ភ្នំពេញៈ ចាប់ពី​ឆ្នាំ ២០២០ ដល់​ឆមាស​ទី ១ ឆ្នាំ ២០២២ នេះ​ក្រសួង​ព័ត៌មាន​បាន​ស្រាវជ្រាវ​រកឃើញ​ព័ត៌មាន​ក្លែងក្លាយ​ចំនួន ៤ ៦៥៧ មាតិកា ឬ​ករណី ក្នុង​នោះ​បាន​បញ្ចូន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ១៧០ មាតិកា ដើម្បី​ចាត់​វិធានការ​បន្ត​តាម​ច្បាប់ ខណៈ​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ​លើក​ឡើង​ថា កម្ពុជា ពុំមាន​ការ​រិតត្បិត​សិទ្ធិ​សេរីភាព​អ្នកសារ​ព័ត៌មាន​នោះទេ បើ​ទោះបី​ជា​ក្នុង​អំឡុង​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ ក៏ដោយ។​

​លោក​មាស សុ​ភ័​ណ្ឌ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី «សមិទ្ធផល​សម្រេច​បាន ៥ ឆ្នាំ​កន្លង​មក របស់​ក្រសួង​ព័ត៌មាន» នៅ​ទីស្តីកា​រគណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃទី ១ ខែ​កញ្ញា ឆ្នាំ ២០២២» ថា​កាលពី​ឆ្នាំ ២០២០ រាជរដ្ឋាភិបាល​ចេញប្រកាស​អន្តរក្រសួង ស្ដីពី​ការ​​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​នេះ ក្នុង​នោះ​មាន​ក្រសួង​ចំនួន ៣ ចូលរួម​អនុវត្ត រួមមាន​ក្រសួង​មហាផ្ទៃ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​ព័ត៌មាន។

​លោក​ថ្លែងថា​៖ «​គិត​ចាប់ពី​ឆ្នាំ ២០២០ មកដល់​ឆមាស​ទី ១ ឆ្នាំ ២០២២ នេះ យើង​បាន​រកឃើញ​នូវ​ប្រភេទ​ព័ត៌មាន​ក្លែងក្លាយ​ចំនួន ៤ ៦៥៧ មាតិកា​ឬ​ករណី​ដែល​បាន​ផ្សព្វផ្សាយ​។ ក្នុង​ចំណោម​ព័ត៌មាន​ក្លែងក្លាយ​ចំនួន ៤ ៦៥៧ មាតិកា យើង​បាន​បញ្ជូន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ១៧០ មាតិកា ដើម្បីឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់​វិធានការ​បន្ត​ទៀត»។

​លោក​បានឱ្យដឹងថា ដូច្នេះ​ប្រកាស​អន្តរក្រសួង​របស់​រាជរដ្ឋាភិបាល គឺមាន​គោល​បំណង​ដើម្បី​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​បម្រើ​ទៅ​ដល់​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ។

​តាមរយៈ​ប្រកាស​អន្តរក្រសួង​នេះ បាន​បែងចែក​នូវ​ការទទួល​ខុស​ត្រូវ​រវាង​ក្រសួង​ពាក់ព័ន្ធ​នីមួយៗ ទៅតាម​ជំនាញ​រៀងៗ​ខ្លួន​។ ក្នុង​នោះ​មាន​ក្រសួង​ខ្លះ​មាន​ជំនាញ​លើ​ការ​រៀបចំ​នីតិវិធី ការចាត់​វិធានការ ក្រសួង​ខ្លះ ជា​អ្នកតាម​ដាន​គ្រប់គ្រង​លើ​មាតិកា​ព័ត៌មាន​ក្លែងក្លាយ​ជាដើម។

​ជារួម​ក្រសួង​ព័ត៌មាន​ជា​អ្នក​ពិនិត្យ​ទៅលើ​មាតិកា ហើយ​មាតិកា​ណា ដែល​យើង​ពិនិត្យ​ឃើញ​ថា មាន​ស្ថានភាព​ព័ត៌មាន​ក្លែងក្លាយ​ធ្ងន់ធ្ងរ គឺ​យើង​បាន​បញ្ជូន​ទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​បន្ត។

​លោក​បញ្ជាក់ថា​៖ «​យើង​ដឹង​ហើយ​ថា ព័ត៌មាន​ក្លែងក្លាយ វា​មាន​ឥទ្ធិពល និង​មាន​ការ​ប៉ះពាល់​ទៅលើ​ប្រជាពលរដ្ឋ​របស់​យើង ពេលខ្លះ​ប៉ះពាល់​ទៅដល់​ផល​ប្រយោជន៍ សេចក្ដី​ថ្លៃថ្នូរ​របស់​ជាតិ​យើង​ទៅទៀត។ ព័ត៌មាន​ក្លែងក្លាយ បាន​ជះឥទ្ធិពល​ខ្លាំង​ណាស់​ដូចជា​ថ្មីៗ​មាន​ការ​ឃោសនា​ព័ត៌មាន​មិន​ពិត​ពី​រឿង​អកុសល​ផ្សេងៗ​នៃ​បាតុភូត​ធម្មជាតិ​ជាដើម បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ និង​សង្គម​ជាដើម»។​

​នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា លោក ណុប វី សង្កេត​ឃើញថា បច្ចុប្បន្ន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ នៅតែ​កើត​មាន​ច្រើន ហើយ​អ្វីដែល​សំខាន់​ប្រជាពលរដ្ឋ​មិនទាន់​មាន​ការ​យល់ដឹង​ទូលំទូលាយ​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នេះ។

​លោក​ថ្លែងថា​៖ «​អ៊ីចឹង​ហើយ ទើប​ពេលខ្លះ ប្រជាពលរដ្ឋ ពួកគាត់​បាន​ចែករំលែក​ព័ត៌មាន​ក្លែងក្លាយ​ដោយ​មិន​ដឹង​ខ្លួន​។ ដូច្នេះ​អ្វីដែល​យើង​ត្រូវធ្វើ​គឺ​ការ​ផ្សព្វផ្សាយ​អប់រំ​ពលរដ្ឋ​ឱ្យបាន​ច្រើន និង​មាន​លក្ខណៈ​ផុសផុល​ដើម្បី​ធានាថា ពលរដ្ឋ​បាន​យល់ដឹង និង​អាច​ចូលរួម​កាត់​បន្ថយ​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នេះ»។​

​លោក សុ​ភ័​ណ្ឌ បញ្ជាក់ថា នៅក្នុង​មាតិកា​ទាំងអស់​ដែល​បាន​រកឃើញ ភាគច្រើន​ជា​ប្រភេទ​ព័ត៌មាន​ប្រឌិត គឺ​ព័ត៌មាន​ទាំង​នោះ មិនមាន​កើតឡើង​ទេ ប៉ុន្ដែ​ជន​ខិលខូច​បាន​បង្កើត​ព័ត៌មាន​នោះ​ឱ្យ​កើតមាន​ឡើង​និង​ខ្លះទៀត​ជា​មាតិកា​ព័ត៌មាន​ដែល​បាន​ជេរប្រមាថ​ដល់់​អង្គ​ព្រះមហាក្សត្រ។

​លោក​បាន​ថ្លែងថា​៖ «​នៅក្នុង​ចំណោម​មាតិកា​ព័ត៌មាន​ក្លែងក្លាយ​ដែល​យើង​បាន​រកឃើញ​នេះ ក្រសួង​ព័ត៌មាន​អត់​បាន​បញ្ជូន​ព័ត៌មាន​ដែល​យើង​រកឃើញ​នេះ ទៅ​តុលាការ​ទេ ដោយសារ​តែ​យើង​មាន​កិច្ច​សហ​ប្រតិបត្ដិការ​ដោយ​ផ្អែក​ទៅលើ​ប្រកាស​អន្តរ​ក្រសួង រួមមាន​ក្រសួង​មហាផ្ទៃ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។ អ៊ីចឹង​ក្រសួង​ព័ត៌មាន​យើង​ជា​អ្នក​ពិនិត្យ​ទៅលើ​មាតិកា​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ»។

​ទាក់ទង​នឹង​សេរីភាព​របស់​អ្នក​សារព័ត៌មាន​វិញ លោក មាស សុភ័ណ្ឌ បាន​ថ្លែងថា កម្ពុជា​មិនមាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​អ្នក​សារព័ត៌មាន​នោះទេ ទោះបី​ស្ថិតក្នុង​ស្ថានភាព​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ ដែល​ធ្លាប់មាន​ការ​បិទ​ខ្ទប់​នៅ​តំបន់​មួយ​ចំនួន​ក្នុង​រយៈពេល​ខ្លី កាលពី​ក្នុង​អំឡុង ឆ្នាំ ២០២១ ក៏ដោយ។​

​នៅក្នុង​អំឡុង​ពេលនេះ ក្រសួង​ព័ត៌មាន​បានចេញ​លិខិត​អនុញ្ញាតឱ្យ​អ្នក​សារព័ត៌មាន​ជាង ១ ០០០ នាក់ បាន​ចូល​ទៅ​យក​ព័ត៌មាន​នៅក្នុង​តំបន់​បិទ​ខ្ទប់ ដើម្បី​សម្រប​សម្រួល​ឱ្យ​អ្នក​សារព័ត៌មាន​បាន​អនុវត្ត​ភារកិច្ច សិទ្ធិ​សេរីភាព​សារព័ត៌មាន ក្នុងការ​ផ្ដល់​ព័ត៌មាន​ទៅ​កាន់​សាធារណជន ក្នុង​អំឡុង​ពេល​ដែល​បិទខ្ទប់។​

​បន្ថែម​ពីលើ​ការពន្យល់​បែបនេះ លោក មាស សុ​ភ័ណ្ឌ បាន​ចោទ​ជា​សំណួរ​ឱ្យ​ពិចារណា​ថា តើ​មាន​ស្ថាប័ន ឬ​អង្គភាព​សារព័ត៌មាន​ណា​ដែល​ផ្អាក​ការផ្សាយ ដោយ​មិនមាន​ព័ត៌មាន​ផ្សាយ ដែរឬទេ​? តើ​វាជា​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ទេ ខណៈដែល​ក្រសួង​ព័ត៌មាន​បាន​ចេញ​លិខិត​អនុញ្ញាត​ឱ្យ​អ្នក​សារព័ត៌មាន​ជិត ១ ០០០ នាក់ ចុះ​យក​ព័ត៌មាន​នៅ​តំបន់​បិទខ្ទប់?

​បើតាម​របាយការណ៍រ​បស់​ក្រសួង​ព័ត៌មាន ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយ​នេះ ក្រសួង​បាន​ចេញ​អាជ្ញាប័ណ្ណ និង​លិខិត​អនុញ្ញាត​បន្ត​អាជ្ញាប័ណ្ណ​ចំនួន ២ ១៥៤ អាជ្ញាប័ណ្ណ និង​បាន​ចេញ​បណ្ណ​អ្នកសារ​ព័ត៌មាន និង​បន្ត​សុពលភាព​បណ្ណសារ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចំនួន ១០ ០៣៣ បណ្ណ​។ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​អង្គភាព​សារព័ត៌មាន​ជាតិ និង​បរទេស​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន មាន​ចំនួន ២ ១៥៤ អង្គភាព (​ផ្សាយ​បែប​បុរាណ និង​បែប​ទំនើប​) គឺមាន​ការ​កើន​ឡើង​ចំនួន ៥៥៨ អង្គភាព បើ​ធៀប​នឹង​ឆ្នាំ ២០១៨ ស្មើនឹង ២៧,៣០ ភាគរយ៕