
ការប្រកួតបវរកញ្ញាកម្ពុជាកាលពីថ្ងៃទី ២៧ សីហា ដែលរងការរិះគន់ពីការស្លៀកពាក់មិនសមរម្យ ។ រូបថត Cambodia Pageantry
ភ្នំពេញៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងស្ថាប័នពាក់ព័ន្ធនឹងបើកកិច្ចប្រជុំជាមួយម្ចាស់ផលិតកម្មមហាហង្សនៅថ្ងៃទី ១ ខែកញ្ញា ដើម្បីពិនិត្យឡើងវិញនូវកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា បន្ទាប់ពីមានការរិះគន់ពាក់ព័ន្ធសម្លៀកបំពាក់ស៊ិចស៊ី និងការបង្ហាញល្បែងស៊ីសងនៅលើឆាកប្រកួត។
ការកោះប្រជុំជាបន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ៣១ ខែសីហា បានថ្លែងថា ប្រតិកម្មជុំវិញកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា (Miss Grand Cambodia) និងបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈពិនិត្យឡើងវិញ បន្ទាប់ពីមានការរិះគន់ពីសំណាក់មហាជន។
លោកថ្លែងថា៖ «ពិនិត្យឡើងវិញនូវកម្មវិធីបវរកញ្ញាឃើញគេបង្ហោះព្រោងព្រាតតំណាងក្រុងបាវិត តំណាងក្រុងប៉ោយប៉ែត សុទ្ធតែល្បែង និងមានការស្រែកឡូឡា។ អ៊ីចឹងភារកិច្ចរបស់ក្រសួងវប្បធម៌ ត្រូវធ្វើភ្លាមៗ ថ្ងៃក្រោយសូមឱ្យពិនិត្យមើលឡើងវិញ ខ្ញុំមិនថាខុសត្រូវយ៉ាងម៉េចទេ ក៏ប៉ុន្តែមតិមហាជនសម្តែងការសោកស្តាយ យើងត្រូវស្តាប់សំឡេងនេះផង ហើយធ្វើការកែតម្រូវ។ ក្មួយដែលទៅសម្តែងគ្មានកំហុសទេ ព្រោះគេឱ្យសម្តែងម៉េច ត្រូវសម្តែងនោះ គេឱ្យស្លៀកអី ត្រូវស្លៀកនោះ អ៊ីចឹងអត់ខុសអ្នកទៅប្រកួតទេ គឺខុសអ្នកចាត់ដឹកនាំ»។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រសួងនឹងបើកកិច្ចប្រជុំជាមួយស្ថាប័នពាកព័ន្ធ រួមមាន ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន ដែលនឹងជួបជាមួយអគ្គនាយកផលិតកម្មមហាហង្សលោក អ៊ិន សុភិន នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២២ ដើម្បីពិនិត្យលើកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា។
ជាមួយគ្នានេះដែរ ក្រសួងកិច្ចការនារីបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញាដែលមានបេក្ខនារីបង្ហាញភាពស៊ិចស៊ីជ្រុលហួសហេតុ មានលក្ខណៈស្រើបស្រាល លេចលើលេចក្រោមធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ។
សេចក្តីប្រកាសរបស់ក្រសួងកិច្ចការនារីចុះថ្ងៃទី ៣០ ខែសីហា លើកឡើងថា នាពេលកន្លងទៅថ្មីៗនេះ មានការកើនឡើងគួរឱ្យព្រួយបារម្ភនៃការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាននិងបណ្តាញសង្គម ដោយបង្ហាញឈុតឆាកសម្លៀកបំពាក់មិនសមរម្យដែលដើរតួបង្ហាញដោយស្ត្រីខ្មែរមួយចំនួនតូចក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញា (Miss Grand Cambodia) ក្នុងរូបភាពស៊ិចស៊ីជ្រុលហួសហេតុ បង្ហាញលក្ខណៈស្រើបស្រាល លេចលើ លេចក្រោម ។
សេចក្តីប្រកាសបន្តថា «ទង្វើនេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ព្រមទាំងបង្ហាញនូវគំរូមិនល្អសម្រាប់យុវជន យុវតី កុមារា កុមារី ជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិដែលអាចយល់ច្រឡំលើទំនៀមទម្លាប់សម្លៀកបំពាក់ស្ត្រីខ្មែរ ។
ក្រសួងកិច្ចការនារីសម្ដែងការសោកស្តាយនិងថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះសកម្មភាពបែបនេះ ដែលមិនត្រឹមតែពុំបានរួមចំណែកលើកស្ទួយវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ផ្ទុយទៅវិញ ទង្វើទាំងនោះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ។
ជាមួយគ្នានេះ ក្រសួងកិច្ចការនារី បានអំពាវនាវដោយទទូចដល់បុគ្គលដែលរៀបចំកម្មវិធីបែបនេះ សូមរក្សានូវសេចក្ដីថ្លៃថ្នូរក្នុងកម្មវិធីរបស់ខ្លួន កុំឱ្យប្រាសចាកពីវប្បធម៌ សីលធម៌ សេចក្តីថ្លៃថ្នូររបស់ជាតិខ្មែរ និងមិនគួររៀបចំកម្មវិធីទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់អរិយធម៌ វប្បធម៌ជាតិ កិត្តិយស សេចក្ដីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ តាមគ្រប់រូបភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
សូមជម្រាបថា បន្ទាប់ពីមានការរិះគន់យ៉ាងច្រើនពីសំណាក់អ្នកសិល្បៈ និងមហាជនរួចមក នៅយប់ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២២ កន្លងទៅ ម្ចាស់ផលិតកម្មមហាហង្ស ដែលរៀបចំកម្មវិធីនេះ បានចេញលិខិតសុំទោសជាសាធារណៈនូវរាល់កំហុសឆ្គងរបស់ខ្លួនដែលបានប្រព្រឹត្តនិងបានសម្ដែងការសោកស្ដាយនូវកំហុសឆ្គងដោយអចេតនានេះ ហើយបានសន្យាថា នឹងកែតម្រូវឱ្យបានល្អប្រសើរឡើងវិញ៕