
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបថត ក្រសួងមហាផ្ទៃ
ភ្នំពេញៈ វេទិកាសាធារណៈត្រូវបានរៀបចំក្នុងគោលបំណង ស្ដាប់នូវកង្វល់ បញ្ហាប្រឈម ឬសំណូមពរ សំណើរបស់ប្រជាពលរដ្ឋ និងដោះស្រាយរាល់សំណូមពរ និងសំណើទាំងនោះដោយផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាពិសេសបង្កើតឡើង និងដាក់ចេញ ដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា។ វេទិកាសាធារណៈនេះ នៅតែមានប្រសិទ្ធភាព និងមានសារៈសំខាន់ក្នុងការជួបសួរសុខទុក្ខ និងស្ដាប់សភាពការណ៍ បញ្ហាប្រឈម សំណូមពរនិងកង្វល់នានារបស់ប្រជាពលរដ្ឋផ្ទាល់នៅមូលដ្ឋាន ដើម្បីជួយដោះស្រាយជូនពួកគាត់ឱ្យមានប្រសិទ្ធភាព។
ដោយមើលឃើញពីសារៈសំខាន់នៃវេទិកាសាធារណៈនេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ទើរតែគ្រប់កម្មវិធីនៅតាមបណ្តារាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា តែងតែងអំពាវនាវដល់គ្រប់ថ្នាក់ដឹកនាំនៃរាជធានី-ខេត្តទាំងនោះចាប់ពីថ្នាក់ខេត្តរហូតដល់មូលដ្ឋានឱ្យរៀបចំវេទិកាសាធារណៈនេះ ឱ្យបានញឹកញាប់ ដើម្បីទទួលមតិយោបល់ សំណូមពរ និងការដោះស្រាយនូវរាល់បញ្ហាជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។
លោក ស ខេង នៅក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះជំរុញឱ្យអាជ្ញាធរ ខេត្តក៏ដូចជាស្រុក មានភាពក្លាហានក្នុងការរៀបចំវេទិកាសាធារណៈ ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីដោះស្រាយកង្វល់នានាជូនប្រជាពលរដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះ លោក ស ខេង ក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានភាពក្លាហានក្នុងការបញ្ចេញជាមតិយោបល់ និងសំណូមពរដល់អាជ្ញាធរបស់ខ្លួន។ ជាមួយគ្នានេះ លោក ស ខេង បានឱ្យអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវយកមតិយោបល់ទាំងអស់របស់ប្រជាពលរដ្ឋ ដោះស្រាយ ធ្វើជារបៀបវារៈក្នុងការងារប្រចាំថ្ងៃ ដោយកុំឱ្យមើលស្រាលឱ្យសោះ ទោះបីសំណូមពរ និងមតិយោបល់នោះមានចរិតប្រឆាំងយ៉ាងណាក៏ដោយ។
លោក ស ខេង ថ្លែងថា៖ «មតិយោបល់របស់ប្រជាពលរដ្ឋ យកមកធ្វើការដោះស្រាយ ធ្វើជារបៀបវារៈការងាររបស់យើង យើងមិនត្រូវមើលស្រាលទេ បើអាចធ្វើវេទិកាសាធារណៈឱ្យបានញឹកញាប់។ ព្រោះអ៊ីចេះ ធ្វើដំបូង ឬ ២ ដង គាត់អត់ហ៊ានមានយោបល់ទេ គាត់ខ្លាចប្រជាជនយើងនៅមានអាចំណុចហ្នឹង តែយើងធ្វើច្រើនដងទៅ ហើយមន្ត្រីយើងដូចគ្នាអ៊ីចឹងដែរ ធ្វើវេទិកាសាធារណៈដូចជាខ្លាចដែរ គឺខ្លាចដោះស្រាយវាមិនចេញ។ ឥឡូវកុំខ្លាច ត្រូវតែហ៊ាន»។
លោកថ្លែងបន្តថា៖ «យើងធ្វើវេទិកាសាធារណៈ យើងកុំធុញ ធ្វើបានច្រើនកាលណា ល្អកាលហ្នឹង ដើម្បីធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋហ៊ាននិយាយ តែកាលណាយូរទៅគាត់ហ៊ាននិយាយ ឯយើងហ្នឹង ធ្វើច្រើនទៅ យើងមានសមត្ថភាព និងពង្រឹងសមត្ថភាពដែរ យើងយល់ដឹងពីប្រជាពលរដ្ឋ»។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សបានឱ្យដឹងថា នៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងថ្នាក់ក្រោមជាតិ គឺមានការប្រជុំប្រចាំខែរបស់សមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលតាមច្បាប់នេះ ប្រជាពលរដ្ឋមានសិទ្ធិចូលរួមប្រជុំនេះ ដោយមិនមានលិខិតអញ្ជើញនោះទេ។ ដោយឡែកការជំរុញរបស់ លោក ស ខេង ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិរៀបចំវេទិកាសាធារណៈនេះ ឱ្យបានច្រើននោះ គឺមិនមែនជារឿងថ្មីនោះទេ។
លោកបន្តថា វេទិកាសាធារណៈគឺជារឿងល្អមួយសម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិ បានរៀបចំទទួលសំណូមពរ និងបើកចិត្តឱ្យទូលំទូលាយស្តាប់មតិយោបល់ និងការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប៉ុន្តែរាល់ការលើកឡើងជាមតិយោបល់របស់ប្រជាពលរដ្ឋ កុំឱ្យក្លាយទៅជាបទល្មើសណាមួយ ពីព្រោះប្រជាពលរដ្ឋខ្លះលើកឡើងដោយមានទិន្នន័យជាក់លាក់ ប្រជាពលរដ្ឋខ្លះទៀត លើកឡើងទៅតាមអារម្មណ៍។
លោកបន្តថា នៅពេលដែលមានការលើកឡើងយ៉ាងណាក៏ដោយពីប្រជាពលរដ្ឋ អាជ្ញាធរគួរតែកុំចាប់ទោសអូសដំណើររបស់ពួកគាត់ ដោយត្រូវលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលចូលរួមនៅក្នុងវេទិកាសាធារណៈនេះ លើកជាមតិយោបល់ឱ្យបានច្រើន និងមានការដោះស្រាយ និងឆ្លើយតប គឺជារឿងប្រសើរបំផុត។
លោកថ្លែងថា៖ «នៅពេលដែលយើងធ្វើដូច្នេះ នឹងអាចឱ្យប្រជាពលរដ្ឋចូលរួមកាន់តែច្រើនថែមទៀត ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើវេទិកាសាធារណៈណាមួយកើតឡើង ហើយការលើកឡើងនោះត្រូវបានអាជ្ញាធរសម្លុត និងចោទប្រកាន់គាត់ វានឹងមិនមានអ្វីជាការប្រែប្រួល និងដំណោះស្រាយទេ»។
ដើម្បីពង្រឹងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ឱ្យបានកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាផ្លែផ្កាពិតប្រាកដ ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ វេទិកាសាធារណៈចុះជួបជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានឃុំ-សង្កាត់ នៅតែជាគោលដៅសំខាន់ចម្បងរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយឆ្លើយតបបញ្ហាកង្វល់សំណូមពរជូនប្រជាពលរដ្ឋឱ្យបានកាន់តែមានប្រសិទ្ធភាព។
លោក សុខ លូ អភិបាលខេត្តបាត់ដំបងឱ្យដឹងដែរថា វេទិកាសាធារណៈត្រូវបានខេត្តក្រុងស្រុក ឃុំ សង្កាត់ ធ្វើជាទៀងទាត់ ដើម្បីធ្វើការផ្សព្វផ្សាយពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង ៧ ចំណុច និងជាពិសេសគឺស្តាប់យោបល់របស់បងប្អូនប្រជាពលរដ្ឋ។
លោកបន្តថា តាមអនុសាសន៍របស់ លោក ស ខេង សម្រាប់ខេត្តបាត់ដំបង គឺរៀបចំធ្វើវេទិកាសាធារណៈនៅគ្រប់ភូមិទាំងអស់ ដើម្បីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងសំណូមពរនានា ជាពិសេសគឺបានដឹងពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយដោះស្រាយបញ្ហាទាំងនោះនៅនឹងកន្លែង ប៉ុន្តែបញ្ហាណាដែលដោះស្រាយនៅនឹងកន្លែងមិនបាន រដ្ឋបាលខេត្តនឹងធ្វើការដោះស្រាយជាបន្តបន្ទាប់។
លោកបានថ្លែងថា៖ «វេទិកាសាធារណៈនេះ យើងធ្វើ គឺយើងឱ្យក្រុមប្រឹក្សាក្រុងស្រុក និងឃុំសង្កាត់ធ្វើដោយមានក្រុមការងារចុះមូលដ្ឋាន ដឹកនាំធ្វើ យើងធ្វើគ្រប់ឃុំ និងគ្រប់ភូមិទៀត។ នៅពេលដែលមានបញ្ហា គឺពួកគាត់ដោះស្រាយនៅនឹងកន្លែង ហើយបញ្ហាណាដែលដោះស្រាយមិនបាន គាត់ធ្វើរបាយការណ៍មកលើ ហើយក្រុមការងារមានថ្នាក់ខេត្ត និងរាជរដ្ឋាភិបាលគាត់ដឹកនាំធ្វើ»។
លោក កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំឱ្យដឹងថា នៅមុនពេលផ្ទុះឡើងនូវជំងឺកូវីដ ១៩ ថ្នាក់ដឹកនាំខេត្តតែងតែរៀបចំធ្វើជាទៀងទាត់ ដើម្បីទទួលសំណូមពរ មតិយោបល់ និងដោះស្រាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ប៉ុន្តែក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ បានផ្អាកមួយរយៈពេល។
លោកបន្តថា ថ្នាក់ដឹកនាំខេត្តក៏នឹងរៀបចំធ្វើវេទិកាសាធារណៈនេះម្តងទៀត នៅចុងឆ្នាំនេះឡើងវិញ ដើម្បីដោះស្រាយកង្វល់ និងទទួលយកមតិយោបល់របស់ប្រជាពលរដ្ឋ។ នៅពេលរៀបចំវេទិកាសាធារណៈនេះ រដ្ឋបាលខេត្តបានដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋបានចំនួនច្រើនករណី ដូចជាបញ្ហាសៀវភៅគ្រួសារ បញ្ហាអត្រានុកូលដ្ឋាន បញ្ហាសំបុត្រកំណើត បញ្ហាអគ្គិសនី និងការជួសជុលផ្លូវនៅក្នុងឃុំរបស់ពួកគាត់ជាដើម។ ការរៀបចំធ្វើវេទិកាសាធារណៈនៅក្នុងខេត្ត គឺមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះថ្នាក់ដឹកនាំខេត្តបានចុះទៅដល់មូលដ្ឋានដោយផ្ទាល់ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបញ្ហាផ្សេងៗទៀត ពាក់ព័ន្ធនឹងសុខសុវត្ថិភាពនៅក្នុងឃុំសង្កាត់ ជាពិសេស គឺបានដោះស្រាយបញ្ហាភ្លាមៗជូនប្រជាពលរដ្ឋនៅក្នុងកន្លែង ប៉ុន្តែបញ្ហាណាដោះស្រាយមិនបានស្នើសុំគោលការណ៍ទៅថ្នាក់លើ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «យើងអញ្ជើញតំណាងប្រជាពលរដ្ឋជាកសិករ អាជីវកម្ម អ្នករត់ម៉ូតឌុប ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងតំណាងនៅក្នុងភូមិឱ្យចូលរួមវេទិកាសាធារណៈ យើងរៀបចំធ្វើហ្នឹង ដើម្បីឱ្យពួកគាត់លើកជាបញ្ហានៅក្នុងឃុំរបស់គាត់។ ក្នុងវេទិកានីមួយៗ ពួកគាត់ (ពលរដ្ឋ) ផុលផុសលើកបញ្ហានានាដែលគាត់ជួបប្រទះ ឱ្យយើងដោះស្រាយ»។
លោក ស៊ុយ សែម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ១៤ សីហា ២០២២ បានបើកវេទិកាសាធារណៈមួយនៅវត្តពោធិ៍មានបុណ្យ ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ដើម្បីផ្ដល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ បញ្ចេញមតិ លើកឡើងនូវបញ្ហាប្រឈមនានា ដែលពួកគាត់កំពុងជួបការលំបាកសព្វថ្ងៃនេះ។
ក្នុងវេទិកាសាធារណៈនេះ ប្រជាពលរដ្ឋ បានលើកឡើងនូវបញ្ហាជាច្រើន ក្នុងនោះបានស្នើសុំឱ្យក្រុមការងារ ជួយជុសជុលផ្លូវក្រួសក្រហម ១ ខ្សែ ប្រវែងជាង ១ ៥០០ ម៉ែត្រ ពីផ្លូវជាតិលេខ ៥ ទៅភូមិព្នៅ។ សុំថវិកា ១ លាន ៨០ ម៉ឺនរៀល ដើម្បីទិញឈើធ្វើស្ពានប្រវែង ១២ ម៉ែត្រ ក្នុងភូមិ និងសុំប្ដូរបង្គោលភ្លើងពីឈើទៅថ្ម ព្រមទាំងសុំស្ថាបនាផ្លូវដីសប្រវែងជាង ១ ២០០ ម៉ែត្រ ពីស្អាងទៅស្លាកែត និង ១ ១០០ ម៉ែត្រ ទៀតពីសាលារៀនអណ្ដូងសំបួរ ទៅកោះរលោង។
បន្ថែមលើនេះ ពលរដ្ឋសុំស្ថាបនាផ្លូវក្រួសក្រហម ពីប្រឡាយមេក្បាលហុងទៅកោះផ្ដៅ ប្រវែងជាង ៥០០ ម៉ែត្រ ផ្លូវក្រួសក្រហមពីផ្លូវជាតិលេខ ៥ ទៅភូមិអន្លង់មៀន ប្រវែងជាង ៧០០ ម៉ែត្រ, សុំផ្លូវដីសប្រវែងជាង ៥០០ ម៉ែត្រ អមដោយលូ ប្រឡាយ និងស្ពានក្នុងភូមិតង្កៀបក្ដាម, ផ្លូវក្រួសក្រហមពីភូមិស្វាយអាត់ ទៅភូមិអន្លង់មៀនប្រវែងជាង ១ ៥០០ ម៉ែត្រ និងបានស្នើសុំឱ្យក្រុមហ៊ុន តាំង សារ៉េត ដែលប្រកបអាជីវកម្មដឹកដី ថ្ម ខ្សាច់ ជួយជួសជុលផ្លូវក្នុងភូមិស្វាយអាត់ ឱ្យបានល្អផង ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងភូមិ និង រាល់បញ្ហាប្រឈម ក្ដីកង្វល់ និងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ៕