ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ពី​មូលហេតុ​ដែល​រដ្ឋាភិបាល​មិន​ចាត់​វិធានការ​លើ​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ ដើម្បី​ប្រជាធិបតេយ្យ ដោយ​ចាត់ទុក​ថា បុគ្គល​រូបនេះ​មិនបាន​អំពាវនាវ​ឱ្យកម្លាំង​ប្រដាប់​អាវុធ​ផ្តួលរំលំ​រាជរដ្ឋាភិបាល ឬ​ឱ្យ​បរទេស​កាត់​ជំនួយ​នោះទេ បើ​ប្រៀបធៀប​ជាមួយ​បុគ្គល​ផ្សេងៗ​។

ការបញ្ជាក់​ជំហរ​នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការស្នើ​ឱ្យ​ចាត់វិធានការ​លើ​លោក ខឹម វាសនា បន្ទាប់ពី​មេបក្ស​រូបនេះ បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​កាលពី​យប់​ថ្ងៃទី​ ៣០ ខែសីហា ដោយ​បាន​ជេរប្រមាថ បែប​អសីលធម៌​។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​ ២ ​បន្ថែមទៀត នៅ​ថ្ងៃទី​ ៣១ សីហា ឆ្នាំ​ ២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា បើ​មើល​ពី​សកម្មភាព​របស់​លោក​ ខឹម វាសនា មិនបាន​ពាក់ព័ន្ធ​ការផ្តួលរំលំ​រដ្ឋាភិបាល​នោះទេ​។

លោក​ថា​៖ «​ហោចណាស់ ខឹម វាសនា គាត់​អត់​បាន​អំពាវនាវ​ឱ្យ​មនុស្ស​ផ្តួលរំលំ​រដ្ឋាភិបាល ដូច​អ្នកដទៃ​ទេ គាត់​អត់​បាន​អំពាវនាវ​ឱ្យ​កម្លាំង​ប្រដាប់អាវុធ ផ្ទេរ​ចុង​កាណុង​កាំភ្លើង​មក​បំផ្លាញ​រដ្ឋាភិបាល​។ គាត់​អត់​បាន​អំពាវនាវ​ឱ្យ​បរទេស​កាត់​ជំនួយ​ពី​ស្រុក​ខ្មែរ​ទេ ខុសពី​អ្នកដទៃ គាត់​ត្រឹមតែ​អបិយ​ជំនឿ​របស់គាត់​ថា ពិភពលោក​នឹង​លិចលង់​ស្លាប់​អស់​នៅ​សល់​តែ​កន្លែង​គាត់​»​។

លោក​បន្តថា ស្ថានភាព​នៅ​ចម្ការ​លោក ខឹម វាសនា ខុសគ្នា​បាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង ដែល​បង្ខំចិត្ត​ឱ្យ​អាជ្ញាធរ​ប្រើប្រាស់​កម្លាំង​ ដើម្បី​ការពារ​ខ្លួន ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជន​។ លោក​ថា​៖ «​វា​មិនដែល​ធ្វើបាតុកម្ម​ដល់​ម៉ោង​ ៣ ​ភ្លឺ ហើយ​ចែក​នំប៉័ង​នៅ​ម៉ោង ៣​ ភ្លឺ​ដើម្បី​ត្រៀម​ធ្វើ​សកម្មភាព និង​ស្រែក​ឱ្យ​ខ្ញុំ​ចុះ​ចេញពី​តំណែង​»​។

លោក ហ៊ុន សែន ​គូស​បញ្ជាក់​ដែរថា ការធ្វើ​នយោបាយ​ត្រូវ​ពិនិត្យមើល​ឱ្យ​គ្រប់​ជ្រុងជ្រោយ មិន​ត្រូវ​ធ្វើតាម​កំហឹង​នោះទេ គឺ​នាំ​តែ​ឱ្យចូល​អន្ទាក់​របស់គេ​។ លោក​ថា​៖ «​ខ្ញុំ​គួរតែ​និយាយ​ទៅកាន់​អ្នកគាំទ្រ​ខ្ញុំ​ដែល​យប់មិញ​បាន​បង្ហាញ​កំហឹង​ពុះកញ្ជ្រោល​អំពី​សារ​ដ៏ធ្ងន់ធ្ងរ​ ដែល​ឯកឧត្តម ខឹម វាសនា ធ្វើការ​ប្រមាថ​ចំពោះ​ខ្ញុំ ជេរ​គ្រប់សព្វ ប៉ុន្តែ​ជាបន្ទាន់​ខ្ញុំ​បាន​ចេញ​បទបញ្ជា ថា​អ្វីដែល​លោក​ ខឹម វាសនា ​ចង់​បាន​នោះ គឺ​ចាប់បង្ខំ​ឱ្យ​រាជរដ្ឋាភិបាល​ប្រើប្រាស់​កម្លាំង​គឺ​ផ្ទេរ​ពី​អបិយ​ជំនឿ​ទៅកាន់​នយោបាយ​តែម្តង សូមកុំ​ចូល​អន្ទាក់​ឱ្យសោះ​»​។

លោក​បញ្ជាក់ទៀត​ថា​៖ «​ខ្ញុំ​បញ្ជា​ទៅ​សៀមរាប​ឱ្យ​ប្រយ័ត្ន​អត់​ត្រូវធ្វើ​សកម្មភាព​អ្វី​ទាំងអស់​ដល់​ម៉ោង​ ១២​ យប់​ត្រូវផុត​ឱសានវាទ អ៊ីចឹង​សូមកុំ​មើល​ ១​ ជ្រុង អ្វីដែល​ ខឹម វាសនា ចង់បាន​គឺ​ចង់​ប្រើប្រាស់​កម្លាំង​រដ្ឋាភិបាល និង​ចាប់ខ្លួន​គាត់​ភ្លាម​។ បើសិនជា​យើង​ធ្វើបែបនេះ គឺ​ចូល​អន្ទាក់ ខឹម វាសនា​។ ធ្វើ​នយោបាយ​ត្រូវ​មើល​ព្រៃ​ទាំងមូល កុំ​មើល​ឈើ​ ១ ​ដើមៗ​ឱ្យសោះ​»​។ ជាមួយ​គ្នា​នេះដែរ​លោក​ ហ៊ុន សែន មិនទាន់​អាច​សន្និដ្ឋានថា លោក ខឹម វាសនា ជា​មនុស្ស​មាន​បញ្ហា​ស្មារតី​នោះ​ទេ ដោយ​ចាត់ទុក​ថា ការនិយាយ​បែបនេះ​ដោយ​គ្មាន​ភ័ស្តុតាង​ជាការ​ប្រមាថ​មួយ​។

លោក​បន្តថា​៖ «​ខ្ញុំ​អត់​យក​ការ​សន្និដ្ឋាន​ថា គាត់​ជា​មនុស្ស​ឡប់ សរសៃប្រសាទ ឬ​មិន​គ្រប់​ទេ នេះ​ជា​ការប្រមាថ​មួយ ប៉ុន្តែ​អ្វី​ដែល​ ខឹម វាសនា គាត់​លេង គឺ​បាន​សេចក្តី​ថា ១ ​ចាន​នេះ​គឺ​គាត់​លេង​ដោយ​យក​រឿងរ៉ាវ​អបិយ​ជំនឿ​យក​មក​ដាក់​បែប​នេះ គាត់​នឹង​ចាញ់ ប្រសិនបើ​អត់​មាន​អ្វី​កើតឡើង​ដូចដែល​គាត់​គិតថា ពិភពលោក​នឹង​ស្លាប់ នោះ​បាន​សេចក្តី​ថា មនុស្ស​មិន​ធ្លាប់​ជឿ ឬ​មនុស្ស​ធ្លាប់​ជឿ នឹ​ងត្រូវ​ឈប់​ជឿ​គាត់ ព្រោះ​គាត់​និយាយ​អត់​ពិត​»​។

លោក​ ហ៊ុន សែន បញ្ជាក់​ជាថ្មី​ថា ពិតណាស់​សកម្មភាព​របស់​ ខឹម វាសនា បើតាម​ផ្លូវច្បាប់​គឺ​ខុស ដោយសារ​គាត់​បំភិតបំភ័យ​ពលរដ្ឋ​ឱ្យ​ប្រមូលផ្តុំ​នៅ​ចម្ការ​របស់​គាត់ ដែល​នាំឱ្យ​ខូចប្រយោជន៍​ប្រជាពលរដ្ឋ និង​ពលករ​ក្រៅស្រុក​។ ជាមួយ​គ្នា​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ស្នើឱ្យ​មេបក្ស​រូបនេះ​បញ្ឈប់​សកម្មភាព​ប្រមូល​ផ្តុំ និង​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​វិលត្រឡប់​ទៅផ្ទះ​វិញ ដោយ​សន្តិវិធី​ដោយ​មិនត្រូវ​បង្ខាំង​ពលរដ្ឋ​ឡើយ បើ​ពុំ​នោះទេ កម្លាំង​សមត្ថកិច្ច​នឹង​ចាត់វិធានការ​។ បន្ថែម​ពី​នោះ​លោក ហ៊ុន សែន បាន​ដាក់​បញ្ជា​ទៅ​អាជ្ញាធរខេត្ត​សៀមរាប​ត្រូវ​តាមដាន​ដោយ​យកចិត្ត​ទុកដាក់​នៅ​បរិវេណ​ចម្ការ​លោក​ ខឹម វាសនា និង​បិទ​ទីតាំង​នោះ​មិនឱ្យ​ប្រមូលផ្តុំ​ទៀតឡើយ ដោយ​លោក​អំពាវនាវ​ដល់​ពលរដ្ឋ​ផ្សេងទៀត កុំ​រើសអើង​អ្នក​ទាំងនោះ​។

លោក​បញ្ជាក់​ថា​៖ «​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ក៏ដូចជា​អំពាវនាវ​ទៅកាន់​អាជ្ញាធរ និង​កម្លាំង​ប្រដាប់​អាវុធ ត្រូវធ្វើ​កិច្ច​នេះ ព្រោះ​នៅ​ទីនោះ​ចេញ​បាន ប៉ុន្តែ​ចូល​អត់​បាន នេះ​គឺជា​បទបញ្ជា និង​ការអនុវត្ត​របស់​អាជ្ញាធរ​នៅ​ទីនោះ​។ នៅពេល​ព្រឹត្តិការណ៍​កើត ខ្ញុំ​ឱ្យ​បទបញ្ជា​តែ​ ២ ទី​ ១ ប្រយ័ត្ន​ប្រយែង​ត្រូវការពារ​សន្តិសុខ​ឱ្យ​ខាង​តែ​បាន កុំឱ្យ​បាតដៃ​ទី​ ៣​ ឆ្លៀត​ប្រើ​ពេលនោះ ដើម្បី​បំផ្លាញ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ ជួនកាល​បោក​គ្រាប់បែក បង្កើត​ព្រឹត្តិការណ៍​ទម្លាក់​មក​រដ្ឋាភិបាល និង​ត្រូវ​ពិនិត្យ​មើល​អ្នកជំងឺ ព្រោះ​សុទ្ធតែ​ជា​ប្រជាពលរដ្ឋ​ដែល​ចាញ់បោក​គេ​»​។ លោក​បន្តថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​សូមឱ្យ​ក្រុមគ្រួសារ​ទាំងឡាយ​ដែល​មាន​ការខ្វែង​គំនិត​គ្នា​រឿង​ ខឹម វាសនា សូមឱ្យ​រួបរួម​គ្រួសារ​វិញ ហើយ​អ្នក​នៅតាម​មូលដ្ឋាន​នានា​កុំ​រើសអើង​ចំពោះ​អ្នក​ដែល​ចាញ់បោក​គេ​នេះ​»​។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​លោក​ គិន ភា ថ្លែងថា សកម្មភាព​របស់​លោក ខឹម វាសនា ពិតជា​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ពលករ​ដែល​កំពុង​បម្រើ​ការងារ​នៅ​បរទេស​រួចទៅហើយ​។ លោក​ថា រដ្ឋាភិបាល​មិនគួរ​បណ្តែត​បណ្តោយ​ឱ្យ​អ្នក​អបិយ​ជំនឿ​រូបនេះ​បន្ត​សកម្មភាព​ទៀត​ទេ ពីព្រោះ​វា​ធ្វើឱ្យ​ខូច​សណ្តាប់ធ្នាប់​សង្គម​។

លោក​បញ្ជាក់ថា​៖ «​វា​អាច​បង្ក​ទៅជា​ផលវិបាក​សង្គម​នៅពេល​ក្រោយ ដ្បិត​មិនមែន​រឿង​នយោបាយ ប៉ុន្តែ​ជា​វិបត្តិ​សង្គម និង​ធ្វើឱ្យ​មាន​ផលប៉ះពាល់​សង្គម​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃក្រោយ ដែល​រដ្ឋាភិបាល​មិនអាច​ព្រងើយកន្តើយ​បានទេ ត្រូវតែមាន​វិធានការ​ជាក់លាក់​ច្បាស់លាស់​»​។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រសួង​បាន​ចាត់​វិធានការ ដោយបាន​ណែនាំ​ឱ្យ​រដ្ឋបាលខេត្ត​សៀមរាប​ចុះ​ណែនាំ និង​ឱ្យ​រំសាយ​ការប្រមូលផ្តុំ​រួចហើយ ប៉ុន្តែ​ការងារ​នេះ​ត្រូវធ្វើ​ដោយ​​សន្សឹមៗ ដើម្បី​បញ្ចៀស​អំពើហិង្សា​។

លោក​ថា​៖ «​ដូច​ពាក្យ​ខ្មែរ​ថា អូស​ទូក​កុំឱ្យ​ល្អាន​ចាប់​ត្រី​បាន​កុំឱ្យ​ល្អក់​ទឹក ព្រោះ​តាម​ព័ត៌មាន​បឋម​មក​ឮថា គាត់​ប្រេះ​សរសៃ ប៉ុន្តែ​យើង​មិនទាន់​បញ្ជាក់​បាន​ទេ​ឮ​តែ​គេ​ថា អ៊ីចឹង​ទាល់តែ​នាំ​គាត់​ទៅ​ពេទ្យ ហើយ​យើង​មិនត្រូវ​ប្រកាន់​គេ​ទេ​»​។ ជាមួយ​គ្នា​នេះ​លោក​ថា ក្នុង​ករណី​ពិនិត្យ​ឃើញ​ថា លោក​ ខឹម វាសនា មាន​បញ្ហា​ផ្នែក​ស្មារតី​មែន តាម​ការបញ្ជាក់​របស់​គ្រូពេទ្យ​មែន​នោះ គឺ​មិន​អាច​ឱ្យ​គាត់​ដឹកនាំ​គណបក្ស​នយោបាយ​តទៅទៀត​បានទេ​។ ​«​ក្នុង​ស្ថានភាព​នេះ​ យើង​ពិចារណា​ដែរ ប៉ុន្តែ​ត្រូវមាន​សំបុត្រ​បញ្ជាក់​ពី​មន្ទីរពេទ្យ ហើយ​បើ​គាត់ ​(​ខឹម វាសនា​) នៅ​អ៊ីចឹង​ទៀត​ដឹកនាំ​គណបក្ស​នយោបាយ​ម៉េច​កើត គេ​ហៅថា បាត់​សតិសម្បជញ្ញៈ​ច្បាប់​គណបក្ស​មាន​ចែង​»៕