
ទិដ្ឋភាពសិស្សធ្វើតេស្តប្រឡងក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យាអង្គរឆ្នាំ ២០២១។ រូប សហការី
ភ្នំពេញៈ កម្មវិធីប្រឡងប្រជែងគណិតវិទ្យាអង្គរឆ្នាំ ២០២២ ជាការផ្តល់ឱកាសដ៏ល្អ សម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទី ៥ ដល់ថ្នាក់ទី ១២ ទាំងសាលារដ្ឋ និងឯកជនអាចវាស់ស្ទង់សមត្ថភាពគណិតវិទ្យារបស់ខ្លួន និងរួមចំណែកជួយលើកកម្ពស់ផ្នែកវិទ្យាសាស្ត្រក្នុងវិស័យអប់រំបានចាប់ផ្តើមទទួលពាក្យពីសិស្សានុសិស្ស ខណៈដែលការប្រកួតនឹងធ្វើឡើងចាប់ពីចុងខែកញ្ញាតទៅ។
ការប្រកួតប្រជែងគណិតវិទ្យាអង្គរឆ្នាំ ២០២២ ដែលជាវេទិកាប្រកួតដ៏ធំប្រចាំប្រទេសកម្ពុជាមានសិស្សានុសិស្សចូលរួមរាប់ពាន់នាក់មកពី ២៥ ខេត្ត-ក្រុង និងមានសាលារៀនទូទាំងប្រទេសចូលរួមជាង ១០០ ទាំងសាលារដ្ឋ និងសាលាឯកជនបានវិលមកវិញជាលើកទី ២ បន្ទាប់ពីការរៀបចំទទួលបានជោគជ័យលើកទី ១ កាលពីឆ្នាំ ២០២១។
អ្វីដែលពិសេសជាងឆ្នាំមុននោះកម្មវិធីប្រកួតប្រជែងគណិតវិទ្យាអង្គរឆ្នាំ ២០២២ នេះនឹងត្រូវបានក្រុមហ៊ុន Bright Education Consultant and Travel ធានាចេញថ្លៃឱ្យដល់សិស្សានុសិស្សជាប់ជយលាភីចុងក្រោយ ដោយឥតបង់ថ្លៃ ១០០ ភាគរយ សម្រាប់ឱកាសចេញទៅចូលរួមការប្រឡងប្រជែងគណិតវិទ្យាលំដាប់អន្តរជាតិ Copernicus Olympiad 2023 នៅសហរដ្ឋអាមេរិក។
លោក ឯល ណូរី ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Bright Education Consultant and Travel បានឱ្យដឹងពីព័ត៌មានសំខាន់ៗត្រៀមរៀបចំការប្រកួតឆ្នាំ២០២២នេះថា៖ «សម្រាប់ការប្រកួត AMC 2022 នេះ យើងនឹងរៀបចំការប្រឡងចំនួន ៣ ជុំ។ ការប្រឡងជុំទី ១ នឹងត្រូវធ្វើនៅថ្ងៃអាទិត្យ ទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ តាមអនឡាញ ដោយសិស្សម្នាក់ត្រូវបង់ប្រាក់ចំនួន ២,៥ ដុល្លារ»។
ការប្រឡងជុំទី ២ នឹងត្រូវធ្វើនៅថ្ងៃអាទិត្យទី ៣០ ខែតុលា ឆ្នាំ ២០២២ តាមអនឡាញដោយសិស្សម្នាក់ត្រូវបង់ប្រាក់ចំនួន ៥ ដុល្លារ។ ចំណែកការប្រឡងជុំទី ៣ ឬជុំផ្តាច់ព្រ័ត្រនឹងត្រូវធ្វើនៅថ្ងៃសៅរ៍ ទី ៣ ខែធ្នូ ឆ្នាំ ២០២២ ដែលប្រកួតផ្ទាល់នៅទីតាំងក្នុងសាលប្រជុំនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ក្នុងរាជធានី-ភ្នំពេញ ដោយសិស្សម្នាក់ត្រូវបង់ប្រាក់ ១០ ដុល្លារ។ ចំពោះការឈប់ទទួលពាក្យចុះឈ្មោះចូលរួមប្រកួតប្រជែងនឹងត្រូវផុតកំណត់នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២២។
លោក ឯល ណូរី ក៏បន្តប្រាប់ពីរបៀបនៃការប្រឡងជុំនីមួយៗដែរថា៖ «ការប្រឡងជុំទី ១ យើងនឹងជម្រុះបេក្ខជនចំនួន ៥០ ភាគរយ ហើយការប្រឡងជុំទី ២ នឹងត្រូវជម្រុះចេញ ៥០ ភាគរយទៀត ហើយការប្រឡងជុំទី ៣ គឺជាការប្រកួតផ្តាច់ព្រ័ត្រ ដើម្បីចម្រាញ់យកម្ចាស់ជយលាភីតាមប្រភេទ (Category)»។
សិស្សានុសិស្សនឹងត្រូវបានបែងចែកជា ៤ ប្រភេទ ក្នុងការចូលរួមប្រកួត AMC 2022 នេះ ដោយប្រភេទទី ១ សម្រាប់សិស្សរៀននៅថ្នាក់ទី ៥-៦ ប្រភេទទី ២ សម្រាប់សិស្សរៀននៅថ្នាក់ទី ៧-៨ ប្រភេទទី ៣ សម្រាប់សិស្សរៀននៅថ្នាក់ទី ៩-១០ ប្រភេទទី ៤ សម្រាប់សិស្សរៀននៅថ្នាក់ទី ១១-១២។ ឯពានរង្វាន់វិញនោះ គឺសិស្សានុសិស្ស ជយលាភីលេខ ១ នឹងទទួលបានកុំព្យូទ័រយួរដៃ ១ គ្រឿង ជយលាភីលេខ ២ នឹងទទួលបានកង់អគ្គិសនី ១ គ្រឿង ជយលាភីលេខ ៣ នឹងទទួលបានកង់ ១ គ្រឿង ជយលាភីលេខ ៤ នឹងទទួលបាន ធេបប្ល៊ិត អាម៉ាហ្សូន ១ គ្រឿង និងជយលាភីលេខ ៥ នឹងទទួលបាន ធេបប្ល៊ិត ១ គ្រឿង។
ចំណែកជយលាភីពីលេខ ៦ ដល់លេខ ១០ នឹងទទួលបាននាឡិកាវៃឆ្លាតម្នាក់ ១ គ្រឿង។ ក្រៅពីនេះ ក៏មានរៀបចំចែកជូននូវមេដាយបូកនឹងវិញ្ញាបនបត្រទៅតាមកម្រិតផងដែរ ដូចជាមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ។ ចំណែកឯសិស្សានុសិស្សមិនបានជាប់ចំណាត់ថ្នាក់ ឬមេដាយផ្សេងៗនោះនឹងទទួលបាននូវវិញ្ញាបនបត្រកិត្តិយស។
លោក ឯល ណូរី បន្ថែមថា៖ «អ្វីដែលពិសេសជាងឆ្នាំមុននោះ គឺក្រុមហ៊ុន Bright Education Consultant and Travel នឹងចេញថ្លៃឱ្យសិស្សានុសិស្សជយលាភី ១០០ ភាគរយ សម្រាប់ការប្រកួតអន្តរជាតិ Copernicus Olympiad 2023 នៅប្រទេសអាមេរិកទៀតផង ដោយចេញថ្លៃសំបុត្រយន្តហោះទៅមកថ្លៃស្នាក់នៅ និងហូបចុក»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានសាទរចំពោះការរៀបចំកម្មវិធីប្រកួត Angkor Mathematics Competition 2022 នេះ។ លោក បានបញ្ជាក់ថា៖ «ក្រសួងអប់រំ យុវជន និងកីឡា ស្វាគមន៍ និងអបអរសាទរការបន្តរៀបចំការប្រឡង គណិតវិទ្យាគ្រប់កម្រិត ដោយមានគ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន។ ទង្វើនេះគឺជាការចូលរួមចំណែក ដើម្បីលើកកម្ពស់គោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)»។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងលំដាប់អន្តរជាតិឈ្មោះ Copernicus Olympiad គឺជាការប្រឡងប្រជែងដ៏ធំមួយ ដែលមានមុខវិជ្ជាសំខាន់ចំនួន ៥ រួមមានគណិតវិទ្យា វិទ្យាសាស្ត្រធម្មជាតិ រូបវិទ្យា និងតារាសាស្ត្រ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងមហោស្រពភាពយន្ត ធ្វើក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកដែលមានសិស្សមកពី ២៦ ប្រទេសចូលរួម។
ជាក់ស្តែងកាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ ក្រុមហ៊ុន Bright Education Consultant and Travel បានបញ្ជូន សិស្សានុសិស្សកម្ពុជាចំនួន ៣៤ រូបទៅចូលរួមប្រកួតប្រជែងលើមុខវិជ្ជាគណិតវិទ្យារបស់ Copernicus Olympiad ឆ្នាំ២០២២ នៅវគ្គផ្តាច់ព្រ័ត្រ Global Round។ ការប្រឡងវគ្គ Global Round នោះ ប្រារព្ធធ្វើនៅថ្ងៃទី ១៩-២២ ខែកក្កដា ឆ្នាំ ២០២២ នៅសាកលវិទ្យាល័យកូឡុំបៀ (Columbia University) ទីក្រុងញូវយ៉កមាន ៩ ប្រទេសចូលរួមក្នុងនោះមាន កម្ពុជា អាមេរិក ហ្វីលីពីន អង់ហ្កោឡា ប្រេស៊ីល ប៊ុលហ្គារី គីជីស្ថាន ឡាវ និងវៀតណាម។
ជាលទ្ធផលនៃការប្រកួតប្រជែង សិស្សានុសិស្សកម្ពុជា ៣០ រូបក្នុងចំណោម ៣៤ រូប ទទួលបានមេដាយមាស ៣ រូប ប្រាក់ ១១ រូប និងសំរឹទ្ធ ១៦ រូប ដែលបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២។
សិស្សានុសិស្សខ្មែរដែលទទួលបានមេដាយមាសទាំង ៣ រូបនោះ រួមមានយុវតី ទូច ម៉ូនីកា ជាសិស្សរៀនថ្នាក់ទី ១០ មកពីសាលារៀន Westgate International School យុវតី ជា សឺហ្វុង ជាសិស្សរៀនថ្នាក់ទី ៨ មកពីសាលារៀន AIS (American Intercon School) និងយុវជន រិទ្ធ នីវិសាលស្ណុ ជាសិស្សរៀនថ្នាក់ទី ១១ មកពីវិទ្យាល័យឫស្សីកែវ។
យុវជន រិទ្ធ នីវិសាលស្ណុ ជាសិស្សរៀនថ្នាក់ទី ១១ មកពីវិទ្យាល័យឫស្សីកែវ ដែលទទួលបានមេដាយមាសពីការប្រកួត Copernicus Olympiad 2022 នៅអាមេរិក កាលពីខែកក្កដាកន្លងមកថ្មីៗនេះ ក្រោយពីខ្លួនបានឆ្លងកាត់ការប្រកួតប្រជែងគណិតវិទ្យាអង្គរឆ្នាំ ២០២១ នៅកម្ពុជា ក៏បង្ហាញពីអារម្មណ៍សប្បាយចិត្ត និងចែករំលែកសារផ្តាំផ្ញើដល់សិស្សានុសិស្សខ្មែរ សម្រាប់ឱកាសចូលប្រកួតលើកក្រោយនេះផងដែរ។ យុវជន រិទ្ធ នីវិសាលស្ណុ បង្ហាញចំណាប់អារម្មណ៍ក្រោយពីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញថា៖ «ពិតជាអស្ចារ្យ សម្រាប់រូបខ្ញុំ ដែលមានឱកាសទទួលបានមេដាយមាស សម្រាប់ខ្លួនឯង សង្គមគ្រួសារ និងប្រទេសកម្ពុជាលើមុខវិជ្ជាគណិតវិទ្យាពីកម្មវិធីប្រកួត Copernicus Olympiad 2022 នៅអាមេរិក»។
យុវជនរូបនេះទទូចឱ្យសិស្សានុសិស្សខ្មែរចូលរួមការប្រកួតប្រជែងគណិតវិទ្យាអង្គរឆ្នាំ ២០២២ ដើម្បីបានឱកាសចូលរួមប្រកួតអន្តរជាតិ Copernicus Olympiad 2023 នៅសហរដ្ឋអាមេរិកដូចជារូបខ្លួនផងដែរ។ នីវិសាលស្ណុ លើកឡើងថា៖ «ជាដំបូងខ្ញុំគិតថា ទាំងអស់គ្នាគួរតែខំប្រឹងឱ្យបានលទ្ធផលល្អសម្រាប់ការប្រកួតប្រជែងគណិតវិទ្យាអង្គរឆ្នាំ ២០២២»៕