រាជរដ្ឋាភិបាល អនុញ្ញាតឱ្យ​ជនបរទេស ឬ​វិនិយោគិន​ដែល​ស្នាក់នៅ​កម្ពុជា​ចាប់ពី ​២​ ឆ្នាំ​ឡើងទៅ អាច​ស្នើសុំ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​ប្រាសាទ​កោះកែរ​រយៈពេល​មួយ​ឆាំ្ន​ម្តង​ដោយ​មិន​បង់ថ្លៃ​ដើម្បី​ជំរុញ​ទេសចរណ៍​ផ្ទៃក្នុង ក៏ដូចជា​ផ្តល់​ការលើកទឹកចិត្ត​ដល់​ជនបរទេស​ដែល​ស្នាក់នៅ​កម្ពុជា​។​

​សេចក្តីជូនដំណឹង​រប​ស់​គ្រឹះស្ថាន​អង្គរ ចុះ​ថ្ងៃទី​ ១ ខែកញ្ញា​នេះ បានឱ្យដឹងថា ដើម្បី​ជំរុញ​ទេសចរណ៍​ផ្ទៃក្នុង ក៏ដូចជា​ផ្តល់​ការលើកទឹកចិត្ត​ដល់​ជនបរទេស រាជរដ្ឋាភិបាល​បានសម្រេច​អនុញ្ញាត​ផ្តល់ជូន​ដល់​ជនបរទេស​ទាំងអស់​ដែល​បាន និង​កំពុងស្នាក់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី ​២ ​ឆ្នាំ​ឡើងទៅ រួមមាន មន្ត្រីការទូត វិនិយោគិន មន្ត្រី​ធ្វើការ​នៅ​អង្គការ​អន្តរជាតិ ជនបរទេស​ធ្វើការ​នៅ​ក្រុមហ៊ុន និង​សហគ្រាស ឯកជន​គ្រប់​ប្រភេទ អ្នកជំនាញ​ការធ្វើការ​នៅតាម​ក្រសួង ស្ថាប័នរដ្ឋ និង​ឯកជន រួមទាំង​ក្រុមគ្រួសារ​ដែល​បាន​ស្នាក់នៅ​ជាមួយ អាច​ស្នើសុំ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​ប្រាសាទ​កោះកែរ​រយៈពេល​មួយឆ្នាំ​ម្តង ដោយ​មិន​បង់ថ្លៃ​ចាប់ពី​ថ្ងៃទី ​០១ ខែ កញ្ញា ឆ្នាំ​ ២០២២ តទៅ​។

​សេចក្តីជូនដំណឹង​បន្តថា ចំពោះ​បែបបទ​នៃ​ការស្នើសុំ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​ប្រាសាទ​កោះកែរ​រយៈពេល​មួយឆ្នាំ​ម្តង​ដោយ​មិន​បង់ថ្លៃ អាច​ធ្វើតាម​ប្រព័ន្ធ​អន​ឡាញ (​តាមរយៈ​គេហទំព័រ​គ្រឹះស្ថាន​អង្គរ ឬ​គេហទំព័រ spass.angkorenterprise.gov.kh) ចាប់ពី​ថ្ងៃទី ​០៩ ខែ កញ្ញា ឆ្នាំ​ ២០២២ ឬ​មក​ដាក់ពាក្យ​ដោយផ្ទាល់​នៅ​គ្រឹះស្ថាន​អង្គរ ក្នុងពេល​ម៉ោង​ធ្វើការ និង​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​លិខិតឆ្លងដែន​ច្បាប់​ថតចម្លង និង​ទិដ្ឋាការ​ស្នាក់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា រយៈពេល​ចាប់ពី ​២ ​ឆ្នាំ​ឡើងទៅ​ចំនួន​មួយច្បាប់ និង​រូបថត ​៤​ គុណ ​៦ រយៈពេល ៦​ ខែ​ចុងក្រោយ​ចំនួន​មួយ​សន្លឹក ចាប់​ពីថ្ងៃ​ប្រកាស​នេះ​តទៅ​។

​សេចក្តីជូនដំណឹង​បន្តថា អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណ​ជនជាតិ អន្តរជាតិ គ្រប់​ប្រតិបត្តិ​ករ​ទេសចរណ៍ ព្រមទាំង​ជនបរទេស​ដែល​ស្នាក់នៅ​ប្រទេស​កម្ពុជា​ទាំងអស់​មេត្តា​ជ្រាប និង​អនុវត្តតាម​កាលបរិច្ឆេទ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​៕