ភ្នំពេញៈ​ គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការបោះ​ឆ្នោត (​គជប​) នឹង​បើក​វគ្គ​បណ្តុះ​បណ្តាល​ដល់​មន្ត្រី​តំណាង​គណ​បក្ស​នយោ​បាយ តំណាង​អង្គការ​សង្គម​ស៊ីវិល​ និង​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​សរុប​ចំនួន ​១៤០ ​នាក់​ស្តីពី​និតិ​វិធី​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការចុះ​ឈ្មោះ​បោះ​ឆ្នោត​រយៈ​ពេល​៣ថ្ងៃ​ចាប់ពី ​៥​ ខែកញ្ញា​ ដល់​ថ្ងៃទី ​៧ ​ខែ កញ្ញា ​ឆ្នាំ ២០២២​។​

​លោក​ សោម សូ​រី​ដា អ្នកនាំ​ពាក្យ​ (គជប) ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១ កញ្ញាថា ​វគ្គ​បណ្តុះ​បណ្តាល​នេះ គឺ​ជា​កិច្ច​ការ​ដែល (​គជប) ត្រូវ​អនុវត្ត​បន្ត បន្ទាប់​ពីជ្រើស​រើស​មន្ត្រី​កិច្ច​សន្យា​រយៈ​ពេល​ខ្លីរួច​ហើយ។ វគ្គ​បណ្តុះ​បណ្តាល​នេះនឹង​មាន​ការ​បង្ហាញ​អំពី​បញ្ញត្តិ​ និង​ច្បាប់​ពាក់​ព័ន្ធ​នឹង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការចុះ​ឈ្មោះ​បោះ​ឆ្នោ ដោយមាន​គ្រូ​ឧទ្ទេស​នាម​បង្ហាញ​ពី​តួនាទី​ និង​ភារ​កិច្ច​របស់​លេខាធិ​ការដ្ឋាន​គណៈ​កម្មកា​រ​រាជ​ធានី​-ខេត្ត​ រៀបចំ​ការ​បោះ​ឆ្នោត​ តួនាទី​របស់​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ ​និង​តួនាទី​របស់​ក្រុម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។

​លោក​ថ្លែងថា​៖ «ជា​មួយ​គ្នានេះ​យើង​មាន​ប្រធាន​បទ​ច្រើន​ទាក់ទង​ទៅ​នឹង​ដំណើ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះ​ឈ្មោះ​ឆ្នោត ​ហើយ​ក្នុង​នោះ​ក៏មាន​ការ​បញ្ជាក់​ពី​ការ​អនុវត្ត​ជាក់​ស្តែង​ក្នុងការ​ប្រើ​ប្រាស់​ទម្រង់​បែប​បទ ​និង​ការប្រើ​ប្រាស់​កញ្ចប់​ដើម្បីខ្ច​ប់​សម្ភារ​ឯកសារ នៅតាម​ថ្នាក់​នីមួយៗ។ អ៊ីចឹង​កម្មវិធី​បណ្តុះ​បណ្តាល​នេះ យើង​រៀបចំ​គ្រូ​ឧទ្ទេស​នាម​ ទៅតាម​មេរៀន និង​ប្រធាន​បទ​នីមួយៗ​»​។​

​បើ​តាម​លោក សោម សូ​រី​ដា សិក្ខា​កាម​ដែល​នឹង​ចូល​រួម​មាន​ចំនួន​ ១៤០ ​នាក់ មកពី​សមាស​ភាព​ ប្រធាន​និង​អនុប្រធាន​លេខាធិ​ការ​ដ្ឋា​នរ​គណៈ​កម្មការ​រាជ​ធានី​ខេត្ត​រៀបចំ​ការ​បោះឆ្នោត ​អ្នក​បច្ចេក​ទេស​កុំ​ព្យួ​ទ័​រ​នៅ​លេខាធិ​កា​រ

ដ្ឋាន​គណៈ​កម្មកា​រ​រាជ​ធានី​-ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោតតំណាង​គណ​បក្ស​នយោ​បាយ តំណាង​អង្គការ​សង្គម​ស៊ីវិល​ តំណាង​អគ្គ​នាយក​ដ្ឋាន​រដ្ឋបាល​ក្រសួង​មហា​ផ្ទៃ តំណាង​អគ្គ​លេខា​ធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​មន្ត្រី​គ្រប់​នាយក​ដ្ឋាន អង្គ​ភាព​នៃ​លេខា​ធិកា​រដ្ឋាន​(គជប) ។

​លោក ជោ ម៉ាប់ ប្រធាន​លេខាធិ​ការ​ដ្ឋាន​គណៈ​កម្មកា​រ​ខេត្ត​ព្រះវិហារ​រៀបចំ​ការ​បោះ​ឆ្នោត​បានប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១​ ខែកញ្ញា​ថា លោក​ក៏​នឹង​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​ខាងលើ​នេះដែរ​។ តាម​ការ​អញ្ជើញ​របស់ ​(គជប) គឺ​ក្នុង​ ១ ខេត្ត​មាន​អ្នក​ចូល​រួម ៣​ នាក់​ក្នុង​នោះ មាន​ប្រធាន​ និង​អនុ​ប្រធាន​លេខាធិ​ការ​គណៈ​កម្មការ​រាជ​ធានី​-ខេត្ត​ រៀបចំ​ការ​បោះ​ឆ្នោត និង​អ្នក​បច្ចេក​ទេស​កុំព្យូទ័រ។​

​លោកបាន​បន្ត​ថា ​ក្រោយពី​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​នេះ​ គ្រប់​លេខាធិ​ការដ្ឋាន​គណៈ​កម្មកា​រ​រាជធានី​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​នឹង​បន្ត​បណ្តុះ​បណ្តាល​ដល់​គ្រូ​បង្គោល ​ប្រចាំ​ក្រុង​ស្រុក អាជ្ញា​ធរ និង​ភាគី​ពាក់​ព័ន្ធ​នានា​ ​ចន្លោះ​ចាប់ពី​ថ្ងៃទី​ ៩​ ខែកញ្ញា ​ដល់​ថ្ងៃទី​ ១៣ ខែ​ កញ្ញា ​ឆ្នាំ ​២០២២ ​ដើម្បី​ធ្វើយ៉ាង​ណាឱ្យ​ពួកគាត់​យល់​ពី​នីតិ​វិធី​និង​បទ​ប្បញ្ញត្តិ​នានា​ពាក់​ព័ន្ធ​នឹង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ។

​លោក​ថ្លែង​ថា​៖ «យើង​នឹង​បណ្តុះ​បណ្តាល​ពួកគាត់​ក្រោយ​ពី​យើង​បាន​រៀន​នៅ ​(គជប) ដើម្បី​ឱ្យ​បណ្តុះ​បណ្តាល​បន្តទៀ​តទៅ​ក្រុម​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដើម្បី​ធ្វើយ៉ាង​ណាឱ្យ​ដំណើ​ការ​នេះ​មាន​ប្រសិទ្ធ​ភាព​ស្រប​តាម​បញ្ញត្តិ​ច្បាប់​ជា​ធរ​មាន»។

​លោក​ សំ សុគន្ធា​មី ​ប្រធាន​អង្គការ​ឃ្លាំ​មើល​ការបោះ​ឆ្នោត​នី​ក​ហ្វិក​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១ ​ខែកញ្ញា​ថា អង្គ​ការ​របស់​លោក មិន​ទាន់​ទួល​បាន​លិខិត​អញ្ជើញ​ពី ​(គជប)​ នៅ​ឡើយ​ទេ​ពាក់​ព័ន្ធ​នឹង​ការ​ហៅ​ឱ្យចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ខាង​លើនេះ​។ទោះ​ជា​យ៉ាង​ណា ​លោក​ថា​ លោក​នឹង​ពិនិត្យ​មើល​លទ្ធ​ភាព​ចូល​រួមឬ​ចាត់ចែង​ឱ្យមាន​តំណាង​ចូល​រួមនៅ​ពេល​ទទួល​បាន​លិខិត​អញ្ជើញ​ជា​ផ្លូវ​ការ​ពី ​(គជប)​។

​តាម​ប្រតិទិន​ (​គជប) នឹង​ចាប់​ផ្តើម​ធ្វើ​បច្ចុប្បន្ន​ភាព​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះឈ្មោះ​បោះឆ្នោត​ជា​ផ្លូវការរ​យៈពេល​ ៥០ ថ្ងៃ​ ចាប់ពី​ថ្ងៃទី ២០​ ខែ តុលា ​ឆ្នាំ​ ២០២២​ ដល់​ថ្ងៃទី ​៨ ​ខែ ធ្នូ​ ឆ្នាំ​ ២០២២​ ដើម្បី​ឱ្យ​បញ្ជី​បោះឆ្នោត​នេះមាន​គុណ​ភាព​ និង​ទទួល​យក​បាន​សម្រាប់​បម្រើ​ឱ្យ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៧​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ២៣​ ខែ កក្កដា ឆ្នាំ​ ២០២៣​ ខាង​មុខ​៕