ភ្នំពេញៈ យុទ្ធនាការ «​គ្រួសារ​រឹងមាំ​» ​គឺជា​ការសហការ​រវាង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​យូនីសេហ្វ និង ដៃគូ​អង្គការ​មិនមែន​រដ្ឋាភិបាល រួមមាន អង្គការ Friend International អង្គការ Save the Children អង្គការ​ភ្លែន​អន្តរជាតិ អង្គការ Child Fund អង្គការ​ទស្សនៈ​ពិភពលោក អង្គការ APLE អង្គការ​ទំនុកចិត្ត​កុមារ​កម្ពុជា អង្គការ​ម្លប់​ឫស្សី និង​បណ្តាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា​។

តើ​អ្វី​ទៅជា​យុទ្ធនាការ គ្រួសារ​រឹងមាំ​? ដើម្បី​ចាត់ទុក​ជា​គ្រួសារ​រឹងមាំ តើ​ត្រូវមាន​ធាតុ​ផ្សំ​អ្វីខ្លះ​។ ភ្នំពេញ​ប៉ុស្តិ៍ មាន​បទសម្ភាស​ ១ ជាមួយ លោក ភី ណូ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​កុមារ​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ជុំវិញ​យុទ្ធនាការ​នេះ​។

តើ​យុទ្ធនាការ​គ្រួសារ​រឹងមាំ គឺជា​អ្វី​? បង្កើតឡើង​ក្នុង​គោលបំណង​អ្វី​?

ឃើញថា អំពើហិង្សា គឺជា​កង្វល់​ដ៏ធំ​មួយ និង​ជះឥទ្ធិពល​អវិជ្ជមាន​យូរអង្វែង​ដល់​សុខុមាលភាព និង​ការអភិវឌ្ឍ​កុមារ​ក្នុង​ទិដ្ឋភាព​ផ្សេងៗ​គ្នា​ទាក់ទង​នឹង​អាកប្បកិរិយា ផ្លូវចិត្ត និង​រាងកាយ​នៅក្នុង​វ័យ​ជំទង់ និង​នៅពេល​ពេញវ័យ​។ ទន្ទឹម​គ្នានេះ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​បាន​បង្កើត និង​អនុវត្ត​ផែនការ​សកម្មភាព​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ការថែទាំ​កុមារ និង​សមាហរណកម្ម​កុមារ​ចំនួន​ ៣០ ​ភាគរយ ពី​មណ្ឌល​ថែទាំ​កុមារ​ទៅកាន់​គ្រួសារ​របស់​ពួកគេ​វិញ​ដោយ​សុវត្ថិភាព​។

មាន​ការសិក្សា​មួយចំនួន​បាន​បង្ហាញ​ថា ការដាក់​កុមារ​នៅ​មណ្ឌល​ថែទាំ​ដែល​មិន​គោរព​តាម​គោលនយោបាយ បទដ្ឋាន និង​គតិយុត្ត​របស់​រាជរដ្ឋាភិបាល អាច​ធ្វើឱ្យ​កុមារ​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​អំពើហិង្សា ការកេងប្រវ័ញ្ច និង​ការមិន​អើពើ ដែល​អាច​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ​កុមារ​។ ដូច្នេះ​យុទ្ធនាការ គ្រួសារ​រឹងមាំ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​សង្គម និង​វប្បធម៌ ដែល​ធ្វើឱ្យ​មាន​អំពើ​ហិង្សា​លើ​កុមារ និង​រាល់​ជំនឿ ដែល​យល់ថា មណ្ឌល​ថែទាំ​ជា​ទីកន្លែង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​កុមារ​។

យុទ្ធនាការ​នេះ​គឺជា​ការលើក​កម្ពស់​ការយល់ដឹង ដើម្បី​បង្ការ​ទប់ស្កាត់ និង​លុបបំបាត់​អំពើ​ហិង្សា​លើ​កុមារ និង​ទប់ស្កាត់​ការ​បំបែក​កុមារ​ចេញពី​គ្រួសារ​ដោយ​មិនចាំបាច់ និង​ធានា​ឱ្យ​ប្រជាជន​យល់​ដឹងថា បរិយាកាស​គ្រួសារ​មាន​សុវត្ថិភាព គឺជា​ទីកន្លែង​ដ៏ល្អ​ប្រសើរ​បំផុត សម្រាប់​កុមារ​លូតលាស់ និង​អភិវឌ្ឍ​។

យុទ្ធនាការ​គ្រួសារ​រឹងមាំ​នេះ បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ដ៏ខ្លាំងក្លា​របស់​រាជរដ្ឋាភិបាល ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ និង​ជា​ការចូលរួម​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​សកល ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ ដែលជា​ផ្នែក​មួយ​នៃ​ចលនា​សកល​ដែល​កំពុង​បន្ត អនុវត្ត ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ​។ យុទ្ធនាការ​នេះ​ក៏​បង្ហាញ​អំពី​ការបង្កើន​ការយក​ចិត្ត​ទុកដាក់​ក្នុង​ការអនុវត្ត​ផែនការ សកម្មភាព​ ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ អំពើហិង្សា​លើ​កុមារ ២០១៧-២០២១​។

តើ​យុទ្ធនាការ​នេះ បង្កើតឡើង​តាំងពី​ពេលណា មាន​ភាគី​ណា​ចូលរួម​ខ្លះ​?

ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​បាន​ប្រកាស​បើក​យុទ្ធនាការ “​គ្រួសារ​រឹងមាំ​” ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ និង​ការ​បំបែក​កុមារ​ចេញពី​គ្រួសារ​ដោយ​មិនចាំបាច់​នៅ​កម្ពុជា នៅ​ថ្ងៃទី​ ១៩ ខែកុម្ភៈ ឆ្នាំ​ ២០២០ ដែលជា​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្នាក់ជាតិ​លើកដំបូង​។ យុទ្ធនាការ​នេះ​មាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន និង​អង្គការ​ដៃគូ ដែលមាន​គោលដៅ​រួមគ្នា​ក្នុង​ការ​លុបបំបាត់​អំពើ​ហិង្សា​លើ​កុមារ​។ យុទ្ធនាការ​នេះ​ជា​ការបោះជំហាន​ទៅមុខ​ដ៏​វិជ្ជមាន​មួយ​ផ្សេងទៀត​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ដើម្បី​បញ្ចប់​រាល់​ទម្រង់​នៃ​អំពើហិង្សា​លើ​កុមារ និង​ការ​បំបែក​កុមារ​ចេញពី​គ្រួសារ​ដោយ​មិនចាំបាច់​។

តើ​យុទ្ធនាការ​នេះ ធ្វើ​នៅ​កន្លែង​ណាខ្លះ​? មាន​ក្រុម​គោលដៅ ឬ​ពលរដ្ឋ​ចូលរួម​ប៉ុន្មាន​?

យុទ្ធនាការ “​គ្រួសារ​រឹងមាំ​” ផ្សព្វផ្សាយ​នៅ​ទូទាំង​ប្រទេស តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ស្ប៉ត​ទូរទស្សន៍ ស្ប៉ត​វិទ្យុ កម្មវិធី​ចាក់ផ្សាយ​ល្ខោននិយាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម និង​ការផ្សព្វផ្សាយ​ផ្ទាល់​នៅ​តាម​សហគមន៍​។

យុទ្ធនាការ​នេះ ក៏​បាននិង​កំពុង​ចាប់ផ្តើម​ផ្សព្វផ្សាយ​បន្ត​នៅតាម​បណ្តា​រាជធានី​-​ខេត្ត​គោលដៅ​ចំនួន​ ៦ រួមមាន រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល ព្រះសីហនុ បាត់ដំបង ខេត្ត​សៀមរាប និង​ខេត្ត​រតនគិរី ព្រមទាំង​នឹង​បន្ត​ខេត្ត​មួយចំនួន​ទៀត​ជា​បន្តបន្ទាប់​។

សារ​អប់រំ​ទាំងអស់​បង្ហាញថា ប្រទេស​កម្ពុជា​មិន​អនុគ្រោះ​ដាច់ខាត​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ ហើយ​ចាំបាច់​ត្រូវតែ​បង្ការ​ការបំបែក​កុមារ​ពី​គ្រួសារ​ដោយ​មិន​ចាំបាច់​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​។ ក្រុម​គោលដៅ​ចម្បងៗ រួមមាន កុមារ ឪពុកម្តាយ អាណាព្យាបាល អ្នក​មើលថែ​កុមារ និង​សហគមន៍ ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​អាច​បង្ការ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ និង​ការ​បំបែក​កុមារ​ពី​គ្រួសារ​ដោយ​មិនចាំបាច់​។

ជា​លទ្ធផល ក្នុង​រយៈពេល​កន្លងមក​នេះ តើ​អ្វី​ជា​លទ្ធផល ដែល​យុទ្ធនាការ​នេះ​បាន​អនុវត្ត​?

បាន​ផលិត​ស្ប៉ត​ទូរទស្សន៍​មួយ​ចំនួន និង​ចាក់ផ្សាយ​នៅ​ប៉ុស្តិ៍ CTN និង​ My TV (​ខែ​កុម្ភៈ ដល់​ខែ​មេសា ឆ្នាំ​ ២០២០) និង​ (​ខែឧសភា ដល់​ខែមេសា ឆ្នាំ​ ២០២១)​។ បាន​ផលិត​ស្ប៉ត​វិទ្យុ​មួយចំនួន និង​ការផ្សាយ​តាម​វិទ្យុ​ចំនួន​ ៣ ​ប៉ុស្តិ៍ គ្របដណ្តប់​ទូទាំង​ប្រទេស និង​នៅ​ខេត្ត​គោលដៅ ​(​ខេត្ត​សៀមរាប បាត់ដំបង ព្រះសីហនុ និង​កណ្តាល​)​។

បាន​ផលិត​លោ្ខន​វិទ្យុ ឬ ល្ខោន​និយាយ​ចំនួន​ ៥ ​រឿង​ដែល​សរុប​មាន​ចំនួន​ ២៥ ​ភាគ បាន​ធ្វើការ​ផ្សាយ​ផ្ទាល់​តាម​វិទ្យុ​ទន្លេ ១០២.៥ អេហ្វអឹម និង​កំពុង​បាន​ចាក់ផ្សាយ​ឡើងវិញ​នៅតាម​បណ្តា​ស្ថានីយ​វិទ្យុ​រាជធានី​-​ខេត្ត​គោលដៅ​ទាំង​ ៦​។

បាន​ផ្សព្វផ្សាយ​សារ​ (SMS) ​តាម​ទូរស័ព្ទដៃ​ (​ពី​ខែមីនា ដល់​ខែមេសា ឆ្នាំ​ ២០២០) តាម​រាជធានី​-​ខេត្ត គោលដៅ​តាម​ប្រព័ន្ធ SMART និង​តាម​ប្រព័ន្ធ CELL- CARD​។ បាន​ផលិត​រឿង​ខ្លី​ស្តីពី​ការបង្ការ និង​ទប់ស្កាត់​ការរំលោភ​បំពាន​កុមារ​តាម​អនឡាញ និង​បានធ្វើ​វីដេអូ​ខ្លីៗ​ជាមួយ​បុគ្គល​មាន​ឥទ្ធិពល ដូចជា ព្រះសង្ឃ ឧទាហរណ៍ ព្រះអង្គ​គូ សុភាព ជាដើម​។

ការផ្សព្វផ្សាយ​តាមរយៈ​គេហទំព័រ បណ្តាញ​សង្គម (facebook) ប្រព័ន្ធ​ផ្សព្វផ្សាយ (​វិទ្យុ ទូរទសន៍​) ខាងលើ​នេះ តាំងពី​ចាប់ផ្តើម​រហូត​មក​ដល់​ពេលនេះ យុទ្ធនាការ​គ្រួសារ​រឹងមាំ​បាន​ផ្សព្វផ្សាយ​ទៅដល់​ប្រជាជន​ប្រហែល​ ១០ ​លាន​នាក់​។

ដោយឡែក​ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ការផ្សព្វផ្សាយ​យុទ្ធនាការ​គ្រួសារ​រឹងមាំ​នៅតាម​សហគមន៍ មាន​ភាពយឺតយ៉ាវ​។ រហូត​មក​ដល់​ពេលនេះ យុទ្ធនាការ​គ្រួសារ​រឹងមាំ​បាន​បើក​ការផ្សព្វផ្សាយ និង​ធ្វើការ​បណ្តុះបណ្តាល​ដល់​ថ្នាក់ក្រោម​ជាតិ ខេត្ត​សៀមរាប រតនគិរី បាត់ដំបង និង​ខេត្ត​ផ្សេងទៀត​ជា​បន្តបន្ទាប់​។ យ៉ាង​ហោចណាស់​មាន​ឪពុកម្តាយ អាណាព្យាបាល អ្នក​ថែទាំ​កុមារ និង​កុមារ ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ជាង​ ៥០០ ​នាក់​បាន​ចូលរួម​ការផ្សព្វផ្សាយ​ដោយផ្ទាល់​នេះ​។

ដោយ​វា​ជា​យុទ្ធនាការ​គ្រួសារ​រឹងមាំ តើ​និយមន័យ​នៃ​គ្រួសារ​រឹងមាំ​មាន​អ្វីខ្លះ ហើយ​មើល​ដូចម្តេច​បាន​យើង​អាច​ទទួល​បាន​គ្រួសារ​រឹងមាំ​បាន​?

អត្ថន័យ​ «​គ្រួសារ​រឹងមាំ​» គឺជា​គ្រួសារ​ដែល​ជួយ​កុមារ​ឱ្យមាន​អារម្មណ៍​សុខ និង​សុវត្ថិភាព​។ គ្រួសារ​រឹងមាំ​ផ្តល់​នូវ​ភាពកក់ក្តៅ និង​ការយកចិត្ត​ទុកដាក់ ការប្រាស្រ័យ​ទាក់ទង​ល្អ ការ​ទស្សន៍ទាយ និង​ទំនាក់ទំនង​ដ៏រឹងមាំ​ជាមួយ​អ្នកដទៃ​នៅ​ខាងក្រៅ​គ្រួសារ​ផងដែរ​។ រីឯ​ការ​មើលថែ​ខ្លួនឯង គឺជា​ផ្នែក​មួយ​ដ៏សំខាន់​ក្នុង​ការចិញ្ចឹម​គ្រួសារ​ដ៏រឹងមាំ​មួយ​។

គ្រួសារ​រឹងមាំ​ទាំងអស់​ជាទូទៅ​មាន​ចំណុចរួម​ដូចគ្នា​៖ មាន​ភាពកក់ក្តៅ ​(​ការយកចិត្ត​ទុកដាក់ និង​ការយកចិត្ត​ទុកដាក់​ជា​វិជ្ជមាន​) មាន​ទំនាក់ទំនង​ល្អ​មាន​បរិយាកាស​គ្រួសារ​រីករាយ​មាន​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ផ្សេងទៀត​នៅ​ខាងក្រៅ​គ្រួសារ​។

គ្រួសារ​រឹងមាំ​ផ្តល់​ឱ្យ​កុមារ​នូវ​កន្លែង​ដែលមាន​ [​ក្តី​សុខ​] និង​មាន​សុវត្ថិភាព ដើម្បី​ក្លាយជា​ខ្លួនឯង និង​ស្វែងយល់​ថា តើ​ពួកគាត់​ជា​នរណា​។ ដោយសារ​តែ​កុមារ​នៅក្នុង​គ្រួសារ​រឹងមាំ​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព និង​ [​ក្តី​] ​ស្រឡាញ់ ពួកគាត់​មាន​ទំនុកចិត្ត​ក្នុង​ការស្វែងរក​ពិភពលោក​របស់​ពួកគាត់ សាកល្បង​អ្វីដែល​ថ្មី និង​រៀន​។

ពួកគាត់​អាច​ដោះស្រាយ​បញ្ហា​ប្រឈម និង​ការ​ថយក្រោយ​បាន​កាន់តែ​ល្អ ព្រោះ​ពួកគាត់​ដឹងថា ពួកគាត់​មាន​ការគាំទ្រ​ពី​គ្រួសារ​។

គ្រួសារ​រឹងមាំ​ផ្តល់​ឱ្យ​កុមារ​សុខ​សុវត្ថិភាព និង​ស្គាល់​ពី​ខ្លួនឯង​ជា​នរណា​ម្នាក់​។ ដោយសារ​កុមារ​នៅក្នុង​គ្រួសារ​រឹងមាំ មាន​អារម្មណ៍​ថា សុវត្ថិភាព និង​ទទួលបាន​នូវ​ក្តីស្រឡាញ់ ពួកគាត់​មាន​ទំនុកចិត្ត ពួកគាត់​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​បានល្អ​ប្រសើរ និង​ចេះ​ដកថយ ព្រោះតែ​ពួកគាត់​ដឹងថា គេ​មាន​គ្រួសារ​ចាំ​ជួយ​គាំទ្រ​៕