មន្ត្រីជាន់ខ្ពស់​នៅ​នៃ​រដ្ឋសភា និង​តំណាង​ក្រសួង​បរិស្ថាន បាន​ចុះ​ទស្សនកិច្ច​នៅ​ទីតាំង​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​កែប ដើម្បី​ស្វែងយល់​ពី​វិស័យ​កសិកម្ម និង​ការ​ចិញ្ចឹម​សត្វ ដែល​កំពុង​ទទួល​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ដើម្បី​រួមគ្នា​រក​ដំណោះស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា។​

​ដំណើរ​ទស្សនកិច្ច​នោះ ដឹកនាំ​ដោយ​ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា លោក​ឡូយ សុផាត និង​អម​ដំណើរ​ដោយ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ក្រុម​ការងារ​កម្មវិធី សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​ដំណាក់កាល​ទី៣ (CCCA3) ដើម្បី​ស្វែងយល់​តំបន់​មួយ​ចំនួន ដែល​ទទួលរង​ផល​ប៉ះពាល់​បណ្តាល​មក​ពីការ​ប្រែប្រួល​អាកាសធាតុ​កាលពី​ថ្ងៃទី ១ ខែ​កញ្ញា​នេះ។​

​មន្ត្រី​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ​ទីតាំង​មួយចំនួន​ដែល​ទទួល​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​នោះ​រួមមាន ១-​ វាលស្រែ​ពលរដ្ឋ​នៅ​សង្កាត់​អង្កោល ស្រុក​ដំណាក់​ចង្អើ​ដែល​ត្រូវបាន​ទឹកប្រៃ​ហូរ​ជ្រាបចូល​ដីស្រែ និង​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​។ ទី​២-​កន្លែង​វារីវប្បកម្ម​ចិញ្ចឹម​បង្គា ត្រី​និង​ក្តាម​របស់​ពលរដ្ឋ​នៅ​ដំណាក់​ចង្អើ​។ ទី​៣-​ទស្សនកិច្ច​នៅ​តំបន់​ទំនប់ទឹក​ប៉ោ​ហេង និង​ទី ៤ ឧទ្យាន​ជាតិ​កែប​ដើម្បី​ស្វែងយល់​ពី​ការ​គ្រប់គ្រង​និង​អភិរក្ស​ធនធាន​ធម្មជាតិ។

​លោក ឡូយ សុផាត ប្រធាន​គណៈកម្មការ​ទី ៣ នៃ​រដ្ឋសភា បាន​ថ្លែងថា គោល​បំណង​បេសកកម្ម​របស់​គណៈកម្មការ គឺ​ដើម្បី​ស្វែងយល់​នូវ​វិស័យ​ពាក់ព័ន្ធ គឺ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក និង​ប្រមូល​ព័ត៌មាន​អំពី​ប្រសិទ្ធភាព​នៃ​ការ​អនុវត្តន៍​ច្បាប់​របស់​ខេត្ត ក៏ដូចជា​បញ្ហា​ប្រឈម​ដែល​ខេត្ត​បាន​ជួបប្រទះ ដើម្បី​រួមគ្នា​រក​ដំណោះស្រាយ​ឱ្យបាន​ទាន់​ពេលវេលា។​

​ជាមួយគ្នានេះ លោក បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​យ៉ាង​សកម្ម​របស់​រដ្ឋបាល​ខេត្ត​កែប និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ដែល​បាន​សម្រេច​លទ្ធផល គួរឱ្យ​កោត​សរសើរ ដែល​ធ្វើឱ្យ​ចំនួន​ភ្ញៀវទេសចរ​មាន​សន្ទុះ​កើន​ឡើង​វិញ បន្ទាប់​ពី​ទទួលរង​វិបត្តិ​កូវីដ ១៩ ។

​លោក​ក៏បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ត្រូវ​គិតគូរ​ពី​ការរៀបចំ​ផែនការ​រយៈពេល​វែង​ខ្លី ក្នុង ការ​អភិវឌ្ឍ​ខេត្ត ដោយ​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​លើការ​ការពារ​បរិស្ថាន​ជា​ចម្បង ព្រោះ​ខេត្ត​កែប​ជា​ខេត្ត​ទេសចរណ៍ ដែល​រាជរដ្ឋាភិបាល​កំណត់​ទុក​ជា​តំបន់​ទេសចរណ៍​សម្រាក​លម្ហែ​ប្រណីត​កម្រិត​ខ្ពស់។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះដែរ អភិបាល​ខេត្ត​កែប លោក សោម ពិសិដ្ឋ និង លោក សំ សារីន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​រាយការណ៍​ជូន​គណៈប្រតិភូ​រដ្ឋសភា អំពី​សភាពការណ៍​រួម​ទូទៅ វឌ្ឍនភាព​ការងារ និង​សមិទ្ធផល​សម្រេច​បាន​របស់​រដ្ឋបាល​ខេត្ត បញ្ហា​ប្រឈម​មួយចំនួន និង​ស្នើសុំ​គណៈកម្មការ​រដ្ឋសភា ជួយ​ធ្វើ​អន្តរាគមន៍​រក​ដំណោះស្រាយ ពិសេស​លើ​វិស័យ​ទទួល​បន្ទុក​របស់​គណៈកម្មការ​ទី ៣ នៃ​រដ្ឋសភា៕