ភ្នំពេញៈ ការដាក់​ចេញ​ក្របខ័ណ្ឌ​អនុវត្ត​ការជំរុញ ​លើ​ការថែទាំ​សុខភាព​បឋមនៅ​កម្ពុជា ​ជាការចូល​រួម​ចំណែក​មួយ​ជួយ​ធ្វើយ៉ាង​ណា​ឱ្យ​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​ជាតិ ​ដែល​បាន​ដាក់ចេញ ​អាចអនុវត្ត​ទៅបាន ​និង​ឈាន​ទៅដល់​ការកំណត់​បាន​នូវ​កិច្ចការ​ដែល​អាច​ចងក្រង​ចុងក្រោយ​ទៅជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​គ្រប់គ្នា​យកទៅ​អនុវត្ត​។ នេះ​ជាការ​លើកឡើង​របស់​មន្ត្រី​សុខាភិបាល​។​

លោក​ស្រី ​ឱ វណ្ណឌីន ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​ក្រុមការងារ​អភិវឌ្ឍន៍ ​និង​គ្រប់គ្រង​ក្របខ័ណ្ឌ​អនុវត្ត​ន៍ការជំរុញ​បង្កើន​ការងារ​ថែទាំ​សុខភាព​បឋម ​(Taskforce for Primary Health Care Booster) ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ក្របខ័ណ្ឌ​ជំរុញ​ការអនុវត្ត​ថៃ​ទាំ​សុខភាព​បឋម​នៅ​កម្ពុជា ​កាលពី​ថ្ងៃទី ​៣០ ​សីហា ​ថ្លែងថា ​ការចាត់ចែង​នូវ​សេចក្តីព្រាង​នេះ​ឡើង ​ដោយ​ផ្អែកលើ​បទពិសោធ​ដែល​បាន​រៀនសូត្រ​នោះ​គឺ​ការឆ្លើយតប​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩​។

បើតាម​លោកស្រី​ ឱ វណ្ណឌីន ​ការចូលរួម​របស់​បុគ្គល ​ក្រុមគ្រួសារ ​ក៏ដូចជា ​របស់​សហគមន៍​ នៅតែ​ជា​កត្តា​ស្នូល​សម្រាប់​រាល់​កិច្ចការ​ដែល​ទាក់ទង​នឹង​ការធ្វើឱ្យ​ប្រសើរ​ឡើង ​នូវ​សុខភាព​របស់​ប្រជាជន​។​

លោកស្រី​បញ្ជាក់ថា​៖ «អ៊ីចឹង​! យើង​ចង់​ជំរុញ​ដោយ​ប្រើប្រាស់ ​នូវ​បទពិសោធ​នេះ​ ដោយ​ចាប់យក​ការទទួល​ខុសត្រូវ​របស់​បុគ្គល​របស់​គ្រួសារ ​និង​សហគមន៍​ជា​ចំណុច​ស្នូល ​ហើយ​យើង​នឹង​ជំរុញ​នូវ​ការងារ​ថែទាំ​សុខភាព​បឋម​នេះ​តាម​មូលដ្ឋាន​របស់​យើង»។​

​លោកស្រី​ ឱ វណ្ណឌីន ​បន្ថែមថា​៖ «ហើយ​ការណ៍​ដែល​យើង​ចាត់ចែង​រៀបចំ​នេះ​ ក៏​ត្រូវមាន​ក្របខ័ណ្ឌ​អនុវត្ត​ឱ្យបាន​ច្បាស់លាស់ ​ដែល​យើង​ហៅថា ​ក្របខ័ណ្ឌ​អនុវត្ត​ការជំរុញ ​ការបង្កើន​ការថែទាំ​សុខភាព​បឋម​នេះ»។​

​ក្នុង​ក្របខ័ណ្ឌ​ការអនុវត្ត​នេះ​ អភិវឌ្ឍ​ឡើង​ដោយ​ផ្អែកលើ​ឯកសារ​គោល​នយោបាយ​សុខាភិបាល​ជាតិ ​ដែល​បច្ចុប្បន្ន​កំពុងតែ​ឈាន​ទៅលើ​ការសម្រេច​ចុងក្រោយ ​គឺ​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​ជាតិ ​ដំណាក់កាល​ទី​៤ ​ដែល​ហៅថា​ HSP4​។ ក្នុង​ផែនការ​យុទ្ធសាស្ត្រ​នេះ ​ក៏មាន​ការលើកឡើង ​នូវ​ការជំរុញ​ការថែទាំ​សុខភាព​បឋម​នេះ​ដែរ​។ នេះ​បើតាម​លោកស្រី​ ឱ វណ្ណឌីន​។​

លោកស្រី​ថ្លែងថា​ ការដាក់ចេញ​នូវ​ក្របខ័ណ្ឌ​អនុវត្តន៍​នេះ​ គឺជា​ការចូលរួមចំណែក​មួយ​ជួយ​ធ្វើយ៉ាងណា​ឱ្យ​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​ជាតិ ​ដែល​បាន​ដាក់ចេញ​នេះ​ អាចអនុវត្ត​ទៅបាន ​និង​ឈាន​ទៅដល់​ការកំណត់​បាន​នូវ​កិច្ច​ការដែល​ក្រសួង​អាច​ចងក្រង​ចុងក្រោយ​ទៅជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​យកទៅ​អនុវត្ត។​

បើតាម​មន្ត្រីជាន់ខ្ពស់​រូបនេះ​ ការអនុវត្ត​ក្របខ័ណ្ឌ​នេះ​នឹង​ធ្វើជា​ដំណាក់កាលៗ ​ដោយ​ប្រើប្រាស់​ពាក្យ​អភិក្រម​ដែលជា​ភាសា​អង់គ្លេស​ថា​ Do, Adopt និង Achieve ​គឺ​មានន័យថា​ ធ្វើ ការតម្រូវ​ កែសម្រួល ​សម្រប​ឱ្យ​ត្រូវ​នឹង​ស្ថានភាព​ជាក់ស្តែង ​ហើយ​ចុងក្រោយ​គឺ​សម្រេច​នូវ​កិច្ច​ការដែល​«យើង​នឹង​អនុវត្ត»។​

លោកស្រី​ វណ្ណឌី​ន ​ប្រាប់ថា​៖ «នៅក្នុង​ដំណើរការ​នេះ ​មានការ​គាំទ្រ​ពេញ​ទំហឹង​ពី​អង្គការ​សុខភាព​ពិភពលោក​ដែល​បានចាប់​ផ្តើម​ធ្វើ​ជាមួយគ្នា ​ឱ្យមាន​ការលេចឡើង​នូវ​សេចក្តីព្រាង​ក្របខ័ណ្ឌ​ជំរុញ​ការអនុវត្ត​ការថែទាំ​សុខភាព​បឋម​នៅ​កម្ពុជា​នេះ​ឡើង ​ដោយបាន​ចាប់ដៃគ្នា​ ហើយ​យើង​ក៏មាន​ការចូលរួម​ពី​អង្គការ​យូនី​សេហ្វ ​រួម​នឹង​អង្គការ​មួយចំនួន​ទៀត​ផងដែរ»។​

ក្រសួង​សុខាភិបាលឱ្យដឹងថា ​ក្នុង​សិក្ខាសាលា​នេះ​នឹងធ្វើ​ការពិភាក្សា ​និង​ផ្តល់យោបល់​លើ​សេចក្តីព្រាង​ក្របខ័ណ្ឌ​អនុវត្ត​ការជំរុញ​បង្កើន​ការងារ​ថែទាំ​សុខភាព​បឋម ​នៅ​កម្ពុជា ​ដើម្បី​ប្រើប្រាស់​ក្នុងការ​អភិវឌ្ឍ​សេចក្តីព្រាង​បញ្ចប់ ​នៃ​ក្របខ័ណ្ឌ​នេះ។​

ក្រសួង​ថា​ អ្នកចូលរួម​នឹង​ស្វែងរក​ចំណុច​ចាប់ផ្ដើម ​នៃ​ការអនុវត្ត​ក្របខ័ណ្ឌ ​ដែល​បាន​រួមគ្នា​អភិវឌ្ឍ​ចេញ​ជា​សេចក្តីព្រាង​នេះ​ឡើង ​រួមទាំង​យន្តការ​នានា​ដែល​អាច​ជំរុញឱ្យមាន​ការចូលរួម​អនុវត្ត ​ប្រកប​ដោយ​ឆន្ទៈ​ និង​ការទទួល​ខុសត្រូវ​ខ្ពស់ ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ​ជាពិសេស​ពី​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ​ដែលជា​អ្នកអនុវត្ត​ផ្ទាល់​នៅ​នឹង​កន្លែង​តែម្តង។​

ទាក់ទង​នឹង​ក្របខ័ណ្ឌ​អនុវត្តន៍​ការជំរុញ​ការថែទាំ​សុខភាព​នេះ ​លោកស្រី ​ឱ វណ្ណឌីន ​ធ្លាប់បាន​បញ្ជាក់ថា​៖ «​អ្វី​ដែល​យើង​ចង់ឃើញ ​គឺ​យើង​ចង់បាន​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ ​មាន​ភាពល្អ​ប្រសើរ​។ កាត់បន្ថយ​ជា​អតិបរមា ​គឺ​អត្រា​ឈឺ ​និង​អត្រា​ស្លាប់ ​ហើយ​ជាពិសេស​ពួកគាត់​អាច​ការពារ​បាន​នៅក្នុង​ក្រុមគ្រួសារ​របស់​គាត់​ពី​ការចម្លង​នូវ​ជំងឺ​តម្កាត់​ផ្សេងៗ ​និង​ពួកគាត់​ចេះ​ការពារ​គាត់​ជា​អតិបរមា ​នូវ​ហានិភ័យ ​ដែល​អាច​កើតឡើង​នូវ​ជំងឺ​មិន​ឆ្លង»៕