ភ្នំពេញៈ ​ក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​ ២ ​បន្ថែមទៀត​នៅ​ការដ្ឋាន​ស្ពាន​អាកាស​ព្រះមុនីវង្ស​នៅ​ព្រឹក​ថ្ងៃទី​ ៣១ សីហា​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​យល់ព្រម​ចាកចេញ​ពី​តំបន់​អង្គរ ព្រោះ​បើ​មិន​ចាកចេញ​ហើយ​បន្ត​នៅ​ដោយ​ខុសច្បាប់ នោះ​អង្គរវត្ត​នឹងត្រូវ​គេ​ដក​ចេញ​ពី​បេតិកភណ្ឌ​ពិភាព​លោក​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​នៅ​តំបន់​អង្គរ​សូម​អរគុណ​ហើយ ជាមួយ​នឹង​ការចាកចេញ ប្រសិនបើ​មិន​ចាកចេញ​ហើយ​នៅតែ​នៅ​ខុសច្បាប់​ក្នុង​តំបន់​អង្គរ អង្គរវត្ត​នឹងត្រូវ​គេ​ដក​ចេញពី​បេតិកភណ្ឌ​ពិភពលោក ព្រោះ​វា​បាត់បង់​លក្ខណសម្បត្តិ​ជា​បេតិកភណ្ឌ​ពិភពលោក​ហើយ ព្រោះ​យើង​មិន​អនុវត្ត​តាម​កាតព្វកិច្ច​តម្រូវ​ដោយ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​»​។

លោក​ ហ៊ុន សែន បាន​មានប្រសាសន៍​ថា ដើម្បី​រក្សា​តំបន់​អង្គរ​​ជា​បេតិកភណ្ឌ​ពិភពលោក​ឱ្យ​​នៅ​គង់វង្ស​បន្ត លោក​បាន​ចាត់​ឱ្យ​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ទៅ​ឈរជើង​ដោះស្រាយ​សំណង់​ខុសច្បាប់​នៅ​ទីនោះ​។ ​ជាមួយ​គ្នា​នោះ​លោក​ក៏បាន​បញ្ជា​ឱ្យ​រៀបចំ​តំបន់​រុនតាឯក សម្រាប់​ពលរដ្ឋ​ទៅ​តាំង​លំនៅ​ថ្មី​ដោយ​រៀបចំ​ផ្លូវលំ​ប្រវែង​សរុប​ ១៤៤ ​គីឡូម៉ែត្រ​ដែល​នឹង​អាច​ចាក់​បេតុង​នៅ​ថ្ងៃ​អនាគត ក្រៅពីនោះ​ក៏​រៀបចំ​ឱ្យ​​មាន​សាលារៀន និង​មន្ទីរពេទ្យ​ផងដែរ​។

លោក​ ហ៊ុន សែន បាន​លើកឡើង​ថា មាន​ប្រជាពលរដ្ឋ​មួយចំនួន ​[​ក្រុម​លោក​ ខឹម វាសនា​] ​បាន​ចាញ់បោក​ការឃោសនា​ថា មក​សៀមរាប​នឹង​ទទួល​បាន​ដី​ដែល​រាជរដ្ឋាភិបាល​ចែកជូន​នៅ​តំបន់​រុនតាឯក ដូច​អ្នក​នៅ​តំបន់​អង្គរ តែ​ការពិត​មិនមាន​ចែក​ដី​ដូច​ការឃោសនា​នោះទេ​។

លោក​ថែមទាំង​បាន​ដាក់​បញ្ជា​មិន​ឱ្យ​ក្រុម​លោក​ ខឹម វាសនា ​ទៅ​ដណ្តើម​ដី​នៅ​តំបន់​រុនតាឯក​ទៀតផង​។

លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​មួយ​ចំនួន​ត្រូវបាន​គេ​ឃោសនា​ថា​មក គេ​ចែក​ដី​ឱ្យ​។ សុំទោស​ដី​អត់​បាន​ចែកជូន​ទេ ហើយ​បើសិន​ជា​លោក​ ខឹម វាសនា ចិត្តល្អ ដី​ ១២ ​ហិកតា​របស់​លោក​ចែក​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ខ្លះ​បាន​លក់​ដី​បាត់​ទៅ​ហើយ​ ដើម្បី​យកលុយ​ធ្វើ​ដំណើរ​មក​ [​ចម្ការ ខឹម ​វាសនា​] ​ត្រឡប់​ទៅវិញ រក​ដី​នៅ​មិនបាន អ៊ីចឹង​លោក​ ខឹម វាសនា គួរតែ​ឱ្យជួយ​ធ្វើ​ផ្ទះ ព្រោះ​អាច​មាន​មួយចំនួន​ទៅវិញ​រក​កន្លែង​នៅ​អត់​បានទេ​»​។

យ៉ាងណាក្ដី លោក ហ៊ុន សែន បាន​អំពាវនាវ​ដល់​អ្នកចាញ់​បោក​ការឃោសនា​ថា មាន​ទឹក​លិច​ផែនដី ហើយ​នាំគ្នា​ប្រមូលផ្តុំ​នៅ​ចម្ការ​លោក​ ខឹម វាសនា ដែលមាន​ការខ្វែង​គំនិត​គ្នា បែកបាក់​គ្រួសារ ប្រពន្ធ​កូន ឪពុកម្តាយ​ជាដើម​នោះ​សូមឱ្យ​មាន​ការស្រុះស្រួល​គ្នា ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

ចំណែក​អ្នក​នៅតាម​មូលដ្ឋាន​កុំ​រើសអើង ចំពោះ​អ្នក​ដែល​ចាញ់បោក​គេ​ទាំងនោះ​ហើយ​រាប់អាន​គ្នា​ធម្មតា ដោយសារ​អ្នក​ទាំងនោះ​ក៏​ជា​ជនរួមជាតិ​ដែរ​។

លោក​ថា​៖ «​គាត់​ជឿ​ជំនឿ​របស់​គាត់​ខុស ប៉ុន្តែ​យើង​ត្រូវតែ​មាន​​ការសន្ដោស​។ ក្រៅពី​នោះ​ខ្ញុំ​បាន​​ប្រាប់​ទៅ​អភិបាលខេត្ត​សូម​ឱ្យ​រៀបចំ​មធ្យោបាយ​ដឹកជញ្ជូន​សម្រាប់​​អ្នក​ដែល​គ្មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅផ្ទះ​ដោយ​ប្រើប្រាស់​រថយន្ត​យោធភូមិភាគ​ទី​ ៤ ​និង​កងពលធំ​លេខ ២ ​តែម្តង​»​។

លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី​បាន​សរសេរ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃទី ៣១ ខែសីហា​ថា នៅ​ព្រឹក​ថ្ងៃទី​ ៣១ ​ខែសីហា លោក​បាន​ចុះ​ពិនិត្យ​ទីតាំង និង​ជួប​បងប្អូន​ប្រជាពលរដ្ឋ​កាន់កាប់​ដី​ និង​សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ (​ភូមិ​ទក្សិណ​ខាងត្បូង​) ​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

លោក​បានឱ្យ​ដឹងថា ចាប់ពី​ថ្ងៃទី ​១៨ សីហា​ដល់​ថ្ងៃទី​ ២៩ សីហា ឆ្នាំ​ ២០២២ ការអនុវត្ត​យុទ្ធនាការ​ចុះវាស់វែង​កំណត់​និយាមកា​ក្បាលដី និង​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី​ និង​សំណង់​ខុសច្បាប់​ក្នុង​តំបន់​អង្គរ​ និង​តំបន់​ដទៃ​​ទៀត ក្រុមការងារ​បាន​វាស់វែង​ក្បាលដី​ ៧៩ ​ភូមិ​នៃ​គោលដៅ​ ១១៤ ​ភូមិ រៀបចំ​ដីឡូត៍​បាន​ទំហំ​ ១១១,១០ ​ហិកតា ផ្លូវ​ក្រួស​ក្រហម​បាន ៣ ២៣០ ​ម៉ែត្រ និង​បោះបង្គោល​ព្រំដី​នៅ​ភូមិ​ធម្មជាតិ​រុនតាឯក​បាន ៨១៩​ ឡូត៍​៕