លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន នៅថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២២ បានថ្លែងដោយអះអាងថា នឹងចូលខ្លួនទៅកាន់អង្គសវនាការនៅចុងខែកញ្ញា ដោយយោងតាមដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្ដឹងរឿងបំភ្លៃការពិតពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីដើមខែមិថុនា។

លោក សុន ឆ័យ ថ្លែងថា៖ «(ខ្ញុំ) នឹងឆ្លើយទៅតាមការសួរដេញដោលរបស់តុលាការ ហើយ (ខ្ញុំ) មិនមានការព្រួយបារម្ភនោះទេ ព្រោះ (ខ្ញុំ) មិនបានប្រព្រឹត្តអ្វីខុសដូចការចោទប្រកាន់របស់គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ។ គេសួរអី យើងឆ្លើយហ្នឹងទៅ វាអត់មានអីទេ ហើយក៏អត់ពិបាកឆ្លើយផងដែរ»។

លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅ លោក ស៊ុន ឆ័យ ឱ្យចូលសវនាការនៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២២។

គណបក្សប្រជាជនកម្ពុជា បានប្តឹងលោក សុន ឆ័យ ឲ្យសុំទោសជាសាធារណៈ និងសងជំងឺចិត្តជាទឹកប្រាក់ជាង ១ លានដុល្លារអាមេរិក។ ដោយឡែកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្តឹងលោក សុន ឆ័យ ឱ្យសុំទោសជាសាធារណៈខណៈ លោកមេធាវី ជូង ជូងី បានអះអាងថារូបលោកបានត្រៀមខ្លួនរួចរាល់ក្នុងដំណើរការពារកូនក្ដីនៅក្នុងអង្គសវនាការ។

លោក ជូង ជូងី ថ្លែងថា៖ «ការប្តឹងលោក សុន ឆ័យ បាននាំឲ្យប៉ះពាល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់អ្នកនយោបាយ»។

លោកថា ករណីនេះនឹងអាចធ្វើឲ្យអ្នកនយោបាយដទៃទៀត លែងហ៊ានរិះគន់ពីលទ្ធផលបោះឆ្នោត ឬអត្ថាធិប្បាយទាក់ទិននឹងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០២៣៕

វីដេអូ៖