ភ្នំពេញៈ ​ហេង សីហា ​សុខភាព​របស់គេ​ហាក់​មិន​សក្ដិសម​នឹង​វ័យ​ឡើយ ​ព្រោះតែ​រូបគេ​បាន​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​ជោកជាំ​អស់​រយៈពេល​ប្រមាណ ​២​ ឆ្នាំ​មកហើយ​។ រីឯ​ទ្រព្យសម្បត្តិ​របស់​ឪពុកម្តាយ​វិញ​ត្រូវបាន​រូបគេ​បំផ្លិចបំផ្លាញ​លួច​យកទៅលក់​ស្ទើរ​អស់ពី​ផ្ទះ​ ដើម្បី​បាន​លុយ​យកទៅ​ទិញ​ថ្នាំញៀន​ជក់​ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ធ្វើឱ្យ​ម្តាយ​ឪពុក​របស់គេ​គ្រាំគ្រា​ចិត្ត​ទៀតផង​។ ដោយសារតែ​មិនអាច​ទូន្មាន​កូនប្រុស​របស់ខ្លួន​តទៅទៀតបាន​ឪពុកម្តាយ​បាន​យកទៅដាក់​នៅក្នុង​មណ្ឌល​បន្សាប​គ្រឿងញៀន​១​កន្លែង​គឺ​មណ្ឌល​ស្តារនីតិសម្បទា ព្យាបាល​អ្នកញៀន​គ្រឿងញៀន​ឌី​-​ធី​-​អេ​(D.T.A)​ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់ គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

យុវជន​ ហេង សីហា អាយុ ៣០​ ឆ្នាំ​បាន​និយាយថា ដំបូង​ឡើយ​រូបគេ​ចេះ​ប្រើប្រាស់​គ្រឿងញៀន​ដោយសារ​ការចង់​ដឹងថា​ តើ​វា​មាន​រស់ជាតិ​យ៉ាងម៉េច​បូកផ្សំ​នឹង​ការ​ភូតកុហក់​អូសទាញ​ពី​មិត្តភក្ដិ​ពេលដែល​ខ្លួន​មាន​ក្រុម​បងៗ​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​។ ​មូលហេតុ​នេះហើយ​បាន​ជំរុញ​ទឹកចិត្ត​របស់ខ្ញុំ​ឱ្យ​ចេះ​ប្រើប្រាស់​គ្រឿងញៀន​ជាប់​រហូត​។​ ​ដោយសារតែ​ខ្លាច​មិត្តភក្ដិ​មិន​រាប់អាន​ហើយ​ ម្យ៉ាង​រូបគេ​ត្រូវបាន​មិត្តភក្ដិ​ជំរុញ​ទឹកចិត្ត​ឱ្យ​ជក់​ថ្នាំញៀន​ផង​នោះ ​គឺ​ជំហាន​ដំបូង​ខ្លួន​ជក់​តែ​បន្តិចបន្តួច​ទេ ​លុះ​ក្រោយមក​ក៏​ញៀន​ខ្លាំង​ហើយ​មិត្តភក្ដិ​ក៏​មិន​បង្ខំ​ដូច​មុនៗ​ដែរ ​ព្រោះ​ដល់ពេល​វេលា​ដែល​គាត់​ញៀន​គ្រឿងញៀន​ខ្លាំង​ហើយ​ត្រូវ​រកលុយ​ទិញ​ដោយ​ខ្លួនឯង​។ ​ប៉ុន្តែ​នៅពេលដែល​គេ​រកលុយ​ទិញ​ថ្នាំញៀន​មិនបាន​ក៏​ងា​កមក​លួច​ទ្រព្យសម្បត្តិ នៅក្នុង​ផ្ទះ​របស់​ឪពុកម្តាយ​យកទៅ​បញ្ចាំ ឬ​លក់​ដើម្បី​យកលុយ​មក​ទិញ​ថ្នាំញៀន​ជក់ បើទោះជា​ឪពុកម្តាយ​ហាមឃាត់​យ៉ាងណា​ក៏​មិន​ស្តាប់បង្គាប់​តាម​ដែរ​។​

សីហា និយាយថា៖ «​បើ​មិនបាន​ថ្នាំញៀន​ជក់​ទេ​គឺ​ធ្វើទុក្ខ​នៅក្នុង​ខ្លួន និង​ចេះតែ​រសាប់រសល់​នៅ​មិន​សុខ​ស្រួល​ឡើយ តែបើ​បាន​ថ្នាំញៀន​ជក់​វិញ នឹងមាន​អារម្មណ៍​ស្រស់ថ្លា​ភ្លាម​។ ​ថ្នាំញៀន​នេះ​វា​មាន​ឥទ្ធិពល​ខ្លាំងណាស់​បើកាលណា​ប្រើប្រាស់​វា​ហើយ បើ​យើង​អាក់ខាន​វិញ​ គឺ​វា​ធ្វើទុក្ខ​ក្នុង​ខ្លួន​ខ្លាំងណាស់​។​ ខ្ញុំ​សូម​ផ្ញើ​សារ​ទៅ​យុវជន​ទាំងអស់​សូមកុំ​នៅក្បែរ​គ្រឿងញៀន​ព្រោះ​វា​បំផ្លាញ​ទាំង​អនាគត​របស់​យើង ហើយ​វា​បំផ្លាញ​ទាំង​ទ្រព្យសម្បត្តិ​។ ដូច្នេះ​សូម​គេច​ចេញពី​គ្រឿងញៀន​ឱ្យបាន​កុំ​ប្រើប្រាស់​វា​អី​។​ខ្ញុំ​ក៏​អរគុណ​ដល់​មណ្ឌល​បន្សា​ប​គ្រឿងញៀន​ D.T.A ដែរ​ ដែល​បាន​ព្យាបាល​ខ្ញុំ​ឱ្យ​ជា​ដាច់​ពី​គ្រឿងញៀន​»​។​

យុវជន​ ហេង សីហា។ រូបថត សហការី

បើតាម​យុវជន សីហា នៅពេលដែល​រូបគេ​បែក​ថ្នាំ ​គឺមាន​អារម្មណ៍​ថា ​មាន​រថយន្ត​មកពី​មុខ​ក៏​ជិះ​ទៅបុក​ស្ពាន​តែម្នាក់ឯង​ខណៈដែល​នៅលើ​ផ្លូវថ្នល់​គ្មាន​រថយន្ត​សោះ​នោះ​។​ បន្ទាប់មក​ម្តាយ​ឪពុក​បាន​យកទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​។​ ក្រោយពី​ព្យាបាល​របួស​បានជា​សះស្បើយ​មក​ឪពុកម្តាយ​បាន​យក​រូបគេ​មក​ផ្ញើ​នៅ​មណ្ឌល​ស្តារនីតិសម្បទា ព្យាបាល​អ្នកញៀន​គ្រឿងញៀន​ D.T.A ដែល​មកដល់ពេលនេះ​បាន​រយៈពេល​ជាង​ ៥​ ខែ​ហើយ ​ហើយ​គេ​មាន​អារម្មណ៍​ថា​ខួរក្បាល​គិត​អ្វីៗ​ឆាប់​យល់​ឆាប់​ចងចាំ និង​មាន​អារម្មណ៍​ស្រស់ថ្លា​ដូច​មុន​។​ ចំពោះ​ការរស់នៅ​ក្នុង​មណ្ឌល​ស្តារនីតិសម្បទា ព្យាបាល​អ្នកញៀន​គ្រឿងញៀន​គឺ​ខាង​មណ្ឌល​មានកម្ម​វិធី​ផ្សេងៗ​ដើម្បី​បន្សាប​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​ដូចជា​លេង​កីឡា ការសិក្សា​ស្វែងយល់​ពី​ព្រះធម៌​ជាដើម​ពិសេស​មាន​គ្រូពេទ្យ​ចាំ​តាមដាន​សុខភាព​ជាប្រចាំ​ផង​។​

សីហា បញ្ជាក់ថា​៖ «​នៅក្នុង​មណ្ឌល​បន្សាប​គ្រឿងញៀន​ D.T.A​ មិន​ត្រឹមតែ​ធ្វើឱ្យ​ខ្ញុំ​ផ្តាច់​ពី​គ្រឿងញៀន​ទេ ​តែ​ខ្ញុំ​បានជា​សះ​ពី​ជំងឺ​អាឡែកហ្ស៊ី​ច្រមុះ​ដែល​កើត​ជាង ​៥​ ឆ្នាំ​មកហើយ​ផង​។ ​ខ្ញុំ​ក្លាយទៅជា​មនុស្ស​ធម្មតា​វិញ​ដូច​ពេលដែល​ខ្ញុំ​មិនទាន់​ប្រើប្រាស់​គ្រឿងញៀន​»​។​

ពាក់ព័ន្ធ​ករណីនេះ​ត្រូវបាន​លោក​ហង្ស ប្រសើរ អនុប្រធាន​មណ្ឌល​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​ D.T.A​ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅ​មណ្ឌល​របស់លោក​បាន​បើក​ដំណើរការ​រហូតមកដល់​បច្ចុប្បន្ននេះ​ជាង ​១៤ ​ឆ្នាំ​មកហើយ និង​បាន​ព្យាបាល​មនុស្ស​ជិត​ ១ ​ម៉ឺន​នាក់ ខណៈ​បច្ចុប្បន្ននេះ​មាន​អ្នក​បន្សាប​គ្រឿងញៀន​ប្រុស និង​ស្រី​កំពុង​រស់នៅក្នុង​មណ្ឌល​ជាង ​២០០ ​នាក់​។ ចំពោះ​អ្នក​ដែល​បាន​ចូលមកក្នុង​មណ្ឌល​លើកដំបូង​គឺ​គ្រូពេទ្យ​ប្រចាំ​មណ្ឌល​ធ្វើ​រោគវិនិច្ឆ័យ​ទៅលើ​អាការ​មួយចំនួន​របស់​អ្នកជំងឺ​ដូចជា​វាស់​សម្ពាធ​ឈាម និង​ត្រួតពិនិត្យ​ឈាម​ទូទៅ​បើកាលណា​លោកគ្រូ​ពេទ្យ​ពិនិត្យឃើញ​មាន​រោគសញ្ញា​អី​គឺ​ព្យាបាល​តាម​រោគសញ្ញា​នោះ​។​

​ លោក​បន្តថា បើសិនជា​បុគ្គល​នោះ​មាន​សុខភាព​ខ្សោយ ​គឺ​គ្រូ​ប្រើ​ថ្នាំ​បំប៉ន​សុខភាព​របស់គាត់ ពោលគឺ​ការព្យាបាល​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​ត្រូវ​ព្យាបាល​ទៅតាម​រោគសញ្ញា​ព្រោះ​នៅពេលដែល​បុគ្គល​នោះ​ផ្តាច់​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​ដំបូង​ គឺ​គាត់​មាន​អាការ​រវើរវាយ​មាន​អារម្មណ៍មិនល្អ​ហេតុដូច្នេះ​លោក​ត្រូវតែ​ផ្តល់​ថ្នាំ​រំងាប់​អារម្មណ៍​ឱ្យ​គាត់​លេប​។​ ក្នុងនោះដែរ​ យើង​ត្រូវឱ្យ​អ្នក​ដែល​ត្រូវ​បន្សាប​សារធាតុ​ញៀន​ឱ្យ​គាត់​គេង​ឱ្យបាន​គ្រប់គ្រាន់ ញ៉ាំ​អាហារ​ណា​ដែលមាន​ជីវជាតិ​ដើម្បី​បំប៉ន​ដល់​សុខភាព​គាត់​។​

លោក​បន្តទៀតថា ក្រោយពី​បាន​សម្រាក​ក្នុង​មណ្ឌល​បាន​ ១ ​ទៅ ​២​ សប្តាហ៍ ​ដែល​សុខភាព​មាំមួន​ឡើងវិញ​ហើយ​នោះ ​គឺ​ត្រូវតម្រូវ​ឱ្យ​គាត់​ហាត់ប្រាណ​ព្រោះ​លំ​ហាត់ប្រាណ​អាចជួយ​បាន​ច្រើន​ទាំង​សុខភាព​ផ្លូវកាយ​ទាំង​សុខភាព​ផ្លូវចិត្ត​។ ​ការធ្វើ​របៀបនេះ ​គឺ​ឱ្យ​សតិអារម្មណ៍​របស់​បុគ្គ​ល​ញៀន​ថ្នាំ​នោះបាន​វិល​មករក​សភាព​នឹងន​រ​ឡើងវិញ​ ហើយ​នៅពេល​នឹងនរ​ឡើងវិញ​ គឺ​ខាង​មណ្ឌល​ផ្តល់ជូន​នូវ​កម្មវិធី​ផ្សេងៗ​ទៀត​ដូចជា​បង្រៀន​ភាសា​អង់គ្លេស និង​បង្រៀន​ជំនាញ​ផ្សេងៗ​ទៀត​។

ចំពោះ​រយៈពេល​ព្យាបាល ​គឺ​យោងទៅលើ​ស្ថានភាព​នៃ​ការប្រើប្រាស់​ថ្នាំញៀន​របស់​អ្នកជំងឺ​បើ​បុគ្គល​នោះ​ប្រើ​ថ្នាំញៀន​ដល់​កម្រិតធ្ងន់ ​គឺ​ត្រូវ​ព្យាបាល​ចន្លោះ​ពី​ ២​ ទៅ​ ៤​ សប្តាហ៍ ​ឬក៏​អាច​លើសពីនេះ​។​ ធម្មតា​អ្នកញៀន​គ្រឿងញៀន​ គឺមាន​បញ្ហា​អារម្មណ៍​ខ្លាំង​ដែល​ត្រូវបាន​លោក ហង្ស ប្រសើរ ​បញ្ជាក់ថា ដោយសារតែ​មណ្ឌល​រប​ស់លោក​មាន​បទពិសោធ​ជាង​ ១៤ ​ឆ្នាំកន្លងមក​នេះ​ គឺ​លោក​គិតថា​ មិន​ចោទ​ជា​បញ្ហា​អ្វី​ទេ​ព្រោះ​ជា​កិច្ច​ការដែល​ស៊ាំ​ទៅហើយ​។​សម្រាប់​គ្រូពេទ្យ​ប្រចាំ​មណ្ឌល​វិញ​សុទ្ធតែ​បានទទួល​ការបណ្តុះបណ្តាល​ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក៏ដូចជា​ការអនុវត្ត​ផ្ទាល់​ដែល​ចំណាយ​ពេលវេលា​ជាច្រើន​ឆ្នាំ​មកហើយ​ផង​គឺ​គ្រូពេទ្យ​មាន​បទពិសោធ​ពេញលេញ​តែម្តង​។​

លោក​ថ្លែងថា​៖ «​ប៉ុន្តែ​អ្វីដែល​គួរឱ្យកត់សម្គាល់​គឺ​ក្នុង​រយៈពេល​ ១​ ឆ្នាំ​ ២​ ឆ្នាំ​ក្រោយនេះ​ឃើញថា អ្នកប្រើប្រាស់​គ្រឿងញៀន​គឺមាន​សភាព​ធ្ងន់ធ្ងរ​ជាង​មុន​។​ មូលហេតុ​ដោយសារ​គ្រឿងញៀន​បច្ចុប្បន្ន​គ្មាន​ធាតុសុទ្ធ​មួយរយ​ភាគរយ​ទេ​។ ដូច្នេះ​ធ្វើឱ្យ​អ្នកប្រើប្រាស់​រង​ឥទ្ធិពល​ប៉ះពាល់​ផ្លូវចិត្ត​ខ្លាំង​បើ​មក​មណ្ឌល​ ១០​ នាក់ ​គឺ​ស្លេកស្លាំង​រវើរវាយ​និយាយស្តី​មិនដឹង​ខុសត្រូវ​ទេ​ដែល​ពេល​ខ្លះទៅ​និយាយ​តែម្នាក់ឯង​ក៏មាន​»​។​

បើតាម​លោក ប្រសើរ ចំពោះ​សេវា​ព្យាបាល​ស្នាក់​នៅក្នុង​មណ្ឌល​របស់លោក​គិត​ជា​វគ្គ​ចាប់ពី​ ៣​ ខែ ជាង​ ៧០០​ ដុល្លារ ៦​ ខែ តម្លៃ​សេវា​ជាង​ ១ ​ពាន់​ដុល្លារ សម្រាប់​ ១ ​ឆ្នាំ​ជិត​ ២​ ពាន់​ដុល្លារ​ ដែល​តម្លៃ​នេះ​វា​សមរម្យ​ព្រោះ​មុននឹង​ដាក់​តម្លៃ​ គឺ​ខាង​មណ្ឌល​បានគិត​គូរ​ពី​ជីវភាព​របស់​ប្រជាពលរដ្ឋ​រួចហើយ​។ ក្នុង​សេវា​នោះដែរ​ គឺ​គិត​រួមបញ្ចូល​ទាំង​បាយទឹក​ម្ហូបអាហារ ថ្នាំសង្កូវ កម្មវិធី​អប់រំ​ផ្សេងទៀត​។ អ្នកញៀន​គ្រឿងញៀន​ដែល​មក​ព្យាបាល​នៅក្នុង​មណ្ឌល​លោក​គឺ​ភាគច្រើន​មកពី​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​-​រាជធានី​ទាំង​ ២៥​។ ក្នុងការ​ចូលរួម​សង្គម​ក៏ដូចជា​រដ្ឋាភិបាល​ពិតណាស់​មណ្ឌល​របស់លោក​បាន​ជួយ​សម្រាល បាន​ជួយ​គ្រប់គ្រង ជួយ​ទប់ស្កាត់​អប់រំ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​អ្នក​ដែលមាន​បញ្ហា​ប្រើប្រាស់​គ្រឿងញៀន​។

ជុំវិញ​អ្នកប្រើប្រាស់​គ្រឿងញៀន​នេះ ត្រូវបាន​កញ្ញា សំ ផល្លី​កា ជា​គ្រូពេទ្យ​ឯកទេស​ប្រព័ន្ធ​ប្រសាទ​ផ្នែក​សរសៃប្រសាទ​ខួរក្បាល នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានធ្វើការ​ពន្យល់​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ចំពោះ​មនុស្ស​ដែល​បាន​ប្រើប្រាស់​គ្រឿងញៀន គឺ​វា​ធ្វើឱ្យប៉ះពាល់​ច្រើន​ដល់​ប្រព័ន្ធ​ប្រសាទ​របស់​អ្នកប្រើប្រាស់​ទាំងអស់​។​ ប៉ុ​ន្ត៉ែ​ផលប៉ះពាល់​នេះ​ក៏​ប្រែប្រួល​ទៅតាម​ប្រភេទ​ថ្នាំញៀន​នីមួយៗ​ដែរ ដែល​វា​មាន​ថ្នាំ​ម៉ា​ទឹកកក​ពួក​ថ្នាំ​ម៉ូ​ហ្វី​ន និង​មាន​ថ្នាំ​ពួក​អ៊ិ​ច​ស្តា​ស៊ី​អី​ផ្សេងៗ​ទៀត​។

ក្នុង​លក្ខណៈ​ជារួម ​គឺ​ថ្នាំញៀន​ទាំងនេះ​វា​ប៉ះពាល់​ទៅនឹង​សម្ពាធ​ឈាម​ទាក់ទង​នឹង​ការដកដង្ហើម ទាក់ទង​ទៅនឹង​ចលនា​ចង្វាក់បេះដូង​រួម​ទាក់ទង​នឹង​សីតុណ្ហភាព​នៅក្នុង​ខ្លួន​របស់​អ្នកប្រើប្រាស់​គ្រឿងញៀន​ដែល​ជួនកាល​អាច​ក្តៅខ្លួន ជួនកាល​អាច​ត្រជាក់​ឬក៏​អ្នកខ្លះ​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ឬ​ទាប​។ មានន័យថា​ការសម្របសម្រួល​នៅក្នុង​ខ្លួន​អ្នកញៀន​ថ្ នាំ​គឺមាន​ផលប៉ះពាល់​ទាំងអស់​ទាក់ទង​ទៅនឹង​ប្រព័ន្ធ​ប្រសាទ​នេះ​។

កញ្ញា​បន្តថា​ នៅពេលដែល​មនុស្ស​ម្នាក់​ប្រើប្រាស់​គ្រឿងញៀន​គឺ​ប្រព័ន្ធ​ប្រសាទ​ត្រូវ​ខូច​ទាំងអស់​ដូចជា​បាត់​ការចងចាំ គាត់​អាចមាន​អារម្មណ៍​ឡើង​ចុះ​មិន​ទៀងទាត់​ដែល​អាច​ទៅជា​មនុស្ស​ឆេវឆាវ ​ឬក៏​ប្រែប្រួល​​ទៅតាម​អ្នក​ប្រើ​ថ្នាំញៀន​ម្នាក់ៗ និង​ផ្លាស់ប្តូរ​អាកប្បកិរិយារ​បស់​អ្នកប្រើប្រាស់​គ្រឿងញៀន​នោះ​។​ ​ក្នុងករណី​ដែល​មនុស្ស​ម្នាក់​ដែល​គាត់​ប្រើ​គ្រឿងញៀន​កាន់តែច្រើន ហើយ​ដូ​ស ​(​កម្រិត​ថ្នាំញៀន​)​ កាន់តែ​ខ្ពស់​នៅពេលដែល​ខួរក្បាល​របស់គាត់​ស៊ាំ​ទៅនឹង​ថ្នាំញៀន​នោះ​។​

កញ្ញា​ថា​៖ «​អ៊ីចឹង​ការដែល​គាត់​ប្រើ​ដូ​ស​កាន់តែ​ខ្ពស់​ហើយ​រយៈពេល​នៃ​ការប្រើ​កាន់តែ​យូរ​ពេលនោះ​អ្នកជំងឺ​គឺ​រង​នូវ​ផលប៉ះពាល់​ទាំងអស់​។​ បញ្ហា​នេះ​ធ្វើឱ្យ​ជំងឺ​គាត់​ពឹង​ផ្នែក​ទៅលើ​ថ្នាំញៀន​នោះ​តែម្តង​ហើយ​នៅពេលដែល​អត់​បាន​ប្រើ​ថ្នាំញៀន​ គឺ​អត់​មិន​បានទេ​គឺ​ត្រូវតែ​ធ្វើ​យ៉ាងម៉េច​ត្រូវតែ​បាន​ប្រើ​ទើប​អ្នកញៀន​ថ្នាំ​នោះ​អាចធ្វើ​ការ​បាន​ដូចដើម​វិញ​»​។​

កញ្ញា​ពន្យល់ថា ចំពោះ​ការព្យាបាល​គឺ​ត្រូវ​ព្យាបាល​ទៅតាម​រោគសញ្ញា​ដែល​លេចឡើង​តែ​អ្វីដែល​សំខាន់បំផុត​គឺ​ត្រូវតែ​ផ្តាច់​ថ្នាំញៀន​ឱ្យបាន​សិន​។ នៅក្នុង​ការផ្តាច់​ថ្នាំញៀន​គឺជា​រឿង​ដែល​ពិបាកធ្វើ​ណាស់​ហើយ​អ្នកញៀន​ថ្នាំ​ត្រូវការ​តាំងចិត្ត​ខ្ពស់​រួម​នឹងមាន​ការគាំទ្រ​លើកទឹកចិត្ត​ពី​មនុស្ស​នៅ​ជុំវិញខ្លួន​ដែរ​។ ប្រសិនបើ​អ្នកញៀន​ថ្នាំ​មាន​រោគសញ្ញា​រវើរវាយ​ខ្លាំង​ដែលមាន​រោគសញ្ញា​នៃ​ជំងឺ​វិកល​ច​រិ​ក​ដែល​មានន័យថា អ្នក​ប្រើ​គ្រឿងញៀន​មើលឃើញ​អ្វី​ស្តាប់ឮ​អ្វីដែល​ការពិត វា​អត់​មាន ​គឺ​ត្រូវ​ការប្រើ​ថ្នាំ​ជា​ជំនួយ​សម្រាប់​ការព្យាបាល​អ្នកញៀន​ថ្នាំ​នោះ​។

ពាក់ព័ន្ធ​ការ​បន្សាប​គ្រឿងញៀន​នេះដែរ ត្រូវបានលោក តូច ចាន់នី អ្នកនាំពាក្យ​ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា បច្ចុប្បន្ន​ក្នុងប្រទេស​កម្ពុជា មាន​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​ចំនួន ១៣ ក្នុងនោះ​មាន ៦ មណ្ឌល​ជា​របស់​រដ្ឋ​មាននៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត និង​មាន មណ្ឌល​ឯកជន និង​អង្គការ​ដៃគូ​ចំនួន ៧ មណ្ឌល​។​

លោក​បានឱ្យដឹងថា ក្នុង​រយៈពេល ៥ ឆ្នាំ (២០១៧-២០២២) ជនរងគ្រោះ​ដោយសារ​ការប្រើប្រាស់​គ្រឿងញៀន​ដែល​បានមក​ទទួល​ការព្យាបាល និង​ស្តារនីតិសម្បទា​ក្នុង​មជ្ឈមណ្ឌល​មាន​ចំនួន ៥៥ ៣០៧ នាក់​។ ក្នុងនោះ​ជនរងគ្រោះ​ប្រុស ស្រី​ដោយសារ​ការប្រើប្រាស់​គ្រឿងញៀន ៣៥ ២២៣ ​នាក់ ត្រូវបានធ្វើ​សមាហរណកម្ម​ត្រឡប់​ទៅ​ក្រុមគ្រួសារ និង​សហគមន៍​វិញ​បន្ទាប់ពី​បានជា​សះស្បើយ​។​

លោក​បានឱ្យដឹងថា មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​ដោយ​ស្ម័គ្រចិត្ត និង​ផ្អែកលើ សហគមន៍ “​កែវផុស​” ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២២ ខែ មីនា ឆ្នាំ​ ២០២២ ក្រោម​អធិបតីភាព លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ ក្រៅពីនេះ​ក្រសួង​បានរៀបចំ​ប្រកាស​អន្តរក្រសួង (​ក្រសួង​សង្គមកិច្ច និង​ក្រសួងសុខាភិបាល​) ស្តីពី​លក្ខខណ្ឌ​និង​ទម្រង់​បែបបទ​នៃ​ការស្នើសុំ​បង្កើត​មណ្ឌល​សម្រាប់​ការព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន និង​គោលការណ៍​ណែនាំ​ស្តីពី​ការព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​ផងដែរ​៕