ភ្នំពេញៈ ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ប្រកាស​ឱ្យ​កម្មករ​និយោជិត​ក្នុង​ក្រុមហ៊ុន ​ស៊ុនស៊ីង ​នៅ​ស្រុក​អង្គស្នួល​ ខេត្ត​កណ្តាល​ចំនួន​ ២២ នាក់ ​ទៅ​បើក​ប្រាក់​បុរេប្រទាន​ចំនួន​៣ចំណុច​ពី​រដ្ឋាភិបាល ​ចាប់ពី​ថ្ងៃទី ១​ ខែកញ្ញា​ តទៅ ​ដែល​មន្ត្រី​អះអាង​ថា ​កញ្ចប់​ថវិកា​ចំណាយ​លើ​កម្មករ​ក្នុង​ក្រុមហ៊ុន​នេះ​អស់​ប្រមាណ​ ១ ម៉ឺន​ដុល្លារ។

ក្រុមហ៊ុន​ស៊ុនស៊ីង ​ហ្គា​មិន​ គឺជា​រោងចក្រ​កាត់ដេរ​ស៊ីឈ្នួល​បន្ត​ពី​រោងចក្រ​ផ្សេង ​ដែលមាន​កម្មករ​ សរុប​ចំនួន​ ៤២ នាក់។ ​កាលពី​ថ្ងៃទី ១០​ ខែ សីហា ​ឆ្នាំ ២០២២​ ថៅកែ​ជនជាតិ​ចិន ​បាន​រត់ចោល​កម្មករ ​បន្ទាប់ពី​ដោះស្រាយ​ជូន​កម្មករ​បាន​ចំនួន ២០ នាក់​។ ការប្រកាស​ដោះស្រាយ​ជូន​កម្មករ​របស់​ក្រសួង​នា​ពេលនេះ ​បន្ទាប់ពី​កម្មករ​បានធ្វើ​ការតវ៉ា​ដោយ​សន្តិវិធី​ និង​បានដាក់​ពាក្យបណ្តឹង​ទៅ​សាលាស្រុក​ឱ្យជួយ​ដោះ​ស្រាយ។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ ​ចុះ​ថ្ងៃ​ទី ៣១ ​សីហា ​បានឱ្យ​ដឹងថា ​ដោយ​អនុវត្ត​តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្រសួង​នឹង​ចាប់ផ្តើម​បើក​ផ្តល់​ថវិកា​បុរេប្រទាន​របស់​រដ្ឋាភិបាល​កម្ពុជា ​ជូន​កម្មករ​ចាប់ពី​ម៉ោង​ ២ រសៀល​ថ្ងៃទី ១ ​កញ្ញា ​តទៅ ​នៅ​សាលា​ស្រុក​អង្គស្នួល ​ស្ថិត​ក្នុងភូមិ​ព្រៃ​ពពេល ​ឃុំ​ពើក ​ខេត្ត​កណ្តាល។

ក្រសួង​បញ្ជាក់ថា​៖ «សូម​បងប្អូន​កម្មករ ​និយោជិត​ យកមក​ជាមួយ ​នូវ​ឯកសារ​មួយចំនួន ​ដូចជា​បណ្ណ​សម្គាល់​ខ្លួន​កម្មករ​និយោជិត ​ឬ​កិច្ចសន្យា​ការងារ ​និង​សៀវភៅ​ការងារ​កម្មករ​និយោជិត ​ឬ​បណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម ​ឬ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ​ឬ​លិខិត​ឆ្លងដែន។ សូម​ភ្ជាប់​មកជា​មួយ​នូវ​បណ្ណ​បើកប្រាក់​ឈ្នួល​ប្រចាំខែ​របស់​កម្មករនិយោជិត​ម្នាក់ៗ​បើ​មាន»។

លោក​ ហេង សួរ ​អ្នកនាំពាក្យ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១ ​កញ្ញាថា ​ក្រសួង​នឹង​ធ្វើ​ការបើក​ផ្តល់ជូន​កម្មករ​នៅ​ក្រុមហ៊ុន​នេះ​ចំនួន​ ២២ នាក់ ​ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ១ ម៉ឺន​ដុល្លារ។

ជាមួយ​គ្នានេះ ​លោក​ ហេង សួរ ​អះអាងថា ​ក្រសួង​នឹង​បន្ត​ពិនិត្យមើល​ទៅលើ​គោលការណ៍​ផ្លូវច្បាប់​ក្នុង​ការដោះស្រាយ​ទៅតាម​ស្ថានភាព​ជាក់ស្តែង​របស់​រោង​ចក្រ​ដទៃ​ទៀត ​ដែល​ជួបប្រទះ​នឹង​បញ្ហា​ដូចគ្នា​នេះ ​ដើម្បីឱ្យ​ប្រាកដថា​ រាល់​បញ្ហា​របស់​កម្មករ​ គឺ​ត្រូវបាន​ដោះ​ស្រាយ។

លោក​បាន​បញ្ជាក់ថា​៖ «ក្រសួងនឹង​ពិនិត្យ​មើល​ទៅតាម​ចំនួន​ជាក់ស្តែង​ក្នុង​រោងចក្រ​នីមួយៗ ​ដែល​មាន​បញ្ហា»។

បើ​តាម​មន្ត្រី​គណៈកម្មការ​ដោះស្រាយ​វិវាទ​បាតុកម្ម​កូដកម្ម​ និង​គ្រប់មុខ​សញ្ញា ​សុំ​មិនបញ្ចេញ​ឈ្មោះឱ្យ​ដឹងថា​ ការទូទាត់​ និង​ការផ្តល់​ព័ត៌មាន​ដល់​កម្មករ​ទាំង​ ២២ នាក់​ បានរៀបចំ​រួចរាល់​អស់ហើយ ​ដោយ​រង់ចាំ​តែ​ការមក​ទទួល​ប្រាក់​របស់​កម្មករ​ប៉ុណ្ណោះ។ ជា​គោល​ការណ៍​ក្រសួង ​នឹងធ្វើ​ការទូទាត់​ប្រាក់​អត្ថប្រយោជន៍​ចំនួន​៣ចំណុច។ ​ទី១ ​ប្រាក់​ឈ្នួល​ខែ​ចុង​ក្រោយ ​ដែល​មិនទាន់​បាន​បើក ​ទី២ ​ប្រាក់​បំណាច់​ជួស​ការសម្រាក​ប្រចាំឆ្នាំ​ដែល​នៅសល់ ​និង​ទី៣​ ប្រាក់​បំណាច់​អតីត​ភាពការងារ​ថ្មី​ក្នុង​ឆ្នាំ ​និង​ប្រាក់​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ ​ដែល​មាន​មុន​ឆ្នាំ ២០១៩។

ទោះ​យ៉ាងណា ​លោក​ថា ​ការដោះស្រាយ​ជូនក​ម្មករ​ក្នុង​ក្រុមហ៊ុន​នេះ ​គឺ​អាស្រ័យ​លើ​ស្ថានភាព​របស់​កម្មករ​នីមួយៗ​ថា​ ពួកគាត់​នៅសល់​ចំណុច​ណា​ខ្លះ ​ដែល​នឹង​ទទួលបាន​អត្ថប្រយោជន៍​ទៅតាម​អ្វីដែល​កម្មករ​នៅ​សល់។

អ្នកស្រី​ គឺ ​ហ៊ួន ​ជា​កម្មករ​ក្នុង​ក្រុមហ៊ុន ​ស៊ុន ស៊ីង ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១​ កញ្ញា​ថា ​អ្នកស្រី​ទើប​បានមក​ធ្វើការ​នៅ​ក្នុង​រោងចក្រ​នេះ​ រយៈពេល ​២ ខែ​ប៉ុណ្ណោះ ​ហើយ​ធ្វើការ​មិនទាន់​បាន​ប៉ុន្មាន​ផង ក៏​ជួប​ហេតុការណ៍​នេះ។ ​អ្នកស្រី ​គឺ ​ហ៊ួន​ ដែល​បានចាក​ចេញពី​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​កំពង់ធំ ​មក​ធ្វើការ​នៅ​ក្រុមហ៊ុន​នេះ​បន្តថា ​ថវិកា​ដែល​ក្រសួងបាន​ទូទាត់​ នា​ពេលនេះ​នឹង​ជួយ​អ្នកស្រី​បាន​មួយគ្រា ​សម្រាប់​ការហូបចុក​ប្រចាំថ្ងៃ ​និង​សម្រាប់​បង់​ឱ្យ​ផ្ទះ​ជួល ​ខណៈ​អ្នកស្រី​មិនទាន់​អាច​រក​ការងារ​ថ្មី​បាន​នៅ​ឡើយ។

អ្នកស្រី​និយាយថា​៖ «ខ្ញុំ​អរ​ណាស់ ​ដូច​កើត​ម្តងទៀត​អ៊ីចឹង ​ព្រោះ​ខ្ញុំ​បន់​អស់​ហើយ ​នៅពេល​ថៅកែ​រត់ចោល​បាត់​ទៅ។ ខ្ញុំ​អរគុណ​ក្រសួង ​និង​បងៗ​ដែល​បាន​ជួយ​ខ្ញុំ។ ខ្ញុំ​ទើបតែ​មក​ធ្វើការ​នៅ​ភ្នំពេញ ​ដល់ពេល​ថៅកែ​រត់ចោល​ គ្មាន​លុយ​បង់​ផ្ទះ​ជួល ​ណា​ត្រូវ​ចំណាយ​ចាយ​រាល់ថ្ងៃ ​ហើយ​ផ្ទះ ​[នៅ​ស្រុក​កំណើត] ​ក៏​គ្មាន​លុយ​ផ្ញើឱ្យ។ ដល់​គេ​ជួយ​អ៊ីចឹង ​យើង​បាន​មួយ​គ្រា​ដែរ»។

កាលពី​ថ្ងៃទី ១៧​ សីហា ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​បញ្ជា​ឱ្យ​ក្រសួង​ការងារ​ចេញ​កញ្ចប់​ថវិកា​រដ្ឋ​ ដើម្បី​ដោះ​ស្រាយ​ផ្តល់​សំណង​ជូន​កម្មករ​ជំនួស​ឱ្យ​ថៅកែ​នៅតាម​រោងចក្រ​ណា​ដែល​ត្រូវបាន​ថៅកែ​បិទទ្វា​រត់ចោល​រោងចក្រ​ ហើយ​ នឹង​ចាត់វិធានការ​ជាមួយ​ថៅកែ​ជា​ក្រោយ។

ក្រោយ​ការប្រកាស​ភ្លាមៗ ​ក្រសួង​ការងារ ​ក៏បាន​ធ្វើការ​ដោះស្រាយ​ជូន​កម្មករ​ជាង ​៤០០ នាក់ ​នៅ​រោងចក្រ​ឃែន​​ធើ​រេន​ អែភែរឹល ​(ខេមបូឌា) ​ដែល​មាន​ទីតាំង​នៅ​ភូមិ​ត្រពាំង​ថ្លឹង ៣ ​សង្កាត់​ចោមចៅ​ទី១​ ខណ្ឌ​ពោធិ៍​សែនជ័យ ​ដែល​ចំណាយ​ថវិកា​ប្រមាណ​ ៦០ ម៉ឺន​ដុល្លារ៕