សៀមរាបៈ ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ជឿ​លើ​ការឃោសនា​របស់​លោក​ ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ ដើម្បី​ប្រជាធិបតេយ្យ (LDP) បាន​ចាប់ផ្តើម​រំសាយ​ការប្រមូលផ្តុំ និង​វិលត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ជា​បន្តបន្ទាប់ ខណៈ​មន្ត្រី​បក្ស​នេះ​ ៦ ​រូប​ចេញ​ទទួល​កំហុស​នៅ​ពីក្រោយ​ការ​បំផុស​បំផុល​ឱ្យទៅ​ភ្នំ​គូលែន​។

ពលរដ្ឋ​ចាប់ផ្តើម​ចាកចេញ​ពី​ចម្ការ​របស់​លោក ​ខឹម វាសនា នៅ​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប​ពីថ្ងៃ​ទី​ ៣០ ខែសីហា បន្ទាប់ពី​ពួកគេ​អស់​ជំនឿ​លើ​មេបក្ស​រូបនេះ គួបផ្សំ​អាជ្ញាធរ​ខេត្ត​សៀមរាប​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​ប្រមូលផ្តុំ បើ​ពុំ​នោះ​ទេ​ប្រឈម​នឹង​វិធានការ​ផ្លូវច្បាប់​។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​សៀមរាប លោក​ លីវ សុខុន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ១ កញ្ញា ថា ប្រជាពលរដ្ឋ​ចាប់ផ្តើម​វិលត្រឡប់​ទៅផ្ទះ​វិញ​ជា​បណ្តើរៗ​ហើយ ដោយសារ​ពួកគេ​អស់​ជំនឿ និង​មិនមាន​ទឹក​ជន់លិច ដូច​ការលើក​ឡើង​របស់​លោក​ ខឹម វាសនា​។

លោក​ថ្លែងថា​៖ «​កាលពី​ថ្ងៃទី​ ៣០ សីហា ពលរដ្ឋ​វិល​ទៅផ្ទះ​វិញ​មាន​ចំនួន​តិចតួច ប៉ុន្តែ​ថ្ងៃទី​ ៣១ សីហា ពលរដ្ឋ​វិលត្រឡប់​ខ្ទង់​ ១ ​ពាន់ ហើយ​នៅ​ថ្ងៃទី​ ១ ខែ​កញ្ញា​នេះ ពលរដ្ឋ​កាន់តែ​ច្រើន​បាន​សម្រុក​នាំគ្នា​ចេញ​បន្តទៀត​»​។

ថ្លែង​ចេញពី​ទីតាំង​ប្រមូលផ្តុំ​លោក​ លីវ សុខុន ប្រាប់​ថា អាជ្ញាធរ​ខេត្ត​បាននិង​កំពុង​យកចិត្ត​ទុកដាក់ និង​ត្រៀម​រថយន្ត​បញ្ជូន​ពលរដ្ឋ​ទៅផ្ទះ​រៀងៗ​ខ្លួន ត្រៀម​ឡាន​សង្គ្រោះបន្ទាន់ ឡាន​ពន្លត់​អគ្គិភ័យ និង​បានផ្តល់​អាហារ​ដល់​ពលរដ្ឋ​ថែម​ទៀតផង​។ លោក​ថា វិធានការ​ចំពោះមុខ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទៅក្នុង​ចម្ការ​របស់​លោក​ ខឹម វាសនា ទេ ប៉ុន្តែ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ចេញ​បាន​។

លោក​ថា ភាគច្រើន​ពលរដ្ឋ​ធម្មតា​ដែល​ជឿ​តាម​ការឃោសនា​បែប​អបិយជំនឿ បាន​ចាកចេញ​ពី​ទីតាំង​ប្រមូលផ្តុំ​ជា​បណ្តើរៗ​ហើយ នៅសល់​មនុស្ស​ដែលជា​សមាជិក​ស្នូល​របស់​គណបក្ស​ប៉ុណ្ណោះ​។

ពាក់ព័ន្ធ​ករណីនេះ​មនុស្ស​ ៦ ​នាក់​បាន​ចេញ​សារភាព​កំហុស ដោយ​ថា ពួកគេ​នៅ​ពីក្រោយ​ការ​បំផុស​បំផុល​នេះ និង​ព្រម​ទទួល​ស្គាល់​កំហុស ហើយ​អះអាង​ថា បញ្ឈប់​សកម្មភាព​ប្រមូលផ្តុំ​។

ក្នុង​កិច្ចសន្យា​ធ្វើ​នៅ​ចំពោះមុខ​អាជ្ញាធរ​សៀមរាប​ចុះ​ថ្ងៃទី​ ៣១ ខែ​សីហា ឆ្នាំ​ ២០២២ មាន​ខ្លឹមសារ ថា​៖ «​យើងខ្ញុំ​សូម​ទទួលស្គាល់​ថា ពិតជា​មាន​កំហុស​ដែល​បាន​កៀរគរ ប្រមូលផ្តុំ​ប្រជាពលរដ្ឋ ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​បាន​ប្រព្រឹត្ត​នៅ​ថ្ងៃទី​ ២៣ ខែសីហា ឆ្នាំ​ ២០២២ រហូតដល់​ថ្ងៃទី​ ៣០ ខែសីហា ឆ្នាំ ​២០២២ នៅ​ចំណុច​ចម្ការ​ទំហំ​ ១២ ​ហិកតា​ និង​ ២៥ ​ហិកតា ជា​កម្មសិទ្ធិ​របស់ ឈ្មោះ នី ចាន់ពិនិត្យ ស្ថិតនៅ​ភូមិ​ថ្មជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​»​។

ក្នុង​កិច្ចសន្យា ពួកគេ​ទាំង​ ៦​ រូប​អះអាង​ថា បញ្ឈប់​ការសាងសង់​ជម្រក និង​រោង​ខុសច្បាប់​ផ្សេងៗ សម្រាប់​ឱ្យ​ប្រជាជន​ទាំងនោះ​បន្ត​រស់នៅ​តទៅទៀត​ហើយ​។ ចំណែក​ជម្រក និង​រោង​ខុសច្បាប់​ដែល​បាន​សង់​រួចហើយ​ក៏ត្រូវ​រុះរើ​ចេញ​ដែរ​។

ក្នុង​កិច្ចសន្យា​ដដែល​នេះ ពួកគេ​ប្រកាស​ឱ្យ​ពលរដ្ឋ​រំសាយ​ការជួបជុំ​ក្នុង​ចម្ការ​នេះ គិត​ចាប់ពី​ថ្ងៃទី ​១ ខែកញ្ញា ដល់​ថ្ងៃទី ​៥ ខែកញ្ញា ឆ្នាំ​ ២០២២ ត្រឹម​វេលា​ម៉ោង​ ១៧ និង​ ៣០ ​នាទី ជា​កំហិត​។

សមាជិក​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ​នី ចាន់ពិនិត្យ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុម​ការងារ​បានប្រកាស​ឱ្យ​បញ្ឈប់​ការ​ប្រមូល​ផ្តុំ​រួចហើយ ប៉ុន្តែ​ករណី​ពលរដ្ឋ​មិន​ព្រម​ចាកចេញ​ជា​រឿង​បុគ្គល​។

លោក​ថា​៖ «​រីឯ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​បន្ត​ស្នាក់នៅ​នេះ យើង​មិនដឹង​ច្បាស់លាស់​ពួកគេ​ត្រឡប់​ទៅវិញ​មាន​ចំនួន​ប៉ុន្មាន ឬ​ស្នាក់នៅ​ប៉ុន្មាន​ទេ ក៏ប៉ុន្តែ​យើង​ឃើញ​មាន​ពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅវិញ​បណ្តើរៗ​ហើយ​»​។

លោក​បន្តថា​៖ «​ខ្ញុំ​បាន​ប្រាប់​ទៅ​ [​បងប្អូន​] ដោយសារ​តែ​រដ្ឋបាលខេត្ត​តម្រូវ​អត់​ឱ្យ​មាន​ការជួបជុំ​។ ដូច្នេះ បងប្អូន​ដែល​មក​នៅ​ចម្ការ ខ្ញុំ​មិន​បាន​អំពាវនាវ​ទេ ហើយ​បងប្អូន​ដែល​មក​ជា​ការទទួល​ខុសត្រូវ​របស់គេ​។ ពួកយើង​មិន​ទទួល​ខុសត្រូវ​បងប្អូន ដែល​មក​ទេ អ្នក​ដែល​មក​ស្នាក់នៅ​នេះ យើង​គ្មាន​ម្ហូប និង​បាយ​គ្រប់គ្រាន់​ឱ្យ​គាត់​ទេ​»​។

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្តាល​វិជ្ជាជីវៈ លោក ​ហេង សួរ ឱ្យ​ដឹងថា ក្នុង​ចន្លោះ​ថ្ងៃទី​ ២៣ ដល់​ថ្ងៃទី​ ២៥ ខែសីហា មាន​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​យ៉ាងហោច​ ៥០០ ​នាក់​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។ ក្នុងនោះ ពី​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​ពលករ​ជាង​ ៤០០ ​នាក់ ពី​ប្រទេស​ជប៉ុន​មាន​ប្រហែល​ជា​ ១០០​ នាក់​។ លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រយ័ត្ន​ប្រយែង កុំ​ជឿ​លើ​ការឃោសនា​អកុសល​ណាមួយ​ថ្មី​ទៀត នៅពេល​អនាគត​។

លោក​ថា​៖ «​រាល់​សកម្មភាព​បោះបង់​ការងារ​របស់​បងប្អូន​ពលករ​ ដូច្នេះ​បាន​ធ្វើឱ្យ​ប៉ះពាល់​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​របស់​បងប្អូន​ពលករ​កម្ពុជា​ទាំងមូល ហើយក៏​ប៉ះពាល់​ដល់​អ្នក​ដែល​កំពុង​រង់ចាំ​ចេញ​ទៅ​ធ្វើការងារ​នៅ​ប្រទេស​កូរ៉េ និង​ជប៉ុន​ផងដែរ​។ សំខាន់​ជាង​នេះ សកម្មភាព​របស់​បងប្អូន គឺ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការងារ​ចំណូល និង​ផលប្រយោជន៍​របស់​បងប្អូន និង​ក្រុមគ្រួសារ​ផ្ទាល់​តែម្តង​»​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពីថ្ងៃ​ទី​ ៣១ សីហា បាន​បញ្ជា​ទៅ​អាជ្ញាធរ​ខេត្ត​សៀមរាប​ត្រូវ​តាមដាន​នៅ​ចម្ការ​លោក​ ខឹម វាសនា និង​អំពាវនាវ​ដល់​ពលរដ្ឋ​ផ្សេងទៀត កុំ​រើសអើង​អ្នក​ទាំងនោះ​។

លោក​បញ្ជាក់​ថា​៖ «​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ ក៏ដូចជា​អំពាវនាវ​ទៅកាន់​អាជ្ញាធរ និង​កម្លាំង​ប្រដាប់​អាវុធ ត្រូវ​ធ្វើ​កិច្ចការ​នេះ និង​ត្រូវ​ពិនិត្យមើល​ក្រែង​មាន​អ្នកជំងឺ ហើយ​ខ្ញុំ​សូម​អំពាវនាវ​សូមឱ្យ​ក្រុមគ្រួសារ​ទាំងឡាយ​ដែលមាន​ការខ្វែង​គំនិត​គ្នា​រឿង​ ខឹម វាសនា សូមឱ្យ​រួបរួម​គ្រួសារ​វិញ ហើយ​អ្នក​នៅ​តាម​មូលដ្ឋាន​នានា​កុំ​រើសអើង​ចំពោះ​អ្នក​ដែល​ចាញ់បោក​គេ​នេះ​»៕

ជា សុខនី