ភ្នំពេញៈ ​សមាគម​អ្នក​និពន្ធ​ខ្មែរ ​នឹង​ក្លាយជា​សមាគម​អន្តរជាតិ​ទី១​ ដែល​នឹង​ចុះ​អនុស្ស​រណៈ​យោគយល់​លើ​កិច្ចសហប្រតិបត្តិការ​ ជាមួយ​សាកលវិទ្យាល័យ​នរេសួន ​នៅ​ប្រទេស​ថៃ​ នា​ចុង​ឆ្នាំ​ ២០២២​ ទៅ​លើ​គោល​ដៅ​រួម​សំខាន់​ចំនួន​៣ចំណុច​ ពាក់​ព័ន្ធ​កិច្ចសហ​ប្រតិបត្តិការ ​លើ​ផ្នែក​អក្សរសាស្រ្ត ​និង​អក្សរសិល្ប៍​។ នេះ​បើ​តាម​លោក​ព្រឿង ប្រណីត​ ជា​ប្រធាន​សមា​គម​អ្នក​និពន្ធ​ខ្មែរ។​

លោក​ប្រធាន​សមាគម ​អះអាង​បែប​នេះ ​ក្រោយ​ពី​បាន​ទទួល​ស្វាគមន៍​គណៈប្រតិភូ​មក​ពី​ថៃ​ ដឹកនាំ​ដោយ​លោក​ Phaitoon Thanya ​ដែល​ជា​ព្រឹទ្ធ​បុរស​នៃ​មហា​វិទ្យាល័យ​សង្គមសាស្រ្ដ ​និង​មនុស្ស​សាស្ត្រ ​នៃ​សាកល​វិទ្យាល័យ​នរេសួន​ (Naresuan ​University) ​នៅ​ប្រទេស​ថៃ ​កាល​ពី​ថ្ងៃ​ទី ២៩​ ខែ សីហា ​ឆ្នាំ​ ២០២២ ​នៅ​ទី​ស្នាក់ការ​ក្នុង​វត្ត​បទុមវតី។ ​

លោក​ ព្រឿង ប្រណីត ​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «ទាំង ​២ ភាគី​បានពិភាក្សា​គ្នា​ពី​កិច្ចសហ​ប្រតិបត្តិការ​ លើ​ការស្រាវជ្រាវ​វណ្ណ​កម្ម​ខ្មែរ​-ថៃ ​ការបណ្ដុះ​បណ្ដាល​ភាសាខ្មែរ​ ការបង្រៀន ​និង​រៀន​អក្សរ​សិល្ប៍ ​និង​ការសិក្សា​ស្រាវជ្រាវ​ បកប្រែ​វណ្ណកម្ម​តាម​យុគសម័យ​នីមួយៗ​»។

លោក​បញ្ជាក់ថា​៖ «កិច្ច​សំណេះ​សំណាល​ពាក់កណ្ដាល​ផ្លូវការ​ រវាង​សមាគម​អ្នក​និពន្ធ​ខ្មែរ​ និង​សាកល​វិទ្យាល័យ​នរេសួន​ ប្រទេស​ថៃ ​ជា​ការពិគ្រោះ​យោបល់​ ដើម្បី​ឈាន​ទៅ​គោល​ដៅ​កិច្ចសហ​ប្រតិបត្តិការ​នៅ​ថ្ងៃ​អនាគត ​(ចុង​ឆ្នាំ​២០២២)»។

លោក ​ប្រណីត ​បន្ត​ថា ​កិច្ច​ពិភាក្សា​នេះ​ បាន​ផ្តោត​លើ​គោល​ដៅ​រួម​សំខាន់​ចំនួន​ ៣ ចំណុច​។ ទី​១ ​ការចុះ​អនុស្សរណៈ​យោគយល់​កិច្ចសហ​ប្រតិបត្តិការ។ ​ទី​២ ការបក​ប្រែ​វណ្ណកម្ម​ខ្មែរ​ទៅ​ភាសាថៃ ​ឬភាសា​អង់គ្លេស ​អាចជា​ភាសា​ផ្សេងៗ។ ទី៣ ​ការរៀបចំ​កិច្ចប្រជុំ​សិក្ខាសាលា​ស្ដីពី​ការសរសេរ​រឿងខ្លី​រួមគ្នា​ និង​ការស្រាវជ្រាវ​ពី​វណ្ណកម្ម​ខ្មែរ​មុន​សង្រ្គាម។​

ការជួប​សំណេះសំណាល​ជាមួយ​អ្នកនិពន្ធ​ថៃ​ ដែល​បាន​មក​ទស្សនកិច្ច​សិក្សា ​នៅ​សមាគម​អ្នក​និពន្ធ​ខ្មែរ​នោះ ​ក៏​គ្រោង​ពិភាក្សា​ចុះ​អនុស្សរណៈ​លើ​ចំណុច​មួយចំនួន​ទៀត​ផងដែរ ​ដូចជា​ការស្រាវជ្រាវ​អក្សរសិល្ប៍ ​គម្រោង​បង្កើត​កម្មវិធី​សិក្សា​តែងនិពន្ធ ​ការបញ្ជូន​អ្នកនិពន្ធ​ទៅរៀន​វគ្គខ្លី​នៅ​សាកល​វិទ្យាល័យ​នរេសួន​ ការទំនុក​បម្រុង​អ្នកនិពន្ធ​ជំនាន់​ថ្មី​ និង​ការងារ​បក​ប្រែ​ស្នាដៃ​អក្សរសិល្ប៍។​

លោក​ ព្រឿង ប្រណីត ​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ជំនួប​នេះ​ថា​៖ «ខ្ញុំ​រីករាយ​ចំពោះ​គោល​បំណង​នៃ​ជំនួប​នេះ ​ព្រោះ​ជា​ការប្រឹក្សា ​ដើម្បី​ព្រាង​អនុស្សរណៈ​លើ​ការងារ​ស្រាវជ្រាវ​ ការបកប្រែ​វណ្ណកម្ម​របស់​អ្នកនិពន្ធ​។​ នេះ​ជា​ការជួបគ្នា​បង្ហាញ​ឱ្យ​ឃើញ​ពី​ចំណង​មិត្តភាព​ការទូត​លើ​ការសិក្សា​រៀនសូត្រ​ពីគ្នា​ទៅ​វិញ​ទៅមក​ និង​យកចិត្ត​ទុក​ដាក់​លើ​ការបណ្តុះ​បណ្តាល​ចែករំលែក​ចំណេះដឹង ​ការប្តូរ​នូវ​បទពិសោធ​ដល់​អ្នកនិពន្ធ​ជំនាន់​ថ្មី»។

លោក​បន្ថែមថា​៖ «ជាងនេះ​ទៅទៀត ​សម្រាប់​ប្រទេស​ទាំង ២ ​នឹង​មាន​ការផ្លាស់​ប្ដូរ​វគ្គ​បណ្ដុះ​បណ្ដាល​រួមគ្នា ​រវាង​សមាគម​អ្នកនិពន្ធ ​និង​មហាវិទ្យាល័យ​សង្គមសាស្ត្រ ​និង​មនុស្សសាស្ត្រ​នៃ​សាកលវិទ្យាល័យ​នរេសួន​ទៀត​ផង»។

​លោក Phaitoon Thanya ​ជា​ព្រឹទ្ធ​បុរស​នៃ​មហាវិទ្យាល័យ​សង្គមសាស្រ្ដ ​និង​មនុស្សសាស្រ្ត​នៅ​សាកលវិទ្យាល័យ​នរេសួន ​ក៏​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​ផងដែរ​ ចំពោះ​ការជួប​សំណេះ​សំណាល​ជាមួយ​សមាគម​អ្នក​និពន្ធ​ខ្មែរ។

លោក​ថ្លែងថា​៖ «តួនាទី​របស់​អ្នកនិពន្ធ ​និង​ស្នាដៃ ​ជា​ជំនួយ​ស្មារតី​បុគ្គល​ទូទៅ​ យល់​ពី​សង្គម​ដែល​ខ្លួន​រស់នៅ​ឱ្យ​បាន​ស៊ី​ជម្រៅ។​ ដូច្នេះ​កិច្ចសហ​ប្រតិបត្តិការ​ បណ្ដុះបណ្ដាល​អ្នកនិពន្ធ ​និង​សិក្សា​ស្រាវជ្រាវ​វណ្ណកម្ម​តាម​យុគសម័យ​នីមួយៗ​ជាអ្វី​ដែល​ភាគី​ទាំង ២ ​នឹង​ធ្វើ​រួមគ្នា​នាពេល​អនាគត»៕