ភ្នំពេញៈ អន្តរក្រសួង​បាន​ណែនាំ​ដល់​ម្ចាស់​ផលិតកម្ម​មហាហង្ស​ឱ្យ​ស្វែងយល់​បន្ថែមទៀត​ពី​វប្បធម៌ ប្រពៃណី ព្រមទាំង​គុណតម្លៃ​នៃ​ស្ត្រី​ខ្មែរ ដើម្បី​ចៀសវាង​នូវ​កំហុស​ឆ្គង​ដោយ​ចេតនា​ ឬ​អចេតនា​ណាមួយ​នៅ​ថ្ងៃមុខ ខណៈ​ភាគី​ផលិតកម្ម​សន្យា​នឹង​រៀបចំ​កម្មវិធី​បវរកញ្ញា​ឱ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​លើកស្ទួយ​តម្លៃ​ស្ត្រី​ខ្មែរ​។

ការណែនាំ​នេះ​ធ្វើ​នៅក្នុង​កិច្ចប្រជុំ​ដោយផ្ទាល់​រវាង​អន្តរក្រសួង​រួមមាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​កិច្ចការនារី និង​ក្រសួង​ព័ត៌មាន និង​អគ្គនាយក​ផលិតកម្ម​មហាហង្ស នៅ​ថ្ងៃទី​ ១ ខែកញ្ញា ឆ្នាំ ​២០២២ បន្ទាប់ពី​មាន​ប្រតិកម្ម​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជុំវិញ​កម្មវិធី​ប្រកួត​កញ្ញាឯក​ដ៏អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ​ ២០២២ (Miss Grand Cambodia 2022)​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​​បានឱ្យ​ដឹងថា ក្នុង​កិច្ចប្រជុំ​នោះ​​ក្រុមការងារ​អន្តរក្រសួង​បាន​ពិភាក្សា និង​ស្តាប់​របាយការណ៍​ពី​ភាគី​ពាក់ព័ន្ធ​ទាំង​ចំណុច​វិជ្ជមាន​ក្តី និង​អវិជ្ជមាន​ក្នុង​កម្មវិធី​​ប្រកួត​កញ្ញាឯក​ដ៏អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ​ ២០២២​។

សេចក្តី​ប្រកាស​បន្តថា ​«​ស្ថាប័ន​ពាក់ព័ន្ធ​បានធ្វើ​ការណែនាំ​ដល់​អគ្គនាយក​ផលិតកម្ម​មហាហង្ស​​ឱ្យ​ស្វែងយល់​គ្រប់​ជ្រុងជ្រោយ​បន្ថែមទៀត​ពី​វប្បធម៌​ទំនៀមទម្លាប់​​ប្រពៃណី​អត្តសញ្ញាណ​ព្រមទាំង​គុណតម្លៃ​នៃ​ស្ត្រី​ខ្មែរ ហើយ​សហការ​ឱ្យ​បាន​ស៊ីជម្រៅ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ចៀសវាង​នូវ​កំហុសឆ្គង​ដោយ​ចេតនា ឬ​អចេតនា​ណាមួយ​ដែល​នាំ​ទៅ​ដល់​ការប៉ះពាល់ និង​ធ្វើឱ្យ​អាប់ឱន​នូវ​វប្បធម៌​ជាតិ និង​គុណ​តម្លៃ​ស្ត្រី​ខ្មែរ​»​។

តាមរយៈ​កិច្ចប្រជុំ​នេះ ផលិតកម្ម​មហាហង្ស​ក៏បាន​សុំ​អភ័យទោស​ចំពោះ​សាធារណជន​នូវ​កំហុសឆ្គង​ដែល​បាន​កើតឡើង​​ក្នុង​ដំណើរ​កម្មវិធី​ប្រកួត Miss Grand Cambodia 2022 ហើយ​សន្យា​ថា​នឹង​បង្កើន​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​នានា​ក្នុង​ពេល​អនាគត ចៀសវាង​កំហុសឆ្គង​ជាយ​ថាហេតុ​ដូច​ក្នុងឆ្នាំនេះ​។

លោក អ៊ិន សុភិន អគ្គនាយក​ផលិតកម្ម​មហាហង្ស​បាន​ថ្លែង​ក្រោយ​កិច្ចប្រជុំ​ថា តាមពិត​ក្រុម​ការងារ​ពុំមាន​ចេតនា​ធ្វើឱ្យ​មាន​កំហុស​នោះទេ មាន​តែ​ចង់​ផ្សព្វផ្សាយ​អ្វីៗ​ដែល​ល្អ​ពី​កម្ពុជា ប៉ុន្តែ​ផ្ទុយ​ទៅវិញ​មានតែ​ទទួល​លទ្ធផល​អវិជ្ជមាន ដោយសារ​មាន​បញ្ហា​កំហុស​បច្ចេកទេស តែ​លោក​សន្យា​ថា នឹង​ខិតខំ​ធ្វើឱ្យ​​ល្អ​នៅ​ឆ្នាំ​បន្តបន្ទាប់​។

លោក​ ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ថ្លែងថា គោលនយោបាយ​រាជរដ្ឋាភិបាល​តែង​គាំទ្រ​វិស័យ​ឯកជន និង​ផ្តល់​កិច្ច​សហការ​ក្នុង​ការរៀបចំ​កម្មវិធី​នានា ប៉ុន្តែ​ក្នុង​ករណី​មាន​ការខុសឆ្គង​ក្រសួង​សាមី ត្រូវតែ​ហៅ​មក​ធ្វើ​ការណែនាំ​បន្ថែម​។

លោក​បានឱ្យ​ដឹងថា ចំពោះ​រូបភាព​យក​ល្បែង​តំណាង​ឱ្យ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​មាន​នៅ​កម្មវិធី​នោះ ត្រូវ​បាន​ចែកចាយ​កាលពី​យប់​ថ្ងៃទី​ ២៤ ខែសីហា ឆ្នាំ​ ២០២២ គឺ​​ជា​ថ្ងៃ​សាកល្បង​តែប៉ុណ្ណោះ​។ លោក​បន្តថា ក្រោយ​មាន​ការរិះគន់ ក្រសួង​វប្បធម៌ ក៏​បាន​ចុះ​ណែនាំ​ឱ្យ​ដកចេញ ហើយ​នៅ​ថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវការ​គឺ​នៅ​ថ្ងៃទី​ ២៧ ខែសីហា​រូបភាព​ទាំងនោះ​ក៏ត្រូវ​បាន​កាត់ចេញ​។

លោក​ថា​៖ «​ប៉ុន្តែ​ការខ្វះ​ចន្លោះ​ចៀស​មិន​ផុត​ទេ អ៊ីចឹង​សរុប​​មកវិញ មាន​ទាំង​វិជ្ជមាន និង​អវិជ្ជមាន ព្រោះ​បើ​យើង​អត់​ជ្រើសរើស​បវរកញ្ញា​ខ្មែរ​ទេ តើ​យើង​បាន​កញ្ញា​ណា​ក្នុង​ក្របខ័ណ្ឌ​​អាស៊ាន​ទៅ​ចូលរួម​ប្រកួត​ជាមួយ​គេ វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី គេ​មាន​បេក្ខភាព​ចូលរួម​ប្រកួត​ស្រាប់ តែ​អត់​កម្ពុជា​ក៏​មិនកើត​ដែរ ពីព្រោះ​យើង​ជ្រើសរើស​ ដើម្បី​បង្ហាញ​ពី​សម្រស់​ស្ត្រី​ខ្មែរ​»៕