា ក្រៅពី​ខេត្ត​កំពង់​ឆ្នាំង កម្លាំង​នៃ​មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ​(​ស៊ីម៉ាក់​) នឹង​ចំ​ណា​យ​រយៈពេល​ ១១ ខែ ​​ក្នុងការ​ប្រែក្លាយ​ទំហំ​ផ្ទៃដី​ប្រមាណ​ជា​ ១១ ​គីឡូម៉ែត្រ​ក្រឡា ​ដែល​មាន​ចម្ការមីន ​រហូតដល់​ទៅជាង ​១០០​ ចម្ការ នៅ​ខេត្ត​កំពត ឱ្យ​ទៅជា​តំបន់​សុវត្ថិ​ភាព​ដែល​គ្មាន​មីន​វិញនៅ​ពាក់​កណ្តាល​ឆ្នាំ​ ២០២៣​ ខាង​មុខ​។​​​

លោក លី ធុជ បាន​លើក​ឡើង​ឱ្យ​ដឹងកាល​ពីថ្ងៃទី​ ២៩ ខែសីហាថា ​​​​កម្លាំង​ដោះ​មីន​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ក្នុង​ខេត្ត​ចំនួន​ ៥ ​ដើម្បី​ប្រកាស​ជា​ខេត្ត​អស់​មីន​ ដែល​ខេត្ត​ទាំងនោះ​ រួមមាន​ ខេត្ត​កំពង់​ចាម​ កំពង់​ឆ្នាំង ​តាកែវ ​កំពត ​និង​ខេត្ត​ស្វាយ​រៀង ​ក្នុង​ទំហំ​ផ្ទៃ​ដី​មាន​មីន​ប្រមាណ ​៣១​ គីឡូ​ម៉ែត្រ​ក្រឡា​។​

​​​​​​​​នៅ​​ដើមខែ​កក្កដា ​កន្លងទៅ​នេះ ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ និង​សប្បុរសជន​ឱ្យចូល​រួម​វិភាគ​ទាន​ជាមួយ​រាជរដ្ឋា​ភិបាល​ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​កម្ពុជា​គ្មាន​គ្រាប់​មីន​ (សូន្យ​មីន) ​នៅ​ឆ្នាំ ២០២៥ ​ដោយ​ប្រើ​នូវ​ចលនា​ជាតិ​របស់​កម្ពុជា ​ក្នុងការ​បញ្ចប់​បញ្ហា​មីន។​

​សូម​បញ្ជាក់​ថា មាន​ខេត្ត​ចំនួន​ ៣​ ហើយ​ ត្រូវ​បាន​ប្រកាស​ជា​ខេត្ត​ដែល​អស់​មីន ក្នុង​នោះ​មាន ខេត្ត​កែប ​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្ទឹង​ត្រែង ​ហើយ​កម្ពុជា​នៅសល់​ ២២ ​រាជធានី​-ខេត្ត​ទៀត ​ដែល​បន្ត​រង​ផលប៉ះ​ពាល់​ដោយ​សារគ្រាប់មីន​ ​ក្នុង​ទំហំ​ផ្ទៃដី​សរុប​ ៧១៦ ០៣៩ ៧១២​ ម៉ែត្រ​ការ៉េ ​(៧១ ៦០៣,៩​ ហិកតា)៕