ភ្នំពេញៈក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បង្ហើប​ពី​ចំនួន​ប្រាក់​ឈ្នួល​ថ្មី ដែល​អាច​នឹង​ឡើង​ក្នុងរ​ង្វ​ង់ ២០០ ដុល្លារ សម្រាប់​ឆ្នាំ ២០២៣ ខាងមុខ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប ខណៈ​សហជីព​កំណត់​តួលេខ​ជាង ២០០ ដុល្លារ ចំណែក​និយោជក​កំណត់​ក្រោម ២០០ ដុល្លារ ដើម្បី​ធ្វើការ​ចរចា។

កាលពី​ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​បន្ត​កិច្ចប្រជុំ​របស់ខ្លួន​ចាប់ពី​ម៉ោង ២:៣០ នាទី​រសៀល ដល់​ម៉ោង​ប្រមាណ​ជា ៧ យប់ ដើម្បី​បន្ត​ពិភាក្សា​កំណត់ ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិត​ផល​ធ្វើដំណើរ​និង​កាបូប​សម្រាប់​ឆ្នាំ ២០២៣។

ក្រោយ​ចប់​កិច្ចប្រជុំ ក្រសួង​ការងារ បានប្រកាស​អំពី​លទ្ធផល នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន ដោយបាន​អះអាងថា ឆ្លងកាត់​ការប្រជុំ​ផ្ទៃក្នុង​ចំនួន ៣លើក បាន​នាំឱ្យ​ភាគី​តំណាង​កម្មករនិយោជិត សម្រេច​បន្ថយ​តួលេខ​របស់​ខ្លួន​ពី​ចំនួន ២១៥ ដុល្លារ មក​នៅ ២១៣ ដុល្លារ​ជា​មូលដ្ឋាន​ក្នុងការ​ចរចា។ ក្រសួង​បាន​បន្តថា ចំណែក​ការប្រជុំ​ផ្ទៃក្នុង​ចំនួន ២ លើក​របស់​ភាគី​និយោជក បានឱ្យ​មានការ​សម្រេច​ដំឡើង​តួលេខ​ពី​ចំនួន ១៩៤ ដុល្លារ ទៅ​តួលេខ ១៩៦ ដុល្លារ ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​ចរចា។

ជាមួយនឹង​ការកំណត់​តួលេខ​របស់​ភាគី​ទាំង ២ នេះ ក្រសួង​ការងារ ក៏បាន​ប្រកាស​ដែរ​ថា តាម​លក្ខណៈ​បច្ចេកទេស និង​បម្រែបម្រួល​ទិន្នន័យ​នៃ​លក្ខណវិនិច្ឆ័យ​ទាំង ៧ ដែលជា​មូលដ្ឋាន​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នោះ អគ្គលេខាធិការ​ដ្ឋាន​​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​គណនា​ឃើញថា តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ ២០២៣ គឺ ចំនួន ១៩៧,៨៦ ដុល្លារ។

ក្រសួង​បាន​បញ្ជាក់ថា៖ «ភាគី​ទាំង ២​ បាន​បន្ត​ពន្យល់ និង​ការពារ​គោលជំហរ​រប​ស់​ខ្លួន​ទៅ វិញ​ទៅមក​ប្រកបដោយ​វិជ្ជាជីវៈ និង​ភាពចាស់ទុំ។ នៅក្នុង​កិច្ចប្រជុំ​ត្រីភាគី​នេះ ភាគី​រាជរដ្ឋាភិបាល​ក៏បាន​បន្ត សម្របសម្រួល និង​ផ្តល់នូវ​ការពន្យល់​បន្ថែម​លើ​ចំណុច​នានា តាម​សំណូមពរ​របស់​ភាគី​តំណាង​កម្មករនិយោជិត និង​ភាគី​តំណាង​និយោជក​ផងដែរ»។

ជាមួយនឹង​ការចរចា​បន្ត ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានកំណត់​កិច្ចពិភាក្សា​ជា​លក្ខណ​ត្រីភាគី​ជា​លើក​ទី៤ បន្តទៀត​នៅ​ម៉ោង ២ កន្លះ​រសៀល នាថ្ងៃ​ទី ២១ ខែ កញ្ញា ឆ្នាំ ២០២២ ដែល​កាលបរិច្ឆេទជួបចរចា​ជា​លើកចុងក្រោយ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ២៣ កញ្ញា ខាងមុខ។

កាលពី​ឆ្នាំ ២០២១ ក្រោយ​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា សម្រេច​ស្នើ​តួលេខ ១៩២ ដុល្លារ យកមកអនុវត្ត​ក្នុង​ឆ្នាំ ២០២២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​បន្ថែម​ទឹកប្រាក់​ចំនួន ២ ដុល្លារ​​បន្ថែម​ទៀតពីលើ​ការស្នើ​នេះ ដែលនាំឱ្យ​ប្រាក់​ឈ្នួល​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ ២០២២ ឡើងដល់ ១៩៤ ដុល្លា​រ ក្នុង​ ១ ខែ។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ត្រីភាគី​ទាំង៣លើក បានបង្ហាញ​ភាព​វិជ្ជមាន​នៃ​ការចរចា​រវាង​ភាគី​ពាក់ព័ន្ធ ហើយ​លោក​នៅតែ​សង្ឃឹមថា ការកំណត់​ប្រាក់​ឈ្នួល​ថ្មី​សម្រាប់​អនុវត្ត ឆ្នាំ ២០២៣ ខាង​មុខ នឹង​មាន​លក្ខណៈ​អំណោយ​ផល​សម្រាប់​កម្មក​រ។ លោក​បន្តថា ការចរចា​ប្រាក់ឈ្នូល​សម្រាប់ឆ្នាំ​ ២០២៣​ ខាងមុខ ពិតជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​កម្មករ​និយោជិត ព្រោះទំ​និញ ប្រេង​សាំង ម្ហូប​អាហារ និង​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ផ្សេង​ទៀត មាន​តម្លៃកើន​ឡើង​ខ្ពស់ ដែល​កំពុង​ធ្វើឱ្យ​ប៉ះពាល់ជី​វភាព​របស់​កម្មករ​។

លោកបាន​បញ្ជាក់ថា៖ «ដោយសារតែ​កិច្ចប្រជុំ​របស់​យើង បាន​ប្រជុំ​គ្នាច្រើនលើកច្រើនសា។ អ៊ីចឹ​ង​បាន​យើង​ត្រូវ​បន្ត​ប្រជុំ​គ្នា​​បន្តទៀត ដើម្បី​ជជែក​គ្នា​នៅក្នុង​លក្ខណៈ​បច្ចេកទេសក្នុងការ​ឯកភាពគ្នា។ ក្នុងករណី​ដែល​មិន​មានការ​ត្រូវ​រ៉ូ​វ​គ្នា​ទេ គឺ​នៅ​ថ្ងៃទី ២១ កញ្ញា ភាគី​នឹង​ប្រជុំ​ផ្លូវការដោយមាន​រដ្ឋមន្ត្រី​ចូលរួម ដើម្បី​ប្រជុំ​ឡើងវិញ ហើយ​នៅពេលនោះ អាច​នឹង​កំណត់​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ ២០២៣ បាន»។

កម្មករ​ម្នាក់​កំពុង​ធ្វើការ​នៅរោង​ចក្រ ១ ​កន្លែង​នៅរាជ​ធានីភ្នំពេញ​សុំមិន​បញ្ចេញ​ឈ្មោះបាន​លើកឡើង​ថា សម្រាប់​ប្រាក់​ខែគោល​ចំនួន​ ១៩៧​ នេះ គឺលោក​អាច​ទទួល​យក​បាន ក្នុង​ករណីរ​បស់ប្រើប្រាស់​ប្រចាំថ្ងៃមាន​តម្លៃ​ថោក។ ប៉ុន្តែ​លោកបន្ត​ថា បច្ចុប្បន្ន​ម្ហូប​អាហារ​ឡើង​ថ្លៃ​ខ្ពស់ ដូច្នេះ​ប្រាក់ខែ ១៩៧ ដុល្លារ​នេះ មិនអាច​ធ្វើឱ្យលោក ​រស់នៅបានក្នុង​ជីវភាពសមរម្យនោះ​ទេ៕

វីដេអូ៖