ភ្នំពេញៈ ក្លឹប​កម្សាន្ដ All Friend Pub និងផ្ទះ​ ១​ ខ្នង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ៤៨៨ ក្នុង​សង្កាត់ ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ បានរង​ការ​ខូច​ខាត​ស្ទើរទាំង​ស្រុង​ ដោយ​សារ​គ្រោះ​អគ្គិភ័យ ដែល​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​ ១០:៤០ នាទី​ព្រឹក ថ្ងៃទី ១ ខែ​ កញ្ញា ឆ្នាំ​ ២០២២។

លោក ព្រហ្ម យ៉ន ប្រធាន​ការិយា​ល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ រាជធានី​ភ្នំពេញ បាន​ប្រាប់​ ភ្នំ​ពេញ​ ប៉ុស្តិ៍​ថា គ្រោះ​អគ្គិភ័យ​នេះ មិនប​ង្កឱ្យ​បុគ្គលិក​ណាម្នាក់​នៃក្លឹប​កម្សាន្ត All Friend Pub និង ពលរដ្ឋ​ជាម្ចាស់​ផ្ទះណា​ម្នាក់​រង​បួស ឬស្លាប់​នោះ​ទេ ប៉ុន្តែ​សំណង់​អគារក្លឹ​ប​កម្សាន្ត និង​ ផ្ទះឈើ​ប្រក់​ក្បឿង ព្រម​ទាំង​សម្ភារ​ប្រើ​ប្រាស់​ជាច្រើន​ទៀត​ បាន​រងការ​ឆេះខូចខាត​ស្ទើរទាំង​ស្រុង​។

លោក​ថ្លែង​ថា៖ «តាម​ការបំភ្លឺ​របស់​ប្រជាពលរដ្ឋ​ជាសាក្សីនៅ​ក្បែរទីតាំង​កើត​ហេតុ អគ្គិភ័យ​នេះ អាច​បង្ក​ឡើង​ដោយ​សារ​ការផ្ទុះ​ឆ្លងចរន្ត​អគ្គិស​នី ព្រោះពួ​ក​គេ បាន​ឃើញ​មានផ្សែង​ហុយ​ចេញ​ពី​ផ្នែក​មួយនៃ​ដំបូល​ក្លឹប​កម្សាន្ត All Friend Pub ហើយ​បន្ត​ឆេះរាល​ដាល​ទៅ​ផ្ទះអ្នកភូមិ ​១ ​ខ្នង នៅ​ក្បែរ​នោះ។ ប៉ុន្តែ​ករណី​នេះ ​មន្ត្រី​យើង​កំពុង​បន្តនីតិវិធី​ក្នុង​ការ​អង្កេត ស្រាវ​ជ្រាវដើម្បី​ស្វែងរកមូល​ហេតុពិត​ប្រាក​ដ»។

បើតាម​លោក ​ព្រហ្ម យ៉ន ក្រុម​សមត្ថកិច្ច​បាន​ចំណាយ​ពេល​ជាង ​១ ម៉ោង នៅក្នុង​ការពន្លត់​អគ្គិភ័យ​នេះ ដោយ​បានប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ២៥​ គ្រឿង និងប្រើ​ប្រាស់​ទឹក​អស់ជាង ​១០០ ម៉ែត្រ​គុប៕