ស្ថាប័នរដ្ឋ និង​អង្គការ​ដៃគូ​អន្តរជាតិ​ចំនួន​២​សហការគ្នា​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការរួមបញ្ចូល​គ្នា​នៃ​ធុរកិច្ច ដើម្បី​ពង្រឹងសមត្ថភាព​ដល់​ម​ន្ត្រី​ក្នុងការ​ស៊ើបអង្កេត​ផលិតផល​ក្លែងក្លាយ និង​គ្មាន​គុណភាព​ដែល​កំពុង​ចរាចរណ៍​ក្នុងស្រុក​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. លោក Frank Jettke ប្រធាន​ក្រុមការងារ​អាស៊ាន​នៃ​ទីភ្នាក់ងារ GIZ រួមជាមួយ​នឹង​តំណាង​គណៈកម្មាធិការ​ប្រកួត​ប្រជែង​កូរ៉េ KFTC និង​មានការ​ចូលរួម​ពី​សមាជិក​នៃ​គណៈកម្មាធិការ​ប្រកួតប្រជែង​កម្ពុជា «​គ​.​ប​.​ក​.» និង​ប្រធាន​សាខា ក​.​ប​.​ប​. រាជធានី​-​ខេត្ត និង​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. កាលពី​ថ្ងៃទី ១ ​ខែ កញ្ញា ឆ្នាំ​ ២០២២​។​

​លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. មានប្រសាសន៍ថា គោលបំណង​នៃ​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង ដើម្បី​ចែករំលែក​បទពិសោធ​ល្អ និង​ស្វែងយល់​អំពី​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​លក្ខខណ្ឌ​និង​នីតិវិធី​អំពី​ការរួម​ប​ញ្ជូ​ល​គ្នា​នៃ​ធុរកិច្ច​ក្រោម​ច្បាប់​ស្តីពី​ការប្រកួតប្រជែង​។​

​លោក​ថា​៖ «​វគ្គ​បណ្តុះបណ្តាល​នេះ ព្រមទាំង​ដើរតួ​ជា​វេទិកា​មួយ​ដែល​ផ្តល់ឱកាស ជូន​ដល់​មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. អាច​ស្វែងយល់​អំពី​ធាតុ​ផ្សំ នៃ​នីតិវិធី​នៃ​ការរួមបញ្ចូល​គ្នា​នៃ​ធុរកិច្ច ក្របខ័ណ្ឌ​សម្រាប់​វិភាគ​ការរួមបញ្ចូល​គ្នា​នៃ​ធុរកិច្ច វិធានការ​កែតម្រូវ​ទ​ប់​ស្កាត់​នឹង​ការរួមបញ្ចូល​គ្នា​នៃ​ធុរកិច្ច​ដែល​អាច​រារាំង រឹត​ត្បឹ​ត ឬ​បង្ខូច​ដល់​ការប្រកួតប្រជែង តាមរយៈ​ការចែករំលែក​បទពិសោធ​ក៏ដូចជា​ការអនុវត្ត​ល្អ​លើ​ការត្រួតពិនិត្យ​ករណី​រួមបញ្ចូល​គ្នា​នៃ​ធុរកិច្ច ពី​ជំនាញការ​ប្រកួតប្រជែង​ដែល​អញ្ជើញ​មកពី​គណៈកម្មាធិការ​ប្រកួតប្រជែង​កូរ៉េ​»៕